សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

អាជ្ញាធរ​បន្ទច់​បង្អាក់​កិច្ច​ប្រជុំ​នានា​របស់​សង្គម​ស៊ីវិល



121116_07
ពល​រដ្ឋ​រង​គ្រោះ​ពីសហ​គមន៍​នានា​សម្តែង​មតិ​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​​ពី​ថ្ងៃ​ពុធ​។ រូបថត វី​រៈ ​ម៉ៃ

ភ្នំពេញៈ អាជ្ញាធរ​រាជធានី​បាន​ធ្វើ​ការ​រារាំង រំខាន ទៅ​លើ​ការ​ជួប​ប្រជុំ​គ្នា របស់​ក្រុម​សង្គម​ស៊ីវិល ជាច្រើន​ក្រុម ដែល​បាន​រៀបចំ​កិច្ច​ប្រជុំ ធ្វើ​ការ​ពិភាក្សា ពី​ការ​រំលោភ​បំពាន​ផ្សេងៗ ជា​ពិសេស​ការ​រំលោភ​បំពាន​សិទិ្ធ​ដី​ធ្លី និង​សិទិ្ធ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ នៅ​មុន​ពេល​ដែល​​ប្រទេស​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​។

ក្រុម សម្ព័ន្ធ​អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន​ពីរ ព្រម​ទាំង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ផ្តល់​កន្លែង​សិក្ខា​សាលា និង​ក្រុម​សង្កេត​ការ​ជាច្រើន​ទៀត បាន​ថ្លែង​ថា ​អ្នក​ចូល​រួម​ពិធី​ជួប​ជុំ កាល​ពី​​ថ្ងៃ​ពុធ​ ត្រូវ​បាន​រារាំង និង​រំខាន ដែល​ធ្វើ​ឲ្យ​ពួក​គេ ​ត្រូវ​រើ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ខណៈ​ដែល​នគរបាល បាន​តាម​ដាន​ពួក​គេ។

លោក​ស្រី Yuyun Wahyuningrum ជា​អ្នក​រៀបចំ​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន/វេទិកា​ប្រជាជន អាស៊ាន ​ថ្លែង​ថា​៖ «​យើង​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​អំពី​របៀប​ដែល​រដ្ឋាភិបាល កម្ពុជា កំពុង​ប្រព្រឹត្ត​ខណៈ​ខ្លួន​ជា​ប្រធាន​អាស៊ាន​»។ ​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន​/​វេទិកា​ប្រជាជន​អាស៊ាន ត្រូវ​បាន​បង្ខំ​ឲ្យ​រើ​កន្លែង​របស់​ខ្លួន​ពីរ​ដង ដែល​កន្លែង​ទី​មួយ នៅ​វិហារ​ឯករាជ្យ CEF និង​កន្លែង​ទីពីរ នៅ​មជ្ឈមណ្ឌល Modern Center 5 ​តាម​រយៈ​ការ​រារាំង​ដោយ​​អាជ្ញាធរ​មូលដ្ឋាន រហូត​ដល់​មាន​ការ​លុប​ចោល ការ​ប្រារព្ធ​សន្និសីទ​នេះ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ពួក​គេ​។

យ៉ាង​ណា​ក្តី ​តំណាង​មជ្ឈ​មណ្ឌល Modern Center 5 ​បាន​បដិសេធ ចំពោះ​ការ​អះអាង​ទាំង​នេះ ​ដោយ​ថ្លែង​ថា មជ្ឈមណ្ឌល​របស់​ខ្លួន ត្រូវ​បាន​កក់​ដោយ​កម្មវិធី​ផ្សេង​ទៀត​ រីឯ​លោក ចាន់ សំណាង ចៅ​សង្កាត់​ឫស្សីកែវ ដែល​ទីតាំង​មជ្ឈមណ្ឌល Modern Center 5 ស្ថិត​នៅ​ទី​នោះ បាន​ថ្លែង​ថា អាជ្ញាធរ​មិន​បាន​ចុះ​ទៅ​បង្ក​បញ្ហា​ណា​មួយ​នោះ​ទេ។ លោក​ស្រី Yuyun Wahyuningrum ​បន្ត​​ថា សន្និសីទ​នេះ ​នៅ​ទី​បំផុត​ បាន​ទៅ​ប្រារព្ធ​ធ្វើ​នៅ​ភូមិ​ក្តី​តាកុយ ក្នុង​ខេត្ត​កណ្តាល នៅ​ពេល​អ្នក​ចូល​រួម​ទាំង​អស់​បាន​ព្រមព្រៀង​គ្នា ​ឡើង​រថយន្ត​ក្រុង ទៅ​ទី​នោះ ​ដើម្បី​ចៀស​ពី​ការ​ជ្រៀត​ជ្រែក​រំខាន​ផ្សេង​ៗ។

ទន្ទឹម នេះ វេទិកា​ ASEAN Grassroots Peoples Assembly (AGPA) បាន​ថ្លែង​ថា ​កន្លែង​យ៉ាង​ហោច​ណាស់​ចំនួន​ប្រាំ ដែល​បាន​គ្រោង​សម្រាប់​សិក្ខា​សាលា​ទាំង​នេះ ​កាល​ពី​ថ្ងៃ​ពុធ ​បាន​លុប​ចោល​ការ​ព្រមព្រៀង​កក់​របស់​ពួក​គេ​«ដោយ​មិន​បាន​ជូន​ដំណឹង ​ជា​មុន​»។

លោក ស ម៉ូរ៉ា ​ដែល​ជា​អ្នក​រៀប​ចំ​បាន​ថ្លែង​ថា ​យ៉ាង​ហោច​ណាស់ មាន​ករណី​ចំនួន​ពីរ​ដែល​ម្ចាស់​អគារ​ទទួល​រង​សម្ពាធ​ពី​អាជ្ញាធរ ខណៈ​ដែល​អាជ្ញាធរ បាន​និយាយ​ជា​សាធារណៈ​ថា ពួក​គេ​មិន​បាន​ជំទាស់​ចំពោះ​វេទិកា​ AGPA ទេ។ ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ដែល​ថ្កោល​ទោស​ ចំពោះ​សកម្មភាព​របស់​អាជ្ញាធរ អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​ឲ្យ​ដឹង​ថា ​អាជ្ញា​ធរ​ បាន​លើក​ឡើង​អំពី​ហេតុផល​សន្តិសុខ និង​សណ្តាប់​ធ្នាប់​ដើម្បី​ព្យាយាម​ការ​ពារ​ទង្វើ​របស់​ពួក​គេ។

លោក David Welsh នាយក​ប្រចាំ​ប្រទេស នៃ​មជ្ឈមណ្ឌល​អាមេរិក ដើម្បី​សាមគ្គី​ភាព​ការងារ​អន្តរជាតិ បាន​ថ្លែង​ថា លោក​បាន​ទៅ​ដល់​មជ្ឈ​មណ្ឌល Modern Center 5 ​ដើម្បី​ចូល​រួម​សិក្ខា​សាលា​សិទ្ធិ​កម្មករ AGPA ហើយ​ឃើញ​ថា កន្លែង​ត្រូវ​បាន​បិទ​។ លោក Welsh ​បន្ត​ថា​៖ «​ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន អគ្គិសនី​ទាំង​អស់​ ត្រូវ​បាន​បិទ​នៅ​ក្នុង​អគារ​»។ លោក​បន្ថែម​ថា​ ទង្វើ​បែប​នេះ ប្រាកដ​ណាស់​ នឹង​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ ពី​សិក្ខាកាម​អន្តរជាតិ​រាប់​រយ​នាក់ ដែល​មក​ដល់​សម្រាប់​កិច្ច​ប្រជុំ​អាស៊ាន​។​

លោក​ស្រី Yuyun Wahyuningrum បាន​កត់​សម្គាល់​ថា​៖ «រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​ធម្មនុញ្ញ​នៃ​បណ្តា​រដ្ឋ​សមាជិក​អាស៊ាន​ទាំងអស់ ធានា​នូវ​សេរីភាព​នៃ​ការ​ជួប​ជុំ​គ្នា​»។ លោក​ស្រី​បន្ត​ថា ​ក្រុម​សង្គម​ស៊ីវិល តែង​តែ​បាន​ប្រារព្ធ​ធ្វើ​ការ​ប្រមូល​ផ្តុំ​ និង​ជួប​ជុំ​គ្នា​បែប​នេះ​អស់​រយៈ​ពេល ៨​ ឆ្នាំ​ហើយ ប៉ុន្តែ​បញ្ហា​រំខាន គឺ​មាន​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។

ពិត​ណាស់ សិក្ខា​កាម​អន្តរជាតិ​ នៅ​ក្នុង​សិក្ខា​សាលា​ជាច្រើន ក្នុង​រាជធានី កាល​ពី​ថ្ងៃ​ពុធ ​បាន​សង្កត់​ធ្ងន់​ថា ក្តី​បារម្ភ​របស់​ប្រជាជន​កម្ពុជា ដែល​មាន​ដូច​ជា ការ​បណ្តេញ​ចេញ​ពី​ដីធ្លី និង​ការ​ប្រព្រឹត្ត​មិន​គាប់​បី ដោយ​ក្រុមហ៊ុន​ធំៗ​លើ​ពួក​គេ គឺ​ជា​ក្តី​បារម្ភ​របស់​សិក្ខាកាម​អន្តរជាតិ​ទាំង​នោះ​ផង​ដែរ។ សិក្ខា​កាម​ម្នាក់​ឈ្មោះ Carmen Anenayo ​ដែល​ជា​សមាជិក​ម្នាក់​ នៅ​ក្នុង​សហគមន៍​មួយ​ ក្នុង​ប្រទេស​ហ្វីលីពីន​ថ្លែង​ថា​៖ «ខ្ញុំ​ចង់​ឲ្យ​យើង​ទាំង​អស់​គ្នា​អំពាវនាវ​ទៅ​រដ្ឋាភិបាល​អាស៊ាន រួម​គ្នា​»។

ចំណែក​ឯលោក​ស្រី Dorothy Guerrero អ្នក​សម្រប​សម្រួល​កម្មវិធី​ក្រុម​គាំទ្រ​ប្រជាជន​មូល​ដ្ឋាន​ នៅ​អង្គការ Focus on the Global South ​ដែល​បាន​ចូល​រួម​ជា​មួយ​អ្នក​នាង Anenayo ​​នៅ​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​គណនេយ្យ​ភាព​អាស៊ាន នៅ​ភោជនីយដ្ឋាន បៃតង បាន​សង្កេត​ឃើញ​ថា​៖ «បទពិសោធ​ពី​សហគមន៍​នានា​ពិត​ណាស់​​ លើក​ឡើង​អំពី​បញ្ហា​នៃ​ការ​អភិវឌ្ឍ​ដែល​ប៉ះពាល់​ដល់​ប្រជាជន»។

លោក ស្រ៊ុន ស្រន ដែល​ជា​អ្នក​សម្រប​សម្រួល សម្រាប់​សហគមន៍​ឥន្ទធនូ​កម្ពុជា បាន​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​ទាំង​អស់​នោះ​។ លោក​បាន​ថ្លែង​ថា​៖ «ពួក​គេ​ចំាបាច់​ត្រូវ​គិត​អំពី​យើង នៅ​ពេល​ពួក​គេ​និយាយ​ពាក្យ​អភិវឌ្ឍន៍»។

អ្នក​ស្រី ស៊យ កុឡាប សកម្មជន​តវ៉ា​ ចំពោះ​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន នៅ​បឹងកក់ និង​ដែល​ឥឡូវ​នេះ​រស់​នៅ​ចម្ងាយ​ ២០ ​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ដែល​បាន​ចូល​រួម​នៅ​ក្នុង​សិក្ខាសាលា​កាលពី​ថ្ងៃ​ពុធ ស្តី​ពី​ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍​ បាន​ថ្លែង​ថា ​ប្រជាជន​ដែល​រង​ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី​ កំពុង​ស្វែងរក​អន្តរាគមន៍​ពី​អាស៊ាន ដោយ​ពួក​គេ​ មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​កម្ពុជា​ទេ បន្ទាប់​ពី​ការ​អំពាវនាវ​រាប់​មិន​អស់​របស់​ពួក​គេ។

ទន្ទឹម​នេះ AGPA ​បាន​ថ្លែង​ថា សិក្ខាកាម​ចំនួន​ ២៥៥ នាក់ បាន​ប្រឈម​ដូច​គ្នា​ផង​ដែរ​ ពីការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សំណាក់​កាល​ពី​ថ្ងៃ​ពុធ​។ ​សេចក្តី​ថ្លែងការណ៍​របស់ AGPA បាន​ឲ្យ​ដឹង​ថា​៖ «ពួក​គេ​មួយ​ចំនួន​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​សំណាក់​ទាំង​កណ្តាល​យប់​ និង​ខ្លះ​ទៀត​ ទទួល​រង​ការ​បំភិត​បំភ័យ»។

លោក អៀង វុទ្ធី និង លោក ហួន ចុនឌី អ្នក​គ្រប់​គ្រង​កម្មវិធី​នៅ​អង្គការ Equitable Cambodia និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍​ បាន​ថ្លែង​ដូច​គ្នា​ថា ​នគរបាល ទៅ​ការិយាល័យ​របស់​ពួក​គេ ហើយ​បាន​សួរ​អំពី​កិច្ច​ប្រជុំ AGPA ​ដែល​ធ្វើ​ឡើង​នៅ​ទីនោះ ប៉ុន្តែ​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ច្រើន​ជាង​នេះ​ទៀត​ទេ​។

អ្នក នាំ​ពាក្យ​សាលា​រាជធានី​លោក ឡុង ឌីម៉ង់ បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង អំពី​ការ​បិទ​ការ​ជួប​ជុំ​ទាំង​នោះ​ទេ​ និង​ថា សាលា​រាជធានី មិន​បាន​ពាក់ព័ន្ធ​ករណី​ទាំង​អស់​នោះ​ទេ​៕ PS

រាយការណ៍​បន្ថែម​ដោយ​ សែន ដាវីត ផាក់ ស៊ាងលី និង ជាង សុខា

This content has been locked. You can no longer post any comments.
Show/hide comments
busy