ភ្នំពេញៈ ជោគវាសនារបស់វរសេនីឯក Calley Jones ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ត្រូវបានពិភាក្សាយ៉ាងខ្លាំងក្លា នៅក្នុងការជជែកវែកញែកមួយ ស្តីពីតុលាការ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ដែលភាគីចំនួនពីរ បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា ពាក់ព័ន្ធនឹងបញ្ហាថា តើជនសង្ស័យនេះ ត្រូវទទួលខុសត្រូវ ចំពោះការស្លាប់របស់ជនជាតិភាគតិច Drak ជាច្រើន ក្នុងអំឡុងឆ្នាំ២០១០ នៅក្នុងការប៉ះទង្គិចគ្នាផ្នែកសាសនា នៅក្នុងសាធារណរដ្ឋ Katoland យ៉ាងណា?
ពិតណាស់ ជនជាតិ Drak មិនមែនជាក្រុមជនជាតិភាគតិចពិតប្រាកដនោះទេ ហើយ Katoland ក៏មិនមែនជាសាធារណរដ្ឋមួយពិតប្រាកដដែរ ហើយលោក Calley Jones ក៏មិនមែនជាវរសេនីយ៍ឯកពិតប្រាកដទេ។ នេះគ្រាន់តែជាការប្រកួតគ្នា នៅក្នុងជុំចុងក្រោយ នៃការប្រកួតជជែកវែកញែកក្នុងតុលាការ ស្តីពីច្បាប់មនុស្សជាតិកាកបាទក្រហមអន្តរជាតិ ដែលធ្វើឡើង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច កាលពីថ្ងៃអាទិត្យ។
លោកស្រី Margaret Ryan នាយកគ្រប់គ្រងកម្មវិធីច្បាប់ ផ្នែកបរិញ្ញាបត្ររៀនជាភាសាអង់គ្លេសនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច បានថ្លែងថា តុលាការជជែកវែកញែកធ្វើឲ្យសិស្សនិស្សិតមានបទពិសោធ នៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ដូចជា ការប្រកួតអំពី IHL និង Philip C។
ការប្រកួត Jessup ផ្តល់ឲ្យនិស្សិតកម្ពុជា នូវឱកាសស្មើភាពគ្នា ជាមួយនិស្សិតនៅបណ្តាប្រទេសលោកខាងលិច នៅពេលពួកគេ ប្រកួតគ្នា សម្រាប់កម្រិតខ្ពស់ជាងនេះ។
លោកស្រីបានថ្លែងបន្តថា៖ «យើងអាចបង្ហាញថា និស្សិតស្រីម្នាក់ ក្នុងចំណោមនិស្សិតស្រីរបស់យើង ទទួលបានពិន្ទុខ្ពស់ក្នុងការប្រកួត Jessup។ ដូច្នេះ យើងនិយាយថា នាងពិតជាធ្វើបានល្អណាស់ នៅក្នុងការប្រកួត Jessup ដែលក្នុងនោះ នាងប្រកួតប្រជែងជាមួយអ្នកដទៃ ក្នុងការឆ្លើយសំណួរផ្សេង»។
លោកស្រី Ryan បានថ្លែងបន្តថា ប៉ុន្តែការធ្វើឲ្យសិស្ស និស្សិត ចូលរៀននៅក្នុងសាលាល្អ គឺគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ គោលដៅគឺការបញ្ចប់គម្លាតសមត្ថភាព រវាងអ្នកច្បាប់ ធ្វើការនៅក្នុងក្រុមហ៊ុនច្បាប់កម្ពុជា និងក្រុមហ៊ុនច្បាប់អន្តរជាតិ និងដើម្បីបញ្ចប់ការពឹងផ្អែក លើមេធាវីក្រុមហ៊ុនបរទេស។
លោក Jasper Pauw សហមេធាវីរបស់នួន ជានៅសាលាក្តីខ្មែរក្រហមក៏បានទទួលស្គាល់ផងដែរ អំពីសារៈសំខាន់ នៃបទពិសោធ ពីតុលាការ នៃការជជែកវែកញែកនេះ ប៉ុន្តែបានសម្តែងក្តីបារម្ភថា មេធាវីដែលមានសមត្ថភាពគ្រប់គ្រាន់ បែរជាបញ្ចប់ការសិក្សា នៅក្នុងប្រទេសមួយ ដែលមានប្រព័ន្ធមួយ ដែលមិនគោរពច្បាប់។ លោក Pauw ដែលបង្រៀនវគ្គស្តីពីច្បាប់អន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ចថ្លែងថា៖ «នោះហើយជាអ្វី ដែលយើងមានក្តីបារម្ភអស់រយៈពេលជាយូរមកហើយ»។ លោកបន្តទៀតថា៖ «និស្សិតទាំងនេះ ពួកគេពិតជាឆ្លាត ហើយពួកគេពិតជាយល់ពីច្បាប់អន្តរជាតិប៉ុន្តែពួកគេនឹងភ្លេចទាំងអស់នៅពេលដែលពួកគេ ឈានជើងចូលទៅក្នុងតុលាការកម្ពុជា»។
លោកបានបន្ថែមថា៖«នៅក្នុងតុលាការកម្ពុជា វាគឺថា តើអ្នកស្គាល់បក្ខពួកឬអត់? និងថា តើអ្នកពាក់ព័ន្ធនឹងអត្ថប្រយោជន៍នយោបាយឬអត់?»។
កញ្ញា តាន់ បូរ៉ាវីន អាយុ ២០ឆ្នាំ ដែលជាប់ចំណាត់ថ្នាក់ខាងនិយាយបានល្អបំផុត កាលពីថ្ងៃអាទិត្យនិងដែលនឹងត្រូវទៅប្រកួតជើងឯកតំបន់ នៅទីក្រុងហុងកុង ជាមួយដៃគូឈ្មោះ តាំង សុខីម បានទទួលស្គាល់អំពីបញ្ហានៅក្នុងប្រព័ន្ធតុលាការកម្ពុជា។ កញ្ញាថ្លែងថា៖ «នោះហើយជាក្តីបារម្ភរបស់ខ្ញុំផងដែរពីព្រោះយើងរស់នៅក្នុងសង្គមមួយដែលប្រព័ន្ធតុលាការនិងចៅក្រមមានបញ្ហា»។ កញ្ញា្បន្តថា៖ «ដូច្នេះ ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវធ្វើការងារ ដើម្បីឲ្យប្រព័ន្ធនេះ អភិវឌ្ឍល្អជាងមុន»៕ PS
ភ្នំពេញ ប៉ុស្តិ៍







