ភ្នំពេញៈ កាលពីថ្ងៃទី ៣ ខែកុម្ភៈអង្គជំនុំជម្រះតុលាការកំពូល នៃសាលាក្តីខ្មែរក្រហម បានចេញសាលដីកាចុងក្រោយ លើមេគុក ស‑២១ កាំង ហ្កេចអ៊ាវ ហៅឌុច។ សាលដីកានោះ បានកាត់ទោសឌុច ឲ្យជាប់ពន្ធនាគារមួយជីវិត ពាក់ព័ន្ធនឹងតួនាទី នៃការគ្រប់គ្រងមណ្ឌលឃុំខ្លួនដ៏សាវហាវព្រៃផ្សៃ ក្នុងរបបខ្មែរក្រហម ដែលបានសម្លាប់ និងធ្វើទារុណ្ឌកម្ម ទៅលើអ្នកទោសប្រមាណ ១៤០០០ នាក់។
សេចក្តីសម្រេចចុងក្រោយនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ក្នុងការស្វែងរកយុត្តិធម៌ ដល់ប្រជាជនកម្ពុជា និងបានបង្ហាញជាភស្តុតាងថា អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា នឹងដើរតួជាគំរូដល់តុលាការក្នុងស្រុករបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានហៅការចេញសាលដីកានោះថា ជា«ថ្ងៃប្រវត្តិសាស្រ្ត សម្រាប់ប្រទេសរបស់យើង និងសម្រាប់មនុស្សជាតិទាំងអស់»។
ប៉ុន្តែខណៈដែលរដ្ឋាភិបាល និងម្ចាស់ជំនួយបរទេស មានការស្វាគមន៍ ចំពោះសេចក្តីសម្រេចនេះ មានមជ្ឈដ្ឋានមួយចំនួនបានរិះគន់ចំពោះសេចក្តីសម្រេចនេះ។ ក្រុមសិទ្ធិមនុស្ស បានរិះគន់អង្គជំនុំជម្រះតុលាការកំពូល ចំពោះការទុកឲ្យមានលក្ខខណ្ឌដោះលែងឌុច នៅក្នុងដៃប្រព័ន្ធច្បាប់ក្នុងស្រុក ហើយដែលមជ្ឈដ្ឋានមួយចំនួនមើលឃើញថា វាជាឧបករណ៍ របស់របបកាន់អំណាច។
លោក Rupert Abbott នៅអង្គការលើកលែងទោសអន្តរជាតិ បានថ្លែងនៅពេលនោះថា សេចក្តីសម្រេចរបស់តុលាការប្រហែលជាត្រូវបានសាធារណជន យល់ឃើញថា មានការប៉ះពាល់ ដល់សិទ្ធិមនុស្ស។ ខណៈមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានហៅវាថា ជាគំរូគួរឲ្យគ្រោះថ្នាក់មួយ សម្រាប់ប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលប្រហែលជាមិនអើពើ លើការរំលោភសិទ្ធិមនុស្ស។ ការចេញសាលដីកាប្រឆាំងឌុច អាចត្រូវបានវាយតម្លៃ ដោយអារម្មណ៍សាធារណជន ចំពោះដំណើរការបន្តឆ្ពោះ ទៅមុខទៀត របស់សាលាក្តីនៅឆ្នាំ២០១២។
វាបង្ហាញពីឧទាហរណ៍ នៃស្តង់ដារយុត្តិធម៌អន្តរជាតិ និងជាគំរូសម្រាប់តុលាការក្នុងស្រុក បើទោះបីជាមានការរិះគន់ នៅសាលាក្តីខ្មែរក្រហម ចំពោះករណីពុករលួយ និងការជ្រៀតជ្រែកពីរដ្ឋាភិបាល ការបន្ទុចបង្អាក់ និងការរារាំងការស៊ើបអង្កេតដោយតុលាការក៏ដោយ។
ដោយចូល បម្រើការងារ ក្នុងខែវិច្ឆិកាឆ្នាំ ២០១១ ដើម្បីជំនួសអតីតសហចៅក្រមស៊ើបអង្កេតអន្តរជាតិ លោក Siegfried Blunk ដែលបានលាលែងពីតំណែង ពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានការជ្រៀតជ្រែតពីរដ្ឋាភិបាល និងការលុបចោលផ្នែកស៊ើបអង្កេតសំខាន់ៗមួយចំនួន លោក Laurent Kasper-Ansermet ភ្លាមៗបន្ទាប់ពីនោះ ក៏ត្រូវបានឃើញថា ខ្លួនត្រូវបានរារាំង ចំពោះការងាររបស់ខ្លួន ទៅលើសំណុំរឿង ០០៣ និង ០០៤ ដែលប្រឆាំងដោយរដ្ឋាភិបាល នៅពេលឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមកម្ពុជា បានបដិសេធ មិនទទួលស្គាល់ ការតែងតាំងលោក Kasper Ansermet ពាក់ព័ន្ធនឹងបញ្ហាដែលគាត់បង្ហាញព័ត៌មាន សំណុំរឿងនៅក្នុង Twitter របស់គាត់ ទៅសាធារណជន។
នៅក្នុង ការដាក់លិខិតមួយ ចុះថ្ងៃទី ២១ ខែមីនា លោក Kasper-Ansermet បានរៀបរាប់លម្អិត អំពីការបដិសេធដដែលៗរបស់សមភាគីរបស់លោក គឺលោក យូ ប៊ុនឡេង ដែលមិនទទួលស្គាល់សិទ្ធិអំណាចរបស់លោក ក្នុងការស៊ើបអង្កេតសំណុំរឿង ០០៣ និង ០០៤ ហើយបានហៅ ការរារាំងរបស់លោក យូ ប៊ុនឡេង ថាជា«ការរំលោភបំពានលើច្បាប់ជាតិនិងច្បាប់អន្តរជាតិ ដែលកំណត់ក្រមប្រតិបត្តិ នៃនីតិវិធីនៅ អ.វ.ត.ក»។
នៅខែ ឧសភា លោក Kasper-Ansermet បានលាលែងពីតំណែង ដោយលើកឡើង«ស្ថានភាពមិនដំណើរការទៅមុខ»ដែលបង្កឡើង ដោយលោក យូ ប៊ុនឡេង ហើយលោកបានចោទលោក យូ ប៊ុនឡេង ថា បានរារាំងរាល់ជំហានរបស់លោកក្នុងការធ្វើការងារស៊ើបអង្កេត សំណុំរឿង។ ទោះបីយ៉ាងណាក្តី ភាពចម្រូងចម្រាស ជុំវិញសំណុំរឿងជាប់គាំងនោះ មិនបានបញ្ចប់ទេ នៅពេលដែលចៅក្រមជនជាតិអាមេរិកលោក Mark Harmon បានចូលកាន់តំណែង នៅសាលាក្តី នៅខែវិច្ឆិកា ដើម្បីជំនួសតំណែងលោក Kasper-Ansermet ។ លោក Kasper-Ansermet បានធ្វើការបកស្រាយ វិធានផ្ទៃក្នុង របស់តុលាការថា ផ្តល់អំណាចទូលំទូលាយ សម្រាប់អត្ថប្រយោជន៍ការពារសិទ្ធិជនរងគ្រោះនិងចុងចោទ។
នៅ ក្រោមវិធាននោះ គាត់បានចេញសេចក្តីសម្រេចមួយចំនួន ដោយខ្វះការឯកភាពពីលោក យូ ប៊ុនឡេង រួមទាំងការជម្រាបទៅចុងចោទ ក្នុងសំណុំរឿង ០០៣ និង ០០៤ អំពីបទចោទប្រកាន់លើពួកគេ និងការផ្តល់ព័ត៌មាន ដល់ភាគីដទៃៗទៀត អំពីសំណុំរឿងទាំងនោះ។
នៅក្នុងការដើរតួជាសហចៅក្រមស៊ើបអង្កេតជាសាធារណៈដំបូង លោក Mark Harmon ទំនងជាធ្វើដូចគ្នាដែរ ដោយចេញផ្សាយនូវកន្លែងឧក្រិដ្ឋកម្មថ្មីចំនួន ១៤ កន្លែង ក្នុងសំណុំរឿង ០០៤ ដែលមិនមានការឯកភាព ពីសមភាគីជាតិរបស់គាត់។ បើទោះបីជាសំណុំរឿង ០០៣ និង ០០៤ នៅអាចមានលក្ខណៈប្រែប្រួល (លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន កាលពីឆ្នាំ ២០១០ ថា សំណុំរឿង ០០២ នឹងជាសំណុំរឿងចុងក្រោយរបស់សាលាក្តីខ្មែរក្រហម ហើយថា សំណុំរឿងបន្ថែមដទៃៗទៀតណាក៏ដោយ អាចគំរាមកំហែងដល់ស្ថិរភាពរបស់កម្ពុជា) សំណុំរឿង ០០២ នាពេលបច្ចុប្បន្ននេះ ក៏ហាក់បីដូចជាកំពុងជួបបញ្ហាផងដែរ។ ស្ថានភាពជំងឺរបស់ចុងចោទ កំពុងស្ថិតនៅក្នុងការពិភាក្សា។ ជំងឺសតិស្មារតីធ្ងន់ធ្ងររបស់ អៀង ធីរិទ្ធអតីតរដ្ឋមន្រ្តីសង្គមកិច្ច សម័យខ្មែរក្រម ត្រូវបានសម្រេចថា មិនមានសម្បទាគ្រប់គ្រាន់ ក្នុងការប្រឈមនឹងការកាត់ទោស ហើយត្រូវបានផ្តល់ឲ្យនូវការដោះលែង ដោយមានលក្ខខណ្ឌ បន្ទាប់ពីការខិតខំប្រឹងប្រែងព្យាបាលគាត់ រយៈពេលយ៉ាងយូរ នៅតែមិនទាន់បានជោគជ័យ។ ដោយទឡ្ហីករណ៍ប្រឆាំងនឹងការដាក់លក្ខខណ្ឌដោះលែង អៀង ធីរិទ្ធ នៅក្នុងសវនាការមួយ លោកស្រី Diana Ellis សហមេធាវីការពារ អៀង ធីរិទ្ធ បានថ្លែងថា វាមិនត្រឹមត្រូវទេ ដែលដាក់លក្ខខណ្ឌ ចំពោះការដោះលែងចុងចោទនេះដែលមិនមានសមត្ថភាពផ្នែកស្មារតី ក្នុងការយល់ដឹងអ្វី ហើយការធ្វើបែបនេះនឹងធ្វើឲ្យតុលាការលែងទទួលបានការគោរពនិង ជឿជាក់។
លោកអៀង សារី ប្តីលោកស្រីអៀង ធីរិទ្ធអតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងជាសហចុងចោទដូចគ្នា បច្ចុប្បន្នកំពុងត្រូវបានញាំញី ដោយសារស្ថានភាពជំងឺរបស់គាត់ផងដែរ រួមមានដូចជាស្ថានភាពជំងឺបេះដូងរាំរ៉ៃ ជំងឺលើសឈាម ជំងឺវិលមុខ និងជំងឺរាំរ៉ៃអស់កម្លាំង ហើយដែលជំងឺទាំងអស់នេះធ្វើឲ្យគាត់ មិនអាចធ្វើចលនាបាន ហើយយោងតាមមេធាវីរបស់គាត់ គាត់មិនមានសម្បទាគ្រប់គ្រាន់សម្រាប់នីតិវិធីតុលាការទេ។
ទោះ យ៉ាងណាក្តី នៅខែ វិច្ឆិកា គ្រូពេទ្យជំនាញមនុស្សចាស់ លោក John Campbell បានផ្តល់កសិណថា បន្ទាប់ពីការស្នាក់នៅមន្ទីរពេទ្យរយៈពេលពីរខែ អៀង សារី មានសមត្ថភាពចូលរួមនៅក្នុងដំណើរការនីតិវិធីតុលាការ បើទោះបីជាស្ថានភាពជំងឺរបស់គាត់ធ្ងន់ធ្ងរក៏ដោយ។
ដោយសារតែ មានសេចក្តីសម្រេចរបស់អង្គជំនុំជម្រះ ដែលសម្រេចថា អៀង សារី មានសម្បទាគ្រប់គ្រាន់ ចូលរួមសវនាការមេធាវីការពារក្តីរបស់គាត់ លោក Michael Karnavas បានរិះគន់សេចក្តីសម្រេចនេះ និងការផ្តល់កសិណរបស់លោក Campbell ហើយដែលលោកហៅថា គួរឲ្យអស់សំណើច។
លោក Karnavas បានថ្លែងនៅពេលនោះថា៖ «ទាំងសេចក្តីសម្រេច និងទាំងកសិណ គឺមិនត្រឹមត្រូវ»។ លោកបន្តថា៖ «អ្នកមិនអាចនិយាយថា គាត់មានសម្បទាគ្រប់គ្រាន់ចូលសវនាការទេ»។
ទោះជាយ៉ាងណា តុលាការ បានរាំងស្ទះ កិច្ចខិតខំប្រឹងប្រែង របស់លោកមេធាវី Karnavas ដើម្បីឲ្យលោក នួន ជា ដែលកំពុងឈឺ តាមដានសវនាការ នៅក្នុងសាលតុលាការ ជាកន្លែងដែលសាធារណជន មើលឃើញគាត់ ដោយតុលាការបានឲ្យដឹងក្នុងសេចក្តីសម្រេចរបស់ខ្លួនថា តុលាការ មានសិទិ្ធអំណាច បង្គាប់ឲ្យគាត់ ចូលរួមពីបន្ទប់ឃុំខ្លួន។ នេះជាសេចក្តីសម្រេចដែលគាំទ្រទាំងស្រុងពីសហព្រះរាជអាជ្ញា។
ការ រាំងស្ទះនេះត្រូវបានរិះគន់ ដោយអ្នកអង្កេតការណ៍ថា ដោយសារបញ្ហានយោបាយ ដោយអ្នកសង្កេតការណ៍មួយចំនួន កត់សម្គាល់ថា តុលាការ មិនអាចត្រូវទទួលរងការវាយប្រហារ ពីសាធារណជន ដោយសារបាត់បង់ជនត្រូវចោទទី ២ បន្ទាប់ពីលោកស្រី អៀង ធីរិទ្ធ ត្រូវបានដោះលែងឡើយ។
លោកស្រី Clair Duffy អ្នកឃ្លាំមើលសាលាក្តី នៃអង្គការគំនិតផ្តួចផ្តើមសង្គមបើកទូលាយ បានលើកឡើងនៅពេលនោះថា សេចក្តីសម្រេចរបស់អង្គជំនុំជម្រះ អាចជំរុញមួយផ្នែក ដោយសារបទពិសោធ របស់ខ្លួន ជាមួយនឹងលោកស្រី ធីរិទ្ធ។ លោកស្រីបានបញ្ជាក់ថា៖«ច្បាស់ណាស់ ចាប់តាំងពីអង្គជំនុំជម្រះ បាត់បង់ជនត្រូវចោទម្នាក់ ពីសំណុំរឿង ០០២ តុលាការនឹងស្ថិតក្រោមសម្ពាធ ត្រូវធ្វើអ្វីគ្រប់យ៉ាង ដែលខ្លួនអាចធ្វើទៅបាន ដើម្បីកុំឲ្យបាត់បង់ជនត្រូវចោទទី ២»។
ការរិះគន់លើការជំនុំជម្រះ ក៏បានពង្រីកដល់ការចាត់ការស៊ើបអង្កេត ក្នុងសំណុំរឿង ០០២ ផងដែរ ដែលមេធាវីការពារជនត្រូវចោទទាំងបី បានថ្លែងថា គឺពោរពេញទៅដោយបញ្ហា។ ក្នុងឯកសារចុះថ្ងៃទី ៧ ខែធ្នូ ក្រុមមេធាវីការពារលោក អៀង សារី គាំទ្រដោយក្រុមមេធាវីការពារក្តីលោក នួន ជា និងលោក ខៀវ សំផន បានថ្លែងថា ខ្លួនបានរកឃើញករណីមិនប្រក្រតីចំនួន ១៥ ករណី ក្នុងការស៊ើបអង្កេតរបស់តុលាការ ក្នុងសំណុំរឿង ០០២ រាប់ទាំងការសម្ភាសសាក្សីដែលគ្មានថតសំឡេងនិងការសម្ភាសន៍ដែល បានរៀបចំជាមុន។
យោងតាមវិធានផ្ទៃក្នុង របស់តុលាការ «កំណត់ត្រាជាលាយលក្ខណ៍អក្សរ ត្រូវធ្វើឡើងចំពោះរាល់បទសម្ភាសទាំងអស់»។ បើទោះបីសញ្ញាបង្ហាញថា អ្នកស៊ើបអង្កេត បានខកខាន មិនគោរពតាមវិធាននេះក៏ដោយ ក៏ប៉ុន្តែ អង្គជំនុំជម្រះ នៅខែនេះ បានច្រានចោល សំណើរបស់ក្រុមការពារក្តី សុំឲ្យស្តាប់ចម្លើយបន្ថែម ពីភាគីពាក់ព័ន្ធទាក់ទងនឹងភាពមិនប្រក្រតី ដែលបានចោទនោះ។ ទោះជាយ៉ាងណា ទន្ទឹមនេះ អង្គជំនុំជម្រះ បានទទួលស្គាល់ថា ភាពមិនប្រក្រតីខ្លះ ពិតជាគួរឲ្យសង្ស័យ ប៉ុន្តែបានអះអាងថា ក្រុមមេធាវី គួរបានលើកឡើង ពីបញ្ហានេះ មុនពេលចាប់ផ្តើមជំនុំជម្រះ។
ក្រុមមេធាវីការពារក្តី បានជួបប្រទះការលំបាកបន្ថែមទៀត ក្នុងការកោះហៅសាក្សីដទៃទៀត គឺលោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសបច្ចុប្បន្ន និងលោក គាត ឈន់ រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងញត្តិកាលពីខែកញ្ញា ក្រុមមេធាវីការពារលោក អៀង សារី ដែលក្រោយមក គាំទ្រដោយក្រុមមេធាវីការពារក្តីលោក នួន ជា បានស្នើសុំស្តាប់ចម្លើយកសិណរបស់រដ្ឋមន្រ្តីទាំងពីរ ដែលសុទ្ធតែមិនគោរពតាមដីការបស់តុលាការកោះឲ្យផ្តល់ភស្តុតាង ក្នុងសំណុំរឿង ០០១។
ឈ្មោះអ្នកទាំងពីរ បានលើកឡើងម្តងហើយម្តងទៀត នៅតុលាការ ដោយលោក ហោ ណាំហុង ម្តងនោះ បានថ្លែងទៅកាន់សារព័ត៌មាន បដិសេធចម្លើយកាសិណរបស់សាក្សីឈ្មោះ ភី ភួន ដែលចោទប្រកាន់លោក ហោ ណាំហុងថា ជាអ្នកទទួលបន្ទុកមជ្ឈមណ្ឌលឃុំឃាំងបឹងត្របែក។ ក្នុងសេចក្តីថ្លែងការណ៍មួយ លោក ហោ ណាំហុង បានបញ្ជាក់ថា របបកម្ពុជាប្រជាធិបតេយ្យ «មិនត្រឹមតែបំផ្លាញអាយុជីវិតប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញអរិយធម៌ផងដែរ»។ លោកបានបន្ថែមថា៖«ក្តីសង្ឃឹមរបស់ខ្ញុំគឺថា ថ្ងៃមួយមានយុតិ្តធម៌ ហើយកេរដំណែលរបស់ខ្មែរក្រហម ត្រូវបានដាក់ចូលធុងសំរាមប្រវត្តិសាស្រ្ត ដោយគ្មានការការពារ ឬភាពចម្រូងចម្រាសឡើយ»។
ក្រុមមេធាវីការពារលោក នួន ជា បានចាប់យកឱកាសនេះ ពីការថ្លែងរបស់លោក ហោ ណាំហុង ថាជាភស្តុតាងនៃការជ្រៀតជ្រែករបស់រដ្ឋាភិបាល ក្នុងការជំនុំជម្រះ ដោយថ្លែងថា វាស្មើនឹងសម្ពាធនយោបាយខ្លាំងក្លា។ ប៉ុន្មានថ្ងៃក្រោយមក ក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សាក្សីបានថ្លែងកែតម្រូវ ដោយនិយាយថា លោកនិយាយខុស ព្រោះលោក «មានជំងឺ និង ... ភ័នច្រឡំនឹងសំណួរ»។
ចំពោះខាងអង្គជំនុំជម្រះវិញ បានបដិសេធមិនថ្កោលទោស សេចក្តីថ្លែងរបស់លោក ហោ ណាំហុង ឡើយ ខណៈដែលសេចក្តីថ្លែងជាបន្ត ជាអ្វីដែលបានលើកឡើង ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយអង្គជំនុំជម្រះថា កាលៈទេសៈនៃការកែតម្រូវរបស់លោក ភី ភួន ពុំទាក់ទងនឹងសេចក្តីថ្លែងរបស់លោក ហោ ណាំហុង ឡើយ ហើយថា សេចក្តីថ្លែងផ្ទាល់ពុំបង្ហាញចេតនា ជះឥទិ្ធពលលើសវនាការឡើយ។
ក្រៅពីការចោទថា មានការជ្រៀតជ្រែកនយោបាយ ការងាររបស់តុលាការ បន្តទទួលការគំរាមកំហែង ដោយសារវិបតិ្តមូលនិធិលើសវនាការជាពិសេស ខាងភាគីជាតិ ធ្វើឲ្យសាលាក្តី ពឹងផ្អែកលើប្រាក់ជំនួយបន្តិចបន្តួច ដើម្បីបន្តបើកទ្វារដំណើរការ ហើយបានបង្ខំឲ្យតុលាការ កែប្រែបន្ថយការព្យាករណ៍ថវិកា នៅឆ្នាំបន្ទាប់។ អ្នករៃអង្គាសរបស់តុលាការ បានបន្តខិតខំស្នើសុំប្រាក់ ពីម្ចាស់ជំនួយ ដែលកំពុងតែកាន់តែនឿយហត់ ការនឿយហត់មួយផ្នែក ដោយសារវិបិត្តហិរញ្ញវត្ថុ នៅក្នុងប្រទេសរបស់ខ្លួន និងបើតាមអ្នកអង្កេតការណ៍មួយចំនួន ដោយសារតែការយល់ឃើញ អំពីបញ្ហាគ្រប់គ្រងខុសនៅសាលាក្តី។
វិបត្តិក៏ឃើញមានការ ធ្លាក់ចុះទឹកចិត្ត និងការព្រួយបារម្ភកាន់តែខ្លាំងឡើង លើវឌ្ឍនភាពនៃសំណុំរឿង ០០២ ដែលកាន់តែស្មុគស្មាញថែមទៀត ដោយសារការប្រកាសរបស់សាលាក្តីកាលពីខែតុលាថា ខ្លួននឹងបើកសវនាការតិចជាងមុន ក្នុងមួយសប្តាហ៍ ដោយសារកង្វះបុគ្គលិក។
ទន្ទឹមនឹងនេះ បញ្ហាកេរដំណែលរបស់ខ្មែរក្រហម ដែលសាលាក្តី នឹងបន្សល់ទុកឲ្យតុលាការកម្ពុជា ជាបេសកកម្មសំខាន់របស់តុលាការ បានធ្វើកាន់តែដល់សមរភូមិមុខ ដោយអ្នកខ្លះ នៅតែសរសើរ អ.វ.ត.ក ថា ជាតុលាការគំរូ ក្នុងខណៈអ្នកផ្សេងទៀតកត់សម្គាល់ថា ការកោតសរសើរអំពីការចូលរួមចំណែក របស់តុលាការ គឺឆាប់ពេកហើយ។
លោក Rupert Abbott អ្នកស្រាវជ្រាវរបស់អង្គការលើកលែងទោសអន្តរជាតិ ស្តីពីកម្ពុជា ឡាវ និងវៀតណាម ដែលធ្លាប់ធ្វើការនៅផ្នែកគាំពារការពារក្តីនៅ អ.វ.ត.ក បានឲ្យដឹងក្នុងអត្ថបទមួយ ដែលនិពន្ធរួមគ្នា ជាមួយនឹងលោក Stephanie A. Barbour លើគេហទំព័រ iLaywer ថា ការប្តេជ្ញា ចំពោះសំណុំរឿង ០០៣ និង ០០៤ ប្រហែលជាឱកាសចុងក្រោយ ដើម្បីធានាថា អ.វ.ត.ក ផ្តល់យុត្តិធម៌ពិតៗ ដូចដែលប្រជាជនកម្ពុជា គិតក្នុងចិត្ត ហើយជួយសម្រេចគោលបំណងរបស់សាលាក្តី រាប់ទាំងការស្វែងរកការពិត និងការពង្រឹងនីតិរដ្ឋនៅកម្ពុជា»។
ក្នុងអ៊ីមែលមួយកាលពី ថ្ងៃអាទិត្យ លោកបានលើកឡើងជាថ្មី នូវទស្សនៈរបស់ខ្លួន គឺដំបូងលោក គូសបញ្ជាក់អំពីការពិត ដែលជាទូទៅ នីតិវិធី ក្នុងរឿងក្តីទាំងនោះបានក្លាយជាឧទាហរណ៍វិជ្ជមាន អំពីការគោរពសិទិ្ធទទួលបានការជំនុំជម្រះដោយយុតិ្តធម៌ ... និងបានផ្តល់ឱកាសដល់កម្ពុជា ដែលធ្វើការក្នុងប្រព័ន្ធយុតិ្តធម៌ជាតិ ឲ្យបង្កើនចំណេះដឹងនិងជំនាញច្បាប់»។
ទោះជាយ៉ាងណា លោកRupert បានកត់សម្គាល់ថា បើគ្មានការផ្លាស់ប្តូរ កេរដំណែលរបស់តុលាការទេ នឹងមានផលអាក្រក់ជាងផលល្អ៕ PS /TK
ភ្នំពេញ ប៉ុស្តិ៍









