Headlines:

ពលរដ្ឋ​ថ្ម​គោល​៨​នាក់​ត្រូវ​បាន​គេ​ដោះលែង



121116_04
​​សហ​គមន៍​ថ្មគោល នៅ​ជា​ប់​ព្រ​លាន​យន្ត​ហោះ​ភ្នំពេញ បាញ់​ថ្នាំ​​និង​បិទ​រូបលោក​អូ​បាម៉ា​លើ​ដំបូល​ផ្ទះ​ពី​ថ្ងៃពុធ។ រូបថត ហុង មិនា

ភ្នំពេញៈ ប្រជាពលរដ្ឋ​៨​នាក់ នៅ​ក្នុង​សហគមន៍​ថ្ម​គោល ក្នុង​សង្កាត់​ចោមចៅ ដែល​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន ត្រូវ​អាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ ចាប់​ឃាត់​ខ្លួន​រហូត​ដល់​យប់​ទើប​ដោះលែង ខណៈ​ពួក​គេ​ឡើង​បាញ់​ថ្នាំ​ជា​ពាក្យ SOS និង​បិទ​រូប​លោក អូបាម៉ា នៅ​លើ​ដំបូល​ផ្ទះ​ជាប់​នឹង​របង​ព្រលាន​យន្តហោះ​ពី​ព្រឹក​ម្សិលមិញ ដើម្បី​រក​ជំនួយ​លើ​សិទ្ធិ​តាំង​លំនៅដ្ឋាន។

អ្នក​ស្រី ឡេង វី អ្នក​ភូមិ​ក្នុង​សហគមន៍​នេះ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា ប្តី​គាត់ អ៊ុន សុខនី​ត្រូវ​អាជ្ញាធរ​ខណ្ឌ ចាប់​ខ្លួន​នៅ​ម៉ោង​៨:៤៥​នាទី​ព្រឹក  បន្ទាប់​ពី​បាន​ឡើង​បាញ់​ថ្នាំ​ជា​ពាក្យ​ SOS ​នៅ​លើ​ដំបូល​ផ្ទះ។ អ្នក​ស្រី​បន្ត​ថា៖ «អាជ្ញាធរ​ជាង​២០​នាក់ រាប់​ទាំង​នគរបាល កង​រាជ​អាវុធហត្ថ​និង​យោធា បាន​មក​ផ្តុំ​នៅ​មុខ​ផ្ទះ​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ថា​តើ អ្នក​ណា​បាញ់​ពាក្យ​នេះ។ ពេល​នោះ ​ប្តី​ខ្ញុំ​ប្រាប់​គេ​ត្រង់​ថា គាត់​ជា​អ្នក​បាញ់​! ពួក​គេ​ក៏​ចាប់​ខ្លួន​គាត់ ហើយ​នាំ​ទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ទៅ»។

អ្នក​ស្រី​បន្ត​ថា៖ «យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ យើង​គ្រាន់​តែ​បាញ់​ថ្នាំ​ពាក្យ​ SOS ដើម្បី​សុំ​សហគមន៍​អន្តរជាតិ និង​ប្រធានាធិបតី​នៃ​ប្រទេស​មាន​អំណាច​ឲ្យ​ជួយ​យើង​ពី​ការ​បណ្តេញ ចេញ​»។

លោក សូន ឌីរ៉ាត អាយុ ២៨ ឆ្នាំ អ្នក​ភូមិ​ម្នាក់​ដែរ​បាន​ឲ្យ​ដឹង​ថា ពី​រសៀល​ថ្ងៃ​ពុធ អាជ្ញាធរ​បាន​មក​ប្រាប់​និង​ព្រមាន​ចាប់​ខ្លួន​អ្នក​ភូមិ បើ​សិន​នៅ​តែ​យក​រូប​លោក អូបាម៉ា និង​មិន​លុប​អក្សរ​ SOS ចេញ​ពី​លើ​ដំបូល​ផ្ទះ​ទេ​នោះ​»។

គាត់​បន្ថែម​ថា៖ «ដោយ​អាជ្ញាធរ​បាន​ហាម​ប្រាម​រួច​ហើយ ពួក​គេ​បាន​មក​ម្តង​ទៀត ហើយ​ចាប់​ខ្លួន​មនុស្ស​ប្រាំ​បី​នាក់​ទៅ​អធិការដ្ឋាន​ខណ្ឌ​ព្រឹកមិញ ។ ខ្ញុំ​ឃើញ​ហើយ ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ ក៏​ប្រញាប់​យក​រូប​លោក​ប្រធានាធិបតី អូបាម៉ា ចេញ​ហើយ​លុប​ពាក្យ​SOS​ចេញ​ពី​ដំបូល​ផ្ទះ»។

នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ក្មេង​ស្រី​អាយុ​១០​ឆ្នាំ ឈ្មោះ ផល ស្រីផូ ឈរ​បី​ប្អូន​ប្រុស​អាយុ ១៨ ខែ​នៅ​ចិញ្ចើម​ផ្លូវ​មុខ​អធិការដ្ឋាន រង់ចាំ​ម្តាយ​គឺ​អ្នក​ស្រី ភួង សុភាព ជា​អ្នក​ភូមិ​ម្នាក់ ក្នុង​ចំណោម ៨ នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន។

ក្មេង​តូច​នេះ​និយាយ​ថា ៖ «ប្អូន​ប្រុស​ខ្ញុំ​យំ​តាម​ម៉ែខ្ញុំ​ព្រោះ​វា​ឃ្លាន។ ប៉ុន្តែ ប៉ូលិស​មិន​ឲ្យ​ខ្ញុំ​នាំ​វា​ទៅ​ជួប​ម៉ែ​ខ្ញុំ​ទេ»។ ក្មេង​ស្រី​ថា៖ «ឪពុក​ម្តាយ​ខ្ញុំ​ពី​មុន​រស់​នៅ​បុរីកីឡា យើង​ទើប​តែ​មក​រស់នៅ​ទី​នេះ​បាន​ជាង​១ឆ្នាំ។ ខ្ញុំ​មិន​ដឹង​ថា ហេតុ​អី​ប៉ូលិស​ចាប់​ខ្លួន​ម្តាយ​ខ្ញុំ​ទេ»។

លោក ប៊ន សំអាត អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា មនុស្ស​ទាំង​នោះ​បាន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​មន្រ្តី​សាធារណៈ ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។

លោក​បន្ត​ថា ៖ «ដោយ​សារ​ចំណេះ​ដឹង​តិចតួច ពួក​គេ​ជឿ​លើ​ជន​បរទេស​ដែល​មក​ញុះញង់​ឲ្យ​ធ្វើ​ខុស​និង​បង្កភាព​អត់​ សណ្តាប់​ធ្នាប់។ ប៉ុន្តែ យើង​មិន​ចង់​ចោទ​ប្រកាន់​ឬ​ផ្តន្ទាទោស​ពួក​គេ​ទេ​។ ឥឡូវ​នេះ យើង​កំពុង​រៀបចំ​កិច្ច​សន្យា​ឲ្យ​ពួក​គេ​ផ្តិត​មេ​ដៃ​ឈប់​បន្ត​ធ្វើ​បែ បនេះទៀត​»។

លោក អំ សំអាត មន្ត្រី​ថ្នាក់​ខ្ពស់​អង្គការ​លីកាដូ អះអាង​ថា អ្នក​ទាំង​៨​នាក់​ត្រូវ​បាន​ដោះ​លែង​នៅ​ម៉ោង​៧​យប់​មិញ​អស់​ហើយ​ដោយ​ពុំ​មាន​ការ​ចោទ​ប្រកាន់​អ្វី​ទាំងអស់ គឺ​បន្ទាប់​ពី​អ្នក​ស្រី​ប្រធាន​អង្គការ​លីកាដូ ពុង ឈីវកេក បាន​ចេញ​មុខ​ទៅ​ធានា។

ការ​ចាប់​ខ្លួន​ប្រជា​សហគមន៍​ស្វែងរក​អន្តរាគមន៍​បញ្ចៀស​ការ​បណ្តេញ ចេញ​ពី​លំនៅដ្ឋាន ៨​នាក់​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បន្ត​បន្ទាប់ និង​ហៅ​ករណី​នេះ​ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ថ្មី​មួយ​ពី​អាជ្ញាធរ កម្ពុជា។

សេចក្តី​ថ្លែង​ការណ៍​ពី​អង្គការ​អាដហុក​កត់​សម្គាល់​ថា៖«សកម្មជន ក្នុង​សហគមន៍​គ្មាន​ពិរុទ្ធ​លើ​បទល្មើស​អ្វី​ឡើយ ក្រៅ​ពី​អនុវត្ត​សិទិ្ធ​ស្រប​ច្បាប់ ក្នុង​ការ​បញ្ចេញ​មតិ ហើយ​ថា ការ​ចាប់​ខ្លួន​និង​ការ​ឃុំ​ខ្លួន​សកម្មជន​ទាំង​នេះ គឺជា​ឧទាហរណ៍​ថ្មី​មួយ​នៃ​ការ​រំលោភ​សិទិ្ធ​មនុស្ស​ពីអាជ្ញាធរ កម្ពុជា​»។

សម្ព័ន្ធ​អង្គការ​សិទិ្ធ​មនុស្ស​ចំនួន ៦ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​នេះ​ដែរ។ លោក​ស្រី ណាលី ពី​ឡូក នាយក​អង្គការ​លីកាដូ បាន​ថ្លែង​ថា ៖ «អាជ្ញាធរ​កម្ពុជា​កំពុង​ព្យាយាម​បង្ក្រាប​ការ​តវ៉ា​នៅ​មុន កិច្ច​ប្រជុំ​កំពូល​អាស៊ាន​។ ​វា​ហាក់​ដូច​ជា ពួក​គេ​មាន​ឆន្ទៈ​ធ្វើ​អ្វី​ៗ ដើម្បី​សម្រេច​តែ​កិច្ចការ​មួយ​នេះ បើ​ទោះ​ជា​ត្រូវ​ចាប់​ខ្លួន​ប្រជា​សហគមន៍ ដែល​​ប្រើ​មធ្យោបាយ​ដោយ​សន្តិវិធី​ក៏​ដោយ»។

លោក អៀង វុទ្ធី នៃ​អង្គការ​សមធម៌​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​គ្រាន់​តែ​ផ្សព្វផ្សាយ​ការ​ពិត ដែល​ត្រូវ​អាជ្ញាធរ​បណ្តេញ​ចេញ​ដោយ​ខុស​ច្បាប់​។ ​ប៉ុន្តែ​ទង្វើ​ទាំង នោះ​មិន​មែន​ជា​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ចង់​ឲ្យ​ឥស្សរជន​ដែល ធ្វើ​ដំណើរ​មក​ប្រជុំ​កំពូល​អាស៊ាន​បាន​មើល​ឃើញ​ឡើយ»​៕

រាយការណ៍បន្ថែម Shane Worrell

This content has been locked. You can no longer post any comments.
Show/hide comments
busy