Headlines:

អាជ្ញាធរ​រាជធានី​រារាំង​ការ​ដើរ​ក្បួន​របស់​បក្ស​សមរង្ស៊ី



121109_7b
121109_7c
121109_7d
121109_7e
121109_7f
  • Prev
  • 1 of 6
  • Next

ភ្នំពេញៈ កង​កម្លាំង​ចម្រុះ​ជាង​ ២០០​ នាក់​ បាន​ធ្វើ​ការ​រារាំង​ ក្រុម​ចលនា​យុវជន ​គណបក្ស​សម រង្ស៊ី​ជាង​១០០​នាក់​ ដើម្បី​បញ្ឈប់​សកម្មភាព​ប៉ុន​ប៉ង​ដើរ​ហែ​ក្បួន​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ទៅ​កាន់​ព្រះ​បរម​រាជ​វាំង ដាក់​ញតិ្ត​ថ្វាយ​ព្រះ​មហាក្សត្រ និង​គោរព​ព្រះ​បរម​សព ព្រះ​មហាវីរក្សត្រ នរោត្តម​ សីហនុ។

ក្រុម​ ប៉ុនប៉ង​ដើរ​ហែ​ក្បួន​ទាំង​នោះ​ បាន​ចង​ក្រណាត់​ស​រុំក្បាល ដែល​មាន​សរសេរ​ថា ស្រឡាញ់​ព្រះ​មហា​វីរក្សត្រ សម្តេច​ព្រះ​នរោត្តម សីហនុ មនុស្ស​មួយ​ចំនួន​ទៀត ដែល​បាន​មក​ចូល​រួម​ជា​មួយ​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី គឺ​មក​ពី​តាម​បណ្តា​ខេត្ត​នានា​ដែល​មាន​ទាំង​សមាជិក សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក ម៉ម សូណង់ដូ តំណាង​ពលរដ្ឋ​សហគមន៍​បឹងកក់​ផង​ដែរ​។

លោក សួង សុភ័ណ្ឌ ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ ចលនា​យុវជន គណបក្ស សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​ហ្វូង​បាតុករ ដោយ​ស្តី​បន្ទោស​ទៅ​លើ​អាជ្ញាធរ​ថា ទង្វើ​អាជ្ញាធរ ដែល​ជា​មន្ត្រី​របស់​រដ្ឋាភិបាល​ធើ្វ​នោះ​ គឺ​មាន​ន័យ​ថា​ កំពុង​តែ​មើល​ងាយ​ព្រះ​បរមសព​សម្តេចឪ។ លោក​ថ្លែង​ថា​៖ «ខ្ញុំ​សូម​ចោទ​ប្រកាន់​ចំៗ​ចំពោះ​លោក​ហ៊ុន សែន ថា កំពុង​តែ​មើល​ងាយ​អតីត​ព្រះ​មហាវីរក្សត្រ​។ ​ពួក​ខ្ញុំ​គ្រាន់​តែ​ទៅ​អុជ​ធូប​ គោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​មហារីរក្សត្រ តើ​ពួក​ខ្ញុំ​ខុស​អ្វី​?»។ លោក​បន្ត​ទៀត​ថា​ រដ្ឋាភិបាល​កំពុង​តែ​កុហក​ខ្លួន​ឯង ដែល​ថា​ គ្មាន​អ្នក​ទោស​នយោបាយ​។ លោក សុភ័ណ្ឌ បាន​គំរាម​ថា លោក​នឹង​បំផុស​ឲ្យ​មាន​ការ​​ធ្វើ​មហា​បាតុកម្ម​ទូទាំង​ប្រទេស បន្ទាប់​ពី​រំលាយ​ព្រះ​បរមសព​របស់​សម្តេច​ឪ​ហើយ ដើម្បី​ស្នើសុំ​ប្តូរ​ គ.ជ.ប​។ លោក​បាន​និយាយ​ទៀត​ថា​៖ «​ក្នុង​នាម​ខ្ញុំ​ជា​កុលបុត្រ​ខែ្មរ ខ្ញុំ​ទទូច​សូម​ឲ្យ​​ព្រះមហាក្សត្រ ​ព្រះ​រាជ​ទាន​ទោស ដល់​អ្នក​ទោស​នយោបាយ និង​សកម្មជន​ដី​ធ្លី​»។

លោក ប៉េង សេង សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ មក​ពី​ខេត្ត​កណ្តាល​បាន​ថ្លែង​ថា មូលហេតុ​ដែល​លោក​ចូល​រួម​ជាមួយ​យុវជន​គណបក្ស​ សម រង្ស៊ី​ គឺ​ដោយ​សារ​តែ​មាន​គោល​បំណង​តែ​មួយ​។ លោក​បាន​និយាយ​ថា​៖« គោល​បំណង​របស់​ខ្ញុំ​ គឺ​ស្នើ​សុំ​ព្រះ​មហាក្សត្រ លើក​លែង​ទោស​លោក​ ម៉ម សូណង់ដូ ពី​ព្រោះ​គាត់​ត្រូវ​បាន​គេ​កាត់​ទោស​ដោយ​អយុត្តិធម៌​បំផុត​។ បើ​ទុក​គាត់​នៅ​ក្រៅ​ឃុំ គឺ​ចំណេញ​ជា​តិ​ ពីព្រោះ​គាត់​តែង​តែ​ទៅ​ក្រៅ​ប្រទេស ​ដើម្បី​រក​ជំនួយ​មក​ជួយ​ជន​ក្រីក្រ»។

នៅ​ក្នុង​ការ​ជជែក​គ្នា​យ៉ាង​ តឹង​សរសៃ​ក តាម​រយៈ​ឧគ្ឃោសនសព្ទ​ អាជ្ញាធរ​ចម្រុះ មាន​ប៉ូលិស កងរាជ​អាវុធហត្ថ ប៉ូលិស​បង្រ្កាប​បាតុកម្ម​ជាង ២០០ ​នាក់​ បាន​រុញ​ច្រាន​ និង​ស្រែក​មីក្រូ​ដាក់​គ្នា រវាង​សមត្ថកិច្ច និង​ក្រុម​យុវជន​គណបក្ស​សម រង្ស៊ី ហើយ​អាជ្ញាធរ​បាន​យក​រថយន្ត​ចំនួន ​២ គ្រឿង ដាក់​បិទ​ផ្លូវ។

លោក សុខ ពេញ​វុធ អភិបាល​រង​ខណ្ឌ​ដូន​ពេញ បាន​ថ្លែង​នៅ​ក្នុង​​ហ្វូង​បាតុករ​ថា អ្វី​ដែល​ក្រុម​ចលនា​យុវជន​គណបក្សសម រង្ស៊ី​ធ្វើ​នោះ​ គឺខុស​ច្បាប់​ និង​ខុស​ពី​កិច្ច​ព្រមព្រៀង​ រវាង​សាលា​ក្រុង និង​តំណាង​ក្រុម​ចលនា​យុវជន​ គណបក្ស​សម​ រង្ស៊ី ពី​ព្រោះ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ អនុញ្ញាត​ឲ្យ​មក​ជួប​ជុំ​គ្នា​ តែ​ពុំ​ឲ្យ​មាន​ការ​ដើរ​ហែ​ក្បួន​ទៅ​ព្រះ​បរម​រាជវាំង​ទេ។​ លោក​ថ្លែងថា​៖ ​«ខ្ញុំ​នឹង​ចាត់​វិធានការ​រដ្ឋបាល​ ប្រសិន​បើ​លោក​សួង សុភ័ណ្ឌ មិន​ព្រម​បញ្ឈប់​សកម្មភាព»។​

ការ​ដើរ​ដង្ហែ​ក្បួន​របស់​ចលនា​ យុវជន​គណបក្ស សម រង្ស៊ី គឺ​ក្នុង​គោលបំណង ដាក់​ញត្តិ សុំ​ព្រះមហាក្សត្រ ព្រះរាជទាន​លើក​លែង​ទោស ដល់​សកម្មជន​នយោបាយ​សកម្មជន​ការពារ​​សិទ្ធិ​មនុស្ស និង​សកម្មជន​ដី​ធ្លី និង​គោល​បំណង​មួយ​ទៀត​ គឺ​​ចូលរួម​គោរព​ស្នា​ព្រះហស្ត​របស់​សម្តេច​ឪ ក្នុង​ការ​ទាមទារ​ឯករាជ្យ​ជាតិ​ពី​អាណា​និគម​បារាំង នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។

ជា​ការ​ឆ្លើយ​តប ទៅ​នឹង​ការ​ទាមទារ​ដើរ​ដង្ហែ​ក្បួន​នោះ​​ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ ដោយ​អាន​ចេញ​ពី​ក្នុង​រថយន្ត​ ដែល​មាន​ចង​មីក្រូ​នៅ​លើ​ដំបូល​ថា​ ក្រុម​យុវជន​គណបក្ស​សម​រង្ស៊ី ត្រូវ​បញ្ឈប់​បាតុកម្ម​ដោយ​ខុស​ច្បាប់​ជា​បន្ទាន់ ហើយ​ត្រូវ​ជ្រើស​រើស​តំណាង​បី​នាក់​ ដើម្បី​ដើរ​ដាក់​ញត្តិ​ ទៅ​តាម​ស្ថាប័ន​ ដែល​ខ្លួន​ចង់​ដាក់​។ ​នៅ​ក្នុង​លិខិត​របស់​សាលា​ក្រុង​ បាន​ឲ្យ​ដឹង​ទៀត​ថា​៖«សកម្ម​ភាព​របស់​ក្រុម​យុវជន​គណបក្ស​សម​រង្ស៊ី គឺជា​ការ​កេង​ចំណេញ​នយោបាយ របស់​គណបក្ស​ប្រឆាំង ធ្វើ​ប្រជាភិថុត បម្រើ​គណបក្ស​ប្រឆាំង និង​មើល​ងាយ​លើ​ព្រះ​បរមសព​ របស់​អតីត​សម្តេច​ព្រះ​មហា​វីរក្សត្រ​»។​

លោក​អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ថ្លែង​ថា អាជ្ញាធរ​ មិន​គួរ​ណា​ប្រើ​កម្លាំង​ច្រើន​យ៉ាង​ដូច្នេះ​ទេ​ គួរ​ណា​តែ​ធ្វើ​ការ​ពិភាក្សា​គ្នា​ ដើម្បី​រក​ដំណោះ​ស្រាយ​ ថា​ តើ​ផ្លូវ​ណា​មួយ​ អាច​អនុញ្ញាត​ឲ្យ​ពួក​គាត់​អាច​ទៅ​ដាក់​ញត្តិ​និង​ប្រារព្ធ​ព្រះ វិញ្ញណក្ខន្ធ​របស់​សម្តេច​ឪ។​ លោក​និយាយ​ថា​៖​ «​យើ​ង​សោកស្តាយ​ ចំពោះ​ការ​ពង្រាយ​កម្លាំង​ដ៏​ច្រើន​នៅ​ព្រឹក​មិញ​នេះ ​ដែល​ធ្វើ​ឲ្យ​មតិ​ជាតិ​ និង​អន្តរជាតិ ​មាន​ការ​ភ្ញាក់​ផ្អើល​។ ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​យើង​តែង​តែ​ឃើញ​របាយការណ៍ ចេញ​មក​ពី​ខាង​ក្រៅ​ប្រទេស​ តែង​តែ​រិះគន់​ថា​ រដ្ឋាភិបាល​មិន​ទាន់​បាន​គោរព​សិទ្ធិ​មនុស្ស​ពេញ​លេញ​ ហើយ​រដ្ឋាភិបាល​តែង​តែ​ធ្វើ​ការ​បដិសេធ​»។​

ចលនា​យុវជន​គណបក្ស សម រង្ស៊ី បាន​ដាក់​លិខិត​ជា​ផ្លូវ​ការ ទៅ​កាន់​លោក កែប ជុតិមា អភិបាល​រាជធានី កាលពី​ថ្ងៃ​ទី​៣០ ខែ​តុលា ដើម្បី​ស្នើ​សុំ​ជួប​ជុំ និង​ដង្ហែ​ញត្តិ នៅ​ព្រឹក​ថ្ងៃទី​៨ វិច្ឆិកា​ ២០១២។ ​ប៉ុន្តែ​សាលា​រាជ​ធានី មិន​អនុញ្ញាត​​ឲ្យ​ក្រុម​យុវជន​គណ​បក្សសម រង្ស៊ីដើរ​ហែក្បួន​ទេ​ដោយ​គ្រាន់​តែ​ឲ្យ​សម្តែង​មតិ នៅ​ទីលាន​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ៕

This content has been locked. You can no longer post any comments.
Show/hide comments
busy