ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ស្តីពីតម្លាភាព បានចាប់ផ្តើមបើកការប្រកួតមួយ កាលពីម្សិលមិញ ដោយអំពាវនាវឲ្យមានការពិពណ៌នារៀបរាប់អំពីអំពើពុករលួយពី និស្សិតសាកលវិទ្យាល័យទាំងឡាយទូទាំងប្រទេស។
រង្វាន់ដែល នឹងផ្តល់ជូនសម្រាប់អ្នកឈ្នះការប្រកួត នឹងមានប្រាក់ ៥០០ ដុល្លារ ៦៥០ ដុល្លារ និង ៩៥០ ដុល្លារ ចំពោះគំនូរ និងកំណាព្យ ដែលល្អបំផុតចំនួន ៣៩ អំពីបញ្ហាពុករលួយនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាម លោក កែវ ធីវុធ នាយករងនៃអគ្គនាយកដ្ឋានប្រតិបត្តិនៃអង្គភាពប្រឆាំងអំពើពុករលួយ។
និស្សិតមួយចំនួនដែលបានដាក់ពាក្យចូលរួម កាលពីម្សិលមិញ បានរៀបរាប់ថា បញ្ហាសិទ្ធិដីធ្លី គឺបណ្តាលមកពីការខ្វះឯករាជភាព នៃប្រព័ន្ធតុលាការ។
កញ្ញា ច្រេង ដុល្លារ អាយុ ២០ ឆ្នាំ មកពីសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ថ្លែងថា គំនូររបស់នាងបានលើកឡើងអំពីបញ្ហាកាប់ឈើខុសច្បាប់«ដែលកំពុង បំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ»។
បេក្ខជនចូលរួមម្នាក់ទៀត ឈ្មោះ មោល ភិរម្យ អាយុ ២០ ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានថ្លែងថា គាត់មានបំណងផ្ញើសារអំពីផលប៉ះពាល់មកលើធនធានមនុស្សពី អំពើពុករលួយ។ លោកបន្តទៀតថា៖ «ខ្ញុំគិតថា អំពើពុករលួយ ក្នុងប្រព័ន្ធអប់រំ គឺកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គុណភាពអប់រំ និងធនធានមនុស្សក្នុងស្រុក ហើយយើងនឹងមិនអាចប្រកួតប្រជែងជាមួយប្រទេសដទៃៗនៅក្នុងតំបន់បានទេ»។
ចំពោះកញ្ញា អែល ផល្គុន ដែលមានអាយុ ២២ ឆ្នាំ បានលើកឡើងយ៉ាងច្រើន អំពីបញ្ហានៃប្រព័ន្ធយុត្តិធម៌ ដែលកំពុងទទួលរងការរិះគន់។ កញ្ញា ផល្គុន បានថ្លែងបន្តថា៖ «ខ្ញុំគិតថា មនុស្សទូទៅនឹងនៅតែជាជនរងគ្រោះ ប្រសិនបើតុលាការខ្វះឯករាជភាព ហើយអ្នកមាននិងអ្នកមានអំណាច នៅតែទទួលបាននិទ្ទណ្ឌភាព»។
លោកព្រាប កុល នាយកប្រតិបត្តិ នៃអង្គការតម្លាភាពអន្តរជាតិ ដែលចូលរួមឧបត្ថម្ភដល់ការប្រកួតនេះ បានថ្លែងថា និសិ្សតគោលដៅគឺជាគន្លឹះសំខាន់ចំពោះការបង្ក្រាបអំពើ ពុករលួយ ដែលមានលក្ខណៈរីករាលដាលនៅកម្ពុជា។ លោក ព្រាប កុល បានបន្តថា៖ «ក្មេងជំនាន់ក្រោយ ត្រូវតែចូលរួមទប់ស្កាត់ មិនឲ្យមានអំពើពុករលួយ ពីព្រោះពួកគេជាកម្លាំងនយោបាយមួយ [ដែលអាចមានសមត្ថភាព] ដាក់សម្ពាធឲ្យមានកំណែទម្រង់ ដើម្បីប្រឆាំងទៅនឹងអំពើពុករលួយ នៅក្នុងរដ្ឋាភិបាល»។
គំនូរ និងកំណាព្យដែលឈ្នះការប្រកួត នឹងត្រូវដាក់បង្ហាញនៅខែក្រោយ ក្នុងអំឡុងពិធីប្រារព្ធខួបនៃទិវាប្រឆាំងអំពើពុករលួយជាតិ និងអន្តរជាតិថ្ងៃ ៩ ធ្នូ។
ប្រទេសកម្ពុជាជាដដែលៗ ត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីចំណោមប្រទេសពុករលួយបំផុត នៅលើពិភពលោក។
នៅក្នុងសន្ទទស្សន៍ថ្មីៗបំផុត របស់អង្គការតម្លាភាពអន្តរជាតិ ដែលចេញកាលពីចុងឆ្នាំមុន ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់ ១៦៤ ក្នុងចំណោមប្រទេស ១៨២ និងស្ថិតក្នុងលំដាប់ថ្នាក់ទាបបំផុត នៅក្នុងតំបន់បន្ទាប់ពីមីយ៉ាន់ម៉ា៕ PS
ភ្នំពេញ ប៉ុស្តិ៍







