ភ្នំពេញៈ កម្ពុជា និងចិនកាលពីថ្ងៃអាទិត្យ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនជាមួយនឹងទឹកប្រាក់ រាប់រយលានដុល្លារ និងបានសន្យាពង្រីកពាណិជ្ជកម្មទ្វេភាគីនិងការវិនិយោគឲ្យមាន កំណើនដល់ ៥ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានថា ការចុះកិច្ចព្រមព្រៀងនេះ គឺធ្វើឡើងបន្ទាប់ពីមានការពិភាក្សាទ្វេភាគីរវាងលោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន និងសមភាគីចិន គឺលោក វេន ជាប៉ាវ នៅរាជធានីភ្នំពេញ។
លោកបានថ្លែងថា នៅក្នុងជំនួបទ្វេភាគី ក្នុងអំឡុងដំណើរទស្សនកិច្ចសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២១លោកនាយករដ្ឋ មន្រ្តី ហ៊ុន សែន បានជម្រាបសមភាគីចិនរបស់លោកថា ការអភិវឌ្ឍរបស់កម្ពុជាគឺជាផ្នែកនៃជំនួយនិងកម្ចីរបស់ចិន និងស្នើសុំជំនួយបន្ថែមព្រមជាមួយនឹងការជំរុញពាណិជ្ជកម្ម និងវិនិយោគពីប្រទេសចិន។
លោក អ៊ាង សុផល្លែត បន្តថា៖«លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យមានការជំរុញនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យដល់៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០១៧»។
មេដឹកនាំប្រទេសទាំងពីរ ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើគម្រោងមួយចំនួន រួមមានគម្រោងសម្រាប់ការកែលម្អទឹកនៅស្ទឹងស្ទោង ក្នុងខេត្តកំពង់ធំ គម្រោងការបណ្តុះបណ្តាលវិស័យអប់រំ និងការស្តារនីតិសម្បទាក្នុងខេត្តព្រះសីហនុ គម្រោងប្រាក់កម្ចីសម្រាប់រោងចក្រស៊ីម៉ងត៍នៅខេត្តកំពត និងកិច្ចព្រមព្រៀងដទៃៗទៀត ដែលមានតម្លៃរាប់រយលានដុល្លារ។
តាម លោក អ៊ាង សុផល្លែត លោក វេន ជាប៉ាវ បានថ្លែងថា ចិននឹងពិនិត្យចំពោះសំណើរបស់កម្ពុជាដែលស្នើសុំឲ្យមានជំនួយ បន្ថែមទាំងអស់នេះ។
លោកបានថ្លែងបន្តថា ជាមួយសំណើរបស់កម្ពុជា ចិនបានសម្រេចផ្តល់ជំនួយឥតសំណងចំនួន ៣២៦ លានយន់ (Yuan) ដល់ប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍធនធានទឹកក្នុងប្រទេស កម្ពុជា និងក៏បានយល់ព្រមជំរុញទំហំពាណិជ្ជកម្មឲ្យឈានដល់៥ពាន់លានដុល្លារនៅឆ្នាំ២០១៧ផងដែរ។
លោក អ៊ាង សុផល្លែត បានស្រង់សម្តីរបស់លោក វេន ជាប៉ាវ ខណៈមានប្រសាសន៍ទៅកាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ៖ «ចិននឹងបន្តគំាទ្រកម្ពុជាពេញទំហឹងសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយសហការជាមួយកម្ពុជា មិនថាទ្វេភាគី ឬ ពហុភាគីសម្រាប់ការអភិវឌ្ឍកម្ពុជា»។
ចិនជាប្រទេសមួយនៅ ក្នុងចំណោមប្រទេសធំៗ ដែលផ្តល់ជំនួយនិងកម្ចីដល់កម្ពុជា ហើយការវិនិយោគរបស់ចិនក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃៗក្នុងតំបន់មានការកើនឡើងយ៉ាងខ្លាំងផងដែរ ។
លោក សុរិន ពិតសុវ៉ាន់ អគ្គលេខាធិការអាស៊ានបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅសន្និសីទ កាសែតខ្លីមួយកាលពីថ្ងៃអាទិត្យថា ការវិនិយោគរបស់ចិនចំពោះបណ្តាប្រទេសអាស៊ាននឹងបន្តកើនឡើង ហើយមេដឹកនាំទាំងពេលមុន និងបច្ចុប្បន្នកំពុងជំរុញឲ្យមានការវិនិយោគចូលមកក្នុងតំបន់។
លោកបានថ្លែងប្រាប់ក្រុមអ្នកកាសែតទៀតថា ៖ «ពាណិជ្ជកម្មសេរីជាមួយចិនរបស់យើង កំពុងដំណើរការទៅយ៉ាងអស្ចារ្យ។ បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានទទួលអត្ថប្រយោជន៍ជាច្រើន ហើយពាណិជ្ជកម្មបានលោតឡើងចំនួនជិត ២០ភាគរយក្នុងមួយឆ្នាំ ហើយយើងសង្ឃឹមថានឹងមានការវិនិយោគច្រើនជាងមុនពីចិន ចូលមកក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍»។
លោក សុរិន ពិតសុវ៉ាន់ អគ្គលេខាធិការអាស៊ានដែលអាណត្តិរយៈពេល៥ឆ្នាំរបស់លោកត្រូវ បញ្ចប់នៅកិច្ចប្រជុំកំពូលនេះបានថ្លែងថា ៖ «ពាណិជ្ជកម្មទាំងមូលបានកើនឡើងយ៉ាងខ្លាំង យើងស្វាគមន៍ចិន យើងស្វាគមន៍ការបើកទីផ្សាររបស់ចិន ហើយដូចដែលខ្ញុំបាននិយាយ យើងរំពឹងថានឹងមានការវិនិយោគច្រើនជាងមុនពីប្រទេសចិន ពីព្រោះទំហំពាណិជ្ជកម្មពីចិន គឺជាគម្លាតធំមួយបើប្រៀបធៀបនឹងដៃគូដទៃៗទៀតដែលមានទំហំ ពាណិជ្ជកម្មតិច ដូច្នេះយើងសង្ឃឹមថា យើងនឹងសង្ឃឹមថា យើងនឹងសង្កត់ធ្ងន់លើបញ្ហានោះ»៕ PS
ភ្នំពេញ ប៉ុស្តិ៍







