ភ្នំពេញៈ អ្នកភូមិជាច្រើន នៅក្នុងសង្កាត់កោះដាច់ ព្រែកលៀប និងស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ កំពុងមានការព្រួយបារម្ភ ពីការបាក់រំលំផ្ទះ ធ្លាក់ចូលទៅក្នុងទន្លេ ដោយសារតែអាជីវកម្មបូមខ្សាច់ដែលធ្វើឡើងទាំងយប់ទាំងថ្ងៃនៅ ទន្លេសាប និងទន្លេមេគង្គ។
លោក យ៉េង យឿន តំណាងអ្នកភូមិ នៅសង្កាត់កោះដាច់ បានថ្លែងថា កប៉ាល់ធំៗជាច្រើនគ្រឿង កំពុងបូមខ្សាច់ ទាំងយប់ទាំងថ្ងៃ នៅក្នុងភូមិ ចុងកោះ បណ្តាលឲ្យច្រាំងទន្លេជាច្រើនកន្លែង ដែលមានទាំងនៅក្បែរផ្ទះអ្នកភូមិជាច្រើន បានបាក់ធ្លាក់ចូលទៅក្នុងទន្លេ។ លោកនិយាយថា៖ «ឥឡូវនេះ មានកប៉ាល់បូមខ្សាច់៩គ្រឿងកំពុងតែធ្វើសកម្មភាពបូមខ្សាច់ ទាំងយប់ទាំងថ្ងៃ ហើយបង្កការរំខានយ៉ាងខ្លាំងដល់អ្នកភូមិ»។ សកម្មភាពបូមខ្សាច់នេះបានកើតឡើងប្រហែល ៤ឆ្នាំមកហើយ ប៉ុន្តែមិនមានអន្តរាគមន៍ ពីអាជ្ញាធរ ឬស្ថាប័នរដ្ឋណាមួយឡើយ បើទោះបីជាច្រាំងទន្លេចេះតែបន្តបាក់ក្តី។
ផ្ទះប្រជាពលរដ្ឋនៅតាមដងទន្លេ នៅក្នុងសង្កាត់កោះដាច់ ព្រែកលៀប និងស្វាយប៉ាក ត្រូវបានគេរាយការណ៍ថា កំពុងប្រឈមនឹងការបាក់ធ្លាក់ចូលទន្លេ ដោយសារតែអាជីវកម្មបូមខ្សាច់នេះ។ កាលពីសប្តាហ៍មុន អ្នកភូមិស្វាយប៉ាក ប្រមាណ ២០គ្រួសារ បានធ្វើការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនបូមខ្សាច់មួយ។
លោក ឡុង បូតា តំណាងអ្នកភូមិនៅសង្កាត់ព្រែកលៀប បាននិយាយថា ផ្ទះរបស់លោក បានដួលរលំធ្លាក់ចូលទៅក្នុងទន្លេ កាលពីឆ្នាំ២០០៩ ដោយសារការបូមខ្សាច់។ លោកឲ្យដឹងថា នៅពេលនេះ ក្រុមហ៊ុនបូមខ្សាច់ បានស្តុកខ្សាច់ទុកនៅក្បែរផ្ទះរបស់លោក ធ្វើឲ្យមានការរំខានយ៉ាងខ្លាំង បើទោះជាមានការប្តឹងទៅក្រសួងបរិស្ថានកាលពីខែតុលាក៏ដោយ។
លោក លឹម ស្រួយ តំណាងក្រុមហ៊ុនបូមខ្សាច់ Lim Sroy Group បានបដិសេធចំពោះការចោទប្រកាន់របស់អ្នកភូមិ។ លោកនិយាយថា ច្រាំងទន្លេបាក់ មិនជាប់ពាក់ព័ន្ធនឹងការបូមទេ ពីព្រោះក្រុមហ៊ុនលោក ធ្វើការបូមខ្សាច់នៅឆ្ងាយពីច្រាំងទន្លេយ៉ាងហោចណាស់២០០ម៉ែត្រ ស្របតាមគោលការរបស់ក្រសួងធនធានទឹក។ លោកថា៖ «ការបូមខ្សាច់ គឺល្អទៅវិញទេ ពីព្រោះការបូមខ្សាច់ដូចយើងធ្វើនេះគឺជាការជួយស្តារបាត ទន្លេសម្រាប់រដ្ឋាភិបាលផងដែរ»។
លោកស្រីលី រ៉ូសាម៉ា អភិបាលរងខណ្ឌឫស្សីកែវ បាននិយាយថា អាជ្ញាធរគួរចាត់វិធានការតាមនីតិវិធីប្រឆាំងនឹងក្រុមហ៊ុនណា ដែលបូមខ្សាច់នៅជិតច្រាំងទន្លេ។ លោកស្រីបញ្ជាក់ថា៖«ប៉ុន្តែយើងមិនអាចហាមឃាត់ពួកគេបានទេ ប្រសិនបើពួកគេ ធ្វើការបូមខ្សាច់ នៅកណ្តាលទន្លេនោះ»៕ CC
ភ្នំពេញ ប៉ុស្តិ៍







