Headlines:

យុវជន​៩០​នាក់​កោរ​សក់​ពេល​ហែ​ព្រះ​សព​សម្តេច​ឪ



121226_06
ពលរដ្ឋមកពីគ្រប់ទិសទីកាន់ព្រះឆាយាលក្ខ័ណព្រះបាទសម្តេចនរោត្តម សីហនុ​មុខ​ព្រះ​បរមរាជ​វាំង​កាល​ពី​ខែ​តុលា។រូបថតហេង ជីវ័ន

ភ្នំពេញៈ យុវជន ៩០ នាក់ ក្នុង​នោះ​មាន​ពី​សែ​រាជវង្ស ចំនួន ១០​អង្គ​ផង នឹង​កោរ​សក់ ស្លៀក​ស ពាក់​ស បួស​មុខ​ព្រះ​ភ្លើង នៅ​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព សម្តេច​ឪ នរោត្តម សីហនុ ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ។

លោក គង់ សំអុល ឧបនាយក​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋ​មន្រ្តី ក្រសួង​ព្រះបរម​រាជវាំង ដែល​ដឹក​នាំ​កិច្ច​ប្រជុំ គណៈ​កម្មាការ រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរមសព កាល​ពី​ម្សិលមិញ បាន​ថ្លែង​ថា មាន​យុវជន ៩០ នាក់ ត្រូវ​ស្លៀក​ស ពាក់​ស និង​កោរ​សក់ សម្រាប់​ការ​ដង្ហែ​ព្រះ​សព។ លោក​បន្ត​ថា៖ «យើង​នឹង​ជ្រើស​រើស​យុវជន​១០​អង្គ ពី​គ្រួសារ​រាជវង្ស ១១​នាក់ ពី​រាជធានី និង ៦៩​នាក់ ​ពី​ខេត្ត​ចំនួន​២៣​ (​បី​នាក់​ក្នុង​មួយ​ខេត្ត) ​ដែល​ត្រូវ​កោរ​សក់ និង​ស្លៀក​ស ពាក់​ស សម្រាប់​ពិធី​ដង្ហែ​ព្រះ​សព»។ លោក​បន្ថែម​ថា មន្រ្តី​រដ្ឋាភិបាល​ចំនួន ​៩០​ នាក់​ រួម​មាន រដ្ឋ​មន្រ្តី ​រដ្ឋ​លេខាធិការ អនុ​រដ្ឋ​លេខាធិការ មន្រ្តី​តុលាការ សាលា​រាជធានី និង​សាលា​ខេត្ត ត្រូវ​តែ​កាន់​ផ្កា​ឈូក​ជ័រ ដើរ​នៅ​ក្នុង​ក្បួន​ដង្ហែ​ព្រះ​រាជសព​។ ពួក​គេ​មិន​ប្រើ​ផ្កា​ឈូក​ពិត​ទេ ដោយ​សារ​វា​មិន​នៅ​ស្រស់​បាន​យូរ។

ជាង​នេះ​ទៀត នឹង​មាន​មន្រ្តី​ចំនួន​ ១៨០​នាក់ ​ពី​រាជធានី ខេត្ត ក្រុង កាន់​ផ្កា​ឈូក និង​ស្លៀក​ពាក់ស​។

លោក គង់ សំអុល បន្ត​ថា ក្បួន​ដង្ហែ​នេះ​ នឹង​មាន​ក្រុម​ភ្លេង​ប្រពៃណី ហើយ​អ្នក​លេង​ភ្លេង ​១៣​នាក់​ត្រូវ​ស្លៀក​ពាក់​ស​។ ក្រុម​ភ្លេង​អ៊ិស្លាម ​និង​គណៈ​ប្រតិភូ​របស់​ពួក​គេ​ គឺ​មាន​បុរស​ចំនួន​៩០​នាក់ ហើយ​ពួក​គេ ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី​ផ្ទាល់​របស់​ពួក​គេ​។ បុរស ៩០​ នាក់ ជា​ក្រុម​ភ្លេង​ចិន ​និង​គណៈ​ប្រតិភូ​របស់​ពួក​គេ និង​៩០​នាក់​ទៀត ជា​ក្រុម​ភ្លេង​វៀតណាម និង​គណៈ​ប្រតិភូ​របស់​ពួក​គេ។​

លោក គង់ សំអុល ឲ្យ​ដឹង​ទៀត​ថា ពួក​គេ​អាច​នឹង​ដាក់​បញ្ចូល​គ្នា​ ប្រសិន​បើ​ជន​ជាតិ​នីមួយៗ​​មិន​មាន​អ្នក​ចូល​រួម​បាន​ចំនួន​ ៩០ នាក់ ហើយ​ពួក​គេ​ត្រូវ​តែ​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី​របស់​ពួក​គេ ហើយ​អាច​កាន់​ផ្កា​ឈូក​ប្រសិន​បើ​ពួក​គេ​ចង់​កាន់។​

លោក​បាន​ថ្លែង ថា មាន​ភ្លៀវ​កិត្តិយស​ចំនួន​៩០​ នាក់ សេដ្ឋី ៤០​នាក់ និង​ទី​ប្រឹក្សា​ ៥០​នាក់​ ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ ក្នុង​ពិធី​នេះ​ដែរ។ លោក គង់ សំអុល ​បញ្ជាក់​ថា​៖ «យើង​មិន​ត្រឹម​តែ​មាន​មនុស្ស​ចូល​រួម​ពិធី​នេះ​ទេ ប៉ុន្តែ​យើង​ថែម​ទាំង​មាន​ឡាន​ធំ​ពីរ រៀបចំ​ដើម​ឈើ ដែល​ពោរពេញ​ទៅ​ដោយ​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ បង្ហាញ​ពី​ការ​កាន់​ទុក្ខ ​ចំពោះ​ម្ចាស់​របស់​ពួក​គេ ដែល​បាន​យាង​ចូល​ទិវង្គត​ចាក​ចេញ​ឆ្ងាយ​ពី​ពួក​គេ​»។ ​គណៈកម្មាធិការ​រៀបចំ​បុណ្យ​ព្រះ​សព​នឹង​អនុវត្ត​សាកល្បង ក្បួន​ដង្ហែ​នេះ​ចំនួន​ពីរ​លើក​មុន​ពេល​ដល់​ថ្ងៃ​ហែ​ពិត​ប្រាកដ។

លោក សំអុល បាន​ថ្លែង​ថា​៖ «យើង​នឹង​សាក​ល្បង​លើក​ទីមួយ​នៅ​ថ្ងៃ​ទី​១៩ មករា ​និង​មួយ​លើក​ទៀត​នៅ​ថ្ងៃ​ទី​២៦ មករា ប៉ុន្តែ​យើង​នឹង​ពិភាក្សា​ អំពី​បញ្ហា​នេះ​ទៀត ​ថា​តើ​​យើង​នឹង​អនុវត្ត​នៅ​ពេល​​ថ្ងៃ​ ឬ​នៅ​ពេល​យប់ ពីព្រោះ​យើង​មិន​ចង់​រំខាន​ដល់​ប្រជាជន ដែល​ត្រូវ​បិទ​ផ្លូវ​មួយ​ចំនួន​នោះ​ទេ»។ លោក គង់ សំអុល ​នឹង​ស្នើ​ទៅ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ឲ្យ​ប្រជាជន បាន​ឈប់​សម្រាក​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១ ​និង​ ៤ កុម្ភៈ​ (​ថ្ងៃ​ដែល​ព្រះ​បរមសព​សម្តេច​ឪ​ត្រូវ​ដង្ហែ​ចេញ​ពី​ព្រះ​បរម​រាជវាំង និង​ថ្ងៃ​ទី​៤ ដែល​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង)។ លោក សំអុល បាន​ថ្លែង​ទៀត​ថា គណៈកម្មាធិការ ​នឹង​ប្រកាស​ទៅ​គ្រប់​ស្ថាន​ទូត​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ដឹង​អំពី​ពិធី​នេះ ប៉ុន្តែ​ភ្ញៀវ​បរទេស​នៅ​ក្រៅ​ប្រទេស​នឹង​មិន​ត្រូវ​បាន​អញ្ជើញ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ស្វាគមន៍​ប្រសិន​បើ​ពួក​គេ​មក​ចូល​រួម។​ មន្រ្តី​ជាន់​ខ្ពស់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កន្លែង​ព្រះ​មេរុ ហើយ​មន្រ្តី​ធម្មតា​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពីព្រោះ​កន្លែង​នោះ​ អាច​ទទួល​យក​បាន​ត្រឹម​តែ​ប្រហែល ៣០០០​ នាក់ ប៉ុណ្ណោះ​។ លោក​ថ្លែង​ទៀត​ថា ​យើង​នឹង​មិន​អញ្ជើញ​មនុស្ស​ធម្មតា​ចូល​ទេ ពីព្រោះ​វា​ធ្វើ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់ ប៉ុន្តែ​ពួក​គេ​អាច​មើល​ពិធី​នេះ​បាន តាម​កញ្ចក់​ទូរទស្សន៍ ដែល​យើង​ធ្វើ​សម្រាប់​ពួក​គេ»។

លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គេ​គួរ​តែ​ដាក់​ទូរទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់​ សម្រាប់​ប្រជាជន មក​ពី​តាម​បណ្តា​ខេត្ត ទស្សនា​។ លោក​បន្ត​ថា​៖«​យើង​អាច​ជួល ឬ​ទិញ​ផ្ទាំង​អេក្រង់​ដើម្បី​ចាក់​ឲ្យ​ប្រជាជន​របស់​យើង​មើល»។

លោក ស ខេង ឲ្យ​ដឹង​ថា នឹង​មាន​នគរបាល កង​រាជ​អាវុធ​ហត្ថ អង្គរក្ស និង​មន្រ្តី​ CMAC ជាង ១ ម៉ឺន នាក់ និង​មន្រ្តី​សុខាភិបាល​ចំនួន​៧២​នាក់​ដើម្បី​ការពារ​សុវត្ថិភាព និង​សុខភាព​ក្នុង​អំឡុង​ពិធី​នោះ។

លោក សុខ អាន ឧបនាយក​រដ្ឋ​មន្រ្តី បាន​ថ្លែង​ថា ​គេ​ត្រូវ​តែ​ដាក់​អេក្រង់​ទូរទស្សន៍​បញ្ចាំង​ទៅ​មនុស្ស​ដទៃៗ​ទៀត ដើម្បី​បញ្ចៀស​ការ​ប្រជ្រៀត​ជាន់​គ្នា​ណា​មួយ​។ លោក​បន្ត​ថា​៖ «យើង​អាច​ជួល​ផ្ទាំង​អេក្រង់​ធំៗ​ចំនួន​១៤ ដើម្បី​ចាក់​ការ​ផ្សាយ​បន្ត​ផ្ទាល់ ឲ្យ​ប្រជាជន​មើល​ពិធី​ដង្ហែ​ព្រះ​បរមសព ហើយ​យើង​ដាក់​នៅ​កន្លែង​មួយ​ចំនួន​ ដូច​ជា​នៅ​ពហុកីឡដ្ឋាន​អូឡាំពិក កោះ​ពេជ្រ សួន​សេរីភាព មជ្ឈ​មណ្ឌល​វប្បធម៌​ចេនឡា សួន​ច្បារ​ផ្សារ​ចាស់ រង្វង់​មូល​ចោមចៅ ចម្ការ​ព្រីង អតីត​បេន​ឡាន​ព្រែក​លៀប បេនឡាន​វាល​ស្បូវ មាត់​ទន្លេ​នៅ​តាខ្មៅ និង​កន្លែង​ដទៃ​ៗ​ទៀត»។

គណៈ​កម្មាធិការ​នេះ នឹង​អំពាវនាវ​ ទៅ​វត្ត​អារាម​ទូទាំង​ប្រទេស ឲ្យ​ទូង​ស្គរ នៅ​ពេល​ជាមួយ​គ្នា​ នៅ​ពេល​បូជា​ព្រះ​បរមសព ព្រះ​បាទ​នរោត្តម សីហនុ ហើយ​ប្រជាពល​រដ្ឋ​កម្ពុជា​ទាំងអស់ ក៏​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​ផង​ដែរ៕ PS

This content has been locked. You can no longer post any comments.
Show/hide comments
busy