Headlines:

CPP ប្រតិកម្ម​នឹង​ការ​បង្ហោះ​សារ​កាត់​ត​សំឡេង​អនុ​ប្រធាន



130821_07
សារ​​កាត់​ត​សំឡេងរបស់​លោក ហ៊ុន សែន​ ដែលគេ​​បង្ហោះ​តគ្នាលើ​ហ្វេសប៊ុក។ រូបហ្វេសប៊ុក​

ភ្នំពេញៈ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្ម​នឹង​ការ​បង្ហោះ​ខ្សែ​អាត់​សំឡេង​អនុ​ប្រធាន​គណបក្ស គឺ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ថា បក្ស​កាន់​អំណាច​យូរ​ឆ្នាំ​នេះ​បាន​ចាញ់​ឆ្នោត​អាណត្តិ​ទី៥ ហើយ​គណបក្ស​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធានការ​ម៉ឺង​ម៉ាត់ ទប់​ស្កាត់​ការ​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​មួយ​នេះ។

សេចក្តី​ថ្លែង​ការណ៍​ចុះ​ថ្ងៃ​ទី១៩ សីហា របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​ការ​បង្ហោះ​ខ្សែ​អាត់​នេះ​ជា​ការ​បំភាន់​មតិ​មហាជន និង​បង្ក​អស្ថិរភាព​ក្នុង​សង្គម​ក្រោយ​ការ​បោះឆ្នោត។

គណបក្ស​ប្រជាជន កម្ពុជា​ថ្លែង​ថា៖ «នេះ​ជា​សកម្មភាព​បំពាន​ច្បាប់ ដែល​ក្រុម​ទុច្ចរិត​មួយ​ចំនួន តែង​តែ​បង្ក​ឡើង​ឥត​ឈប់​ឈរ នៅ​ក្នុង​ពេល​ដែល​ប្រជាជន​កំពុង​ត្រូវ​ការ​ភាព​ស្ងប់​ស្ងាត់​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ជា​ធម្មតា»។

សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា អំពាវនាវ​ដល់​ជន​រួម​ជាតិ សូម​បន្ត​រក្សា​នូវ​ភាព​ស្ងប់​ស្ងៀម ហើយ​ចូល​រួម​ថែរក្សា​ស្ថិរភាព​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម រហូត​ដល់​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ»។

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ក្រោយ​បណ្តាញ​សង្គម ហ្វេសប៊ុក កាល​ពីថ្ងៃ​ទី១៨ សីហា បាន​ចែក​រំលែក​ត​គ្នា​នូវ​ខ្សែ​អាត់​ជា​សំឡេង​របស់​លោក ហ៊ុន សែន ថ្លែង​ជាអាទិ៍​ថា ៖ «បច្ចុប្បន្ន ម៉ោង​នេះ ថ្ងៃ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​ទៅ​ហើយ​។...នៅ​សល់​តែ​ថ្នាក់​ក្រោម​ទេ ដែល​នៅ​ស្រពេច​ស្រពិល​។...ថ្នាក់​ក្រោម​គណបក្ស​ប្រជាជន... អត់​ទាន់​ដឹង​ទេ​ថា ខ្លួន​ឯង​ចាញ់​ទៅ​ហើយ​...​»។

សេចក្តី​ថ្លែង​ការណ៍​ដដែល​នេះ​បញ្ជាក់​ថា៖ «កាល​ពី​រសៀល​ថ្ងៃ​ទី១៨ សីហា» វិទ្យុ​អាស៊ី​សេរី​ផ្សាយ​បន្ត​នូវ​ខ្សែអាត់​កាត់​ត​សំឡេង​បង្ហោះ​ក្នុង ហ្វេសប៊ុក ផង​ដែរ។

លោក ជុន ច័ន្ទបុត្រ នាយក​រង​វិទ្យុ​អាស៊ី​សេរី​ជា​ភាសាខ្មែរ កាល​ពី​ម្សិលមិញ​និយាយ​ថា វិទ្យុ​នេះ «គ្មាន​កម្មវិធី​ផ្សាយ​ពេល​រសៀល»​ទេ។ តាម​ពិត​វិទ្យុ​នេះ​ទេ ដែល​ជា​អ្នក​រក​ឃើញ​នូវ​សារ​សំឡេង​ដើម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​មុន​គេ​និង បាន​ផ្សាយ​មុន​គេ​ថា សម្តី​ដែល​បង្ហោះ​លើ ហ្វេសប៊ុក ជា​សំឡេង​កាត់​ត។ វិទ្យុ​នេះ​ក៏​បាន​រក​ឃើញ​ថា តាម​ពិត​លោក ហ៊ុន សែន លើក​ឡើង​នៅ​ក្នុង​សុន្ទរកថា សាធារណៈ​កាល​ពី​ថ្ងៃ​ទី១៦ ខែ ឧសភា​កន្លង​ទៅ​នេះ អំពី​បន្ទូល​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នក​ចាញ់​ឆ្នោត។

លោក ជុន ច័ន្ទបុត្រ និយាយ​ថា ៖ «យើង​មិន​យល់​ថា សេចក្តី​ថ្លែង​ការណ៍​សរសេរ​ចោទ​យើង​ឬ​យ៉ាង​ណា​ទេ តែ​ទី​បំផុត​យើង​ជា​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​ផ្សព្វ​ផ្សាយ​នោះ​មិន​ពិត​ទេ។ សង្ឃឹម​ថា អ្នក​ស្តាប់​ផ្តល់​យុត្តិធម៌​ដល់​យើង ហើយ​យើង​ក៏​មាន​ភ័ស្តុតាង​បញ្ជាក់»។

លោក ជៀម យាប តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​ថា មេធាវី​រដ្ឋាភិបាល​នឹង​ធ្វើ​ការ​ពិចារណា​ប្តឹង​ចំពោះ​ជន​ណា​ដែល​កាត់​ត​សំឡេង​បង្ហោះ​នេះ។ «ដោយ​សារ​មាន​ការ​រីក​ចម្រើន​លើ​បច្ចេកវិទ្យា គេ​អាច​កាត់​ត​សម្តី​បាន។ យើង​កំពុង​ស្រាវជ្រាវ​រក​អ្នក​កាត់​សម្តី​នេះ ហើយ​មេធាវី​រដ្ឋាភិបាល នឹង​ប្តឹង​រក​មុខ​ឲ្យ​អ្នក​ប្រព្រឹត្ត​នោះ»។

លោក​បន្ត​ថា ដោយ​សារ​វិទ្យុ​អាស៊ី​សេរី បាន​ផ្សាយ​បន្ត​នូវ​សំឡេង​ខ្សែ​អាត់​បង្ហោះ​នេះ វា​ហាក់​ដូចជា​បន្ថែម​នូវ «ការ​បង្ហាញ​មិន​ពិត» និង​ថែម​ទាំង​ជួយ​ផ្សព្វ​ផ្សាយ​បន្ត​ពី ហ្វេសប៊ុក ផង គ្រាន់​តែ​អាស៊ី​សេរី យក​មក​ធ្វើការ​សរសេរ​ដោយ​មាន​ការ​ថ្លឹង​ថ្លែង​តែ​ប៉ុណ្ណោះ។

លោក បញ្ជាក់​ថា ៖ «ខ្ញុំ​ជា​សាក្សី​រស់ អម​សម្តេច នៅ​ស្រុក មេសាង​កាល​នោះ​ហើយ​សម្តេច​លើក​ឡើង​ពី​បន្ទូល​ព្រះអង្គ​ម្ចាស់ ធម្មិកោ ដែល​ចូល​រួម​ជាមួយ​គណបក្ស​ប្រឆាំង​ថា កាល​បោះឆ្នោត​ឃុំ-សង្កាត់ បក្ស​ប្រជាជន បាន ៣ លាន ៦ សែន​សំឡេង ហើយ​អ្នក​បោះឆ្នោត​មាន ៩ លាន​នាក់ អ៊ីចឹង​សល់​ពី​នោះ​ជា​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ហើយ​បក្ស​ប្រឆាំង​នឹង​ជា​អ្នក ឈ្នះ​ឆ្នោត (ឆ្នាំ ២០១៣)។ ខ្ញុំ​សូម​បញ្ជាក់​ថា គណបក្ស​ប្រជាជន​តាំង​ពី​អាណត្តិ​ទី ២ មក មិន​ដែល​ចាញ់​ទេ ហើយ​អាណត្តិ​ទី ៥ បាន​ជាង ៣ លាន ២ សែន​សំឡេង ឯ​បក្ស​សង្គ្រោះ​ជាតិ​បាន ២ លាន ៩ សែន​សំឡេង ដូច្នេះ​បើ​បែង​ចែក​យើង​បាន ៦៨ កៅអី ទល់​និង ៥៥ កៅអី»៕

This content has been locked. You can no longer post any comments.
Show/hide comments
busy