ភ្នំពេញៈ សាលាឧទ្ធរណ៍កាលពីម្សិលមិញបានសម្រេចតម្កល់សេចក្ដីសម្រេចរបស់ សាលាដំបូងរាជធានីភ្នំពេញនិងផ្ដន្ទាទោសភរិយា និងកូនប្រុសបីនាក់របស់លោកឧត្ដមសេនីយ៍ត្រីម្នាក់ នៃកងយោធពលខេមរភូមិន្ទឲ្យជាប់ពន្ធនាគារម្នាក់ៗ ចាប់ពី៧ទៅ៨ឆ្នាំ ក្រោមការចោទប្រកាន់ពីបទប្រព្រឹត្តអំពើឃោរឃៅ និងធ្វើទារុណកម្មប្តីនិងឪពុក។
លោក ជួន ស៊ុនឡេង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះជាអនុប្រធានសាលាឧទ្ធរណ៍ បានថ្លែងថា លោកស្រី ងិន ចន្ទ្រាទេវី អាយុ៥០ឆ្នាំ ជាភរិយាលោកឧត្ដមសេនីយ៍ត្រី នួន ប៉ាក់ អាយុ៥៥ឆ្នាំ ជាជនជាតិគ្រឹង និងជាទីប្រឹក្សាក្រសួងការពារជាតិ ត្រូវបានចោទប្រកាន់ពីបទប្រើអំពើឃោរឃៅនិងទារុណកម្ម។ ចំណែកកូនប្រុសគាត់បីនាក់ឈ្មោះ ប៉ាញ់ សីហនា អាយុ២៥ឆ្នាំជាសិស្ស ប៉ាញ់ តារាឫទ្ធិ អាយុ២៣ឆ្នាំ ជានិស្សិត និងឈ្មោះ ប៉ាញ់ អានអាន អាយុ២០ឆ្នាំ ជានិស្សិត ត្រូវបានចោទប្រកាន់ពីបទសមគំនិតប្រព្រឹត្តអំពើឃោរឃៅនិងធ្វើ ទារុណកម្មវាយដំទៅលើឪពុក កាលពីអំឡុងឆ្នាំ២០១១ នៅភ្នំពេញ។
លោក ប្រធានចៅក្រមជំនុំជម្រះបានបញ្ជាក់ថា ពួកគេត្រូវសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃចាប់ខ្លួនក្នុងផ្ទះ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១១។ ពួកគេត្រូវបានចាប់ខ្លួនផ្អែកតាមពាក្យបណ្ដឹងជនរងគ្រោះ នួន ប៉ាក់ ពាក់ព័ន្ធនឹងការវាយដំនិងធ្វើទារុណកម្មរូបគាត់ដើម្បីបង្ខំ ឲ្យលក់ដីដែលមានតម្លៃ៨ម៉ឺនដុល្លារ នៅក្នុងខេត្តរតនគិរី ហើយប្រគល់ប្រាក់ទៅឲ្យពួកគេ។
លោកប្រធានចៅក្រម បានអានសាលដីកា កាលពីថ្ងៃចន្ទថា៖ « យោងតាមសវនាការ និងភស្តុតាងជាក់ស្ដែង ជនសង្ស័យទាំង៤នាក់ ម្ដាយនិងកូនប្រុសបីនាក់នេះមានពិរុទ្ធភាព ព្រោះពួកគេពិតជាបានវាយដំ និងធ្វើទារុណកម្មលើជនរងគ្រោះជាស្វាមី និងជាឪពុក ដូចបានចោទប្រកាន់មែន។ ដូច្នេះសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានី ឆ្នាំ២០១២ និងបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារបន្តទៀត»។
លោក ជួន ស៊ុនឡេង បន្តថា ៖ «បើសិនពួកគេមិនទទួលយកការផ្ដន្ទាទោសនេះទេ ពួកគេអាចប្ដឹងសារទុក្ខទៅតុលាការកំពូលតាមផ្លូវច្បាប់»។
ជនសង្ស័យទាំង៤នាក់ និងមេធាវីការពារក្ដីមិនអាចទាក់ទងសុំការអធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ។
លោក នួន ប៉ាក់ ខកចិត្តលើការសម្រេចរបស់សាលាឧទ្ធរណ៍។ លោកថ្លែងថា ការសម្រេចរបស់តុលាការគឺមិនឆ្លើយតបនឹងការស្នើសុំរបស់លោកទេ។ លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីថ្ងៃចន្ទថា៖ «ខ្ញុំបានដកពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងភរិយា និងកូនទាំងបីនាក់ជាទីស្រឡាញ់របស់ខ្ញុំរួចហើយ ហើយបានដាក់ទៅទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍តាំងពីខែមករាមកម្ល៉េះ។ ខ្ញុំសុំឲ្យដោះលែងពួកគេ។ ប៉ុន្តែតុលាការទាំងពីរថ្នាក់មិនពិចារណាលើការស្នើសុំរបស់ខ្ញុំទេ ហើយនៅតែដាក់ពន្ធនាគារពួកគេ៧-៨ឆ្នាំ ដដែល។ ខ្ញុំខកចិត្ត និងអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះការសម្រេចរបស់តុលាការ»។
ពាក់ ព័ន្ធនឹងការចោទប្រកាន់លើភរិយា និងកូនៗទាំងបី លោកឧត្ដមសេនីយ៍ត្រី នួន ប៉ាក់ ទទួលស្គាល់ថា ពួកគេពិតជារួមគំនិតគ្នាឃុំ វាយដំ និងធ្វើទារុណកម្មលោក ដូចការចោទប្រកាន់របស់លោកមែន។ តែយ៉ាងណាក៏ដោយ ឥឡូវនេះលោកបានពិចារណាថា នេះគឺគ្រាន់តែជាអំពើហិង្សាកើតឡើងនៅក្នុងរង្វង់គ្រួសារ ប៉ុណ្ណោះ។
លោក នួន ប៉ាក់ បានបន្ថែមថា ឥឡូវនេះលោកឈប់ខឹង និងលែងចងគំនុំនឹងពួកគេទៀតហើយ។ លោកចង់ឲ្យពួកគេត្រឡប់មករួមរស់នៅក្នុងគ្រួសារលោកវិញ។
លោក បានបញ្ជាក់ថា៖«ដើម្បីជួយភរិយានិងរួមទាំងកូនៗជាទីស្រឡាញ់របស់ ខ្ញុំមានសេរីភាព ខ្ញុំឥឡូវនេះកំពុងតែពិចារណានឹងបន្តប្ដឹងសារទុក្ខទៅតុលាការ កំពូលក្នុងពេលឆាប់ៗនេះ»។
យោងតាមឯកសាររបស់តុលាការ លោកស្រី ងិន ចន្ទ្រាទេវី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោស កាលពីថ្ងៃទី២៦ខែមីនា ឆ្នាំ២០១២ សម្រេចឲ្យជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ ហើយឈ្មោះ ប៉ាញ់ សីហនា ឈ្មោះ ប៉ាញ់ ដារាឫទ្ធិ និងឈ្មោះ ប៉ាញ់ អានអាន ក៏ត្រូវបានតុលាការកាត់ទោសម្នាក់ៗឲ្យជាប់ពន្ធនាគាររយៈពេល៧ ឆ្នាំផងដែរ៕ PN
ភ្នំពេញ ប៉ុស្តិ៍









