Headlines:

បណ្តឹង​សុំ​ឲ្យ​លុប​ឈ្មោះ​វៀតណាម​ត្រូវ​ទាត់​ចោល



121119_05
សវ​នា​ការ​ដោះ​ស្រាយ​បណ្តឹង​របស់​គណ​បក្ស​សម​រង្ស៊ី នៅ គ.ជ.​ប កាល​ពី​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា​។ រូបថត ហុង មិនា

ភ្នំពេញៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​តម្កល់​រក្សា​ការ​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​បិទ​ផ្លូវ​តវ៉ា លើ​សំណុំ​រឿង​របស់​តំណាង​គណបក្ស សម រង្ស៊ី ទាក់ទង​ទៅ​នឹង​បណ្តឹង​ទាមទារ​ឲ្យ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ជនជាតិ​វៀតណាម​ចំនួន​៣៥៧ នាក់ នៅ​ក្នុង​ឃុំ​ចំនួន ៣ នៅ​ស្រុក កោះធំ ខេត្ត កណ្តាល ក្រោយពី​បើក​សវនាការ រយៈពេល​ជិត ៤ ម៉ោង កាលពី​ថ្ងៃ​សៅរ៍។

លោក តុល ប្រាសាទ តំណាង​គណបក្ស សមរង្ស៊ី ខេត្ត​កណ្ដាល​ដែល​ជា​ដើម​បណ្តឹង បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ក្នុង​សវនាការ​ដែល​មាន​លោក​ឯក សំអុល ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ព្រម​ទាំង​សមាជិក​៨ នាក់​ផ្សេង​ទៀត បាន​ប្រកាស​សម្រេច​រក្សា​ទុក សេចក្តី​សម្រេច​របស់ គ.ជ.ប ទាំង​ស្រុង ព្រម​ទាំង​បិទ​ការ​តវ៉ា​ទៀត​ផង។

លោក​បន្ត​ថា លោក ឯក សំអុល​បាន​អាន​សេចក្តី​សម្រេច ក្រោយពី​បើក​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃ​សៅរ៍​ថា «ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សូម​តម្កល់​ការ​សម្រេច​របស់ គ.ជ.ប ទាំង​ស្រុង និង​បិទ​ផ្លូវ​តវ៉ា ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ»។

តំណាង​ដើម​បណ្តឹង​គណបក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ​បណ្តឹង ទៅ គ.ជ.ប កាលពី​ថ្ងៃទី ៣០ តុលា និង​ថ្ងៃ​ទី១ ខែ​វិច្ឆិកា ក្រោយ​ពី​បិទ​បញ្ចប់​យុទ្ធនាការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដោយ​ស្នើ​សុំ​ឲ្យ​លុប​ឈ្មោះ អ្នក​បោះឆ្នោត​ចំនួន ៣៥៧ នាក់ ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ក្នុង​ឃុំ លើក​ដែក ឃុំ​ពោធិ៍​បាន ឃុំ​ព្រែក​ថ្មី និង​ឃុំ​សំពៅ​ពូន ស្ថិត​ក្នុង​ស្រុក កោះធំ ខេត្ត​កណ្តាល។ នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ តំណាង​គណបក្ស សម រង្ស៊ី បាន​អះអាង​ថា ឈ្មោះ​អ្នក​បោះឆ្នោត​ទាំងអស់​នោះ ជា​ជនជាតិ​វៀតណាម។

ក្រុម​សាក្សី​របស់​ដើម​បណ្តឹង អះអាង​ថា ប្រជាពលរដ្ឋ​ទាំង ៣៥៧ នាក់​នោះ បាន​និយាយ​ភាសា​វៀតណាម ក្នុង​ការ​រស់នៅ មើល​ទូរទស្សន៍ ស្តាប់​វិទ្យុ ជា​ភាសា​វៀតណាម និង​មាន​វប្បធម៌​ស្លៀកពាក់​បែប​ជនជាតិ​វៀតណាម។

យ៉ាង​ណា​ក្តី បណ្តឹង​នោះ ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​របស់ គ.ជ.ប សម្រេច​កាលពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ ដោយ​បាន​សម្រេច​លុប​តែ​ឈ្មោះ​អ្នក​ដែល​ស្លាប់​និង​អ្នក​ដែល​ផ្លាស់​ប្តូរ​លំនៅ​ប៉ុណ្ណោះ។ ការ​សម្រេច​នោះ ត្រូវ​បាន​តំណាង​គណបក្ស​សម រង្ស៊ី មិន​សុខចិត្ត​រួច​ប្តឹង​បន្ត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ កាលពី​ថ្ងៃ​៩​ខែ វិច្ឆិកា និង​ត្រូវ​បាន​បើក​សវនាការ​សម្រេច កាលពី​ថ្ងៃ​សៅរ៍។

លោក តុល ប្រាសាទ បាន​ចាត់​ទុក​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ថា «ជា​ការ​សម្រេច​ដែល​មិន​អាច​ទទួល​យក​បាន និង​មាន​ភាព​អយុត្តិធម៌»។ លោក​បន្ត​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មិន​បាន​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ពាក់ព័ន្ធ​នានា​នោះ​ទេ។ លោក​បាន​បញ្ជាក់​ថា៖ «គាត់ (ក្រុម​ប្រឹក្សា​ធម្មនុញ្ញ) បាន​ស្តាប់​តែ​តាម​សម្តី​របស់ គ.ជ.ប និង​គ្មាន​ភស្តុតាង​រឹងមាំ បង្ហាញ​ច្បាស់​លាស់​នោះ​ទេ។ គាត់​ចុះ​ទៅ​អង្កេត​កន្លែង​តែ​មួយ មនុស្ស​តែ​មួយ ក្រុម​តែ​មួយ ដែល គ.ជ.ប បាន​ធ្វើ ដូច្នេះ​វា​គ្មាន​ការ​ពិត និង​យុត្តិធម៌​នោះ​ទេ គឺ​ពិត​ជា​មាន​ជនជាតិ​វៀតណាម​ជាច្រើន​មែន»។

យ៉ាង​ណា​ក្តី លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប បាន​គាំទ្រ ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ថា ជា​ការ«ត្រឹមត្រូវ»។ លោក​បញ្ជាក់​ថា៖«វា​ជា​ការ​សម្រេច​ដែល​យើង​ធ្លាប់​អនុវត្ត​នា​ពេល​កន្លង​មក​ដោយ​ធ្វើ​ទៅ​តាម​ច្បាប់។ វា​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ដែល​គណបក្ស សម រង្ស៊ី តែងតែ​សម្តែង​ការ​មិន​ពេញ​ចិត្ត មិន​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឬ​ការ​បោះឆ្នោត​នោះ​ទេ តែ​នោះ​ជា​សិទ្ធិ​របស់​គាត់»។

បើ​ទោះបីជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​សម្រេច​បិទ​ផ្លូវ​តវ៉ា​ក្តី ក៏​លោក តុល ប្រាសាទ មាន​ប្រសាសន៍​ថា គណបក្ស​សម រង្ស៊ី នឹង​ពិចារណា​ប្តឹង​ទៅ​តុលាការ​បន្ត​ទៀត ដើម្បី​សុំ​ឲ្យ​ព្យួរ​ឈ្មោះ​អ្នក​បោះឆ្នោត​ជនជាតិ​វៀតណាម​ទាំង​អស់​នោះ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​ផ្សេង​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​គណបក្ស​ប្រឆាំង នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​ស្អែក​នេះ ក្នុង​នោះ​មាន សំណុំ​រឿង​របស់ លោក ជូង ជូងី មេធាវី​លោក សម រង្ស៊ី ដែល​ប្តឹង​ជំទាស់​នឹង​ការ​លុប​ឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​សវនាការ​មួយ​ទៀត ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់ លោក លី សុភ័ណ្ឌ តំណាង​គណបក្ស​សមរង្ស៊ី ដែល​ប្តឹង​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​របស់ គ.ជ.ប ទាក់ទង​ទៅ​នឹង​ការ​ហែ​ក្បួន​បាតុកម្ម របស់​ក្រុម​យុវជន៕

This content has been locked. You can no longer post any comments.
Show/hide comments
busy