Headlines:

កម្មករ​សំណង់​នៅ​តែ​មិន​ទាន់​មាន​ការ​ការពារ



121115_08
កម្មករ​សែង​កម្មករ​សំណង់​ រង​របួស​ដោយ​របង​បាក់​សង្កត់​លើ​ ក្នុង​សង្កាត់​បឹង​កេង​កង១ ខណ្ឌ​ចំការ​មន កាល​ពី​ខែ​កញ្ញា​​​។ រូបថត ហេង ជីវ័ន

ភ្នំពេញៈ កម្មករ​សំណង់​ម្នាក់ ឈ្មោះ​ សំណាង (ដែល​មិន​មែន​ជា​ឈ្មោះ​ពិត) បាន​ចំណាយ​ពេល​យ៉ាង​យូរ ព្យាបាល​នៅ​លើ​គ្រែ​ក្នុង​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ពំនូក​ស៊ីម៉ងត៍ បាន​ធ្លាក់​លើ​គាត់ ខណៈ​កំពុង​ធ្វើ​ការ​ដោយ​មិន​មាន​មួក​ពាក់​ការ​ពារ​ក្បាល។

ក្នុងអំឡុង​ការ​ព្យាបាល​របស់គាត់ បុរស​អាយុ ២៨ ឆ្នាំ ដែល​ទទួល​រង​របួស​ត្រង់​ក្បាល និង​បាក់​ដៃ មិន​បាន​ទទួល​ការ​ឧបត្ថម្ភ​ថវិកា ពី​និយោជក​របស់​ខ្លួន​ទេ ហើយ​នៅ​ទី​បំផុត គាត់​ត្រូវ​បាន​ប្រាប់​ឲ្យ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ ប្រសិន​បើ​មិន​ដូច្នោះ​ទេ គាត់​អាច​នឹង​បាត់​បង់​ការ​ងារ​។ ដោយ​ត្រូវ​ការ​ប្រាក់ ប៉ុន្តែ​កំពុង​នៅ​ឈឺ​នៅ​ឡើយ គាត់​គ្មាន​ជម្រើស​នោះ​ទេ គឺ​មាន​​តែ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ។ លោក​បាន​ថ្លែង​ថា​៖ «យើង​មិន​មាន​នីតិវិធី​ការពារ​សុវត្ថិភាព ហើយ​យើង​មិន​ទទួល​បាន​ការ​ប្រើ​ឧបករណ៍​ការពារ​សុវត្ថិ​ភាព​នោះ​ទេ»។ លោក​បន្ត​ទៀត​ថា៖​«កម្មករ​សំណង់​ប្រឈម​មុខ​នឹង​ហានិភ័យ​ជា​ច្រើន នៅ​កន្លែង​ការងារ ដូច្នេះ​យើង​ត្រូវ​ការ​ឲ្យ​រដ្ឋាភិបាល បង្កើត​ច្បាប់​មួយ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​យើង»។

ការគ្រោង​លើក​ឡើង​បញ្ហា​នៃ​ការ​រងរបួស និង​ស្លាប់ នៅ​ក្នុង​ការ​ដ្ឋាន​សំណង់ ដោយ​ក្រសួង​ការងារ ដែល​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ នៅ​មុន​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទីបី និង​ជា​លើក​ចុង​ក្រោយ ប្រហែល​នឹង​អាច​ជួយ​ដោះ​ស្រាយ​ក្តី​បារម្ភ​របស់​លោក សំណាង បាន​ខ្លះ។

លោក ឡេង តុង ប្រធាននាយកដ្ឋាន​ពេទ្យ​ការងារ បាន​ថ្លែង​ថា ក្រុម​មន្រ្តី​បាន​ស្នើ​ឲ្យ​មាន​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការងារ​ដើម្បី រួម​បញ្ចូល​ប្រកាស​ចំនួន​បួន ដែល​ការពារ​កម្មករ ក្នុង​ឧស្សាហកម្ម​សំណង់។ លោក​ថ្លែង​បន្ត​ថា៖ «យើង​មាន​ក្តី​បារម្ភ ពី​ព្រោះ​ថា គ្រោះ​ថ្នាក់ នៅ​កន្លែង​ការងារ​​ក្នុង​ឧស្សាហកម្ម​នេះ កំពុង​មាន​ការ​កើន​ឡើង»។ លោក​បន្ត​ថា​៖«យើង​ឃើញ​អំពី​ស្ថាន​ភាព​មិន​មាន​សុវត្ថិភាព​របស់​វា។ យើង​កំពុង​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ឧបករណ៍​ការពារ​សុវត្ថិភាព​សម្រាប់ កម្មករ​ទាំង​អស់»។

លោកឡេង តុង បាន​បន្ត​ថា តួលេខ​ថ្មីៗ​បំផុត របស់​ក្រសួង បាន​បង្ហាញ​ថា កម្មករ​ចំនួន ២១ នាក់ បាន​ស្លាប់ នៅ​ការ​ដ្ឋាន​សំណង់ គិត​ចាប់​ពី​ថ្ងៃទី ១ ខែ​មករា ដល់​ថ្ងៃ​ទី ៣០ ខែ​មិថុនា ខណៈ​កម្មករ​ចំនួន ៥៩៤៨ ទទួល​រង​របួស។ តួលេខ​ទាំង​ពីរ​នេះ មាន​ការ​កើន​ឡើង​តិច​តួច បើ​ធៀប​នឹង​រយៈ​ពេលដូច​គ្នា​ នឹង​ឆ្នាំ​មុន។ លោក តុង បាន​ថ្លែង​ទៀត​ថា៖ «វា​ពិបាក​បន្ទោស​កម្មករ​ចំពោះ​គ្រោះ​ថ្នាក់​ទាំង​នេះ»។ លោក​បន្ត​ថា៖​«និយោជក ត្រូវ​តែ​តម្រូវ​ឲ្យ​ធ្វើ​ការ​ពិនិត្យ​លក្ខខណ្ឌ​ការងារ​របស់​ពួកគេ ហើយ​ធានា​ថា ការ​ដ្ឋាន​សំណង់​មាន​សុវត្ថិភាព»។

លោកបន្ត​ទៀត​ថា ប្រកាស​មួយ​របស់​ក្រសួង នឹង​លើក​ឡើង​នូវ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ឧបករណ៍​ការពារ សុវត្ថិភាព ​រួម​មាន​ដូច​ជា មួក​ការពារ ខ្សែ​ក្រវាត់ ការ​លើក​ដាក់​សម្ភារ​ធ្ងន់ៗ សុវត្ថិភាព​ទូទៅ បញ្ហា​អនាម័យ និង​លទ្ធភាព​ស្តីពី​ការ​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ អំពី​ការ​ដ្ឋាន​របស់​ខ្លួន ​ដល់​កម្មករ។

លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ​នៅ​ក្រសួង​ការងារ បាន​ថ្លែង​ថា កំណែ​ទម្រង់​បែប​នេះ គឺ​តម្រូវ​ឲ្យ​មាន ដើម្បី​នាំ​ឲ្យ​ស្តង់ដារ​សុវត្ថិភាព​ការងារ​របស់​កម្ពុជា​ស្រប​ទៅ នឹង​ស្តង់ដារ​សុវត្ថិភាព​ការងារ​របស់​ប្រទេស​ជិត​ខាង។ ប៉ុន្តែទោះ​បី​យ៉ាង​ណា​ក្តី លោក​មិន​បាន​និយាយ​នោះ​ទេ​ថា ប្រកាស​នោះ នឹង​ដាក់​ចេញ​នៅ​ពេល​ណា?

លោកបានបន្តថា៖ «ប្រព័ន្ធ​សុវត្ថិ​ភាព​របស់​យើង​ខ្សោយ​ណាស់ ប្រសិន​បើ​ប្រៀប​ធៀប​​ជា​មួយ​នឹង​ប្រទេស​ដទៃ​ទៀត នៅ​ក្នុង​អាស៊ាន»។ លោក​បន្ត​ទៀត​ថា៖ «បញ្ហា​សុវត្ថិភាព គឺ​កំពុង​មានការ​ខ្វះ​ខាត នៅ​ការ​ដ្ឋាន​សំណង់​ធំៗ និង​ព្រម​ទាំង​នៅ​ការ​ដ្ឋាន​សាងសង់​ផ្ទះ​តូចៗ​ផង​ដែរ»។

លោក Dave Welsh នាយក​ប្រចាំ​ប្រទេស​នៃ​មជ្ឈមណ្ឌល​អាមេរិក​ដើម្បី​សាមគ្គីភាព​ការងារ​ អន្តរជាតិ (ACILS)​ ​បាន​ថ្លែង​ថា ករណី​ស្លាប់​ច្រើន​ជាង​មុន​ហាក់​បី​ដូច​ជា​មិន​អាច​ចៀស​រួច ប្រសិន​បើ​រដ្ឋាភិបាល​ មិន​ធ្វើ​តាម​ផែន​ការ​របស់​ខ្លួន​។

លោក​បាន បន្ត​ថា៖ «យើង​ជំរុញ​ពួក​គេ​លើ​បញ្ហា​នេះ​ អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ»។ «កំណែ​ទម្រង់​ គឺ​ជា​វិធី​មួយ​ដែល​ត្រូវ​តែ​ធ្វើ​។ វា​ពិត​ជា​ចំា​បាច់​ណាស់​»។

លោក​ បន្ត​ទៀត​ថា​ បើ​ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​ការងារ​សំណង់​ក្រៅ​ផ្លូវ​ការ ឬ​យូរៗ​ម្តង ក្តី កម្មករ​មាន​សិទ្ធិ​ទទួល​បាន​លក្ខខណ្ឌ​សុវត្ថិ​ភាពពី​ថៅ​កែ​របស់​ខ្លួន។ លោក Dave Welsh បន្ត​ថា៖ «ដោយ​មិន​គិត​ពី​​ទម្រង់​ការ​ងារ​របស់ពួក​គេ កម្មករ​មិន​មែន​ជា​ម្ចាស់​ម៉ៅ​ការ​សំណង់​នោះ​ទេ»។

ដោយមាន​ជំនួយ​ពី អ្នក​ជំនាញ​ការ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ក្រសួង​ការងារ​កម្ពុជា បាន​បណ្តុះ​បណ្តាល មន្រ្តី​ផ្នែក​សុវត្ថិភាព និង​សុខ​ភាព​ ហើយ​នឹង​ធ្វើការ​អប់រំ​ដល់​និយោជក និង​កម្មករ​របស់​ពួកគេ ដើម្បី​កាត់​បន្ថយ​ការ​ទទួល​រង​របួស​ និង​ករណី​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ការ​ងារ។ នេះ​បើ​យោង​តាម​​មន្រ្តី​ដែល​បាន​ថ្លែង៕ PS

This content has been locked. You can no longer post any comments.
Show/hide comments
busy