ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា មិនបានប្រារព្ធពិធីជាផ្លូវការ ដើម្បីរំឭកខួបអ្នកស្លាប់ ក្នុងព្រឹត្តិការណ៍រត់ជាន់គ្នា នៅលើស្ពានពេជ្រដ៏សោកសៅដែលបណ្តាលឲ្យមនុស្ស៣៥៣នាក់ស្លាប់និងរងរបួសជាច្រើនរយនាក់ទៀតកាលពីរាត្រីបុណ្យអុំទូកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០កន្លងទៅនោះទេខណៈដែលក្រុមគ្រួសារជនរងគ្រោះនិងមិត្តភក្តិរបស់ពួកគេមួយចំនួន បានមកគោរពវិញ្ញាណក្ខន្ធនៅកោះពេជ្រកាលពីម្សិលមិញ។
យ៉ាង ណាក្តី មិនមានក្រុមគ្រួសាររបស់ជនរងគ្រោះ ច្រើនកុះករមកអុជធូបក្នុងពិធីរំឭកខួបពីរឆ្នាំកាលពីថ្ងៃម្សិលមិញ នោះឡើយ។
ដៃកាន់ធូបជាមួយ នឹងបាច់ផ្កាឈូកមួយដុំតូច យុវជន ទេព សំណាង អាយុ ២៣ ឆ្នាំ បានចុះពីលើម៉ូតូយ៉ាងលឿនសំដៅមកកាន់កន្លែងស្តូបគោរព វិញ្ញាណក្ខន្ធអ្នកស្លាប់ដោយសារការរត់ជាន់គ្នានៅស្ពានពេជ្រ ដើម្បីអុជធូបដាក់ផ្កាគោរពដល់វិញ្ញាណក្ខន្ធមិត្តភត្តិនិង ញាតិដែលបានជាន់គ្នាស្លាប់។
លោក ទេព សំណាង បានដុតធូប ដោយការស្មិងស្មាធិ៍ នៅក្នុងចិត្តរំឭកទៅដល់ព្រលឹងមិត្តភក្តិរបស់គាត់ ដែលបានស្លាប់នៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នោះ។
លោក និយាយថា លោកមកកាន់ទីនេះ គឺដើម្បីគោរពដល់វិញ្ញាណក្ខន្ធដល់មិត្តភក្តិម្នាក់ដែលបាន ស្លាប់នៅក្នុងព្រឹត្តិការណ៍រត់ជាន់គ្នានេះ ដោយលោកបានចាត់ទុកថា ជា «ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមិនដែលកើតមាននៅក្នុងប្រទេស កម្ពុជា»ដែលរូបលោកមិនអាចបំភ្លេចបាន។ លោកបញ្ជាក់ថា៖«ខ្ញុំពិតជារន្ធត់ចិត្ត និងសោកស្តាយយ៉ាងខ្លាំងនៅពេលដែលនឹកឃើញដល់ហេតុការណ៍នោះ»។
ចំណែកលោក ផល ខាន់ អាយុ ៥៥ ឆ្នាំ ដែលត្រូវជាឪពុករបស់យុវជនរងគ្រោះ ខាន់ សារ៉ាត់ អាយុ ២៧ ឆ្នាំ បាននិយាយថា លោកនៅតែនឹកស្រមៃឃើញមុខកូនរបស់លោកជានិច្ចដោយគ្មានថ្ងៃអាចបំភ្លេចនោះឡើយ។
លោកថា៖«ខ្ញុំតែងតែធ្វើពិធីសូត្រមន្ត និងសង្ឃទានបន្តិចបន្តួចជារៀងរាល់ឆ្នាំនៅផ្ទះ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធរបស់កូនខ្ញុំ។ ប៉ុន្តែឆ្នាំនេះ ខុសប្លែកបន្តិច គឺខ្ញុំឲ្យប្រពន្ធរបស់ខ្ញុំ កាន់រូបថតមួយកំណាត់ខ្លួនរបស់កូនប្រុសយកទៅកន្លែងស្តូបគោរពបូជា ដោយធ្វើការបួងសួងដោយផ្ទាល់នៅទីនោះ»។
អ្នកស្រី អ៊ុត រុំ អាយុ ៥០ ឆ្នាំ ប្រពន្ធរបស់លោក ផល ខាន់ ថ្លែងថា អ្នកស្រីបានកាន់រូបថតរបស់កូន ជាមួយនឹងបាច់ផ្កា និងធូបមកគោរពវិញ្ញាណក្ខន្ធរបស់កូននៅកន្លែងកើតហេតុដោយផ្ទាល់ បើទោះបីជាអ្នកស្រីខកចិត្ត ដោយមិនមានឃើញគេរៀបចំពិធីអ្វីជាផ្លូវការនៅកន្លែងគោរពព្រលឹង វិញ្ញាណសពរបស់អ្នកស្លាប់ ដែលរួមមានទាំងកូនរបស់អ្នកស្រីផងដែរនោះ។ អ្នកស្រីសម្តែងការងឿងឆ្ងល់ថា៖«ហេតុអ្វីបានជានៅឆ្នាំនេះ អាជ្ញាធរ មិនប្រារព្ធពិធីបុណ្យដូចឆ្នាំទៅ? ខ្ញុំនឹងមកអុជធូបរំឭកឲ្យកូនរបស់ខ្ញុំជារៀងរាល់ឆ្នាំ។ ខ្ញុំមានអារម្មណ៍សោកស្ដាយ ព្រោះកូនពេញស្រឡាញ់ ខ្ញុំមានកូនតែ៣នាក់ទេ ស្លាប់មួយនៅពីរនៅតូចៗឡើយ»។
អ្នកនាំ ពាក្យសាលារាជធានីលោក ឡុង ឌីម៉ង់ បានថ្លែងកាលពីថ្ងៃម្សិលមិញថា សាលាក្រុងមិនបានរៀបចំពិធីរំឭកអ្វីនោះទេ នៅឆ្នាំនេះ ដោយសារជាប់រវល់រៀបចំព្រឹត្តិការណ៍ធំៗជាច្រើននៅក្រុងភ្នំពេញ។ លោកបញ្ជាក់ថា៖«ឆ្នាំនេះអត់មានការណែនាំឲ្យធ្វើអ្វីទេ ដោយសារយើងជាប់រវល់រឿងកិច្ចការរៀបចំសណ្ដាប់ធ្នាប់ពេលប្រជុំ កំពូលអាស៊ាន»។ លោកបញ្ជាក់ថា លោកនៅមិនទាន់ដឹងច្បាស់ថា នៅឆ្នាំខាងមុខទៀត អាជ្ញាធរក្រុងនឹងរៀបចំពិធីរំឭកខួបព្រឹតិ្តការណ៍នេះឬក៏យ៉ាងណានោះទេ?
ជាមួយគ្នានេះ អ្នកតំណាងរាស្ត្រ និងក្រុមចលនាយុវជនគណបក្សសម រង្ស៊ីប្រមាណជាង ២០ នាក់បានជួបជុំគ្នា នៅមុខស្តូបរំឭក វិញ្ញាណក្ខន្ធអ្នកស្លាប់នៅលើស្ពានពេជ្រ ដោយនិមន្តលោកចំនួន ១០ អង្គ ដើម្បីរៀបចំពិធីបង្សុកូល ឧទ្ទិសកុសល ដល់អ្នកស្លាប់ជាង៣៥០នាក់។ គណបក្សសម រង្ស៊ីបានយកកម្រងផ្កាទៅដាក់នៅមុខស្តូបរម្លឹកវិញ្ញាណក្ខន្ធដែល កសាងដោយសាលារាជធានីផងដែរ។
លោកស្រី មួរ សុខហួរ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បានថ្លែងនៅក្នុងពិធីរំឭកខួបនោះថា៖« យើងមានការសោកស្តាយបំផុតចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែល បានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ដ៏រន្ធត់នេះ ខណៈដែលរដ្ឋាភិបាលរហូតមកដល់ពេលនេះ នៅមិនទាន់ចេញរបាយការណ៍ស៊ើបអង្កេតឲ្យបានច្បាស់លាស់នៅឡើយ។ តើឯណាទៅយុត្តិធម៌ សម្រាប់ជនរងគ្រោះ?»។
ស្របគ្នានោះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយឡើងវិញនូវរបាយការណ៍ឆ្នាំ ២០១១ របស់ខ្លួន ដែលមានចំណងជើងថា មួយឆ្នាំកន្លងផុត ចម្ងល់នៅតែបន្ត។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្រេចចុះផ្សាយរបាយការណ៍នេះឡើងវិញដោយសារតែពួកគេយល់ថា ជនរងគ្រោះនៅតែមិនទាន់ទទួលបានចម្លើយអំពីមូលហេតុនៃសោកនាដកម្ម នេះនៅឡើយ៕
ភ្នំពេញ ប៉ុស្តិ៍







