Headlines:

ជម្លោះ​ដី​ធ្លី​កែប្រែ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​ក្មេង​ស្រី​ម្នាក់



121113_06a
រាប់​ពី​ស្តាំ​មក​ឆ្វេង​ទី​ ៣ សុគន្ធ​កញ្ញា ជា​មួយ​នឹង​កូន​អ្នក​ភូមិ​បឹង​កក់​ផ្សេង​ទៀត​ ក្នុង​ការ​តវ៉ា​កន្លង​មក។ រូបថត គីម​ឡុង

ភ្នំពេញៈ ដោយ​សារ​តែ​បញ្ហា​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ បាន​ជំរុញ​ឲ្យ​កុមារីប៉ោ សុគន្ធ​កញ្ញា ផ្លាស់​ប្តូរ​សេចក្តី​ប៉ង​ប្រាថ្នា​ក្នុង​ពេល​អនាគត​របស់​នាង​។ កុមារី​វ័យ​១១​ឆ្នាំ​ដែល​កើត​ឡើង​ធំ​ដឹង​ក្តី នៅ​ក្នុង​តំបន់​បឹងកក់ ហើយ​ជម្លោះ​ដី​ធ្លី បាន​ផ្ទុះ​ឡើង ចាប់​តាំង​ពី​នាង​មាន​អាយុ ៥ ឆ្នាំ​មក​នោះ កាល​ពី​មុន នាង​ប៉ង​ប្រាថ្នា ចង់​ធ្វើ​ជា​សាស្ត្រាចារ្យ នៅ​ពេល​ដែល​នាង​ធំ​ឡើង​។

សុគន្ធ​កញ្ញា ដែល​ជា​សិស្ស​ពូកែ​ប្រចាំ​ថ្នាក់​ទី​ ៦ នៃ​សាលា​បឋម​សិក្សា​កុលាប​ទី ១ ក្នុង​ខណ្ឌ​ដូន​ពេញ បាន​និយាយ​ក្នុង​បទ​សម្ភាស ជាមួយ​កា​សែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា​ថា​៖«ដោយ ​សារ​តែ​វា​អយុត្តិធម៌​ខ្លាំង​ពេក​មក​លើ​គ្រួសារ​ខ្ញុំ និង​អ្នក​ភូមិ​ផ្សេង​ទៀត ពីព្រោះ​អាជ្ញាធរ និង​តុលាការ បាន​រួម​ដៃ​គ្នា ​ចាប់​ម្ចាស់​ផ្ទះ​ដាក់​គុក តែ​ចោរ​មក​ប្លន់​ផ្ទះ​ពួក​ខ្ញុំ​ត្រូវ​រួច​ខ្លួន ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់។ ខ្ញុំ​ឈប់​ចង់​ធ្វើ​ជា​សាស្ត្រាចារ្យ​ទៀត​ហើយ។ ខ្ញុំ​ចង់​ធ្វើ​តុលាការ (​ចៅក្រម ឬ​មេធាវី) ដើម្បី​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ទន់ខ្សោយ​វិញ​»។

ការ ​ប៉ង​ប្រាថ្នា​ចង់​ធ្វើ​អ្វី​មួយ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន នៅ​ពេល​ដែល​ខ្លួន​ធំ​ឡើង វា​អាច​ជា​រឿង​ធម្មតា សម្រាប់​ក្មេង​ភាគ​ច្រើន ប៉ុន្តែ​សុគន្ធ​កញ្ញា អាច​ជា​ករណី​កម្រ​មួយ នៅ​ពេល​ដែល​នាង​តូច​រូប​នេះ ចេះ​និយាយ​យ៉ាង​ប៉ិន​ប្រសប់ ទាំង​នៅ​វ័យ​ក្មេង​បែប​នេះ​។ សុគន្ធកញ្ញា និយាយ​ថា​៖«ខ្ញុំ​ឆ្ងល់​ណាស់​ ហេតុ​អ្វី​បាន​ជា​តុលាការ បើក​សវនា​កាត់​ទោស​ម៉ាក់​ខ្ញុំ​ទាំង​ព្រឹក​ព្រលឹម? ម៉ាក់​ខ្ញុំ គាត់​គ្រាន់​តែ​តវ៉ា ការ​ពារ​ផ្ទះ​របស់​ខ្លួន​សោះ ហេតុ​អ្វី​ត្រូវ​តុលាការ​កាត់​ឲ្យ​មាន​ទោស​? ចំណែក​ក្រុម​ហ៊ុន ដែល​ជា​ចោរ​មក​ប្លន់​ផ្ទះ ​ប្លន់​ដី​របស់​ខ្ញុំ​ហេតុ​អ្វី​ក៏​គ្មាន​ទោស​?»។

កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​ឧសភា ឆ្នាំ ២០១២ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ យ៉ាង​តក់​ក្រហល់​ទាំង​ព្រឹក​ព្រលឹម កាត់​ទោស​ស្ត្រី​បឹងកក់​ចំនួន​ ១៣ នាក់ ក្នុង​នោះ ក៏​មាន​ម្តាយ​របស់​កុមារី ប៉ោ សុគន្ធកញ្ញា ផង​ដែរ គឺ​អ្នក​ស្រី តុល​ ស្រី​ពៅ អាយុ ៣៦ ឆ្នាំ ឲ្យ​ជាប់​ពន្ធ​នា​គារ​ក្នុង​ម្នាក់​ៗ ២ ឆ្នាំ​កន្លះ ពី​បទ​ជេរ​ប្រមាថ​មន្ត្រី​រាជការ ដែល​កំពុង​បំពេញ​ភារ​កិច្ច​និង​រំលោភ​បំពាន​លើ​ដី​ទ្រព្យ​សម្បត្តិ​ឯកជន។ ការ​កាត់​ទោស​នេះ ធ្វើ​ឡើង​តែ​ ២ ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កម្លាំង​នគរ​បាល​រាជធានី​បាន​ចាប់​ឃុំ​ខ្លួន​ស្រ្តី​ទាំង​នេះ​ ។

ការ​កាត់​ទោស​ស្ត្រី​ទាំង​ ១៣ នាក់ ​ធ្វើ​ឲ្យ​កូន​ៗ​ និង​ក្មួយ​ៗ របស់​ស្ត្រី​ទាំង​នេះ ​រួម​ទាំង​កុមារី​សុគន្ធ​កញ្ញា​ផង​ដែរ ងើប​ឡើង​ដើរ​តវ៉ា​ នៅ​តាម​ដង​ផ្លូវ​នានា ស្ទើរ​រៀង​រាល់​ថ្ងៃ ដោយ​យំ​ស្រែក​ទាមទារ​ឲ្យ​ស្ថាប័ន​ជាតិ​សំខាន់​ៗ ជួយ​អន្តរាគមន៍​ដោះ​លែង​ម្តាយ​របស់​ពួក​គេ​។

នៅ​ក្នុង​អំឡុង​ពេល​ម្តាយ ត្រូវ​ជាប់​ឃុំ​ សុគន្ធ​កញ្ញា ដែល​ជា​កូន​ស្រី​ច្បង ​ក្នុង​គ្រួសារ ត្រូវ​​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​ លើ​ប្អូន​ៗ​របស់​នាង​ពីរ​នាក់​ មាន​អាយុ​៩ ឆ្នាំ និង​៧ ឆ្នាំផង​នោះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​នាង​។ ​ក្នុង​អំឡុង​ពេល​នោះ ​នាង​បាន​យំ​រៀប​រាប់ ​ដោយ​ហូរ​ទឹក​ភ្នែក​រហាម​ថា៖ «​ចាប់​តាំង​ពី​គេ​ចាប់​ម្តាយ​ខ្ញុំ​មក​ ខ្ញុំ​គ្មាន​អារម្មណ៍​រៀន​សូត្រ​ទៀត​ទេ! ខ្ញុំ​ទៅ​រៀន​តែ​ខ្លួន​ប៉ុណ្ណោះ! ខ្ញុំ​នឹក​ម៉ែ​ខ្ញុំ! ប្អូន​ប្រុស​ខ្ញុំ​ឈឺ គ្មាន​អ្នក​មើល​ថែ​វា​ដិត​ដល់​ទេ! បង​ប្អូន​ខ្ញុំ​ទាំង ៣ នាក់​យំ​រៀង​រាល់​ថ្ងៃ​»។

បន្ទាប់​ពី​ធ្វើ​សកម្មភាព​តវ៉ា​ឥត​ឈប់​ឈរ ជា​មួយ​នឹង​សំឡេង​ស្រែក​ទ្រហោ​យំ​ របស់​ក្មេង​ៗ​ទាំង​នេះ នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា សាលា​ឧទ្ធរណ៍ បាន​សម្រេច​ដោះ​លែង​ស្ត្រី​ទាំង​នេះ​វិញ ក្រោយ​ពី​បាន​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល ១ ខែ ៣ ថ្ងៃ។

សុគន្ធ​កញ្ញា បាន​និយាយ​ថា​៖« កាល​ពី​មុន ខ្ញុំ​រៀន​បាន​លេខ​មួយ​ជា​រៀង​រាល់​ខែ។ ប៉ុន្តែ​ចាប់​តាំង​ពី​គេ​ចាប់​ម្តាយ​របស់​ខ្ញុំ​មក ចំណាត់​ថ្នាក់​ប្រចាំ​ខែ​របស់​ខ្ញុំ បាន​ធ្លាក់​មក​នៅ​ត្រឹម​លេខ​ពីរ​វិញ​»។

មិន មែន​មាន​តែ​ ប៉ោ សុគន្ធ​កញ្ញា​នោះ​ទេ ដែល​និយាយ​ថា​ ការ​រំលោភ​បំពាន​ដី​ធ្លី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រៀន​សូត្រ​របស់​នាង ក្មេងៗ​ នៅ​តំបន់​បឹងកក់​ជាច្រើន​ទៀត​ ដូច​ជា​ កែវ​ ណារ៉ុង អាយុ ១២ ឆ្នាំ ហេង ស្រី​ល័ក្ខ អាយុ ១៣ ឆ្នាំ សុង ឫទ្ធិ​សែន អាយុ ១២ ឆ្នាំ ដែល​រៀន​ នៅ​សាលា​បឋម​សិក្សា​កុលាប​ទី ១ និង​វិទ្យាល័យ​វត្ត​ភ្នំ​ ក៏​សុទ្ធ​តែ​និយាយ​ដូច​គ្នា​នេះ​ដែរ។

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ របស់​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ស្តី​ពី​ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច និង​សង្គម នៃ​ការ​បណ្តេញ​ចេញ ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១១ បាន​បង្ហាញ​ថា «នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​សហគមន៍​ចំនួន ៧៤ មាន​ប្រជា​ពលរដ្ឋ​ចំនួន ១១៩២២ គ្រួសារ មាន​មនុស្ស​ចំនួន ៣២៤៤០ នាក់ ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​បណ្តេញ​ចេញ នៅ​ក្នុង​ឆ្នាំ ២០១១»។ របាយ​ការណ៍​ដដែល​បន្ត​ថា ការ​រៀន​ត្រួត​ថ្នាក់ និង​ការ​បោះ​បង់​ចោល​ការ​សិក្សា របស់​ក្មេង​អាយុ​ពី ៦ ដល់ ១៨ ឆ្នាំ ក្នុង​ចំណោម​សហគមន៍​ ដែល​រង​ការ​គំរាម​កំហែង និង​សហគមន៍​ដែល​ត្រូវ​បាន​ប្តូរ​លំនៅ មាន​កម្រឹត​ខ្ពស់​ដល់ ១៨ ភាគរយ បើ​ធៀប​ទៅ​នឹង​កម្រិត​ថ្នាក់​ជាតិ​ដែល​មាន​ត្រឹម ៨,៩ ភាគរយ។

កុមារីប៉ោ សុគន្ធ​កញ្ញា ជា​សិស្ស​ពូកែ ទាំង​នៅ​សាលា​រដ្ឋ និង​នៅ​សាលា​ចិន​។ ក្រៅ​ពី​ការ​សិក្សា​នាង​តូច ​ម្នាក់​នេះ​ ថែម​ទាំង​ចូល​ចិត្ត​អាន​កាសែត ស្តាប់​វិទ្យុ ទាក់​ទង​ទៅ​នឹង​រឿង​នយោបាយ ពិសេស​ដំណើរ​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ​ថែម​ទៀត​ ខុស​ប្លែក​ពី​ក្មេង​ដទៃ​។ នាង​និយាយ​ថា​៖«​ពេល​ទំនេរ​ខ្ញុំ​តែង​តែ​អាន​កា​សែត​ភ្នំពេញ​ប៉ុស្តិ៍ ហើយ​នៅ​ពេល​យប់ ខ្ញុំ​ស្តាប់​វិទ្យុ​អាស៊ី​សេរី និង​វីអូអេ»។

កុមារី សម្បុរ​ស តូច​ស្តើង​រូប​នេះ ចេះ​និយាយ​យ៉ាង​ប៉ិន​ប្រសប់​ហាក់​បី​ដូច​ជា​នាង ជា​អ្នក​នយោបាយ ឬ​ក៏​ជា​អ្នក​ច្បាប់​វ័យ​ក្មេង​យ៉ាង​ដូច្នោះ​ដែរ​។ ទាក់ទង​ទៅ​នឹង​រឿង​ជម្លោះ​ដី​ធ្លី ​នៅ​តំបន់​បឹងកក់ នាង​និយាយ​ថា​៖«ការ​អភិវឌ្ឍ​អី​បើ​គ្មាន​យុត្តិធម៌​សោះ​អ៊ី​ចឹង? កាល​ពី​មិន​ទាន់​មាន​ការ​អភិវឌ្ឍ នៅ​ម្តុំ​ផ្ទះ​ខ្ញុំ​មាន​ភាព​អ៊ូអរ សប្បាយ​រីករាយ គ្រួសារ​ខ្ញុំ​ធូរធារ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ការ​អភិវឌ្ឍ​មក ​គ្រួសារ​ខ្ញុំ​ចាប់​ផ្តើម​ក្រ​តោកយ៉ាក​ ហើយ​ម្តុំ​ផ្ទះ​ខ្ញុំ​មាន​ភាព​ស្ងាត់​ជ្រងំ»។

ម្តាយ​កុមារី សុគន្ធ​កញ្ញា អ្នក​ស្រី​តុល ស្រី​ពៅ បាន​និយាយ​ថា ​ចាប់​តាំង​ពី​មាន​ការ​បណ្តេញ​ចេញ​មក សហគមន៍​ទាំង​មូល​ បែ​រជា​មាន​សភាព​ស្ងាត់​ជ្រងំ ម្នាក់​ៗ​នាំ​គ្នា​ខ្វាយខ្វល់ តែ​ពី​រឿង​បណ្តេញ​ចេញ​។ ស្ត្រី​មេ​ផ្ទះ ដែល​មាន​ស្វាមី​ធ្វើ​ការ​ជា​មន្ត្រី​រាជ​ការ​រូប​នេះ បាន​ត្អូញត្អែរ​ថា៖ «ខ្ញុំ​ជាប់​រវល់​វក់វី​តែ​រឿង​តវ៉ា​ការពារ​ផ្ទះ​ មិន​មាន​ពេលវេលា​គិត​គូរ​ពី​រឿ​ង​រក​ស៊ី​ទេ»។ ស្វាមី​របស់​អ្នក​ស្រី​តុល ស្រី​ពៅ ទទួល​បាន​ប្រាក់​ខែ​មន្ត្រី​រាជ​ការ​មិន​ច្រើន​ទេ​ ប៉ុន្តែ គាត់​អាច​ឆ្លៀត​ពេល​ ធ្វើ​ការ​ងារ​ផ្សេង​ទៀត ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​គ្រួសារ។ អ្នក​ស្រី​តុល​ ស្រី​ពៅ ​ឲ្យ​ដឹង​ទៀត​ថា៖«​វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​ឥឡូវ​នេះ ពី​ព្រោះ​មាន​តែ​ប្តី​ខ្ញុំ​ម្នាក់​គត់​ជា​អ្នក​រក​ប្រាក់​»។ អ្នក​ស្រី​បន្ត​ទៀត​ថា​៖ «ខ្ញុំ​ឲ្យ​លុយ​កូន​ទៅ​រៀន​ក្នុង​មួយ​ថ្ងៃ ៥០០ ឬ ១០០០ រៀល។ ខ្ញុំ​ដឹង​ថា ៥០០-១០០០ ឥឡូវ​ ទិញ​អី​មិន​បាន​ហូប​ទេ។ តែ​ធ្វើ​ម៉េច​បើ​យើង​អត់! ដូច​ជា​ ថ្ងៃ​នេះ ផ្ទះ​ខ្ញុំ​មាន​លុយ​តែ​ ៤០០០ រៀល​ទេ។ មួយ​រយៈ​មុន ខ្ញុំ​ឲ្យ​កញ្ញា​ឈប់​រៀន​ចិន ដោយ​សារ​តែ​អត់​លុយ​បង់​ថ្លៃ​សាលា។ ខ្ញុំ​មិន​ចង់​ឲ្យ​កញ្ញា​ឈប់​រៀន​ទេ ពី​ព្រោះ​កូន​នេះ​រៀន​ពូកែ​ណាស់​»។

លោក​សៀរ ភិរម្យ ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន បាន​មាន​ប្រសាសន៍​ថា ជម្លោះ​ដី​ធ្លី បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​ពលរដ្ឋ រួម​ទាំង​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​របស់​កុមារ។ លោក​គូស​បញ្ជាក់​ថា​៖ «​នៅ​ពេល​មាន​ការ​បណ្តេញ​ចេញ​ឪពុក​ម្តាយ​ជាប់​រវល់​ខ្វល់​ខ្វាយ​តែ​រឿង តវ៉ា ធ្វើ​ញត្តិ ជួប​ប្រជុំ​គ្នា​រក​វិធី​ដោះ​ស្រាយ មិន​មាន​ពេល​យក​ចិត្ត​ដាក់​ទុក​ដាក់​ក្នុង​ការ​អប់រំ ស្តី​ប្រដៅ ឬ​ជំរុញ​ឲ្យ​កូន​ទៅ​រៀន​សូត្រ​ឡើយ​ មាន​គ្រួសារ​ខ្លះទៀត​ ដោយ​សារ​តែ​លំបាក​ខ្លាំង​ពេក​ឲ្យ​កូន​ឈប់​រៀន​តែ​ម្តង​»។ លោក សៀរ ភិរម្យ បាន​ថ្លែង​ទៀត​ថា៖«ការ​បណ្តេញ​ចេញ វា​ធ្វើ​ឲ្យ​ក្មេងៗ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ក្នុង​ការ​ទៅ​រៀន ពីព្រោះ​ពួក​គេ ​ក៏​ជាប់​រវល់​ចូល​រួម​ជាមួយ​ឪពុក ម្តាយ​របស់​ពួក​គេ ធ្វើ​ការ​តវ៉ា​ផង​ដែរ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​ ធ្វើ​ឲ្យ​ពួក​គេ​មាន​ជំងឺ​ផ្លូវ​ចិត្ត មិន​មាន​អារម្មណ៍​ជ្រះ​ថ្លា ក្នុង​ការ​ទៅ​រៀន​ដូច​ក្មេង​ដទៃ​»។

ដោយ​និយាយ​សំដៅ​ទៅ​ដល់​កុមារី​ប៉ោ សុគន្ធ​កញ្ញា​ លោក​សៀរ ភិរម្យ បាន​លើក​ឡើង​ថា៖«ក្រោយ​ពី​ទទួល​រង​នូវ​ការ​ឈឺចាប់ និង​រង​នូវ​អំពើ​អយុត្តិធម៌​ខ្លាំង​ពេក កុមារី​អាយុ ១១ ឆ្នាំ​ម្នាក់​នេះ បាន​ផ្លាស់​ប្តូរ​ជំនាញ​របស់​នាង ពី​ការ​ចង់​ធ្វើ​ជា​សាស្ត្រាចារ្យ ទៅ​ជា​ចង់​ធ្វើ​ជា​ចៅ​ក្រម ឬ​មេ​ធាវី ដើម្បី​រក​យុត្តិធម៌​ជូន​អ្នក​ទន់​ខ្សោយ។ កូន​ក្មេង​ស្រី​តូច​មួយ ចេះ​មាន​គំនិត​ល្អ​ប្រសើរ​ជាង​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​ទៅ​ទៀត​»។

លោក កែម ឡី ជា​អ្នក​ស្រាវ​ជ្រាវ និង​ជា​អ្នក​វិភាគ​ឯករាជ្យ​បាន​ចង្អុល​បង្ហាញ​ថា ការ​បណ្តេញ​ចេញ​ជា​បន្ត​បន្ទាប់ របស់​អាជ្ញាធរ​រាជធានី ទៅ​លើ​សហគមន៍​ក្រីក្រ ដូច​ជា​សម្បុក​ចាប ក្រុម ៧៨ ដី​ក្រហម បឹងកក់ បុរី​កីឡា ជាដើម។ល។ បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ជា​ពិសេស​ទៅ​លើ​ក្មេង​ៗ។ លោក​មាន​ប្រសាសន៍​ថា​៖«​ការ​បណ្តេញ​ចេញ ក្រៅ​ពី​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​អាហារ​ហូប​ចុក​របស់​ក្មេងៗ និង​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​បោះ​បង់​ការ​សិក្សា​កើន​ឡើង វា​ក៏​ធ្វើ​ឲ្យ​ក្មេងៗ កើត​មាន​ជំងឺ​ផ្លូវ​ចិត្ត​ផង​ដែរ ដោយ​ពួក​គេ​ឃើញ​ការ​បង្ក្រាប និង​ការ​ឈូស​បំផ្លាញ​ផ្ទះ​របស់​ពួក​គេ»។

យ៉ាង ណា​ក្តី លោក​ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី បាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃ​ទី​ ១២ ខែ​វិច្ឆិកា​ថា លោក​មិន​មាន​អ្វី​ធ្វើ​អត្ថាធិប្បាយ​ ពី​ផល​ប៉ះពាល់ ទៅ​លើ​ការ​អប់រំ របស់​ក្មេង​ៗ ក្នុង​សហគមន៍​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ទាំង​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​គូស​បញ្ជាក់​ថា​៖«​មុន​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​លំនៅ ​ អាជ្ញាធរ​ក្រុង​ តែង​តែ​ធ្វើ​ការ​ជូន​ដំណឹង​ជា​មុន ទៅ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​នោះ ហើយ​ទីតាំង​ថ្មី ដែល​ពួក​គាត់​ត្រូវ​ ទៅ​រស់​នៅ ក៏​មាន​សាលារៀន​ដែរ​»។ ប៉ុន្តែ​លោក​ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​មាន​ព័ត៌មាន​ជាក់​លាក់​ពី​បញ្ហា​ទាំង​នេះ​ទេ។

អង្គការ យូនីសេហ្វ នៅ​ក្នុង​សេចក្តី​ជូន​ព័ត៌មាន​មួយ ដែល​ភ្នំពេញប៉ុស្តិ៍​ទទួល​បាន កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ធ្វើ​ការ​កត់​សម្គាល់​ថា កង្វះ​នៃ​ការ​ផ្តល់​សិទ្ធិ​ដល់​កុមារ​ចំពោះ​យុត្តិធម៌ បាន​រារាំង បន្ថែម​ទៀត​ដល់​ភាព​ជឿនលឿន ចំពោះ​នីតិរដ្ឋ​នៅ​កម្ពុជា​។ ខ​ ចែង​ពី​ជំនួយ​ស្រប​ច្បាប់​ដែល​មាន​កម្រិត និង​យន្ត​ការ​គណនេយ្យភាព និង​ការ​កំណត់​តម្លៃ​មិន​ផ្លូវ​ការ ចំពោះ​ប្រព័ន្ធ​យុត្តិធម៌ បំផ្លាញ​សមត្ថភាព​របស់​កុមារ ដើម្បី​ទាមទារ​សិទ្ធិ​របស់​ពួក​គេ តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌ និង​សេវា​ផ្សេង​ទៀត​ ដែល​ពាក់ព័ន្ធ៕ NR

This content has been locked. You can no longer post any comments.
Show/hide comments
...
យុទ្វតិ្តធម៏ ៗៗៗៗៗៗ !
Thanak on November 13, 2012 Report
vote down vote up Votes: 0
...
អំណាចប្រមូលផ្តុំរាជរដ្ឋាភិបាលធ្វើអីតាមចិត្ត។ចូលរូមកាត់បន្ថយអំណាចរដ្ឋុំ ស្វែងយល់ពីប្រជាធិបតេយ្យ​ ប្រជាធិបតេយ្យកើតឡើងពីប្រជាពលរដ្ឋមិនមានអ្នកនយោបាយណាធ្វើឲ្យទេដូចនេះប្រជាពលរដ្ឋត្រូវចូលរួមក្នុងឆាកនយោបាយ!!!
kon khmer on November 13, 2012 Report
vote down vote up Votes: 0
busy