Headlines:

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បាន​បញ្ចប់​ដោយ​ជោគជ័យ ប៉ុន្តែ​មិន​ទាន់​ពេញ​លេញ​ទេ



121121_01
(ពីឆ្វេង​) មេ​ដឹក​នាំ​ជប៉ុន យូស៊ី​ហ៊ីកូ ណូដា អា​មេរិក ​បារ៉ាក់ អូបា​ម៉ា ចិន វេន ជា​ប៉ាវ និង​កូរ៉េ​ខាង​ត្បូង លោក​លី ម្យុង​បាក់​​​។ រូបថត ម៉េង​ស្រ៊ុន

ភ្នំពេញៈ បន្ទាប់​ពី​មាន​ភាព​តានតឹង​រយៈ​ពេល​បី​ថ្ងៃ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ បាន​បញ្ចប់​ដោយ​មិន​ទទួល​បាន​ជោគជ័យ​ពេញ​លេញ​ទេ ខណៈ​ដែល​បញ្ហា​នៅ​តែ​បន្ត​មាន​ភាព​ខ្វែង​គំនិត​ផ្នែកការ​ទូត​មួយ​ចំនួន ដែល​បាន​បង្ហាញ​ឡើង​ក្នុង​រយៈ​កាល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ហាក់​បី​ដូច​ជា​ត្រូវ​បាន​ជួសជុល។

មិន​ដូច​កាល​ពី​ខែ​កក្កដា​ទេ សេចក្តី​ថ្លែង​ការណ៍​រួម​ជា​សាធារណៈ​មួយ​ត្រូវ​បាន​ចេញ ដោយ​មាន​បញ្ហា​ខ្វែង​គំនិត​តិចតួច។ ប៉ុន្តែ​នៅ​ខាង​ក្រៅ​វិញ​ការ​សន្ទនា​ជា​លក្ខណៈ​ឯកជន និង​ការ​អត្ថាធិប្បាយ​ជា​សាធារណៈ​ គឺ​មាន​លក្ខណៈ​ដូច​គ្នា​ គឺថា ការ​បង្រួប​បង្រួម​អាស៊ាន ហាក់​ដូច​ថា​រដ្ឋ​មិន​មែន​អាស៊ាន​បាន​ទាញ​ប្លុក​នេះ​ឲ្យ ធ្លាក់​ទៅ​ទិសដៅ​ពីរ​ពាក់ព័ន្ធ​នឹង​របៀប​ដោះស្រាយ​បញ្ហា​នៅ​សមុទ្រ ចិន​ខាង​ត្បូង។

បន្ទាប់​ពី​កិច្ច​ប្រជុំ​អាស៊ី​បូព៌ា​ជាន់​ខ្ពស់ កាល​ពី​ម្សិលមិញ ដែល​រួម​មាន​បណ្តា​ប្រមុខ​រដ្ឋ​អាស៊ាន និង​សមភាគី​របស់​ពួក​គេ​មក​ពី​អាមេរិក ចិន ជប៉ុន អូស្រ្តាលី ​និង​បណ្តា​ប្រទេស​ដទៃ​ទៀត ក៏​ក្រុម​មន្រ្តី​បាន​ថ្លែង​លាប​ពណ៌​ផ្សេងៗ​គ្នា អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​នោះ។

ហ្វីលីពីន បាន​ធ្វើ​សន្និសីទ​កាសែត​មិន​គ្រោង​ទុក​មួយ​ភ្លាមៗ បន្ទាប់​ពី​ពិធី​បិទ​កិច្ច​ប្រជុំ​កំពូល​នោះ ដើម្បី​បង្ហាញ​ពី​ភាព​មិន​ពេញ​ចិត្ត​របស់​ខ្លួន ដោយ​លើក​ឡើង​អំពី​វិធី​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ ​ប៉ុន្តែ​ទោះ​យ៉ាង​ដូច្នោះ​ក្តី ពាក្យ​សម្តី​ដែល​លើក​ឡើង​ទាំង​នោះ មិន​មាន​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន​អាស៊ាន​ទេ។

បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ចេញ​ដោយ​គណៈ​ប្រតិភូ​នោះ​ថា​ ប្រធានាធិបតី​ហ្វីលីពីន Benigno Aquino បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ថា ៖ «ប្រវត្តិសាស្រ្ត​នា​ពេល​ថ្មីៗ​នៃ សមុទ្រ​ចិន​ខាង​ត្បូង​បាន​បង្ហាញ​ឲ្យ​ឃើញ និង​បញ្ហា​ដែន​កំណត់​នៃ​តំបន់​សមុទ្រ​ទាំង​នោះ កំពុង​ក្លាយ​ជា​លក្ខណៈ​បន្ទាន់​ដ៏​សំខាន់»។

នាយក​រដ្ឋ​មន្រ្តី​ជប៉ុន លោក យូស៊ីហ៊ីកូ ណូដា បាន​លើក​ឡើង​អំពី​ក្តី​បារម្ភ​របស់​លោក​មួយ​ថ្ងៃ​មុន​នោះ ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ក៏​សម្តែង​ក្តី​បារម្ភ​ដូច​គ្នា​នោះ​ដែរ ​ដោយ​ថ្លែង​ថា ជម្លោះ​នៅ​សមុទ្រ​នោះ​បាន​បង្ក​ឲ្យ​មាន​ការ​គំរាម​កំហែង​សន្តិសុខ ដែល​អាច​លាត​សន្ធឹង​រហូត​ដល់​ភាគី​ដែល​មិន​ពាក់ព័ន្ធ​ផ្ទាល់។ នេះ​បើ​យោង​តាម​អ្នក​ចូល​រួម​កិច្ច​ប្រជុំ និង​សេតវិមាន។

អនុទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Ben Rhodes បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ខ្លី​មួយ​នៅ​សេតវិមាន​ថា​៖ «​យើង​គិត​ថា ការ​ពិភាក្សា​ទ្វេ​ភាគី​មិន​មែន​ជា​វិធី​ដោះស្រាយ​បញ្ហា​នៅ​សមុទ្រ​ចិន ​ខាង​ត្បូង​ទេ​។ យើង​ជឿ​ថា បញ្ហា​ទាំង​នេះ​ ត្រូវ​ធ្វើ​ឡើង​ដោយ​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ ហើយ​ពិភាក្សា​នៅ​ក្នុង​លក្ខណៈ​ពហុ​ភាគី​»។

លោក​បន្ត​ថា​៖ «​សហរដ្ឋ​អាមេរិក​មិន​មែន​ជា​ភាគី​ទាមទារ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ប៉ុន្តែ​ យើង​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ទី​នោះ​ដោយ​សារ​តួនាទី​របស់​ ខ្លួន​នៅ​ក្នុង​សេដ្ឋកិច្ច​​​សកល»។

ប៉ុន្តែ ខណៈ​ដែល​ការ​ខ្វែង​គំនិត​ពាក់ព័ន្ធ​នឹង​របៀប​ដោះស្រាយ​ជម្លោះ​នៅ សមុទ្រ​ចិន​ខាង​ត្បូង ប្រហែល​ជា​បាន​កើត​មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ខ្ពស់​យ៉ាង​ហោច ចំនួន​បី ដែល​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​ពី​រថ្ងៃ​កន្លង​ទៅ​នេះ ភស្តុតាង​បង្ហាញ​ជា​សាធារណៈ​អំពី​ភាព​ខ្វែង​គំនិត​នោះ​មាន​តិច​តួច​ប៉ុណ្ណោះ។

ក្នុង​សំណៅ ចុង​ក្រោយ​នៃ​សេចក្តី​ថ្លែងការណ៍​រួម និង​សេចក្តី​ថ្លែង​ការណ៍​ប្រធាន​សម្រាប់​កិច្ច​ប្រជុំ​អាស៊ីបូព៌ា កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​សហរដ្ឋ​អាមេរិក និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​ជប៉ុន ​ប្រធាន​បទ​នេះ​ត្រូវ​សរសេរ​ឡើង​ដោយ​ប្រើ​ពាក្យ​មិន​ច្បាស់​លាស់ ទាក់ទង​នឹង​សន្តិសុខ​តំបន់​សមុទ្រ​។ ពុំ​មាន​ការ​លើក​ឡើង​អំពី​ការ​ខ្វែង​គំនិត​គ្នា ថា​តើ​គួរ​ដោះស្រាយ​ជម្លោះ​ដោយ​របៀប​ណា​ឡើយ ហើយ​ពុំ​មាន​ការ​លើក​ឡើង​អំពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។

ប៉ុន្តែ​ ក្នុង​អំឡុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ការ​ប៉ះទង្គិច​ អំពី​ថា​តើ​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា បាន​កើត​មាន​ឡើង។ ​ខណៈ​ដែល​ហ្វីលីពីន​បាន​បង្ហាញ​ការ​មិន​យល់​ស្រប​របស់​ខ្លួន​យ៉ាង ខ្លាំង ប្រទេស​ដទៃ​ទៀត​បាន​សង្កត់​ធ្ងន់​លើ​ចំណុច​របស់​ពួក​គេ។ ​បន្ទាប់​ពី​កម្ពុជា​បាន​ប្រកាស​ថា មាន​ការ​ព្រមព្រៀង​រវាង​អាស៊ាន ដោយ​មិន​ធ្វើ​អន្តរជាតូបនីយកម្ម​ជម្លោះ​តំបន់​សមុទ្រ ហ្វីលីពីន​បាន​បដិសេធ​ការ​ប្រកាស​នេះ ដោយ​គូស​បញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ម្តង​ហើយ​ម្តង​ទៀត​ថា ពុំ​មាន​មតិ​ស្រប​គ្នា​ជា​ឯកច្ឆន្ទ​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​អង្គារ សិង្ហបុរី បាន​ទទួល​ស្គាល់​ថា ​សិង្ហបុរី​ក៏​បាន​យល់​ឃើញ​ផង​ដែរ​ថា ការ​អះអាង​របស់​កម្ពុជា អំពី​ការ​ឯកភាព អាស៊ាន​មាន​លក្ខណៈ​ខ្វះខាត ដោយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បាន​ថ្លែង​ថា លោក​នាយក​រដ្ឋ​មន្រ្តី Lee Hsien Loong បាន​លើក​ឡើង​អំពី​បញ្ហា​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​សិង្ហបុរី បាន​ឲ្យ​ដឹង​តាម​អ៊ីមែល​ថា ៖ «សេចក្តី​ព្រាង​នៃ​សេចក្តី​ថ្លែង​ការណ៍​របស់​ប្រធាន​នៃ​កិច្ច​ប្រជុំ​ កំពូល​លើក​ទី ២១ មាន​ភាព​មិន​ត្រឹមត្រូវ​មួយ​ចំនួន​ដែល​ត្រូវ​កែ​តម្រូវ​ ជា​ពិសេស នៅ​ពេល​ស្រង់​សម្តី​មេដឹកនាំ​របស់​យើង​ខុស​ ទាក់​ទង​នឹង​ការ​ពិភាក្សា​អំពី​សមុទ្រ​ចិន​ខាង​ត្បូង​។ ​ហ្វីលីពីន​បាន​ពន្យល់​ពី​គោល​ជំហរ​របស់​ខ្លួន​ប្រាប់​ប្រធាន ​ហើយ​ប៊្រុយណេ ឥណ្ឌូនេស៊ី និង​វៀតណាម ក៏​បាន​ពន្យល់​ផង​ដែរ​។ ​យើង​ក៏​បាន​ធ្វើ​ដូច​គ្នា​នេះ​ដែរ»។

អ្នក​នាំ​ពាក្យ​ដដែល​នេះ​បន្ថែម​ក្រោយ​មក​ទៀត​ថា ពួក​គេ​យល់​ថា ​សំណៅ​ចុង​ក្រោយ​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ។​

អ៊ីមែល​បាន​បន្ត​ថា ៖ «​ក្នុង​អំឡុង​កិច្ច​ប្រជុំ​អាស៊ាន​ចង្អៀត  មេ​ដឹក​នាំ​អាស៊ាន​បាន​ព្រម​ព្រៀង​​ថា ក្រម​ប្រតិបតិ្ត​នៅ​សមុទ្រ​ខាង​ត្បូង តាម​និយម​ន័យ គួរ​តែ​ចរចា​រវាង​អាស៊ាន​និង​ចិន។ ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា ​ប្រទេស​ដទៃ​ទៀត​គ្មាន​ផល​ប្រយោជន៍​លើ​បញ្ហា​នេះ​នោះ​ទេ​»។ ​

ប៉ុន្តែ​ បើ​ទោះ​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ច្បាស់​ក៏​ដោយ ក៏​ប៉ុន្តែ​ប្រទេស​ទាំង​អស់​ហាក់​ដូច​ជា​ចង់​ចៀស​វាង​កុំ​ឲ្យ​កើត​មាន​ កំហុស ដូច​កិច្ច​ប្រជុំ​កំពូល​កាល​ពី​ខែ​កក្កដា ដែល​អាស៊ាន​បាន​ខកខាន​ចេញ​សេចក្តី​ប្រកាស​រួម​ជា​លើក​ទី​១ ក្នុង​ប្រវតិ្ត​សាស្រ្ត ៤៥ ឆ្នាំ​របស់​ខ្លួន។

សូម្បី​តែ ចិន ដែល​ទទួល​រងការ​រិះគន់​កាល​ពី​ខែ​កក្កដា​ថា បាន​ដាក់​សម្ពាធ​ខ្លាំង​មក​លើ​កម្ពជា ​ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្លួន​ឲ្យ​កប់​ចោល​ជម្លោះ​ តំបន់​សមុទ្រ​នេះ​ ក៏​បាន​គូស​បញ្ជាក់​ថា ខ្លួន​បើក​ចំហ​ចំពោះ​កិច្ច​ពិភាក្សា​បញ្ហា​ដោយ​«ស្មោះ​ត្រង់​»។

លោក​ស្រី Fu Ying អនុ​រដ្ឋ​មន្រ្តី​ការ​បរទេស​ចិន បាន​ថ្លែង​ថា ៖ «​ចិន​ប្រកាន់​ខ្ជាប់​គោលនយោបាយ​អ្នក​ជិត​ខាង​ល្អ ... ហើយ​យើង​ប្តេជ្ញា​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ យើង​មិន​ស្រប​នឹង​ការ​ធ្វើ​អន្តរជាតូបនីយកម្ម​បញ្ហា​នេះ​ទេ ហើយ​លោក​នាយក​រដ្ឋ​មន្រ្តី វេន ជាប៉ាវ ក៏​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​នឹង​មេដឹក​នាំ​អាស៊ាន​ថា  ​លោក​មាន​កិច្ច​ពិភាក្សា​ស្មោះ​ត្រង់ និង​មាន​ផ្លែ​ផ្កា​ជាមួយ​នឹង​ប្រទេស​អាស៊ាន»។

កាល​ពី​ខែ​មេសា ការ​ថ្លែង​បិទ​កិច្ច​ប្រជុំ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន  បាន​រួម​បញ្ចូល​​នូវ​ការ​រិះគន់​ខ្លាំងៗ​ទៅ​លើ​អ្នក​វិភាគ​នយោបាយ និង​ក្រុម​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង។

ប៉ុន្តែ​កាលពី​ម្សិលមិញ​លោក​មិន​បាន​ថ្លែង​ដោយ​មិន​បាន​គ្រោង​ទុក​ដូច​កាល ​ពី​ពេល​មុន​ទេ ​លោក​បាន​អាន​សុន្ទរ​កថា​រៀបចំ​ទុក​មួយ ដោយ​លោក​លើក​ឡើង​អំពី​ចំណុច​សំខាន់​នៃ​កិច្ច​ប្រជុំ​នីមួយៗ។

បន្ទាប់​ពី​ថ្លែង​តិច​ជា ៣០​នាទី លោក​បន្ទាប់​មក​បាន​ប្រកាស​ថា លោក​នឹង​មិន​អាច​ទទួល​យក​សំណួរ​ណា​នោះ​ទេ​ដោយ​លោក​លើក​ឡើង​ថា ​អស់​កម្លាំង​មាន​ភាព​នឿយហត់។

លោក​បាន​ថ្លែង​បន្ត​ថា ​៖ «ខ្ញុំ​មិន​ភ័យ​ខ្លាច ចំពោះ​ការ​ឆ្លើយ​តប​គ្រប់​ប្រភេទ​សំណួរ​ទាំង​អស់​។ ខ្ញុំ​អាច​និយាយ​រហូត​ដល់ ៥ ​ម៉ោង​ដោយ​មិន​ឈប់​»។ ​ប៉ុន្តែ​លោក​បន្ត​ទៀត​ថា ៖ «ខ្ញុំ​មាន​ការ​នឿយហត់​អស់​កម្លាំង ​និង​មាន​ទុក្ខ​ចំពោះ​ការ​យាង​ចូល​ទិវង្គត​របស់​សម្តេច​ឪ នរោត្តម​ សីហនុ។ ខ្ញុំ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ពី​ការ​បង្ហូរ​ទឹក​ភ្នែក​ទេ »។

មន្រ្តី​ក្រសួង​ការ​បរទេស​មិន​អាច​ទាក់ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ៕ PS/TK

This content has been locked. You can no longer post any comments.
Show/hide comments
busy