សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

លោក ហ៊ុន សែន​បញ្ជាក់​ជា​ថ្មី​ក្នុង​ការ​ការពារ​រាជ​បល្ល័ង្ក



121115_03a
ព្រះ​មហា​ក្សត្រ​និង​សម្តេច​ម៉ែ ក្នុង​ព្រះ​រាជ​ពិធី​កាន់​ទុក្ខ​​សម្តេច​ឪ។ រូប​ លីណា

កំពង់ស្ពឺៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន បាន​បញ្ជាក់​សា​ជា​ថ្មី នៅ​ចំពោះ​មុខ​ពលរដ្ឋ ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ថា លោក​នឹង​ការពារ​ព្រះ​រាជ​បល្ល័ង្ក ការពារ​ព្រះ​មហាក្សត្រ និង​ការពារ​ព្រះ​រាជវង្សានុវង្ស បើ​ទោះ​បី​ជា​រូប​លោក បាន​ថ្លែង​ម្តង​រួច​មក​ហើយ​ នៅ​មុខ​ព្រះ​បរមសព​ព្រះ​បាទ​ព្រះ​មហាវីរក្សត្រ​នៅ​ឯ​ប្រទេស​ចិន។

ការ​ប្រកាស ជំហរ​សាជា​ថ្មី របស់​លោក ហ៊ុន សែន​ បាន​ធ្វើ​ឡើង​ នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណកម្ម​សិទ្ធិ​ដី​ធ្លី​លើក​ទី ១០ នៅ​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កាលពី​ម្សិលមិញ​។ លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ ផ្តល់​គោរមងារ​ជា​តេជោ​ ហើយ​ដោយ​សារ​តែ​ឈ្មោះ​ជា តេជោ​ លោក​បាន​ទូល​ព្រះ​មហាក្សត្រ និង​សម្តេច​ម៉ែ នៅ​ក្បែរ​ព្រះបរមសព ព្រះ​មហាវីរក្សត្រ​ រួច​ហើយ​ថា​ លោក​នឹង​ការពារ​រាជ​បល័្លង្ក។ លោក​ថ្លែង​ថា​៖«ភារកិច្ច​របស់​តេជោ គឺ​ការពារ​ព្រះ​រាជាណាចក្រ ការ​ពារ​រាជបល័្លង្ក ការពារ​ព្រះ​មហាក្សត្រ​។ តេជោ​មិន​ដែល​ក្បត់​ស្តេច​ទេ​»។​ លោក​បន្ត​ថា លោក​មាន​ការ​សោកសៅ​ណាស់ ដោយ​សារ​ពី ២១ ឆ្នាំ​មុន(ឆ្នាំ​១៩៩១ ) លោក​និង​ភរិយា បាន​ទៅ​ដង្ហែ​សម្តេច​ឪ និង​សម្តេចម៉ែ មក​ទាំង​គូ ពី​ប៉េកាំង​មក។ ២១ ឆ្នាំ​ក្រោយ លោក​បាន​ទៅ​ដង្ហែ​ជា​ថ្មី​ទៀត ប៉ុន្តែ​ទិដ្ឋភាព​ផ្សេង​គ្នា លោក​ទៅ​ដង្ហែ​មក​ដែរ តែ​ដង្ហែ​បាន​តែ​ហ្លួង​ម៉ែ ឯ​សម្តេចឪ​គឺ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ផ្សេង​។

លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​លើក​ឡើង​ថា​ នៅ​ថ្ងៃ​ទី ៨ វិច្ឆិកា នៅ ក្នុង​ព្រះ​រាជ​សារ ទាំង​សម្តេច​ម៉ែ ទាំង​ព្រះមហាក្សត្រ​ បាន​រំលេច នៅ​ក្នុង​កថា​ខណ្ឌ​មួយ​ដាក់​ថា «យើង​ខ្ញុំ​ចងចាំ​ជា​ដរាប​នូវ​គុណូប​ការ​គុណ​ដ៏​ធំធេង នៃ​សម្តេច​អគ្គ​មហា​សេនាធិបតី​តេជោ និង​លោក​ជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ដែល​បាន​អញ្ជើញ​ទៅ​កាន់​រដ្ឋធានី​ប៉េកាំង យាង​ព្រះ​ករុណា ​ព្រះ​រាជបិតា​ជាតិ​ខ្មែរ​ មាតុភូមិ​និវត្តន៍​មក​កាន់​មាតុ​ប្រទេស នៅ​ថ្ងៃ​ទី ​១៤ ខែ​ វិច្ឆិកា ១៩៩១ ហើយ​បាន​ថ្វាយ​ព្រះ​អង្គ នូវ​ព្រះឋានៈ​ ព្រះ​ប្រមុខ​រដ្ឋ​នៃ​កម្ពុជា ទង់​ជាតិ​ភ្លេង​ជាតិ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ បាន​បដិសន្ធិ​ឡើង​វិញ​ នៅ​លើ​ទឹក​ដី​អង្គរ​។ ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​បាន​ថ្វាយ​យុត្តិធម៌ ដល់​ព្រះ​ករុណា​ ព្រះ​បិតា​ជាតិ​ខ្មែរ​ ក្នុង​ការ​បម្រើ​ជាតិ មាតុ​ភូមិ​ ប្រជារាស្ត្រ​កម្ពុជា ​និង​ជូន​សង្គម​រាស្ត្រនិយម»។​  លោក​ហ៊ុន សែន​បាន​ថ្លែង​ទៀត​ថា​៖ «ខ្ញុំ​សូម​អរ​ព្រះគុណ​ដល់​ហ្លួងម៉ែ និង​ព្រះ​មហាក្សត្រ​ នៅ​ក្នុង​ព្រះ​រាជ​សារ​នេះ​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​និង​ផ្តល់​យុត្តិធម៌​ដល់​ខ្ញុំ»។

សូម​រំឭក​ផង ដែរ​ថា ក្រោយ​ការ​ចូល​ទិវង្គត របស់​សម្តេច​ឪ​ លោក​នាយក​រដ្ឋមន្ត្រី បាន​សច្ចា​ប្រណិធាន ចំពោះ​ព្រះ​បរម​សព​របស់​ព្រះ​អង្គ​ នៅ​ទីក្រុង​ប៉េកាំង អំពី​ការ​ប្តេជ្ញា​រក្សា​ការពារ​របប​រាជានិយម និង​ព្រះរាជបល្ល័ង្ក។​

កាល​ពី​ម្សិល​មិញ​ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​ នរោត្តម សីហមុនី បាន​ផ្ញើ​ព្រះរាជសារ ជូន​សម័យ​ប្រជុំ​រដ្ឋ​សភា លើក ទី ៩ នីតិកាល​ទី ៤ ដោយ​បាន​កោត​សរសើរ លោក​នាយក​រដ្ឋ​មន្ត្រី​ ម្តង​ទៀត​ថា ​បាន​ដឹក​នាំ​ប្រទេស​ សម្រេច​បាន​ជោគជ័យ។ នៅ​ក្នុង​ព្រះរាជសារ​នោះ បាន​បញ្ជាក់​​ថា៖ «ខ្ញុំ​សូម​កោត​សរសើរ​ និង​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ ​ចំពោះ​សម្តេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី ដែល​បាន​ដឹក​នាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ប្រកប​ដោយ​ជោគជ័យ​លើ​វិស័យ​សេដ្ឋកិច្ច​សង្គម​និង​បាន ខិតខំ​ប្រឹងប្រែង​ដោះស្រាយ បញ្ហា​ប្រឈម​ទាំង​ពួង​របស់​ប្រទេស ប្រកប​ដោយ​បញ្ញាញាណ សម្រេច​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​និង​ជា​ពិសេស​ បាន​និង​កំពុង​ដឹក​នាំ​ប្រកប​ដោយ​ជោគជ័យ​នូវ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​ក្នុង​នាម​ជា​ប្រធាន​ នៃ​កិច្ច​ប្រជុំ​ប្តូរ​វេន​អាស៊ាន​ក្នុង​ឆ្នាំ ២០១២»។

ព្រះមហាក្សត្រ ក៏បាន​សរសើរ​រដ្ឋ​សភា​ជាតិ​ផង​ដែរ​ថា ជា​ស្ថាប័ន​នីតិប្បញ្ញតិ្ត ដែល​បាន​បំពេញ​តួនាទី​របស់​ខ្លួន ប្រកប​ដោយ​ប្រសិទ្ធភាព ជាពិសេស​ បាន​អនុវត្ត​តួនាទី​ស្នូល​របស់​ខ្លួន ក្នុង​មុខងារ​នីតិកម្ម ធ្វើ​ជា​អ្នក​តំណាង និង​តាម​ដាន​ការ​អនុវត្ត​ច្បាប់ សម្រេច​បាន​ការងារ​​ល្អ​ប្រសើរ។ កាល​ពីពេល​ថ្មីៗ​នេះ ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ មុនីនាថ បាន​ផ្ញើ​ព្រះរាជសារ​មួយ​ច្បាប់ ជូន​លោក​នាយក​រដ្ឋមន្ត្រី ដោយ​បាន​កោត​សរសើរ ដែល​រៀបចំ​បាន​យ៉ាង​ល្អ នូវ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរមសព​សម្តេច​ឪ។

សូម​រំឭក​ផង​ដែរ​ថា នៅ​ក្នុង​ឱកាស​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ជូន​ប្រជា​ពលរដ្ឋ នៅ​ខេត្ត​កំពង់ស្ពឺ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ក៏​បាន​ប្រកាស​ឲ្យ​មន្ត្រី​រាជ​ការ​ សិស្សានុសិស្ស​ ឈប់​សម្រាក​ចំនួន​ពីរ​ថ្ងៃ​ផង​ដែរ គឺ​ចាប់​ពីថ្ងៃ​ទី ១៩ ដល់​ថ្ងៃទី​ ២០ ខែវិច្ឆិកា​ ដើម្បី​កាត់​បន្ថយ​ការ​ស្ទះ​ចរាចរណ៍ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ខណៈ​ដែល​កម្ពុជា កំពុង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី ២១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត ដែល​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​ ២០ ខែ​វិច្ឆិកា​នេះ​នៅ​​ភ្នំពេញ៕

This content has been locked. You can no longer post any comments.
Show/hide comments
busy