ប្រជាពលរដ្ឋជនជាតិដើមភាគតិច«ព័រ» ចំនួន១៦០គ្រួសារកំពុងប្រឈមនឹងការបាត់បង់ដីព្រៃចម្ការវិលជុំ ដែលពួកគាត់កំពុងអាស្រ័យផល បន្ទាប់ពីក្រុមហ៊ុនឯកជនមួយបានបោះបង្គោលរំលោភយកចម្ការវិលជុំ ជាង២ហិកតានៅឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
លោក ឆឺត ឈន អាយុ៤៣ឆ្នាំ ជាតំណាងសហគមជនជាតិដើមភាគតិចព័រក្នុងខេត្តបាត់ដំបងបានអះអាងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ក្រុមហ៊ុនមួយឈ្មោះរ័ត្ន សម្បត្តិ ដែលបានទទួលដីសប្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល បានធ្វើការបោះបង្គោលចូលដីចម្ការវិលជុំរបស់ជនជាតិព័រចំនួន២ ហិកតា។
លោកឆឺត ឈន បានបញ្ជាក់ថា៖«ជនជាតិយើង១៦០គ្រួសាររស់នៅពឹងលើអនុផលព្រៃ ឈើតាមលក្ខណៈប្រពៃណីពីចម្ការវិលជុំនេះ។ បើបាត់វាទៅ យើងដូចជាបាត់បង់អ្វីៗទាំងអស់។ ប៉ះពាល់ដល់ជីវភាព មិនដឹងរស់យ៉ាងម៉េចនោះទេ»។
លោក ឆឺត ឈន បានបន្ថែមថា សហគមជនជាតិដើមភាគតិចព័ររបស់ពួកគាត់ចាប់មានបញ្ហាដីធ្លីជាមួយ នឹងក្រុមហ៊ុនមួយនេះតាំងតែពីឆ្នាំ២០០៨មក ហើយបានដាក់ពាក្យសុំជួយអន្តរាគមន៍ និងរកដំណោះស្រាយពីអាជ្ញាធរខេត្តចំនួន៣ដងមកហើយ ប៉ុន្តែគ្មានបានលទ្ធផលនោះទេ។ លោកឆឺត ឈនបានថ្លែងថា «អាជ្ញាធរបានត្រឹមតែសន្យាថាចុះមកវាស់វែងដីព្រៃឲ្យជនជាតិភាគ តិចយើងនៅខែវិច្ឆិកានេះ តែជិតដាច់ខែទៅហើយ មិនទាន់មកទៀត។ យើងបារម្ភណាស់»។ លោកក៏បានបន្តផងដែរថា ក្រៅពីអាជ្ញធរប្រជាពលរដ្ឋក៏បានស្វះស្វែងរកអន្តរាគមន៍ពីអង្គការ ក្រៅរដ្ឋាភិបាលផងដែរ។
លោកយិន ម៉េងលី អ្នកសម្របសម្រួសសមាគមការពារសិទិ្ធមនុស្សអាដហុកខេត្តបាត់ដំបង បានឲ្យដឹងថា លោកកំពុងតែចុះធ្វើការស៊ើបអង្កេតពីបញ្ហានេះ និងរកឃើញថាក្រុមហ៊ុននេះបានបោះបង្គោលចូលដីព្រៃចម្ការវិលជុំ ចំនួន២ហិកតា។ លោកយិន ម៉េងលីបាននិយាយថា៖ «សហគមន៍បានឲ្យក្រុមហ៊ុនដកបង្គោលចេញវិញ តែគេមិនដក។ វាពិបាកណាស់បើពួកគាត់ដកខ្លួនឯង នោះនឹងប្រឈមនឹងការជាប់គុកច្រវាក់ដោយសារតែគេចោទថាបំផ្លាញ ទ្រព្យសម្បតិ៍អ្នកដទៃ។ មួយវិញទៀតក្រុមនិស្សិតស្ម័គ្រចិត្តក៏មិនបានវាស់ឬឆ្កៀលដីឲ្យព លរដ្ឋដែរ»។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងក្រុមហ៊ុនរ័ត្នសម្បត្តិសុំការបំភ្លឺបានទេកាលពីម្សិលមិញ។
ទោះយ៉ាងណាលោក ហែម សុផល អភិបាលស្រុកសំឡូត បានអះអាងថា អាជ្ញាធរបាន ចុះទៅពិនិត្យផ្ទាល់ដល់កន្លែង ហើយឃើញថាប្រជាពលរដ្ឋនៅតំបន់នោះមានការប៉ះពាល់តិចតូចប៉ុណ្ណោះ។ លោកសុផល ថ្លែងថា៖ «អាជ្ញាធរបានទៅហើយ ប៉ុន្តែការបោះបង្គោលរបស់ក្រុមហ៊ុននោះវាមានការប៉ះពាលដល់ ដីចម្ការវិលជុំតិចតូចប៉ុណ្ណោះ»។
ទាក់ទងទៅនឹងការចុះវាស់វែង របស់ក្រុមនិស្សិតស្ម័គ្រវិញ លោកហែម សុផលបានថ្លែងថាក្រុមនិស្សិតមិនទាន់បានចុះទៅតំបន់នោះនៅឡើយនោះ ទេ។
លោក សៀនស៊ុតថង អតីតអភិបាលរងខេត្តបាត់ដំបងទទួលបន្ទុកដោះស្រាយវិវាទដីធ្លីបាន មានប្រសាសន៍ថាក្រុមហ៊ុនរ័ត្នសម្បត្តិបានទទួលដីសប្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន៥០០០ហិកតាដើម្បីអភិវឌ្ឍន៍ដំណាំកសិឧស្សាហកម្ម។
សូមបញ្ជាក់ថា ទំហំដីនេះក៏ស្ថិតនៅក្នុងខេត្ត ពោធិសាត់ផងដែរមួយផ្នែកផងដែរ៕
ភ្នំពេញ ប៉ុស្តិ៍







