ភ្នំពេញៈ កាន់ម៉ាស៊ីនថតវីដេអូ ជាមួយនឹងជើងម៉ាស៊ីនថត លោក Hardjito អ្នកសារព័ត៌មានឥណ្ឌូនេស៊ី ធ្វើការឲ្យប្រព័ន្ធសារព័ត៌មាន Al-Jazeera ធ្លាប់តទល់នឹងសន្តិសុខនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
អ្នកកាសែតរូបនេះ ត្រូវបានសន្តិសុខនាំចេញពីបន្ទប់ប្រជុំនានា។ លោក Hardjito ត្រូវបានសន្តិសុខរុញទៅម្ខាង។ នៅពេលម្តងនោះ សន្តិសុខបានប្រាប់គាត់ថា អាវដៃខ្លីរបស់គាត់ ពុំស័ក្តិសម ដើម្បីចូលក្នុងកិច្ចប្រជុំមួយចំនួនឡើយ។ លោក Hardjito បានថ្លែងថា៖ «នេះជាបទពិសោធអាក្រក់ណាស់ចំពោះខ្ញុំ បើធៀបនឹងប្រទេសដទៃទៀត ...»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លង មកនេះ ទំនាក់ទំនងរវាងប្រព័ន្ធផ្សព្វផ្សាយ និងសន្តិសុខ ជាទំនាក់ទំនងដែលមានការប្រឈមមុខដាក់គ្នា។ វាបានឈានដល់ចំណុចកំពូល កាលពីថ្ងៃចន្ទ នៅពេលអ្នកសារព័ត៌មាន ត្រូវបានបញ្ជាឲ្យចេញពីបន្ទប់ ពេលលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីអាមេរិក ទើបចាប់ផ្តើមកិច្ចសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ស្លៀកពាក់ក្នុងឯកសណ្ឋាន មន្រ្តីសន្តិសុខ ដែលឃើញមានវត្តមាននៅគ្រប់កន្លែងនោះ ត្រូវបានគេរាយការណ៍ថា បានរុញ ច្រាន ចាប់ទាញ និងធ្វើសេចក្តីសម្រេចតាមអំពើចិត្ត អំពីថា តើអ្វីខ្លះដែលហួសដែនកំណត់។ ម្តងនោះ ពួកគេ បានដាក់កម្រាលរហែកពីលើកម្រាលព្រំដ៏វែងពណ៌ក្រហម ដើម្បីកុំឲ្យអ្នកសារព័ត៌មានធ្វើឲ្យប្រឡាក់។
យ៉ាងណាក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា អ្នកសារព័ត៌មានរហូតដល់ទៅ ២០០០ នាក់ បានចុះឈ្មោះ ដើម្បីយកព័ត៌មានក្នុងឱកាសកិច្ចប្រជុំអាស៊ាន ហើយកម្រិតសន្តិសុខគឺជាបញ្ហារក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព។ លោកលើកឡើងថា៖ «ការបង្ការជាការល្អប្រសើរណាស់»។ លោកបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយ នៅនឹងកន្លែងកិច្ចប្រជុំ កំពុងធ្វើការងារគួរឲ្យកោតសរសើរ។ «ពួកគេផ្សព្វផ្សាយយ៉ាងរលូន ហើយខ្ញុំកោតសរសើរចំពោះកិច្ចសហប្រតិបតិ្តការរបស់អ្នក គ្រប់គ្នា»។
ការកំហិតលើប្រព័ន្ធផ្សព្វផ្សាយ គឺស្របនឹងការខិតខំប្រឹងប្រែង របស់អាជ្ញាធរ ក្នុងការរក្សាសណ្តាប់ធ្នាប់ ខណៈដែលកិច្ចប្រជុំកំពូល កំពុងប្រព្រឹត្តទៅ។ ការពង្រឹងការអនុវត្តច្បាប់ មានដូចជា ការបិទស្ថានីយប្រេងឥន្ធនៈ និងហាង ការបញ្ឈប់បាតុកម្មនៅតាមផ្លូវធំៗ ការប៉ះទង្គិចជាមួយនឹងបាតុករ ការរារាំងក្រុមអង្គការសង្គមស៊ីវិលកុំឲ្យជួបប្រជុំ និងការឃុំខ្លួនប្រជាជនដែលសរសេរអក្សរ SOS នៅលើដំបូលផ្ទះរបស់ពួកគេ ដើម្បីឲ្យលោក អូបាម៉ា មើលឃើញ។
យោង តាមអ្នកសារព័ត៌មានឥណ្ឌូនេស៊ីដែលស្នើសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា លោក Marty Natalegawa រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីបានអញ្ជើញក្រុមអ្នកយកព័ត៌មាន ពីប្រទេសរបស់លោក ឲ្យចូលរួមក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃអង្គារ។ ការអញ្ជើញនោះ មិនបានបញ្ឈប់សន្តិសុខមិនឲ្យរាំងស្ទះផ្លូវរបស់ពួកគេឡើយ។ លោកស្រីបញ្ជាក់ថា៖ «យើងត្រូវពន្យល់ម្តងហើយម្តងទៀត រហូតទាល់តែទីបំផុតពួកគេព្រមឲ្យយើងទៅ»។
លោកស្រី Ellen Mondez Cruz ដែលធ្វើការឲ្យកាសែតជប៉ុន បានរៀបរាប់ឡើងវិញ អំពីករណីដែលលោកស្រីបាននិយាយជាមួយនឹងមន្រ្តីហ្វីលីពីន នៅជាន់ទី១នៃវិមានសន្តិភាព។ លោកស្រីបន្តថា៖«សន្តិសុខ៣នាក់បានដើរមកជិតយើងហើយនិយាយ ថា អ្នកមិនអាចនៅទីនេះទេ» ជាបញ្ជាដែលនឹងត្រូវគោរពតាម ប្រសិនបើមន្រ្តីហ្វីលីពីននោះ មិនកាត់សម្តីសន្តិសុខ ហើយប្រាប់សន្តិសុខថា ពួកគេកំពុងសន្ទនាគ្នា។ លោកស្រីបន្តថា៖ «បន្ទាប់មក នៅពេលយើងចប់ការសន្ទនា សន្តិសុខបានអមដំណើរយើងរហូតដល់ជាន់ផ្ទាល់ដី ពួកគេត្រូវប្រាកដថា យើងបានចេញផុត»។
លោកស្រីបាន បន្ថែមថា វាមិនមែនតែងតែបែបនេះឡើយ ហើយអ្នកយកព័ត៌មានដទៃទៀត ពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានយល់ស្របដូចលោកស្រីផងដែរ។ នៅកិច្ចប្រជុំកំពូលមុនៗ អ្នកយកព័ត៌មានបានថ្លែងថា មានកន្លែងអាចទៅសួរមន្រ្តីបាន ក៏មានឯកសារផ្សព្វផ្សាយផងដែរ ហើយជាទូទៅ នីតិវិធីមានការរៀបចំ។
តម្រូវឲ្យមានប័ណ្ណឆ្លងកាត់ខុសៗ គ្នាដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលខុសៗគ្នា ដោយកិច្ចប្រជុំកំពូលមួយចំនួនបានប្រព្រឹត្តទៅក្នុងបន្ទប់តែមួយ ។ ប៉ុន្តែ ដោយអស់ប័ណ្ណឆ្លងកាត់ ដែលមានចំនួនកម្រិត អ្នកយកព័ត៌មាន ដែលបានចុះឈ្មោះយកព័ត៌មាន អំពីកិច្ចប្រជុំកំពូលអាស៊ាន អាចមិនបានចូលក្នុងកិច្ចប្រជុំ ដោយឈរនៅជាន់ទី១នៃវិមានសន្តិភាព ដោយព្យាយាមសួរសំណួរមន្រ្តី ទាំងបរាជ័យ ពេលពួកគេដើរចេញពីជណ្តើរយន្ត៕ TK
ភ្នំពេញ ប៉ុស្តិ៍








អ្នកសារពត៌មានមិនអោយចូលយកពត៌មានទៅវីញ ហ្នឹងហើយគេហៅថាការរំលោភសិទ្ធិអ្នក
សារពត៌មាន ចឹងហើយបើនិយាយពីការរំលោភសិទ្ធិមនុស្សទៅលើប្រជាពលរដ្ឋខ្មែរវិញគឺ ១០០
ភាគរយ!!!