​កម្ពុជា​បើក​វគ្គ​ហ្វឹក​ហ្វឺន​លំហាត់​ឆ្មាំ​អង្គរ ២០១៤ រវាង​កង​ទ័ព​ជើង​គោក​កម្ពុជា និង​កង​ទ័ព​​អាមេរិក​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​​នេះ​ក្នុង​ខេត្ត​កំពង់​ស្ពឺ លើ​ការ​ងារ​សហ​ប្រតិ​បត្តិ​ការ​សន្តិ​សុខ និង​ដើម្បី​កសាង​សមត្ថភាព​ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយនិង​ជំនួយ​មនុស្ស​ធម៌។
Headlines:

អូស្ត្រាលី​ឃ្លាំ​មើល​ការ​ស៊ើប​អង្កេត​ពី​អំពើ​ពុករលួយ​លើ​កម្មវិធី​គ្រុនចាញ់



121121_04
លោក​ស្រី Julia Gillard នាយក​រដ្ឋ​មន្ត្រី​អូស្ត្រា​លី​។ រូបថត ស្រេង ម៉េង​ស្រ៊ុន

ភ្នំពេញៈ លោក​ស្រី Julia Gillard នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​អូស្ត្រាលី​បាន​ឃ្លាំ​មើល​ការ​ស៊ើប​អង្កេត​ពី​អំពើ​ពុករលួយ ធ្វើ​ឡើង​ដោយ​អង្គការ Global Fund ទៅ​ក្នុង​កម្មវិធី​ជំងឺ​គ្រុន​ចាញ់​នៅ​កម្ពុជា ខណៈ​ពេល​ដែល​វា​លេច​ចេញ​ថា ទីភ្នាក់ងារ AusAid ម្ចាស់​ជំនួយ​ធំ​នៃ​អង្គការ​នេះ បាន​ស្នើសុំ​ចម្លើយ អំពី​ការ​ស៊ើប​អង្កេត បន្ទាប់ពី​ដឹង​អំពី​អំពើ​ពុករលួយ កាលពី​ជាង ៥ ខែ​មុន។

ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​អម​នឹង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លោក​ស្រី Gillard  ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​សួរ​សំណួរ​ថា តើ​ហេតុ​អ្វី បាន​ជា​អូស្ត្រាលី មិន​បាន​ជំរុញ​ឲ្យ​ខ្លាំង​ថែម​ទៀត ក្នុង​ការ​ដោះស្រាយ​ការ​ចោទ​ប្រកាន់​ដែល​បាន​ដឹង​ជា​យូរ​មក​ហើយ​នេះ ដោយ​បញ្ហា​នេះ អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត​មនុស្ស?

លោក​ស្រី​បាន​ឆ្លើយ​ថា៖ «ខ្ញុំ​ជឿថា យើង​អាច​មាន​មោទនភាព​ណាស់ ចំពោះ​ការងារ​របស់​ទីភ្នាក់ងារ​AusAid និង​ចំពោះ​ការ​ប្រុងប្រយ័ត្ន ដែល​ពួក​គេ បាន​បង្ហាញ​ក្នុង​ការ​ចែកចាយ​ប្រាក់​ដុល្លារ​អូស្ត្រាលី។ ខ្ញុំ​ដឹង​អំពី​ការ​ចោទ​ប្រកាន់ ដែល​អ្នក​បាន​លើក​ឡើង ហើយ​ការ​ចោទ​ប្រកាន់​នេះ កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត»។ លោក​ស្រី Gillard បាន​បន្ត​ថា អូស្ត្រាលី​មាន​«វិធី​តឹងរ៉ឹង​ចំពោះ​ការ​ចាយ​វាយ​ប្រាក់​ដុល្លារ​អូស្ត្រាលី» ហើយ​មាន​ប្រព័ន្ធ​ឃ្លាំ​មើល​ប្រាក់​ជំនួយ។

សារព័ត៌មាន​ពីរ​គឺ  The Age និង The Sydney Morning Herald នឹង​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ទីភ្នាក់ងារ AusAid បាន​បញ្ជាក់​ថា ខ្លួន​បាន​ដឹង​អំពី​ការ​ស៊ើប​អង្កេត កាលពី​ខែ​ឧសភា ហើយ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង លើ​ការ​ចោទ​ប្រកាន់​នេះ បើ​ទោះ​បី​ទីភ្នាក់ងារ​នេះ​នៅ​ស្ងាត់ស្ងៀម​អំពី​សេចក្តី​លម្អិត​ក្តី។

សារព័ត៌មាន​ទាំង​ពីរ​នឹង​រាយការណ៍​ថា ចាប់​តាំង​ពី​ពេល​នោះ ទីភ្នាក់ងារ AusAid បាន​ស្នើ​សុំ​ព័ត៌មាន​ថ្មីៗ​ទាក់ទង​នឹង​ការ​ស៊ើប​អង្កេត។

មន្ត្រី​នៅ​អង្គការ Global Fund ក៏​មិន​បាន​បញ្ចេញ​ព័ត៌មាន​អំពី​ការ​ស៊ើប​អង្កេត​ដែរ ប៉ុន្តែ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ពួក​គេ​បាន​រក​ឃើញ​ពី«កំហុស​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ» ដែល​បាន​ប្រព្រឹត្ត​ដោយ​អ្នក​ផ្តល់​សេវា​សុខភាព​កម្ពុជា ដែល​អង្គការ​បាន​ផ្តល់​ជំនួយ​ឲ្យ។

បើទោះបីជា​ម្ចាស់​ជំនួយ ទីភ្នាក់ងារ​ជំនួយ​និង​ក្រសួង​សុខាភិបាល នៅ​តែ​ស្ងាត់ស្ងៀម​អំពី​វិសាលភាព​នៃ​ការ​ស៊ើប​អង្កេត​ក៏ដោយ ក៏​សេចក្តី​លម្អិត​បាន​លេច​ចេញ​បន្តិច​ម្តងៗ អំពី​របៀប​ដែល​មន្ត្រី​កម្ពុជា បាន​យក​ប្រាក់​ចេញពី​លទ្ធកម្ម​ដែល​ឯកភាព​ដោយ​អង្គការ Global Fund។

កាលពី​ថ្ងៃ​ចន្ទ ភ្នំពេញ ប៉ុស្តិ៍​បាន​បង្ហាញ​ថា Sumitomo Chemical Singapore ដែល​ផ្គត់ផ្គង់​មុង​ដល់​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ផ្តើម​ធ្វើ​ការ​ស៊ើបអង្កេត​ពី​អំពើ​ពុករលួយ​ផ្ទៃ​ក្នុង​ផ្ទាល់​របស់​ខ្លួន ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​ការ​ស៊ើប​អង្កេត របស់​អង្គការ Global Fund។

ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រោយ​មក​បាន​បង្ហាញ​ថា ប្រាក់​កេង​បន្លំ​ពី​កម្មវិធី​ជំងឺ​គ្រុន​ចាញ់ គឺមាន​កម្រិត​ក្រោម​១លាន​ដុល្លារ ដោយ​យោង​តាម​ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ។

ប្រភព​មួយ​ចំនួន ពី​ក្រុម​អ្នក​គាំពារ​សុខាភិបាល និង​មន្ត្រី​ការ​ទូត​នៅ​ភ្នំពេញ ក៏​បាន​ប្រាប់ AFP ផង​ដែរ​ថា អង្គការ Global Fund បាន​បើក​ការ​ស៊ើប​អង្កេត​លើក​ទី​ពីរ ទៅ​លើ​ការ​ប្រើប្រាស់​ថ្នាំ​ក្លែងក្លាយ​នៅ​ក្នុង​កម្មវិធី​ដែល​ខ្លួន​ឧបត្ថម្ភ​ថវិកា ខណៈ​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ប្រាប់ AFP ថា លោក​មិន​បាន​ទទួល​ព័ត៌មាន អំពី​ការ​អះអាង ពី​អំពើ​ពុករលួយ​ដូច​បាន​លើក​ឡើង​នោះ​ទេ។

លោក​ស្រី Gillard បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​ស្រី​មាន​មោទនភាព ចំពោះ​ការងារ​ដែល AusAid បាន​ធ្វើ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ ដូចជា​ជំងឺ​គ្រុន​ចាញ់ ជាពិសេស​កម្មវិធី​ចាក់​ថ្នាំ​បង្ការ និង​សន្និសីទ​មួយ ស្តីពី​ជំងឺ​គ្រុនចាញ់ ដែល​អូស្ត្រាលី បាន​រៀបចំ​ឡើង កាលពី​ដើម​ខែ​នេះ ហើយ​ដែល​មន្ត្រី​ពី​មជ្ឈមណ្ឌល​ជាតិ ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ របស់​កម្ពុជា បាន​ចូល​រួម​ដែរ។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា អូស្ត្រាលី បាន​ប្តេជ្ញា​ផ្តល់​នូវ​ទឹក​ប្រាក់​ចំនួន​១០០​លាន​ដុល្លារ​ទៀត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

លោក​ស្រី Gillard បាន​ថ្លែង​បន្ត​ទៀត​ថា៖«យើង​នឹង​ធ្វើ​ឡើង​ទៅ​តាម​បទពិសោធ ដែល​យើង​ធ្លាប់​មាន​រួច​មក​ហើយ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​នៅ​តំបន់​របស់​យើង និង​ជុំវិញ​ពិភពលោក»៕TK/PS

This content has been locked. You can no longer post any comments.
Show/hide comments
busy