ក្រចេះ :អតីតសង្ឃបីអង្គត្រូវសាលាដំបូងខេត្តក្រចេះធ្វើការចោទប្រកាន់នៅថ្ងៃម្សិលមិញពីបទមនុស្សឃាតដោយចេតនាពាក់ព័ន្ធនឹងការវាយសម្លាប់យុវជនញៀនថ្នាំម្នាក់ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ កាលពីឆ្នាំមុន។
លោកវរសេនីយ៍ត្រី ហ៊ួត លឹមហៀង ស្នងការរងនគរបាលខេត្តក្រចេះ មានប្រសាសន៍ថា អតីតសង្ឃឈ្មោះ ញ៉ែម ថុល វ័យ ២០ឆ្នាំ ឈ្មោះ ផន គាងហេង វ័យ១៨ឆ្នាំ និងឈ្មោះ ស៊ីម សុភា វ័យ១៨ឆ្នាំ ស្នាក់នៅវត្តកញ្ជរ ឋិតនៅក្នុងភូមិកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវសាលាដំបូងខេត្តនេះ ធ្វើការចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនាប្រព្រឹត្តកាលពី ថ្ងៃទី១ ខែមករា ឆ្នាំ២០១១។
លោកស្នងការរងបន្តថា អតីតសង្ឃជាប់ចោទទាំងបីនេះត្រូវនគរបាលព្រហ្មទណ្ឌខេត្ត ក្រចេះចាប់ខ្លួនកាលពីថ្ងៃទី២០ វិច្ឆិកាមុននេះ ពាក់ព័ន្ធនឹងការសម្លាប់យុវជនអាយុ១៨ឆ្នាំម្នាក់នៅក្នុងភូមិ-ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។
លោកស្នងការរងបញ្ជាក់ថា៖ « ជនជាប់ចោទទាំងនេះត្រូវបានចាប់ខ្លួនដោយផ្អែកតាមដីកាចាប់ខ្លួន របស់តុលាការខេត្ត និងត្រូវតុលាការខេត្តចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា»។
លោក ហ៊ួត លឹមហៀង បានបន្ថែមថា ជនជាប់ចោទទាំងបីត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅ ពន្ធនាគារខេត្តរង់ចាំការកាត់ទោសពេលខាងមុខ។
លោក ហុង សុខលី អធិការនគរបាលស្រុកឆ្លូងបានឲ្យដឹងថា ឈ្មោះ ញ៉ែម ថុល ផន គាងហេង និង ស៊ឹម សុភា គឺជាអតីតសមណសិស្សដែលបានស្នាក់សិក្សាក្នុងវត្តកញ្ជរ ក្នុងឃុំកញ្ជរ។ នៅថ្ងៃទី១ ខែមករាឆ្នាំ ២០១១ ពួកគេបានឈ្លោះគ្នានឹងយុវជន ម៉េង វិសាល អាយុ១៨ឆ្នាំ ជាអ្នកប្រើប្រាស់គ្រឿងញៀននៅក្នុងវត្ត។
លោកឲ្យដឹងដែរថា៖ «ពួកគេមានជម្លោះវាយតប់គ្នាបណ្ដាលឲ្យជនរងគ្រោះស្លាប់នៅក្នុង វត្ត ហើយគេបានយកសាកសពជនរងគ្រោះច្រកក្នុងបាវ ចងនឹងដុំថ្មរួចបោះចូលក្នុងទឹកទន្លេ»។
លោកថា៖ «បន្ទាប់ពីសម្លាប់ជនរងគ្រោះ ជនជាប់ចោទទាំងបីនាក់នេះ ក៏បានបួសជាសង្ឃ និងគង់នៅក្នុងវត្តកញ្ជរនេះអស់ពេលមួយឆ្នាំ។ ពួកគេត្រូវចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា ហើយត្រូវចាប់ផ្សឹកនិងចាប់ខ្លួនដោយផ្អែកតាមដីកាចាប់ខ្លួន របស់តុលាការខេត្តក្រចេះ»។
លោកបានបន្ថែមថា យោងតាមក្រមព្រហ្មទណ្ឌ បើសិនពួកគេត្រូវបានរកឃើញមានពិរុទ្ធភាព ពួកគេនឹងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារយ៉ាងតិច១៥ឆ្នាំដែរ។
ជនជាប់ចោទទាំងបីនាក់នេះ និងមេធាវីការពារក្ដីពួកគេមិនអាចទាក់ទងសុំការអធិប្បាយជុំ វិញ ការចោទប្រកាននេះបានទេ កាលពីម្សិលមិញ៕ PN
ភ្នំពេញ ប៉ុស្តិ៍







