សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

ជំនួស​ការ​ទៅ​សាលារៀន​កុមារ​ខ្លះ​ចេញ​រក​ប្រាក់​ជួយ​ផ្គត់ផ្គង់​គ្រួសារ



121115_07
ក្មេង​ប្រុស​​ម្នាក់ ទូល​កន្តួត​លក់នៅ​ក្បែរ​រមណីយ​ដ្ឋាន​វត្តភ្នំ​កាល​ពី​ខែ​ឧសភា​។​ក្មេង​ៗ​កូន​អ្នក​ក្រី​ក្រ​ជា​ច្រើនចេញរកប្រាក់ជួយគ្រួសារ​។ រូបថត ហុង​ មិនា​

ភ្នំពេញៈ «ពូៗ ជួយ​ទិញ​ពង​ក្រួច​ខ្ញុំ​មួយ​ថង់​ទៅ ខ្ញុំ​យក​លុយ​ទៅ​រៀន​ព្រឹក​ស្អែក!» នេះ​ជា​សម្តី​ចេញ​ពី​មាត់​កុមារីវ័យ ៦ ឆ្នាំ​ម្នាក់ ដែល​និយាយ​ទៅ​កាន់​យុវជន​មួយ​ក្រុម កំពុង​អង្គុយ​ផឹក​ស៊ី លើ​កៅអី​ជុំវិញ​តុ​រាង​បួន​ជ្រុង​មួយ ដែល​ពេញ​ដោយ​គ្រឿង ក្លែម​ជាមួយ​នឹង​ដប​ស្រាបៀរ កាល​ពី​រាត្រី​ថ្ងៃ​មួយ នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង នៅ​ជិត​ផ្សារ​កណ្តាល។

កុមារី ស ចំប៉ី វ័យ ៦ ឆ្នាំ ដែល​គ្រប់​ម្រាម​នៃ​ដៃ​ម្ខាង​របស់​នាង ជ្រែក​យួរ​ពង​ក្រួច និង​ម្ខាង​ទៀត ជ្រែក​យួរ​បាយ​ក្តាំង​បំពង បាន​ពោល​ពាក្យ​អង្វរ​ដដែលៗ​ទៅ​កាន់​ក្រុម​យុវជន​ទាំង​នោះ​។ ភ្លាម​នោះ​នាង​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​យុវជន​ម្នាក់ ក្នុង​ចំណោម​នោះ​ថា​«ពូ​អត់​ទិញ​ទេ​ក្មួយ ពូ​មាន​គ្រឿង​ក្លែម​ច្រើន​ហើយ!»។ ក្រោយ​ពី​ទទួល​បាន​ការ​ឆ្លើយ​តប នាង​តូច​រូប​នេះ​ ក៏​បាន​ដើរ​ទៅ​កាន់​តុ​ផ្សេង​ទៀត​ ដោយ​ទន្ទេញ​នូវ​ឃ្លា​ដដែលៗ​យ៉ាង​រត់​មាត់ ចេញ​ពី​តុ​មួយ ទៅ​តុ​ភ្ញៀវ​មួយ​ទៀត​និង​ពី​ហាង​មួយ​ទៅ​ហាង​ផ្សេង​ទៀត ដែល​នៅ​ក្បែរ​នោះ។

មិន មែន​មាន​តែ​ក្មេង​ស្រី​តូច​ម្នាក់​នេះ​ទេ ដែល​ដើរ​លក់​នៅ​ពេល​យប់ នៅ​មាន​ក្មេងៗ​ប្រុស​ស្រី​ជា​ច្រើន​ទៀតមាន​អាយុ ចន្លោះ​ពី ៦ ទៅ ១៤ ឆ្នាំ ដ៏​ដើរ​លក់​នៅ​ពេល​យប់​ដែរ។ ក្រៅ​ពី​លក់​ពង​ក្រួច និង​បាយ​ក្តាំង​បំពង មាន​អ្នក​ខ្លះ​លក់​សណ្តែក​ដី​ស្ងោរ ពង​មាន់​ស្រែ ម្ជូរ​ស្វាយ ម្ជូរ​ម្កាក់ ផ្កា​ម្លិះ ឬ​ផ្កា​ចម្ប៉ា ស៊ីឌី​ចម្រៀង ខាត់​សារ៉ា​ស្បែក​ជើង... និង​រហូត​ដល់​ទៅ​មាន​ក្មេង​ខ្លះ ចេះ​គក់​ច្របាច់ និង​ធ្វើ​ម៉ាស្សា​ឲ្យ​ភ្ញៀវ​មួយ​ចំនួន ដែល​ស្រវឹង​ស្រា​ទៀត​ផង។

ចំប៉ី និយាយ​ថា​ នាង​លក់​ពង​ក្រួច និង​បាយ​ក្តាំង​បំពង ចាប់​ពី​ម៉ោង ៦ លា្ងច​ដល់​ម៉ោង ១០ យប់ ឬ​ពេល​ខ្លះ​រហូត​ដល់​ម៉ោង ១១ យប់ ហើយ​ម្តាយ​របស់​នាង​ជា​អ្នក​នាំ​នាង​មក​លក់ ដោយ​ជិះ​ម៉ូតូ និង​មក​ទទួល​នាង​ទៅ​ផ្ទះ​វិញ​។​ នាង​លក់ បាន​លុយ​ជា​មធ្យម ​២ ម៉ឺន​ រៀល ក្នុង ១ យប់។ នាង​បញ្ជាក់​ថា៖​«លុយ​ខ្ញុំ​លក់​បាន ខ្ញុំ​យក​ទៅ​ឲ្យ​ម៉ែ និង​មួយ​ចំនួន ខ្ញុំ​សន្សំ​ទុក​យក​ទៅ​រៀន»។ ចំប៉ី រៀន​ថ្នាក់​ទី២ នៅ​សាលា​បឋម​សិក្សា​ច្បារ​អំពៅ​២​ខណ្ឌមានជ័យ។

អ្នក​ស្រី តឹម យ៉ិន ម្តាយ​របស់ ចំប៉ី មិន​ចង់​ឲ្យ​កូន​ស្រី​ចំប៉ី ដើរ​លក់​ចំណី​ទាំង​អស់​នេះ នៅ​ពេល​យប់ នោះ​ទេ។ អ្នក​ស្រី និយាយ​ថា ការ​ធ្វើ​បែប​នេះ វា​មាន​ផលប៉ះពាល់​ដល់​សុខភាព និង​ការ​សិក្សា​របស់​ចំប៉ី ប៉ុន្តែ​អ្នក​ស្រី​គ្មាន​ជម្រើស​ទេ។ អ្នក​ស្រី​បញ្ជាក់​ថា៖ «តើ​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច? រក​មុខ​របរ​អី្វ? បើ​មិន​មាន​ដើម​ទុន រក​ព្រឹក​ខ្វះ​ល្ងាច​អ៊ីចឹង​នោះ​! ខ្ញុំ​គិត​ថា​ វា​ប្រសើរ​ជាង​ដើរ​សុំ​ទាន​គេ​។ ដូច្នេះ​មាន​តែ​ឲ្យ​កូន​ជួយ​លក់​ចំណី​ទាំង​អស់​ហ្នឹង ដើម្បី​ដោះស្រាយ​ជីវភាព​និង​ឲ្យ​កូន​បាន​រៀន​សូត្រ​ផង​ដែរ»។

ចំណែក​ក្មេង​ស្រី​អាយុ ១២ ឆ្នាំ​ម្នាក់​ទៀត​ឈ្មោះ ចាន់ វណ្ណា ដែល​ដើរ​លក់​ពេល​យប់​ដូច​ចំប៉ី ដែរ​មិន​បាន​ទៅ​សាលារៀន ដូច​ក្មេង​មួយ​ចំនួន​ទៀត​ទេ ចាប់​តាំង​ពី​គ្រួសារ​របស់​នាង ត្រូវ​បាន​បណ្តេញ​ចេញ​ ពី​សហគមន៍​ដី​ក្រហម ក្នុង​សង្កាត់​ទន្លេ​បាសាក់ កាល​ពី ឆ្នាំ ២០០៤ នៅ​ពេល​ដែល​នាង​មាន​អាយុ ៦ ឆ្នាំ រៀន​ថ្នាក់​ទី ២ នៅ​សាលា​បឋម​សិក្សា​សុធារស។ ដៃ​ទាំង​ពីរ​កំពុង​កាន់​ថាស​ដាក់​កញ្ចប់​ស្វាយ​ខ្ចី ម្កាក់​ខ្ចី និង​ពង​ក្រួច វណ្ណា បាន​និយាយ​ថា គ្រួសារ​របស់​នាង ត្រូវ​បាន​ក្រុម ហ៊ុន7NG ដេញ​ចេញ​ពី​លំនៅដ្ឋាន ឲ្យ​មក​រស់នៅ​ភូមិ​អណ្តូង​ ក្នុង​សង្កាត់ គោករកា ខណ្ឌ​ពោធិ៍សែនជ័យ។ នាង​បន្ត​ថា​៖«ខ្ញុំ​បាន ឈប់​រៀន​នៅ​ថ្នាក់​ទី ២​ក្រោយ​ពី​មក​រស់​នៅ​ភូមិ​អណ្តូង​។ ខ្ញុំ​មិន​ចង់​ឈប់​រៀន​ទេ ប៉ុន្តែ​ដោយ​សារ​តែ​ក្រីក្រ គ្មាន​លុយ​ឲ្យ​ខ្ញុំ​ទៅ​រៀន​»។ បច្ចុប្បន្ន គ្រួសារ វណ្ណា បាន​ចាកចេញ​ពី​ភូមិ​អណ្តូង មក​ជួល​ផ្ទះ​គេ​នៅ នៅ​ម្តុំ​ផ្លូវ​រទេះភ្លើង ខាង​ក្រោយ​សាលា​តិចណូ​ក្នុង​ខណ្ឌ​ទួល​គោក។ នាង​និយាយ​ថា៖«ខ្ញុំ​ដើរ​លក់​តាំង​ពី​ព្រឹក​រហូត​ដល់​យប់​ជ្រៅ គឺ​អាច​រក​លុយ​បាន​ពី ២ ទៅ ៣​ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ដើម្បី​ជួយ​ម្តាយ​ខ្ញុំ​​ដែល​លក់​លៀស​ហាល​និង​ឪ​ខ្ញុំ​រត់​ម៉ូតូ​ឌុប»។

លោក ឆេង ពូហ៊ុយ បុគ្គលិក​រត់​តុ នៅ​ភោជនីយដ្ឋាន​ស្តាយ ៩ ជា​ហាង​ដែល​ក្មេង​ៗ តែង​តែ​ចេញ​ចូល​លក់​របស់​របរ​ផ្សេងៗ​ឲ្យ​ភ្ញៀវ​នោះ បាន​និយាយ​ថា៖«កាយវិការ និង​ពាក្យ​សម្តី​របស់​ក្មេងៗ គួរ​ឲ្យ​អាណិត​ណាស់​។ ខ្ញុំ​កោត​សសើរ​ពួក​គេ​ ដែល​ក្លាហាន ប៉ុន្តែ​ខ្ញុំ​គិតថា វា​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ណាស់ ដល់​សុខភាព​របស់​ពួក​គេ ពីព្រោះ​វា​ជា​វ័យ ដែល​កំពុង​លូតលាស់»។

លោក ស្រី ឃឹម ចំរើន រដ្ឋលេខាធិការ ក្រសួង​កិច្ចការ​នារី បាន​កោត​សរសើរ​ចំពោះ​ក្មេងៗ​ទាំង​នេះ​ដែល​ចេះ​ជួយ​រំលែក​ការ​លំបាក ដល់​ឪពុក​ម្តាយ របស់​ពួក​គេ ដែល​មាន​ជីវភាព​ក្រីក្រ។ លោក​ស្រី​និយាយ​ថា លោក​ស្រី​នៅ​មិន​ទាន់​ដឹង​ពី​ចំនួន​ក្មេង​ស្រី ប្រុស ប៉ុន្មាន​នាក់ ដែល​បាន​បោះបង់​ចោល​ការ​សិក្សា​ដោយ​សារ​តែ​ភាព​ក្រីក្រ​នោះ​ទេ។

លោក​ស្រី បញ្ជាក់​ថា​៖«ដោយ​សារ​ស្ថានភាព​គ្រួសារ​ក្រីក្រ​ធ្វើ​ឲ្យ​ក្មេង​ស្រី ប្រុស​តូចៗ​ទាំង​នោះ បង្ខំ​ចិត្ត​ឈប់​រៀន បែរ​ជា​មក​ជួយ​រក​ស៊ី​ជួយ​ឪពុក​ម្តាយ​របស់​ពួក​គេ​វិញ​។ យើង​មិន​ត្រូវ​រើសអើង​ពួក​គេ ហើយ​ត្រូវ​ការពារ និង​លើក​ទឹក​ចិត្ត​ពួក​គេ ទើប​ជា​ការ​ល្អ»។

លោក មុំ ចន្ទតារា​សូឡី ប្រធាន​ផ្នែក​ទំនាក់​ទំនង​ របស់​អង្គការ​ផ្លែន (Plan) អន្តរជាតិ​នៅ​កម្ពុជា ដែល​ធ្វើ​ការ​លើក​កម្ពស់ សិទ្ធិ​កុមារ បាន​ថ្លែង​ថា​ បើ​ទោះបី​ជា​ការ​លក់​ដូរ​របស់​ក្មេង​ទាំងអស់​នោះ ដោយ​ស្ម័គ្រចិត្ត​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព ឪពុក ម្តាយ​របស់​ពួក​គេ​ឬ​ក៏​ក្នុង​រូបភាព​ណា​ក៏​ដោយ ក៏​ការ​ឲ្យ​ពួក​គេ​ធ្វើ​បែប​នះ គឺ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់«សិទ្ធិ​ជា​មូលដ្ឋាន» របស់​កុមារ​ដែល​រួម​មាន​សិទ្ធិ​លូតលាស់​ផ្នែក​រាង​កាយ សិទ្ធិ​ទទួល​បាន​ការ​សិក្សា​អប់រំ សិទ្ធិ​ផ្នែក​បញ្ញា ស្មារតី...។

លោក​បាន​មាន​ប្រសាសន៍​ថា៖«​វាជា​ហានិភ័យ​មួយ​ខ្ពស់​ដែល​ប៉ះពាល់ ការ​លូត​លាស់​របស់​ក្មេង​ខណៈ​ដែល​យើង​បាន​ចាត់​ទុក​ពួក​គេ​ថា ជា​ទំពាំង​ស្នង​ឫស្សី​ឬ​ជា​សសរ​ទ្រូង​របស់​ប្រទេស​ជាតិ»។

យោង តាម​របាយ​ការណ៍​របស់​អង្គការ​ផ្លែន​ចេញ​ផ្សាយ​កាល​ពីខែ​តុលា​ ឆ្នាំ​ ២០១១​ បាន​បង្ហាញ​ថា​ អត្រា​បោះបង់​ការ​សិក្សា​របស់​ក្មេង​ប្រុស​ និង​ក្មេង​ស្រី​នៅ​ជន​បទ ខ្ពស់​ជាង​អត្រា​បោះ​បង់​ចោល​ការ​សិក្សា នៅ​តាម​ទី​ប្រជុំជន។​ នៅ​ទី​ប្រជុំជន នៅ​កម្រិត​សិក្សា​បឋម​ភូមិ​(ថ្នាក់ទី​ ១-៦) អត្រា​បោះ​បង់​ការ​សិក្សា​របស់​ក្មេង​ស្រី​មាន​ចំនួន​ ៦,២ ភាគ​រយ​ និង​ក្មេង​ប្រុស​មាន​ចំនួន​៦,៧ ភាគរយ។

ចំណែក​របាយការណ៍​អង្គការ ពលកម្ម​អន្តរជាតិ ILO ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​ទិវា​កុមារ​អន្តរ​ជាតិ​ថ្ងៃ ១ មិថុនា ឆ្នាំ​ ២០១២​ បង្ហាញ​ថា មាន​កុមារ​កម្ពុជា​ចំនួន ១ លាន​ ៥ សែន​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ ក្នុង​នោះ​មាន ៣ សែន ១ ម៉ឺន​នាក់ នៃ​ចំនួន​នេះ ស្ថិត​នៅ​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ៕

This content has been locked. You can no longer post any comments.
Show/hide comments
...
like is struggle
Lin linlove on November 14, 2012 Report
vote down vote up Votes: 0
busy