ភ្នំពេញៈ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកកែវជាមួយនឹងលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានជួបពិភាក្សាជាលក្ខណៈប្រវតិ្តសាស្រ្ត ជាមួយនឹងលោក ថេន សេន ប្រធានាធិបតីមីយ៉ាន់ម៉ា ហើយបានសម្តែងការលាគ្នាដ៏កក់ក្តៅ ចំពោះលោក យូស៊ីហ៊ីកូ ណូដា នាយករដ្ឋមន្រ្តី ជប៉ុន នៅដើមសប្តាហ៍នេះ។
បើទោះបីជា លោក បារ៉ាក់ អូបាម៉ា បានជួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅអាស៊ីក៏ដោយ ប៉ុន្តែ បើយោងតាមកំណត់ត្រារូបភាពផ្លូវការរបស់សេតវិមាន គឺលោកអូបាម៉ា មិនបានជួបដាច់តែម្នាក់ឯងជាមួយនឹងលោក ហ៊ុន សែន ឡើយ។
ក្នុងអាល់ប៊ុមមានរូបថត ៤១ សន្លឹក អំពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ដែលបានបង្ហោះលើគេហទំព័រសេតវិមានកាលពីម្សិលមិញ អវត្តមានរបស់លោក ហ៊ុន សែន ក្នុងរូបថតទាំងនោះជារឿងគួរឲ្យ កត់សម្គាល់។ មានរូបថតមួយសន្លឹករបស់លោក អូបាម៉ា ជាមួយនឹងព្រះមហាក្សត្រថៃ និងរូបថតបួនសន្លឹក ជាមួយនឹងលោកស្រី យីងឡាក់។ លោក ថេន សេន មានក្នុងរូបថតមួយសន្លឹក ហើយលោកស្រី អ៊ុង សាន ស៊ូជី ក្នុងរូបថតចំនួន៣ សន្លឹក។
ប៉ុន្តែក្នុងរូបថតចំនួន ១៣ សន្លឹក ដែលបានថតនៅរាជធានីភ្នំពេញ ដែលលោក អូបាម៉ា ចំណាយរយៈពេលជាង ២៥ ម៉ោង ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន កិច្ចពិភាក្សាទ្វេភាគី និងពិធីលាងសាយភោជពេលល្ងាច ដែលមានវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដោយ ក៏ពុំមានរូបថតណាមួយ បង្ហាញអំពីលោក ហ៊ុន សែន ឡើយ។
រូបថតមួយសន្លឹក ដែលអាចមើលឃើញលោក ហ៊ុន សែន ពីចម្ងាយ ក៏ប៉ុន្តែពុំបានរៀបរាប់អំពីលោក ហ៊ុន សែន ឡើយ ក្នុងចំណងជើងក្រោមរូបថតនោះ។ ផ្ទុយទៅវិញចំណងជើងរូបថតនោះ សរសេរថា៖«លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែងសុន្ទរកថាបើក នៅក្នុងកិច្ចប្រជុំមេដឹកនាំសហរដ្ឋអាមេរិក និងអាស៊ាន» បើទោះបីជារូបថតនោះ តាមពិតជារូបថតលោក ហ៊ុន សែន ថ្លែងសុន្ទករថាក៏ដោយ។
លោក Carlyle Thayer សាស្រ្តាចារ្យកិតិ្តយស ផ្នែកនយោបាយនៅសាកលវិទ្យាល័យ New South Wales បានថ្លែងថា៖ «ជាការពិត វាជាចេតនា។ មិនអាចមានការពន្យល់ផ្សេងទៀតឡើយ។ វាគ្រាន់តែជាវិធីបង្ហាញអំពីការមិនសប្បាយចិត្ត»។
អង្គការ សិទិ្ធមនុស្ស មេដឹកនាំប្រឆាំង និងសមាជិកសភាសហរដ្ឋអាមេរិក ចំណាយពេលវេលាជាច្រើនក្នុងខែនេះ មុនដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា ដើម្បីជំរុញឲ្យលោកលុបចោលដំណើរទស្សនកិច្ច ឬសង្កត់ធ្ងន់លើបញ្ហាសិទិ្ធមនុស្ស។
លោក Thayer បានថ្លែងថា ខណៈដែលការមិនបង្ហាញរូបលោកនាយករដ្ឋមន្រ្តីជា សាធារណៈ ប៉ះពាល់ដល់ផ្នែកពិធីការ ប៉ុន្តែការដករូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអាល់ប៊ុម បានបញ្ជូនសារសមស្របទៅដល់ភាគីពាក់ព័ន្ធទាំងអស់។ លោកបានប្រសាសន៍បន្ថែមថា៖ «វាជាវិធីល្អដែលយករូបលោកហ៊ុន សែន ចេញ ហើយសមាជិកសភា នឹងយល់ដឹងថា តើគាត់កំពុងធ្វើអ្វីខ្លះ»៕ TK
ភ្នំពេញ ប៉ុស្តិ៍








Even no American President, the ASIAN Summit still be smooth.