ភ្នំពេញៈ ខុសប្លែកពីជនបរទេសភាគច្រើននៅកម្ពុជា ដែលបានវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ក្នុងពេលបុណ្យគ្រិស្ដស្មាស់ឆ្នាំនេះ លោក Chulsoo មិនបានប្រាប់គ្រួសាររបស់លោក ដែលមានកូនស្រីពីរនាក់ អំពីហេតុផល ដែលធ្វើឲ្យលោកស្ថិតនៅភ្នំពេញ មិនអាចវិលត្រឡប់ទៅផ្ទះវិញបានឡើយ។
ការជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស ជាហេតុផលដែលធ្វើឲ្យលោក Chulsoo អាយុ ៥០ ឆ្នាំ ជាគ្រិស្តនិកជន មកពីកូរ៉េខាងត្បូង មិនចង់ប្រាប់គ្រួសាររបស់លោកឲ្យដឹងអំពីហេតុផលនេះ។
ក្នុងអំឡុង ធ្វើបទសម្ភាស ជាមួយភ្នំពេញ ប៉ុស្តិ៍ នៅខាងក្រៅមណ្ឌលកែប្រែទីមួយ នៅក្នុងពន្ធនាគារ ការពារកម្រិតខ្ពស់បំផុត កាលពីសប្តាហ៍មុន លោក Chulsoo បានឲ្យដឹងថា៖ «ខ្ញុំមិនបានប្រាប់ក្រុមគ្រួសាររបស់ខ្ញុំថា ខ្ញុំនៅទីនេះឡើយ»។ លោក Chulsoo បានប្រារព្ធគ្រិស្ដស្មាស់នៅព្រៃស ដែលជាពន្ធនាគារធំជាងគេនៅកម្ពុជា បើទោះបីជានៅក្នុងថ្ងៃបុណ្យគ្រិស្ដស្មាស់ លោកពិតជាចង់ជួបគ្រួសាររបស់លោកខ្លាំងណាស់ ប៉ុន្តែលោកមិនអាចនៅក្បែរ និងធ្វើបុណ្យនេះ ជាមួយពួកគេបាន។ បុរសស្លៀកឯកសណ្ឋានអ្នកទោសរូបនេះថ្លែងថា៖ «ខ្ញុំកាន់សាសនាកាតូលិក ដូច្នេះគ្រិស្ដស្មាស់ ពិតជាសំខាន់ណាស់សម្រាប់ខ្ញុំ។ ប៉ុន្តែ យើងមិនអាចរៀបចំអ្វីបានទាំងអស់នៅឆ្នាំនេះ»។
លោក Chulsoo បានជាប់ពន្ធនាគារ ១៨ ខែ មកហើយក្នុងចំណោមទោសសរុប ៤ ឆ្នាំ ពីបទឧក្រិដ្ឋពាណិជ្ជកម្ម។ លោកគ្មានមិត្តភក្តិ និងគ្រួសារមកសួរសុខទុក្ខ ឬរៀបចំពិធីជប់លៀងជូនលោក ដូចអ្នកទោសបរទេសជាច្រើននៅទីនោះទេ។ លោក Chulsoo មិនមានអ្នកជាទីស្រឡាញ់នៅកម្ពុជាឡើយ ដូច្នេះក្នុងថ្ងៃនេះ លោកគ្មានអ្វីធ្វើក្រៅពីការរង់ចំាអស់ជាច្រើនម៉ោង នៅអន្តវេសកដ្ឋានដ៏ធំមួយ ដែលមានអ្នកទោសបុរសដេកយ៉ាងត្រៀបត្រានៅលើកម្រាលឥដ្ឋ។ លោកបន្ថែមថា៖«ខ្ញុំមិនចង់លើកឡើងអំពីភាពអវិជ្ជមានទាក់ទងនឹង ការជាប់ពន្ធនាគារនៅទីនេះឡើយ។ គុក គឺគុក ហើយយើងត្រូវទទួលរងការលំបាកនានា។ វាពិតជាតានតឹងណាស់»។
កាលពី ថ្ងៃចន្ទ ទោះបីជានាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃមិនបានបង្ហាញតួលេខជាក់លាក់ ទាក់ទងនឹងអ្នកជាប់ឃុំនៅព្រៃស ឬបញ្ជាក់អំពីភាគរយ នៃអ្នកទោសជាជនបរទេសនៅទីនោះក្តី ប៉ុន្តែលោក Jeff Vize អ្នកផ្តល់ប្រឹក្សាតស៊ូមតិប្រចាំអង្គការលីកាដូ បានឲ្យដឹងថា CC1 ដែលជាកន្លែងឃុំខ្លួនយុវជនជាប់ទោស មានចំនួនអ្នកទោសកើនឡើងជិតទ្វេដង។ លោកបន្តថា៖ «នាយកដ្ឋានពន្ធនាគារ ជាទូទៅ រៀបចំកន្លែងឃុំខ្លួន ២ ម៉ែត្រការ៉េ សម្រាប់អ្នកទោសម្នាក់ ដែលនេះជាការគណនាស្តង់ដារ»។ លោកបន្ថែមទៀតថា៖ «ស្តង់ដារអន្តរជាតិ ត្រូវបានស្នើឡើងថា ផ្ទៃក្រឡា ២ ម៉ែត្រការ៉េ សម្រាប់ឃុំខ្លួនអ្នកទោសម្នាក់ ជាទំហំដែលអាចទទួលយកបានជាបណ្តោះអាសន្នប៉ុណ្ណោះ ប្រសិនបើស្ថិតក្នុងស្ថានភាពវិបត្តិ។ ទំហំប្រសើរជាងគេ គឺពី ៣,៥ ទៅ ៥,៥ ម៉ែត្រការ៉េ សម្រាប់អ្នកទោសម្នាក់»។ លោក Jeff Vize ឲ្យដឹងទៀតថា៖ «ប្រសិនបើអ្នកជ្រើសរើសយកតួលេខនេះ ពន្ធនាគារព្រៃស អាចមានសមត្ថភាពដាក់អ្នកទោសបាន ៤០០ ភាគរយ»។ លោកបន្តថា ការដាក់អ្នកទោសច្រើនហួសកំណត់ បានបង្កផលប៉ះពាល់អវិជ្ជមាន ដល់ធនធានពន្ធនាគារ ដែលរួមមាន ម្ហូបអាហារខ្វះខាត ហើយគ្មានគុណភាព។ លោកបន្ថែមថា៖ «បើប្រៀបធៀបធនធានពន្ធនាគារ ទៅនឹងនំប៉ាវមួយ ដែលរួមមាន ម្ហូបអាហារ ទឹក កន្លែងកម្សាន្ត ពេលវេលាចូលសួរសុខទុក្ខ ខ្យល់បរិសុទ្ធ ការថែទាំសុខភាព និងកម្មវិធីផ្សេងៗ ធនធានទាំងនេះ នៅខ្វះខាតនៅឡើយហើយមានចំនួនកំណត់។ ដោយសារមនុស្សកាន់តែច្រើន ត្រូវជាប់ឃុំក្នុងពន្ធនាគារ ធនធានទាំងនេះ កាន់តែខើចទៅៗ»។
លោក Shiro អាយុ ៣០ ឆ្នាំ ជាជនជាតិជប៉ុនដែលកំពុងជាប់ឃុំរយៈពេល ១ ឆ្នាំ ពីបទជួញដូរគ្រឿងញៀន មានសំណាងដែលបានភរិយា យកម្ហូបអាហារទៅឲ្យលោកនៅពន្ធនាគារ ជារៀងរាល់ថ្ងៃ។ លោកឲ្យដឹងថា៖ «ខ្ញុំមិនដែលទទួលទានអាហារពន្ធនាគារទេ ដោយសារវាមិនឆ្ងាញ់ទាល់តែសោះ»។
នៅពេលក្រុមអ្នកយកព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ ទៅមើលពន្ធនាគារព្រៃស សង្កេតឃើញថា ម្តាយ និងកូនៗ ជាអ្នកយកអាហារទៅឲ្យកូន និងឪពុករបស់ខ្លួន ដោយផ្ទាល់ អ្នកទាំងនោះ ត្រូវប្រគល់ទូរស័ព្ទទៅឲ្យឆ្មាំយាមគុក ហើយយកដៃអង្អែលកញ្ចក់ឃាំងអ្នកទោស នៅក្នុងបន្ទប់ដ៏ធំមួយ ដើម្បីបង្ហាញក្តីស្រឡាញ់របស់ខ្លួន ចំពោះគ្រួសាររបស់ខ្លួន តាមកញ្ចក់នៅជញ្ជាំងម្ខាងទៀត។
លោក John ជនជាតិអាហ្វ្រិកខាងត្បូង ដែលបានជាប់គុក ៣ ឆ្នាំមកហើយ ពីបទឧក្រិដ្ឋមួយ ដែលលោកមិនបានបញ្ជាក់ឲ្យដឹងលម្អិត ក៏ស្ថិតក្នុងចំណោមអ្នកទោសបរទេស ដែលគ្មានសាច់ញាតិ ឬមិត្តភក្តិ ទៅសួរសុខទុក្ខនៅព្រៃសដែរ។
គ្រិស្ដស្មាស់ ជាការឆ្លុះបញ្ចាំងដ៏សំខាន់ អំពីសាសនា និងវប្បធម៌សម្រាប់លោក John ដែលជាគ្រិស្តនិកជនមួយរូបដែរ។ វាជាថ្ងៃឧទ្ទិស ដល់ព្រះជាម្ចាស់ និងការចំណាយពេលជួបជុំគ្រួសារ។ ដូច្នេះ វាពិតជាពិបាកណាស់ សម្រាប់ការជាប់ឃុំក្នុងពន្ធនាគារ។ លោកបានឲ្យដឹងថា៖ «កាលពីឆ្នាំមុន យើងបានស្នើឲ្យអ្នកគ្រប់គ្រងពន្ធនាគារ រៀបចំបុណ្យគ្រិស្ដស្មាស់នៅទីនេះ។ យើងបានស្នើសុំអាហារពិសេសៗ ដូចជា នំខេក ជាដើម ហើយយើងទទួលបានតាមសំណើ ប៉ុន្តែមាននំតែមួយប៉ុណ្ណោះ នៅក្នុងបន្ទប់របស់យើង ហើយមិនមានរៀបចំពិធីជួបជុំផ្សេងៗទៀតឡើយ»។
ដោយមិនមានគម្រោង រៀបចំអ្វីជាពិសេសនៅឆ្នាំនេះ លោក John នឹងចំណាយពេលពេញមួយថ្ងៃ នឹកគិតដល់កូនទាំងបីរបស់លោកនៅអាហ្វ្រិកខាងត្បូង ដែលលោកតែងតែសរសរសំបុត្រឲ្យគ្នាទៅវិញទៅមក និងជួនកាលនិយាយគ្នាលេងតាមទូរស័ព្ទ។ លោកបានសង្កត់ធ្ងន់ថា៖ «ការរស់នៅដោយគ្មានគ្រួសារ ពិតជាគួរឲ្យភ័យខ្លាចណាស់»។
ការលើកទឹកចិត្តនិងក្តីសង្ឃឹមអ្នកទោសបរទេស ដែលគ្មានសាច់ញាតិ និងមិត្តភក្តិបរទេសនៅកម្ពុជា ពិតជាមានអារម្មណ៍ឯកោណាស់។
Prison Fellowship Cambodia ដែលជាអង្គការគ្រឹះស្ថាន ក្រៅរដ្ឋាភិបាល ធ្វើការលើកម្មវិធីជួយស្តារជីវិតអ្នកទោស ឲ្យកាន់តែប្រសើរឡើង ដោយមិនគិតអំពីជាតិសាសន៍ និងសាសនា បានពាំនាំនូវក្តីសង្ឃឹម ដល់ជនបរទេស ដែលចំណាយពេលនៅក្នុងគុក ប្រារព្ធពិធីបុណ្យគ្រិស្ដស្មាស់។ លោក Adam Hutchinson នាយកប្រតិបត្តិអង្គការនេះ បានលើកឡើងថា៖ «យើងមានវិហារជាច្រើន ដែលធ្វើការជាមួយយើង។ ពួកគេនឹងរៀបចំកម្មវិធីនេះ សម្រាប់អ្នកទោសជាគ្រិស្ដនិកជនទាំងអស់»។
នៅថ្ងៃបុណ្យ គ្រិស្ដស្មាស់នេះ Prison Fellowship បាននិងកំពុងជួបជុំអ្នកទោសនៅព្រៃស និងកន្លែងផ្សេងៗទៀត ហើយសហការជាមួយព្រះវិហារជាច្រើន ដើម្បីរៀបចំម្ហូបអាហារ និងកម្មវិធីកម្សាន្តនៅថ្ងៃនេះ។
លោក Hutchinson បានឲ្យដឹងថា ពន្ធនាគារខុសៗគ្នា មានរៀបចំកម្មវិធីផ្សេងៗគ្នា អាស្រ័យលើជំនួយដែលបានមកពីបរទេស រួមទាំងក្រុមជំនុំប្រចាំព្រះវិហារផងដែរ។ លោកបានបន្ថែមថា៖ «នៅឆ្នាំខ្លះ យើងអាចឲ្យអ្នកគ្រប់ៗគ្នា ចេញមកក្រៅ ទទួលទាន និងផ្តល់អាហារកញ្ចប់ដល់ពួកគេ»។
លោក គុយ ប៊ុនសន ប្រធាននាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ឲ្យដឹងថា លោកចង់ឲ្យអ្នកទោសនៅព្រៃសឈប់សម្រាកមួយថ្ងៃ ដោយមិនមានភារកិច្ចឡើយ ហើយចំណាយពេលជួបជុំអ្នកដែលខ្លួនស្រឡាញ់។ លោកបានលើកឡើងថា៖ «ថ្ងៃទី២៥ ខែធ្នូ មិនមែនជាថ្ងៃឈប់សម្រាកជាសាធារណៈឡើយ ដូច្នេះបុគ្គលិករបស់យើង នឹងធ្វើការតាមធម្មតា ប៉ុន្តែអ្នកទោសបរទេស នឹងត្រូវបានអនុញ្ញាតឲ្យឈប់ ធ្វើពិធីនេះ ឬធ្វើពិធីផ្សេងៗជាមួយគ្រួសាររបស់ខ្លួននៅក្នុងគុក»។
លោក ប៊ុនសន បានឲ្យដឹងថា មន្ត្រីគុកព្រៃស បានអនុញ្ញាតឲ្យអ្នកទោស រៀបចំពិធីសាសនា និងវប្បធម៌របស់ខ្លួនជាប្រចាំ។ លោកលើកឡើងថា៖ «យើងបានអនុញ្ញាតឲ្យ NGOs ដែលធ្វើការជាមួយគ្រិស្តនិកជន មកទីនេះ រៀបចំពិធីទាំងនោះ»។
ទោះបីជាមានគម្រោងផ្តល់ម្ហូបអាហារដល់ អ្នកទោស និងកម្មវិធីកម្សាន្តសប្បាយនៅថ្ងៃគ្រិស្ដស្មាស់ក្តី ការចុះសួរសុខទុក្ខរបស់អង្គការ Prison Fellowship មានគោលដៅផ្តល់ការគាំទ្រជាមូលដ្ឋាន និងលើកទឹកចិត្តអ្នកទោសទាំងអស់៕ SS
ភ្នំពេញ ប៉ុស្តិ៍







