Headlines:

ពលរដ្ឋ​រងគ្រោះ​ដោយ​បញ្ហា​ដី​ធ្លី​បន្ត​ធ្វើ​ការ​តវ៉ា



121121_05
សកម្ម​ភាព​តវ៉ា របស់​ក្រុម​អ្នក​ភូមិ​ នៅ​លើ​វាល​ខ្សាច់​ នៃ​អតី​ត​បឹង​កក់​ ដែល​កើត​មាន​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃ។ រូបថត ហុង មិនា

ភ្នំពេញៈ ក្រុម​សកម្មជន​ដីធ្លី​ទាំង​ចាស់​ទាំង​ក្មេង​ ជាង ២០០ នាក់ មក​ពី​សហគមន៍​ចំនួន​បួន ក្នុង​រាជធានី​ភ្នំពេញ បាន​បន្ត​ជួប​ប្រជុំ​គ្នា នៅ​លើ​វាល​ខ្សាច់​អតីត​បឹងកក់ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង ៥០០ ម៉ែត្រ ពីវិ​មាន​សន្តិភាព ជា​ទី​ដែល​មេដឹក​នាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​មេដឹក​នាំ​រដ្ឋាភិបាល​អាមេរិក​ បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា អំពី​បញ្ហា​ជា​សាកល​របស់​អាស៊ាន និង​កិច្ច​ចរចា​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់។

កម្លាំង​សមត្ថកិច្ច​រាជធានី​រាប់​សិប​នាក់ ក៏ នៅ​តែ​ត្រូវ​បាន​គេ​ដាក់​ពង្រាយ នៅ​តាម​មាត់​ច្រក​ចេញ​ចូល​នានា​ដើម្បី​ទប់​ស្កាត់​ក្រុម​អ្នក​ភូមិ​ទាំង​នេះ កុំ​ឲ្យ​ហែ​ក្បួន​ចេញ​ផង​ដែរ​។

នេះ​ជា​ការ​តវ៉ា​ឈាន​ចូល​ដល់​ថ្ងៃ​ទី​បី ​ ដែល​ក្រុម​សកម្មជន​ដី​ធ្លី ក្នុង​សហគមន៍​បឹងកក់ បុរីកីឡា ថ្មគោល និង​សហគមន៍​ផ្លូវ​៣៤៧ ​បាន​នាំ​គ្នា​ធ្វើ​ការ​ទាមទារ ឲ្យ​មាន​ការ​ជួយ​​អន្តរាគមន៍ ពី​មេដឹក​នាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​មេដឹក​នាំ​អាមេរិក​លោក​ បារ៉ាក់ អូបាម៉ា ជួយ​ជំរុញ​ដល់​ប្រមុខ​រដ្ឋាភិបាល​ អំពី​ការ​លើក​កម្ពស់​សិទ្ធិ​ពលរដ្ឋ បញ្ឈប់​ការ​បណ្ដេញ​ចេញ និង​ដោះ​លែង​សមាជិក​របស់​ពួក​គេ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

សារ​ទាមទារ «បញ្ឈប់​អំពើ​ហិង្សា ការ​បណ្ដេញ​ចេញ សុំ​ដោះ​លែង​សកម្មជន​ដី​ធ្លី គឺ​អ្នក​ស្រី យ៉ោម​ បុប្ផា និង​ អ្នក​ស្រី ទឹម សាក់​មុន្នី និង​សិទ្ធិ​សេរីភាព នៃ​ការ​បញ្ចេញ​មតិ» ជា​ច្រើន​ផ្ទាំង ទាំង​តូច​ទាំង​ធំ ត្រូវ​បាន​គេ​ចង​ភ្ជាប់​នឹង​ប៉ឺតប៉ោង​ហោះ ចំនួន ១០០០​ ដែល​មាន​សរសេរ​ពាក្យ​ថា​ «SOS» ​មាន​ន័យ​ថា សូម​ជួយ​សង្គ្រោះ​ផង ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា​ទាំង​នេះ​បង្ហោះ​ឡើង​ទៅ​លើ​មេឃ​។ ខណៈ​នោះ គេ​ឃើញ​មាន​ឧទ្ធម្ភា​ចក្រ​នៃ​ក្រុម​កង​រក្សា​សន្តិ​សុខ ជិះ​ឆ្វែល​​ពីលើ​តំបន់​វាល​ខ្សាច់​ នៃ​អតីត​បឹងកក់ ជាទី​ដែល​ក្រុម​អ្នក​តវ៉ា​បាន​ជួប​ប្រជុំ​គ្នា។

អ្នក​ស្រី​ទេព វន្នី តំណាង​ក្រុម​អ្នក​តវ៉ា​ ក្នុង​តំបន់​បឹង​កក់ ដែល​តែង​តែ​អះអាង​ថា នឹង​មិន​មាន​ការ​តវ៉ា​ទេ បើ​សិន​ជា​បញ្ហា​គ្រប់​យ៉ាង​នៅ​ក្នុង​សហគមន៍​បឹងកក់ ​ត្រូវ​បាន​អាជ្ញាធរ យក​ចិត្ត​ទុក​ដាក់​ ដោះ​ស្រាយ​ប្រកប​ដោយ​តម្លា​ភាព​ និង​សម​ភាព​នោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា មេដឹក​នាំ​នានា​ដែល​មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​នេះ អាច​នឹង​មើល​ឃើញ និង​យល់​ពី​អត្ថន័យ​នៃ​សារ​អំពាវនាវ​«SOS» របស់​ពួក​គេ​ ហើយ​និង​ជួយ​ជំរុញ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត ក្នុង​ការ​ពន្លឿន​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ និង​តំបន់​នានា​ទូទាំង​ប្រទេស​កម្ពុជា។ អ្នក​ស្រី​បាន​បន្ថែម​ថា​៖«ខ្ញុំ​សង្ឃឹម​ថា បញ្ហា​ប្រឈម និង​ក្ដី​កង្វល់​ទាំង​អស់ របស់​សហគមន៍​យើង​ខ្ញុំ  អាច​នឹង​ត្រូវ​បាន​ជំរុញ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ជាក់​ជា​មិន​ខាន​»។

ក្រុម ​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ពី​បញ្ហា​នេះ ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរថា មេ​ដឹក​នាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន រួម​ទាំង​មេដឹក​នាំ​នៃ​ប្រទេស​លោក​ខាង​លិច នឹង​មិន​ព្រងើយ​កន្តើយ អំពី​បញ្ហា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែល​កើត​មាន​កាន់​តែ​ធ្ងន់​ធ្ងរ នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ឡើយ ហើយ​ជឿថា​មេ​ដឹក​នាំ​ទាំង​នោះ នឹង​ជំរុញ​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​កំណែ​ទម្រង់​បន្ថែម​ទៀត ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ​។

ជម្លោះ​ ដីធ្លី​ នៅ​ក្នុង​តំបន់​បឹងកក់ បាន​កើត​ឡើង​ ចាប់​តាំង​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ​ កែប ជុតិ​មា បាន​ចុះ​កិច្ច​សន្យា​ជួល​តំបន់​បឹង​កក់ ​រយៈ​ពេល ៩៩ ​ឆ្នាំ​ ទៅ​ឲ្យ​សមាជិក​ព្រឹទ្ធ​សភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ឡាវ ម៉េង​ឃីន ប្រធាន​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន នៅ​ក្នុង​ឆ្នាំ​ ២០០៧ ដោយ​មិន​បាន​ដោះ​ស្រាយ​សំណង​សមរម្យ​ជូន​ប្រជា​ពល​រដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់៕

This content has been locked. You can no longer post any comments.
Show/hide comments
busy