Headlines:

ករណី​អតីត​អភិបាល​ក្រុង​បាវិត​​នៅ​​បន្ត​បញ្ជូន​ចុះ​ឡើង



ស្វាយរៀងៈ សំណុំ​រឿង​អតីត​អភិបាល​ក្រុង​បាវិត លោក​ឈូក បណ្ឌិត ដក​កាំភ្លើង​បាញ់​កម្មករ ធ្វើ​ឲ្យ​រង​របួស​ធ្ងន់ ៣ នាក់ ហើយ​ត្រូវ​បាន​តុលាការ ធ្វើ​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា នៅ​តែ​ត្រូវ​បញ្ជូន​ចុះ​ឡើង​ៗ វិលវល់ នៅ​ក្នុង​តុលាការ​ខេត្ត​ស្វាយរៀង​នៅ​ឡើយ បើ​ទោះ​បី​ជា​មាន​ការ​ជំរុញ​ឲ្យ​តុលាការ​នេះ​ ឆាប់​បើក​សវនាការ និង​ត្រូវ​ចាប់​ឃុំ​ខ្លួន​ជន​សង្ស័យ ជា​អ្នក​ប្រព្រឹត្ត​ក្តី។

ការ​យឺតយ៉ាវ​ក្នុង​ការ​បើក​សវនាការ និង​ការ​មិន​បាន​ចាប់​ឃុំ​ខ្លួន​ជន​សង្ស័យ ចាប់​តាំង​ពី​មាន​ការ​បាញ់​ប្រហារ​មក​នោះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល ចោទ​ប្រកាន់​ថា ជា​ចេតនា​របស់​តុលាការ ក្នុង​ការ​ការពារ​អតីត​អភិបាល​ក្រុង​បាវិត ដែល​គេ​សង្ស័យ​ថា មាន​មន្ត្រី​ជាន់​ខ្ពស់​នៅ​ពី​ក្រោយ។

លោក ប៉ិច ឈឿត ប្រធាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង និង​ជា​ចៅក្រម​ស៊ើប​អង្កេត​ បាន​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​អម​សាលា​ដំបូង បាន​បញ្ចប់​ការ​សន្និដ្ឋាន​ ទៅ​លើ​សុំណុំ​រឿង​លោក​ឈូក​បណ្ឌិត​ ហើយ​តំណាង​អយ្យការ​ ក៏​បាន​បញ្ជូន​ត្រឡប់​មក​ចៅ​ក្រម​ស៊ើប​សួរ​វិញ​ហើយ​ដែរ កាល​ពី​សប្តាហ៍​មុន​។ លោក​និយាយ​ថា​៖​«ដំណើរ​រឿង​នេះ គឺ កំពុង​ស្ថិត​នៅ​ក្នុង​រដ្ឋបាល​ចុះ​បញ្ជី​។ ខ្ញុំ​មិន​ដឹង​ថា​ តើ​ពេល​ណា​ ទើប​ចៅ​ក្រម​ នឹង​ត្រូវ​កំណត់​ថ្ងៃ​បើក​ជម្រះ​នោះ​ទេ ប៉ុន្តែ​មិន​ឲ្យ​ហួស​ពី​ខែ​វិច្ឆិកា​ឡើយ​។ ខ្ញុំ​នឹង​និយាយ​ អំពី​ការ​សន្និដ្ឋាន​របស់​តំណាង​អយ្យការ នៅ​ពេល​ក្រោយ»។

លោក​ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញា ខេត្ត​ស្វាយរៀង​ ដែល​កាន់​សំណុំ​រឿង​នេះ ពុំ​អាច​ទាក់ទង​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ។

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ ២០១២​អតីត​អភិបាល​ក្រុង​បាវិត ត្រូវ​បាន​តុលាការ​ខេត្ត​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ទាក់ទិន​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ ដែល​មាន​កម្មករ​ជាង ៦០០០ នាក់ ក្នុង​ក្រុង​បាវិត បាន​ធ្វើ​ការ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល និង​លក្ខ​ខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន ហើយ​លោក​ឈូក បណ្ឌិត​ បាន​បាញ់​កម្មករ ៣ នាក់​ឲ្យ​រង​របួស។ នៅ​ក្នុង​សំណុំ​រឿង​ដែល​បាន​អូស​បន្លាយ​ជាច្រើន​ខែ​មក​ហើយ​នេះ កម្មការិនី ៣ នាក់​​ដែល​រង​របួស​បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង ទៅ​នឹង​លោក​ឈូក បណ្ឌិត ដោយ​ទាមទារ​សំណង​ក្នុង​ម្នាក់ៗ ៤៥០០០​ដុល្លារ។

កញ្ញា ប៊ុត ចិន្តា អាយុ ២១ ឆ្នាំ ដែល​រង​របួស ថ្លែង​ថា នាង​ដូច​ជា​អស់​សង្ឃឹម​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​ពី​សំណាក់​តុលាការ ពីព្រោះ​មក​ដល់​ពេល​នេះ ​គឺ​នាង​ពុំ​បាន​ទទួល​ដំណឹង​អ្វី​ទាំងអស់។ កញ្ញា​និយាយ​ថា​៖ «​ខ្ញុំ​ពុំ​ដែល​គិត​ថា នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ទេ ពីព្រោះ​ប្រទេស​យើង​ អ្នក​មាន​អំណាច ​គឺ​តែង​តែ​ឈ្នះ ហើយ​នៅ​ក្នុង​រឿង​ខ្ញុំ​នេះ ​គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​រួច​ហើយ​ថា ពួក​ខ្ញុំ​ នឹង​មិន​ទទួល​បាន​យុត្តិធម៌​ទេ»។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់ខ្ពស់ អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​តាម​ដាន​សុំណុំ​រឿង​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់បាន​និយាយ​​ថា​ វា​ជា​ពេល​វេលា​សមល្មម​ហើយ ដែល​តុលាការ​ គួរ​តែ​បើក​សវនាការ ទៅ​លើ​សំណុំ​រឿង​នេះ​។​ លោក​បន្ត​ថា​៖«ខ្ញុំ​ថា​នេះ គឺជា​ចេតនា​របស់​តុលាការ​តាំង​ពី​ដើម​ទី​មក​គឺ​ពុំ​មាន​ចេតនា​ធ្វើ​ចំណាត់​ការ​ក្នុង​រឿង​នេះ​ទេ។ យើង​មើល​អ្វី​ដែល​តុលាការ​ធ្វើ​នោះ គឺ​គ្រាន់​តែ​កុំ​ឲ្យ​គេ​ថា តុលាការ​មិន​ចាត់​ការ​រឿង​នោះ​ប៉ុណ្ណោះ។

អ្វី​ដែល​តុលាការ​ធ្វើ គឺ​គ្រាន់​តែ​បង្គ្រប់ ​កិច្ច​សូម្បី​តែ​ចោទ​គឺ​ចោទ​ប្រកាន់​ពី​បទ​ដែល​ស្រាល​បំផុត​»។ លោក​ថ្លែងថា មូលហេតុ​ដែល​តុលាការ​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត​នោះ គឺ​ដោយ​សារ​តែ​មិន​ចង់​ឲ្យ​ចេញ​លទ្ធផល​ឆាប់ៗ ពី​ព្រោះ​បើ​លទ្ធផល​ចេញ​មក ជន​រងគ្រោះ​ មិន​អាច​ទទួល​យក​បាន​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​កាន់​តែ​ខ្លាំង​ ដូច្នេះ​ហើយ​បាន​ជា​តុលាការ​ចេះ​តែ​ពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​។

លោក មឿន តុលា មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​ របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​ថ្លែង​ថា ក្នុង​សុំណុំ​រឿង​លោក​ឈូក​ បណ្ឌិត គឺ «​វា​អយុត្តិ​ធម៌​បំផុត​»សម្រាប់​ជន​រងគ្រោះ​ដោយ​ជនល្មើស​ បាន​ដក​កាំភ្លើង​បាញ់​លើ​ហ្វូង​កម្មករ ​តែ​បែរ​ជា​ចោទ​ពី​បទ​បង្ក​របួស​ស្នាម ​ដោយ​អចេតនា​ទៅ​វិញ។ បទ​ចោទ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ តុលាការ​ពុំ​មាន​ឆន្ទៈ​រក​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ជន​រងគ្រោះ​ទេ។ លោក​បន្ត​ថា៖ «​បើ​យើង​ប្រៀប​ធៀប​រឿង​លោក​ឈូក ​បណ្ឌិត​ ជា​មួយ​ពលរដ្ឋ​បឹងកក់ គឺ​ឃើញ​ស​និង​ខ្មៅ​ច្បាស់​តែ​ម្តង​។ ឈូក​ បណ្ឌិត​បាញ់​គេ​ឲ្យ​របួស​បែរ​ជា​ពុំ​មាន​ការ​ឃាត់​ខ្លួន រីឯ​ស្ត្រី​នៅ​បឹងកក់​(យ៉ោម បុប្ជា) គេ​វាយ​គ្នា​នៅ​កន្លែង​ផ្សេង​សោះ​ស្រាប់​តែ​ធ្វើ​ការ​ចោទ​ប្រកាន់​គាត់ រួច​ចាប់​ដាក់​ពន្ធនាគារ»។​

ដោយ​សារ​តែ​ការ​ពន្យារ​ពេល​ម្តង​ហើយ​ម្តង ទៀត​នោះ​ កាល​ពី​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ បាន​ដាក់​លិខិត​ស្នើ​សុំ​អន្តរាគមន៍​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំនួន​ពីរ ទៅ​ក្រសួង​យុត្តិ​ធម៌ ​និង​តុលាការ​ខេត្ត​ស្វាយរៀង​ ជំរុញ​ឲ្យ​ឆាប់​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​បាញ់​ប្រហារ ​ពី​សំណាក់​អតីត​អភិបាល​ក្រុង​បាវិត ឲ្យ​មាន​គតិ​យុត្តិធម៌ និង​កែប្រែ​បទ​ចោទ​ប្រកាន់​ហើយ​ក៏​បាន​ជំរុញ​ឲ្យ​តុលាការ​នាំ​ខ្លួន​ជន ល្មើស​ដាក់​ពន្ធនាគារ និង​សង​សំណង​ដល់​កម្មការិនី​រងគ្រោះ​ទៅ​តាម​ការ​ទាម​ទារ​របស់​ពួក​គេ៕

This content has been locked. You can no longer post any comments.
Show/hide comments
busy