ភ្នំពេញៈ ក្នុងអំឡុងការជជែកតទល់គ្នាយ៉ាងយូរមួយ ពាក់ព័ន្ធនឹងបញ្ហាសុខភាព របស់សហចុងចោទ អៀង សារី នៅសាលាក្តីខ្មែរក្រហម កាលពីថ្ងៃចន្ទ សហមេធាវីការពារក្តី អៀង សារី បានធ្វើឲ្យវាច្បាស់ថា ការរារាំងមិនឲ្យ មានការទទួលបានមតិយោបល់អំពីបញ្ហាសុខភាពរបស់កូនក្តីលោកជា លើកទីពីរ ឬការរារាំងមិនឲ្យមានការប្រសើរឡើងនៃស្ថានភាពជំងឺឲ្យបាន ឆាប់រហ័ស ក្រុមមេធាវីការពារក្តី នឹងដាក់សំណើសុំកាត់ លោក អៀង សារី ចេញពីដំណើរការនីតិវិធីកាត់ក្តី។
ក្រុមព្រះរាជ អាជ្ញា និងដើមបណ្តឹងរដ្ឋប្បវេណី អះអាងថា មិនមានភស្តុតាងបង្ហាញថា ការពិនិត្យបន្ថែមទៀត ទៅលើសមត្ថភាពរបស់អតីតរដ្ឋមន្រ្តីការបរទេស អៀង សារី មានលក្ខណៈចាំបាច់នោះទេ ហើយជំរុញឲ្យអង្គជំនុំជម្រះ ធ្វើសេចក្តីសម្រេច ស្តីពីភាពស័ក្តិសម នៃការមានសមត្ថភាពគ្រប់គ្រាន់ របស់ អៀង សារី ឲ្យបានឆាប់ៗ តាមដែលអាចធ្វើទៅបាន។
រីឯ លោក Michael Karnavas វិញ ដែលជាសហមេធាវីការពារក្តី អៀង សារី បានផ្តល់ទឡ្ហីករណ៍ ថា កូនក្តីរបស់លោក នាពេលឥឡូវនេះ មិនមានសមត្ថភាពគ្រប់គ្រាន់ឡើងសវនាការទេ ហើយសមនឹងទទួលបានមតិយោបល់ អំពីបញ្ហាសុខភាព របស់គាត់ជាលើកទីពីរ។ លោក Karnavas ថ្លែងបន្តថា៖ «នៅអាយុ ៨៧ ឆ្នាំ ដែលមានបញ្ហាបេះដូង បញ្ហាផ្លូវដង្ហើម បញ្ហាក្រពេញ និងបញ្ហាឈឺចង្កេះ លោក អៀង សារី នឹងមិនអាចមានសុខភាពល្អប្រសើរឡើងនោះទេ»។ លោក Karnavas បន្តស្នើសុំថា តុលាការ គួរស្វែងរកការផ្តល់មតិយោបល់ជាលើកទីពីរ ពីវេជ្ជបណ្ឌិត Harold J Bursztajn ដែលជាអ្នកចិត្តវិជ្ជា ខាងវិទ្យាសាស្រ្ត នៅសាលាសុខាភិបាល Harvard ដែលកាលពីសប្តាហ៍មុន បានសរសេរលិខិតមួយរិះគន់ទៅលើវិធីសាស្រ្ត របស់លោក John Capbell ដែលជាគ្រូពេទ្យជំនាញ ខាងមនុស្សចាស់ ក្នុងការវាយតម្លៃលោកអៀងសារី។
លោក Karnavas បានថ្លែងបន្តថា៖ «យើងនឹងមិនផ្លាស់ប្តូរទស្សនៈរបស់យើងទេ»។ លោកកត់សម្គាល់ផងដែរថា លោកអៀង សារី មិនមានសមត្ថភាពសូម្បីតែកម្រើកខ្លួនឯង ឬនោមដោយខ្លួនឯងឡើយ ប្រសិនបើមិនមានការជួយពីអ្នកដទៃ។ លោកបានគូសបញ្ជាក់ថា៖«ហេតុដូច្នេះ អ្វីដែលត្រូវធ្វើគឺត្រូវឲ្យ លោកអៀង សារី មិននៅក្នុងបន្ទប់ឃុំខ្លួន ប៉ុន្តែនៅក្នុងបន្ទប់តុលាការ ឲ្យគាត់នៅលើគ្រែប្រង់កា ដែលមានកង់ ដើម្បីឲ្យយើងអាចឃើញ និងពិភពលោកអាចឃើញថា តើគាត់អាចមានសមត្ថភាពឡើងសវនាការឬអត់?»។ លោកបន្តទៀតថា៖« ប៉ុន្តែប្រសិនបើអង្គជំនុំជម្រះ មានទស្សនៈយល់ឃើញថា គាត់មានសមត្ថភាព ស័ក្តិសមឡើងសវនាការ...យើងនឹងដាក់សំណើភ្លាមៗ សុំកាត់គាត់ចេញ[ពីដំណើរការកាត់ក្តី]»។
លោកស្រីចៅក្រម Silvia Cartwright បានរំឭកលោក Karnavas ថា លោក អៀង សារី បានទទួលការវាយតម្លៃពីអ្នកចិត្តវិទ្យា កាលពីថ្ងៃទី ៣ ខែកញ្ញា បួនថ្ងៃ មុនពេលការចាប់ផ្តើម ការយកគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេល ២ ខែកាលពីថ្មីៗនេះ ហើយថា លោក Capbell បានកត់សម្គាល់ថា មិនបានឃើញមានស្ថានភាពធ្លាក់ចុះផ្នែកស្មារតីនោះទេ ចាប់តាំងពីពេលនោះមក។
ប៉ុន្តែ លោក Karnavas បានចោទសួរបកវិញថា៖ «តើអ្វីមួយបានកើតឡើង នៅចន្លោះពីថ្ងៃទី ៣ និង ៧ កញ្ញា? គាត់ស្ថិតនៅក្នុងស្ថានភាពប្រែប្រួល គាត់មើលទៅ ហាក់បីដូចជាគាត់ជិតស្លាប់ហើយ គាត់ស្គមរីងរៃ ហើយគាត់រស់ដោយសារអុកស៊ីសែន»។
ទោះបីជាយ៉ាងណាក៏ដោយក៏ ព្រះរាជអាជ្ញា William Smith បានកត់សម្គាល់ថា លិខិតដែលរិះគន់រោគវិនិច្ន័យនោះ គឺមិនមែនជាភស្តុតាងលក្ខណៈបច្ចេកទេស នៅចំពោះមុខតុលាការទេ ហើយបានផ្តល់អនុសាសន៍ថា លោកអៀង សារី ត្រូវរក្សាទុកនៅក្នុងបន្ទប់ឃុំខ្លួន បើទោះបីជាមានការប្រឆាំងពីលោក Karnavas ដែលបានលើកទឡ្ហីករណ៍ថា ការនាំយកមនុស្សវ័យចំណាស់អាយុជាង ៨០ ឆ្នាំនេះ ចូលទៅក្នុងបន្ទប់តុលាការ ជាសាធារណៈ«នឹងមិនមានប្រយោជន៍អ្វីទេ ជាពិសេស បើនិយាយផ្តោតពីស្ថានភាពលំបាក របស់ លោក អៀង សារីនោះ»៕ PS
ភ្នំពេញ ប៉ុស្តិ៍







