Headlines:

អាជ្ញាធរ​នឹង​ប្រមូល​អ្នក​សុំ​ទាន​ពេល​ប្រជុំ​អាស៊ាន



ភ្នំពេញៈ អ្នក​នាំ​ពាក្យ​សាលា រាជធានី​ភ្នំពេញ​អះអាង​ថា ក្មេងៗ​លក់ តាម​ផ្លូវ និង​អ្នក​សុំ​ទាន នឹង​ត្រូវ​សមត្ថកិច្ច​រាជធានី​ប្រមូល​យក​ទៅ​ដាក់​មជ្ឈមណ្ឌល សង្គមកិច្ច​ព្រៃស្ពឺ ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ខាង​មុខ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ៖ «យើង​ត្រូវ​ការ​រក្សា​សន្តិសុខ​ឲ្យ បាន​ល្អ សម្រាប់​គណៈ​ប្រតិភូ​បរទេស​ដែល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។ យើង​គ្រោង ប្រមូល​អ្នក​សុំទាន និង​ក្មេងៗ ដែល​ដើរ​លក់​ទំនិញ​និង​ផ្លែឈើ​នៅ​តាម​ផ្លូវ ទៅ​ដាក់​នៅ​មណ្ឌល​សង្គម​កិច្ច​ព្រៃស្ពឺ»។

លោក ឡុង ឌីម៉ង់ បាន​ថ្លែង​បន្ត​ថា អ្នក​ដែល​យក​ទៅ​ទុក​នៅ​មណ្ឌល​ដែល​មាន​ជញ្ជាំង​និង​ទ្វារ​កម្ពស់​ពីរ​ ម៉ែត្រ នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ហើយ​នឹង​អនុញ្ញាត​ឲ្យ​ចេញ​វិញ​នៅ​ពេល​ដែល​ពួក​គេ​ចង់។

លោក​បន្ត​ថា៖ «យើង​មាន​ភាព​ជា​ដៃ​គូ​ជាមួយ​ក្រសួង​កិច្ចការ​នារី និង​ក្រសួង​សង្គមកិច្ច ដើម្បី​ជួយ​ដល់​ពួក​គេ»។

ឆ្មាំ​សន្តិសុខ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា ក្រុម​មន្រ្តី​មិន​ទាន់​បាន ណែនាំ​ច្បាស់លាស់​ថា តើ អ្នក​សុំ​ទាន​និង​អ្នក​លក់​នៅ​វត្ត​ភ្នំ ជិត​ស្ថាន​ទូត​អាមេរិក​នឹង​ត្រូវ​បាន​បោស​សម្អាត​ឬ​យ៉ាង​ណា​ នៅ​មុន​ពេល​មេ​ដឹក​នាំ​ក្នុង​ពិភពលោក​មក​ដល់ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ដែល​នឹង​ប្រារព្ធ​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី ​១៨ ដល់​ថ្ងៃទី ២០ វិច្ឆិកា​ខាង​មុខ។

ឆ្មាំ​នោះ​ថ្លែង​ដោយ​សំដៅ​ទៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​កាល​ពី​ខែ​មេសា និង​ខែ​កក្កដា​កន្លង​ទៅ​ថា​៖«ខ្ញុំ​បាន​ប្រាប់​ពួក​គេ​មិន​ឲ្យ​លក់​នៅ​ទី​នេះ ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ពីព្រោះ​វា​ធ្វើ​ឲ្យ​ទីក្រុង​យើង​មើល​ទៅ​មិន​ល្អ​ទេ គណៈ​ប្រតិភូ​ក៏​មិន​ចូល​ចិត្ត​ដែរ»។

លោក ធឿន ជា​អតីត​ទាហាន​គ្មាន​ផ្ទះ​សម្បែង និង​ពិការ​ជើង​ដើរ​លក់​សៀវភៅ​នៅ​ជិត​វត្ត​ភ្នំ​ថា គាត់​នឹង​ត្រូវ​ហាម​មិន​ឲ្យ​លក់​ដូរ​ដូច​ធម្មតា​នោះ​ទេ​។ គាត់​ថា​៖ «​ខ្ញុំ​ដឹង​ថា ប្រទេស​យើង​មាន​កិច្ច​ប្រជុំ​អាស៊ាន​នៅ​សប្តាហ៍​ក្រោយ ដូច្នេះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​សម្រាប់​ការ​លក់​ដូរ ខ្ញុំ​នឹង​ទៅ​កន្លែង​ផ្សេង»។

អ្នក​សុំទាន​នៅ​តាម​មាត់​ទន្លេ និយាយ​ដែរ​ថា ពួក​គេ​បាន​ទទួល​ការ​ហាម​ប្រាម​ដូច​ៗគ្នា​។

អ្នក​ស្រី ស្រី អាយុ​៤៥​ឆ្នាំ ដែល​មាន​កូន​ពីរ​នាក់ បាន​ថ្លែង​ថា នគរបាល​បាន​ប្រាប់​គាត់​ពី​ថ្ងៃ​ពុធ​ថា​កុំ​សូវ​ធ្វើ​សកម្មភាព​សុំ​ ទាន​នៅ​តាម​កន្លែង​សាធារណៈ។

គាត់​បន្ត​ទៀត​ថា​ ៖ «ខ្ញុំ​ពិត​ជា​មិន​ដឹង​ទេ​ថា តើ​អ្វី​នឹង​កើត​ឡើង​នៅ​សប្តាហ៍​ក្រោយ ប៉ុន្តែ ខ្ញុំ​គ្រាន់​តែ​ត្រូវ​គេ​ប្រាប់​ថា​ឲ្យ​រើ​ចេញ ព្រោះ​មាន​កិច្ច​ប្រជុំ​ធំ»។​​ អ្នក​ស្រី​បាន​បន្ថែម​ថា ប្តី​គាត់​ត្រូវ​បាន​ចាក់​សោ​ជាប់​នៅ​ក្នុង​មណ្ឌល​សង្គម​កិច្ច​​ ព្រៃស្ពឺ ក្នុង​អំឡុង​កិច្ច​ប្រជុំ​ធំៗ​កាល​ពី​ពេល​មុន​នៅ​រាជធានី​ភ្នំពេញ។

អ្នក​ស្រី​បន្ត​ថា ៖ «ខ្ញុំ​មិន​ដឹង​ថា​តើ​ខ្ញុំ​អាច​ទៅ​រក​ប្រាក់​បាន​នៅ​កន្លែង​ណា​ផ្សេង​ទៀត​នោះ​ទេ​»។​

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ប្រកាស​កាលពី​ម្សិលមិញ​ថា សាលារៀន​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​នឹង​ត្រូវ​បិទទ្វារ ពី​ថ្ងៃ​ទី​១៦​ដល់​២១​វិច្ឆិកា ដូច​ធ្លាប់​ធ្វើ​សម្រាប់​កិច្ច​ប្រជុំ​អាស៊ាន​កាល​ពី​ខែ​មេសា និង​កក្កដា ដើម្បី​ធានា​ថា ចរាចរ​មិន​កកស្ទះ​ដល់​គណៈ​ប្រតិភូ ដែល​រួម​មាន​ទាំង​ប្រធានាធិបតី អាមេរិក លោក បារ៉ាក់ អូបាម៉ា និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន។

លោក ហ៊ុន សែន​បាន​ថ្លែង​ថា៖ «ខ្ញុំ​រំពឹង​ថា​សិស្ស​និស្សិត​នឹង​យល់ ហើយ​អត់​ឱន​ដល់​យើង ចំពោះ​ការ​ខក​ខាន​ទៅ​សាលារៀន​មួយ​រយៈ​ពេល​នេះ​»។

សាលា​រាជ​ធានី កាល​ពីម្សិលមិញ​បាន​សុំ​ឲ្យ​ប្រជាជន​ដែល​រស់នៅ​តាម​ផ្លូវ​សំខាន់ៗ រក្សា​យ៉ាង​ណា​ឲ្យ​ផ្ទះ​របស់​ខ្លួន​មើល​ទៅ​មាន​របៀប​រៀបរយ​ស្អាត។

សេចក្តី ថ្លែង​ការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា​៖«​ត្រូវ​ចៀស​ដាក់​សម្រាម​នៅ​មុខ​ផ្ទះ ឬ​គំនរ​សំរាម​​ដោយ​ខុស​ច្បាប់​នៅ​តាម​មហាវិថី និង​ផ្លូវ ដែល​អាច​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ​ចរាចរណ៍ និង​សោភណភាព​រាជធានី​ភ្នំពេញ ព្រម​ទាំង​ប្រទេស​ទាំង​មូល»។

លោក David Harding ​អនុប្រធាន​អង្គការ​មិត្ត​សំឡាញ់​អន្តរជាតិ​ថ្លែង​ថា ការ​ប្រមូល​មនុស្ស​គ្មាន​ផ្ទះ​សម្បែង អ្នក​សុំ​ទាន និង​អ្នក​វិកល​ចរិត​និង​ញៀន​ថ្នាំ​គឺជា​រឿង​ធម្មតា​ពី​មុន​មក ម្ល៉េះ។

លោក​បន្ត​ថា៖ «វត្តមាន​របស់​មេ​ដឹកនាំ​ប្រទេស​សំខាន់ៗ កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​ខ្វាយខ្វល់​អំពី​មនុស្ស​ទាំង​នេះ និង​ថា តើ​ក្រុម​គណៈ​ប្រតិភូ​នឹង​មាន​អារម្មណ៍​ដូច​ម្តេច​ចំពោះ​មនុស្ស​ទាំង នេះ​»។ លោក​បន្ត​ថា​ វា​មាន​ជម្រើស​ផ្សេង​ទៀត ជា​ជាង​ការ​បញ្ជូន​អ្នក​ទាំង​នេះ​ទៅ​ព្រៃស្ពឺ៕ PS

រាយការណ៍​បន្ថែមៈ Shane Worrell

This content has been locked. You can no longer post any comments.
Show/hide comments
busy