សួស្តីឆ្នាំថ្មី! កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​ជម្រាប​ជូន​ដំណឹង​ដល់​ប្រិយ​មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា ដើម្បី​ចូល​រួម​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ​ខាង​មុខ​នេះ ​ភ្នំពេញ ប៉ុស្តិ៍ នឹង​ផ្អាក​ចេញ​ផ្សាយ​ពី​ថ្ងៃទី​១៤ ១៥ ១៦ និង​១៧ មេសា ​២០១៤ ហើយ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​ជា​ធម្មតា​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៨ មេសា ឆ្នាំ​២០១៤។ ភ្នំពេញ ប៉ុស្តិ៍ ​សូម​ជូន​ពរ មិត្ត​អ្នក​អាន និង​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ទាំងអស់ ជួប​តែ​សេចក្តី​សុខ សុភមង្គល​គ្រប់​ៗ​គ្នា និង​គ្រប់​ពេល​វេលា នាឆ្នាំថ្មី​​នេះ។
Headlines:

សាលា​ឧទ្ធរណ៍​ជម្រះ​រឿង​ឃាតកម្ម​​ជា ​វិជ្ជាវិញ ​ទាំង​គ្មាន​តម្រុយ​ថ្មី



121109_10
លោក ប៊ន សំណាង(​ឆ្វេង) និង លោក សុ​ខ សំអឿន ពេល​ឡើង​សាលា​ឧទ្ធរណ៍​​។ រូបថត ផា​ លីណា

ភ្នំពេញៈ រឿងក្តី​ដ៏​កក្រើក​នៃ​ឃាតកម្ម​អតីត​មេដឹកនាំ​សហជីព​សេរី កម្មករ ជា វិ​ជ្ជា ពី​ឆ្នាំ​២០០៤ ទាក់​ទិន​នឹង​ជន​សង្ស័យ​ដែល​គ្រួសារ​ជន​រងគ្រោះ​ជឿថា​ជា​ឃាតក ប្រឌិត​ពីររូប​ដែល​ត្រូវ​តុលាការ​កំពូល​ដោះ​លែង កាល​ពី​ចុង​ឆ្នាំ ២០០៨ កាល​ពី​ថ្ងៃ​ពុធ​ត្រូវ​សាលា​ឧទ្ធរណ៍​សើរើ​មក​ជម្រះ​ឡើង​វិញ​តាម​បញ្ជា ពី​ថ្នាក់​កំពូល ខណៈ​មិន​មាន​ស៊ើប​រក​ឃើញ​តម្រុយ​អ្វី​ថ្មី​អំពី​ឃាតក​ពិត ដែល​ជន​រងគ្រោះ​ទន្ទឹង​រង់ចាំ​នូវ​យុត្តិធម៌​អស់ ៨ ឆ្នាំ​មក​ហើយ។

លោក ជួន ស៊ុនឡេង អនុ​ប្រធាន​សាលា​ឧទ្ធរណ៍​បាន​ថ្លែង​ថា៖ «សវនាការ​ថ្ងៃ​នេះ គឺ​ដើម្បី​ជជែក​អំពី​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ដែល​បង្គាប់​ដោយ​សេចក្តី​ សម្រេច​តុលាការ​កំពូល»។ លោក​បន្ត​ថា ប៊ន សំណាង និង សុខ សំអឿន ត្រូវ​តុលាការ​កំពូល​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​៣១ ខែធ្នូ ឆ្នាំ​២០០៨។

លោក ជួន ស៊ុនឡេង បាន​លើក​ឡើង​ថា ប៊ន សំ​ណាង អាយុ ២៨ ឆ្នាំ និង​សុខ សំអឿន អាយុ​៤១ឆ្នាំ ​ដែល​ត្រូវ​ចាប់​ខ្លួនទាក់​ទិន​នឹង​ការ​សម្លាប់​លោក ជា វិជ្ជា ​ត្រូវ​សាលា​ដំបូង​រាជធានី​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ម្នាក់ៗ​២០ឆ្នាំ។

លោកថ្លែង​ដែរ​ថា៖«​តាម​សេចក្តី​សន្និដ្ឋាន​របស់​តុលា ការ​កំពូល និង​ដីកា​បង្គាប់​ឲ្យ​ស៊ើប​អង្កេត​ឡើង​វិញ មាន​ភស្តុតាង​ដាក់​បន្ទុក​និង​សម្រាប់​ដោះ​បន្ទុក​ក្នុង​រឿង​ក្តី​នេះ ហើយ​ក៏​នៅ​មាន​ចន្លោះ​ប្រហោង និង​ភាព​មិន​ច្បាស់​លាស់​ដែរ​ក្នុង​រឿង​ក្តី​នេះ»។

លោកបន្តថា ដើម្បី​ស៊ើប​អង្កេត​ឡើង​វិញ​ក្នុង​រឿង​ក្តី​នេះ តុលាការ​បាន​សាកសួរ​បុគ្គល​ពាក់​ព័ន្ធឬ​សាក្សី​ជា​ច្រើន​នាក់ រាប់​ទាំង​នគរបាល​ដែល​បាន​ចាប់​ខ្លួន​និង​សួរ​ចម្លើយ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន ព្រម​ទាំង​ឪពុក​ម្តាយ​ពួកគេ​ផង។

លោកថ្លែង​ឲ្យ ដឹង​ថា ការ​ស៊ើប​អង្កេត​បន្ថែម​រក​ឃើញ​​ថា លោក ប៊ន សំណាង ស្នាក់​នៅ​ផ្ទះ​សំណាក់​នីនី រយៈ​ពេល៧​ថ្ងៃ មុន​ពេល​សម្លាប់​លោក ជា វិជ្ជា អតីត​មេ​សហជីព​កាល​ពី​ថ្ងៃទី ២២ ខែ​មករា​ឆ្នាំ​២០០៤ ហើយ​គ្មាន​អំពើ​ហិង្សា​ដោយ​ប៉ូលិស​មក​លើ​ប៊ន សំណាង និង សុខ សំអឿន ក្នុង​អំឡុង​ពេល​ចាប់​ខ្លួន​និង​សួរ​ចម្លើយ​ពី​ឆ្នាំ២០០៤ ឡើយ។

លោកបន្ត​ថា ៖ «តាម​ចម្លើយ​ពី មុន​របស់​លោក ប៊ន សំណាង គាត់​បាន​សារភាព​ថា គាត់​ជា​ជន​ដែល​បាញ់​លោក ជា វិជ្ជា ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០០៤។ គាត់​ឆ្លើយ​ដែរ​ថា ឈ្មោះ សុខ សំអឿន បាន​បើក​ម៉ូតូ​ឲ្យ​គាត់ ហើយ​គាត់​បាន​បាញ់​លោក ជា វិជ្ជា»។ «បន្ទាប់​ពី​បាញ់​សម្លាប់​លោក ជា វិជ្ជា រួច​ហើយ គាត់​បាន​នាំ​នគរបាល​ទៅ​យក​កាំភ្លើង​ដែល​គាត់​បាន​លាក់»។

ប៉ុន្តែ លោក ប៊ន សំណាង និង​លោក សុខ សំអឿន បាន​បដិសេធ​ក្នុង​សវនាការ​ថា ពួកគេ​មិន​បាន​ពាក់​ព័ន្ធឬ​សម្លាប់​លោក ជា វិជ្ជា ដូច​ការ​ចោទ​នោះ​ទេ ហើយ​ថា ពួកគេ​ជា​ជន​គ្មាន​កំហុស​និង​ជា​ជន​រងគ្រោះ​ពី​ការ​ចាប់​ខ្លួន​និង​ចោទ ប្រកាន់​នេះ។

លោក ប៊ន សំណាង​ បន្ថែម​ថា នៅ​ថ្ងៃ​លោក ជា វិជ្ជា ត្រូវ​បាន​សម្លាប់ លោក​ស្នាក់​នៅ​ក្នុង​ខេត្ត​ព្រៃ​វែងជាមួយ​ក្រុម​គ្រួសារ​គឺ​មិន​បាន​ស្នាក់​នៅ ភ្នំពេញ​ទេ។ លោក​ប្រាប់​ថា៖ «ខ្ញុំ​មិន​មែន​ជា​ឃាត​​ក​ទេ។ ខ្ញុំ​មិន​បាន​សម្លាប់​លោក​ពូ ជា វិជ្ជា ដូច​ការ​ចោទ​ឡើយ»។

លោកបន្ត ថា ៖ «​ខ្ញុំ​បាន​បដិសេធ​ចម្លើយ​ទាំង​អស់​របស់​ខ្ញុំ​នៅ​នគរបាល ព្រះ​រាជ​អាជ្ញា និង​ចៅ​ក្រម​ស៊ើប​អង្កេត ព្រោះ​ចម្លើយ​នោះ​មិន​មែន​ជា​ចម្លើយ​ពិត​ទេ។ វា​ជាចម្លើយ​នគរបាល ដែល​ខ្ញុំ​រង​ការ​គំរាម​និង​បង្ខំ​ឲ្យ​ឆ្លើយ​សារភាព​តាម​ចម្លើយ​រៀប​ចំ​នោះ»។

លោកថា ក្នុង​អំឡុង​លោក​ជាប់​ឃុំ​នៅ​ពន្ធនាគារ PJ នៅ​រាជធានី​ភ្នំពេញ ពី​ឆ្នាំ២០០៤ ដើម្បី​បង្ខំ​ឲ្យ​លោក​រក្សា​ចម្លើយ​សារភាព​ខាង​លើ លោក ហ៊ុន សុង ជា​អតីត​អធិការ​ខណ្ឌ​ឫស្សី​កែវ​(កំពុង​គេច​ខ្លួន) និង​លោក លី រ៉ាស៊ី (មនុស្ស​ជំនិត​របស់​អតីត​ស្នង​ការ ហេង ពៅ) ដែល​ឥឡូវ​កំពុង​ជាប់​ពន្ធនាគារ​នៅ​ព្រៃស បាន​នាំ​ស្រី​រក​ស៊ី​ផ្លូវ​ភេទ​ស្អាត​ម្នាក់​មកឲ្យ​គាត់​រួម​ភេទ​ក្នុង ពន្ធនាគារ​បាន​ពីរ​លើក។ ក្រៅ​ពី​នេះ គេ​បាន​យក​អាហារ និង​ប្រាក់​មួយ​ចំនួន​មក​ឲ្យ​គាត់​ក្នុង​ពន្ធនា​គារ​ផង​ដែរ។

លោកអះអាង ថា ៖ «​ខ្ញុំ​ជា​ជន​គ្មាន​កំហុស​។ ខ្ញុំ​សុំតុលា​ការ​លើក​លែង​ការ​ចោទ​ប្រកាន់​រូប​ខ្ញុំ និង​ដោះ​លែង​ខ្ញុំ​ឲ្យមាន​សេរីភាព»។

លោក សុខ សំអឿន ថ្លែង​ថា ៖ «ខ្ញុំ​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​អស់។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ ខ្ញុំ​មិន​ស្គាល់​ ប៊ន សំណាង​ពី​មុន​មក​ទេ។ កា​រចោទ​ប្រកាន់​នេះ​អយុត្តិធម៌​ណាស់​ចំពោះ​ខ្ញុំ។ ខ្ញុំ​ជា​ជន​គ្មាន​កំហុសនិង​ជា​ជន​រង​គ្រោះក្នុង​រឿង​នេះ ដូច្នេះ ខ្ញុំ​សូម​តុលាការ​លុប​លាង​និង​លើក​លែង​ការ​ចោទ​ប្រកាន់​និង​ដោះ​លែង​ខ្ញុំ​ឲ្យ​មាន​សេរីភាព​ដូច​ពលរដ្ឋ​ដទៃ»។

លោក ហុង គីមសួន ​មេធាវី​ការពារ​លោក សុខ សំអឿន បាន​ថ្លែង​ថា លោក សុខ​ សំអឿន ​ជា​ជន​រងគ្រោះ​នៃការ​ចាប់​ខ្លួន។ គាត់​មិន​ពាក់​ព័ន្ធ​នឹង​អំពើ​សម្លាប់​លោក​ជា វិជ្ជា​ទេ។​«គ្មាន​ភស្តុតាង​បញ្ជាក់​ថា កូនក្តី​ខ្ញុំ​ពាក់​ព័ន្ធ​ឬ​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​ទេ។ ខ្ញុំ​សូម​តុលាការ​លើក​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​គាត់»។

លោក កៅ ទី មេធាវីអ្នកស្រី ជា គឹមនី ប្រពន្ធ​លោក ជា វិជ្ជា បាន​ថ្លែង​ថា កូន​ក្តី​លោក​បាន​ស្វែង​រក​យុតិ្តធម៌​ឲ្យ​ស្វាមី​អស់​ច្រើន​ឆ្នាំ​មក​ ហើយ។ លោក​សូម​តុលាការ​រក​យុតិ្តធម៌ រក​ការ​ពិត និង​រក​ឃាតក​ពិត ដើម្បី​យក​មក​កាត់​ទោស។

លោក ជា មុនី ​ប្អូន​ប្រុស​លោក ជា វិជ្ជា និង​ជា​ប្រធាន​សហជីព​សេរីកម្ម​ករ​បាន​ថ្លែង​ថា លោក ប៊ន សំណាង និង​លោក សុខ សំអឿន មិន​មែន​ជា​ឃាតក​ពិត​ដែល​បាន​សម្លាប់​បង​ប្រុស​លោក កាល​ពី​ឆ្នាំ២០០៤ ទេ។ លោក​ថា៖ «​រូប​ខ្ញុំ​ផ្ទាល់ ៩៩ភាគ​រយ​ ខ្ញុំ​មិន​ជឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ទេ។ ខ្ញុំ​មិន​រំពឹង​ថា សាលា​ឧទ្ធរណ៍​នឹង​រក​ការ​ពិតនិង​យុតិ្តធម៌​ឲ្យ​បងប្រុស​ខ្ញុំ​ក្នុង​ រឿង​ក្តី​នេះ​ទេ​»។

លោក អំ​ សំអាត ​​​ទី​ប្រឹក្សា​​បច្ចេក​ទេស​​នៃអង្គ​ការ​លីកាដូ​ថ្លែង​ថា ​តាម​ការ​ស៊ើប​អង្កេត​របស់​លីកាដូ លោក ប៊ន សំ​​ណាង និង​លោក សុខ សំអឿន គ្រាន់​តែ​ជា​ជន​រង​គ្រោះប៉ុណ្ណោះ គឺ​មិន​ពាក់ព័ន្ធនឹង​ឃាត​​កម្ម​នេះ​ទេ​។

លោកចៅ​ក្រម​ ជួន សុនឡេង ថ្លែង​​ថា សាល​ក្រម​​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី២៦ ​ខែ​វិច្ឆិកា៕ TK

This content has been locked. You can no longer post any comments.
Show/hide comments
busy