ភ្នំពេញៈ មេដឹកនាំប្រទេសអាស៊ាននឹងអនុម័តការបង្កើតមជ្ឈមណ្ឌលកម្ចាត់ មីនតំបន់អាស៊ាន និងសេចក្តីថ្លែងការណ៍ ស្តីពីសិទ្ធិមនុស្សដែលមានលក្ខណៈចម្រូងចម្រាស និងចុះហត្ថលេខាលើឯកសារមួយចំនួនទៀត នៅកិច្ចប្រជុំកំពូលនៅថ្ងៃអាទិត្យ។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងការបរទេសលោក ហោ ណាំហុង។
ថ្លែងទៅកាន់អ្នកកាសែត នៅសន្និសីទកាសែតមួយ កាលពីម្សិលមិញ លោក ហោ ណាំហុង បានបញ្ជាក់ថា កម្ពុជាបានផ្តួចផ្តើមសម្រាប់ការបង្កើតមជ្ឈមណ្ឌលកម្ចាត់ មីនតំបន់អាស៊ាននៅកម្ពុជា ពីព្រោះថា រដ្ឋសមាជិកជាច្រើន កំពុងប្រឈមមុខនឹងបញ្ហាមីន។ លោក ហោ ណាំហុង បានថ្លែងបន្តថា ក្នុងចំណោមរដ្ឋសមាជិកទាំង ១០ មានប្រទេសចំនួន ៦ កំពុងប្រឈមមុខនឹងបញ្ហាមីន ដូចជា កម្ពុជា វៀតណាម ឡាវ ថៃ ហ្វីលីពីន និងមីយ៉ាន់ម៉ា។ លោកបន្តថា៖«ដូច្នេះ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ខ្ញុំគិតថា វាចំាបាច់ ត្រូវមានមជ្ឈមណ្ឌលនេះ ហើយបណ្តាប្រទេសនៅក្នុងអាស៊ាន បានយល់ព្រមចំពោះបញ្ហានេះ»។
មីន និងគ្រាប់មិនទាន់ផ្ទុះរាប់លានគ្រាប់ ត្រូវបានកប់ក្នុងដី និងទម្លាក់នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងអំឡុងទសវត្សរ៍កន្លងមកហើយប្រជាជននៅតែរងរបួស ធ្ងន់ធ្ងរ និងស្លាប់ ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ។ នេះបើយោងតាមប្រព័ន្ធព័ត៌មានជនរងគ្រោះមីនកម្ពុជា ដែលបានរាយការណ៍ថា នៅក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ប្រជាជនប្រមាណ ១៤៣ នាក់ បានស្លាប់ នៅក្នុងបណ្តាខេត្តឆ្ងាយៗជិតព្រំដែនថៃ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ជឿថា ការបង្កើតមជ្ឈមណ្ឌលនេះ នឹងបង្កើនល្បឿនប្រតិបត្តិការដោះមីនដល់ប្រទេសមួយចំនួនដែល មានមីនច្រើនក្នុងអាស៊ាន។
លោកបន្តថា៖ «វាមានសារប្រយោជន៍សម្រាប់បណ្តាប្រទេសដែលមានមីននៅក្នុង តំបន់ហើយ ខ្ញុំគិតដែរថា វាក៏មានប្រយោជន៍សម្រាប់ពិភពលោកដែរ។ ចំនួនអ្នកស្លាប់និងរបួសនៅកម្ពុជា នៅតែមានចំនួនច្រើន ឯមីយ៉ាន់ម៉ា ក៏កំពុងចាប់ផ្តើមឡើងខ្ពស់ វៀតណាម និងឡាវផងដែរ ទំហំនៃគ្រោះថ្នាក់គឺស្រដៀងគ្នា»។
លោកបានថ្លែងថា ក្រុមអ្នកជំនាញពីបណ្តាប្រទេសក្នុងអាស៊ានបានជួបគ្នា និងបានពិភាក្សាអំពីបញ្ហានេះ ហើយបានដោះដូរគំនិត និងចែកបទពិសោធគ្នាស្តីពីបញ្ហាមីន និងសង្ឃឹមថា ការបង្កើតមជ្ឈមណ្ឌលនេះនឹងជួយសម្រួលច្រើនជាងមុនសម្រាប់បណ្តាប្រទេសក្នុងតំបន់។
លោក ហោ ណាំហុង បានថ្លែងថា មេដឹកនាំសមាគមប្លុកនេះក៏នឹងអនុម័តផងដែរនូវសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សអាស៊ាន ដែលក្នុងនោះអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួនលើកឡើងថា សេចក្តីថ្លែងការណ៍នោះគឺនៅឆ្ងាយពីស្តង់ដារ។
លោកថ្លែងថា សេចក្តីប្រកាស ស្តីពីសិទ្ធិមនុស្សអាស៊ាន មុនពេលដាក់ទៅប្រមុខរដ្ឋាភិបាលអនុម័ត គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR)បានពិភាក្សានិងជជែកជាច្រើនសាជាមួយអង្គការក្រៅ រដ្ឋាភិបាលនិងសង្គមស៊ីវិល។
លោកបន្តថា៖ «ដូច្នេះ វាមិនមែនជាការអនុម័តពី AICHR តែឯងនោះទេ។ ពិតណាស់ វានឹងមិនធ្វើឲ្យអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលពេញចិត្ត ប៉ុន្តែខ្ញុំសូមសង្កត់ធ្ងន់ថាសេចក្តីប្រកាសនេះ មិនមែនជាសេចក្តីប្រកាសរបស់អង្គការក្រៅរដ្ឋាភិបាលឬសង្គម ស៊ីវិលទេ វាជាសិទ្ធិមនុស្សអាស៊ាន ក្នុងគោលបំណងធានា ការការពារសិទ្ធិមនុស្ស ឲ្យបានគ្រប់គ្រាន់ជាងមុន»។
លោកបន្ត ទៀតថា៖ «នេះជាលើកទី១ ដែលអាស៊ានមានសេចក្តីប្រកាសនេះ ហើយខ្ញុំគិតថា វាល្អដែលអាស៊ានមានឯកសារផ្លូវការ ស្តីពីសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្ស។ នាពេលអនាគត ក្នុងករណីចាំបាច់ AICHR អាចធ្វើការរៀបចំកិច្ចប្រជុំថែមទៀតជាមួយអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលដើម្បីសេចក្តីប្រកាសនេះកាន់តែល្អប្រសើរ»។
លោក ស្រី ធីតា ឃឹស នាយិកាអង្គការសីលការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការលើកកម្ពស់ស្រ្តីក្នុង នយោបាយ ដែលបានចូលរួមកិច្ចប្រជុំ AICHAR ស្តីពីសេចក្តីប្រកាស បានថ្លែងថា សង្គមស៊ីវិលមានកិច្ចពិភាក្សាជាច្រើន ហើយបានជជែកវែកញែក លើចំណុចមួយចំនួនថា តើត្រូវទទួលយកឬយ៉ាងណា? ចាប់ពីឯកសារនោះ បានដាក់ទៅក្នុងរបៀបវារៈដើម្បីអនុម័ត។
លោក ស្រី ឃឹស បញ្ជាក់ថា ៖ «មានការបកស្រាយខុសគ្នាមួយចំនួន ស្តីពីបទដ្ឋាន ដែលបានប្រើក្នុងសេចក្តីប្រកាសស្តីពីសិទិ្ធមនុស្សអាស៊ាន ចំណុចមួយចំនួនយើងមិនអាចទទួលយកទេ។ យើងមិនបានឃើញថា សេចក្តីប្រកាសអនុលោមតាមបទដ្ឋានអន្តរជាតិ ដូចដែលមេដឹកនាំអាស៊ានបានអះអាងឡើយ»។
បញ្ហាសមុទ្រចិនខាងត្បូង
បញ្ហាសមុទ្រចិនខាងត្បូងដ៏ចម្រូងចម្រាសដែលនៅមិនទាន់ដោះស្រាយ ក៏នឹងបន្តពិភាក្សារវាងមេដឹកនាំអាស៊ាននិងចិនផងដែរ។
លោក ហោ ណាំហុង បានឲ្យដឹងថា៖ «ភាគីទាំងអស់បានព្រមព្រៀងដោះស្រាយវិវាទដោយសន្តិវិធីដោយ គ្មានការប្រើប្រាស់កម្លាំងទ័ព ដូច្នេះ មិនមែនជាបញ្ហាក្តៅគគុកទេ។ ភាគីពាក់ព័ន្ធក៏បានព្រមព្រៀងអនុវត្តតាមគោលការណ៍នៃក្រមប្រតិបតិ្ត ដូច្នេះ ប្រទេសដទៃទៀតមិនពាក់ព័ន្ធទេ ហើយយើងត្រូវគាំទ្រពួកគេ»។
លោករដ្ឋមន្ត្រីបញ្ជាក់ថា អាស៊ាននិងចិន បានធ្វើកិច្ចការជាបណ្តើរៗដើម្បីឈានដល់ការព្រមព្រៀងលើក្រមប្រតិបតិ្ត ដូច្នេះ ពួកគេត្រូវបានលើកទឹកចិត្តឲ្យសម្រេចក្រមប្រតិបតិ្ត ហើយគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាទេ [ដែលនឹងពិភាក្សាលើសន្តិសុខថ្នាក់តំបន់]។
លោកបានបន្ថែមថា៖ «កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន បានប្រឹងប្រែងអស់ពីសមត្ថភាព ហើយពួកគេមិនអាចចោទថា កម្ពុជាព្រងើយកន្តើយមិនដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងឡើយ»៕ PS /TK
ភ្នំពេញ ប៉ុស្តិ៍








បង្កើនផលលើដីមានមីន ទោះពួកគាត់ដឹងថា នោះជាចំការមីនក៏ដោយ តើដោយសារអ្វី? ចម្លើយគឺដោយសារ
ក្រពះ។ ខ្លួនខ្ញុំផ្ទាល់ធ្លាប់បានប្រាប់ និងណែនាំគាត់ផ្ទាល់ ពេលឃើញពួកគាត់ចូលកាច់ទំាពាំងនៅក្នុងចំការមីន ភូមិអូរសំព័រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គាត់ថាគ្មានជម្រើសទេ កូនគាត់ច្រើន ហើយខ្លះ
មានពិការទៀត បើគាត់មិនបានទំពាំងយកទៅលក់ទេ កូនប្រពន្ធគាត់គ្មានអង្ករច្រកឆ្នាំងទេ។ គាត់រស់នៅមួយ
ថ្ងៃគឺសំរាប់មួយថ្ងៃ។ ខ្ញុំសំណូមពរ អោយមានមជ្ឈមណ្ឌលបណ្តុះបណ្តាលចំណេះដឹងខាងបច្ចេកទេស ដល់
កន្លែងណាដែលមានជនពិការច្រើន ជាពិសេសតំបន់ដែលអតីតជាតំបន់ក្តៅជំនាន់ប្រយុទ្ធគ្នា ខ្មែរទល់ខ្មែរ ហើយ
អ្នកចាញ់ក៏ជាខ្មែរដែរ។ សូមអាណិតដល់ជនពិការផង កុំបោះបង់គ្នា ហើយសូមជួយអបអរសាទរ នូវគោល
នយោបាយសព្វថ្ងៃ ដែលកុំពុងជួយជីវភាពដល់ជនពិការ។ សូមមេត្តាជួយសណ្តោសអោយជនពិការមានលទ្ធ
ភាពចូលបំរើការងារទោះក្របខ័ណ្ណរដ្ឋ ឬឯកជនក៏ដោយចុះ។ នេះជាការធ្វើបុណ្យ បំរើដល់អ្នកត្រូវការជំនួយ។
នា