Headlines:

កាត់​ទោស​​​៥នាក់​ឲ្យ​ជាប់​គុក​១​ជីវិត​ពាក់ព័ន្ធ​ ការ​រំលោភ​ហើយ​សម្លាប់



121123_10
ក្រុម​បុរស​ជាប់​ចោទ​ដែល​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នា​គា​រ​អស់​មួយ​ជីវិត នៅ​សា​លា​ដំបូង​រាជ​ធានី កាល​ពី​ម្សិល​មិញ ។ រូបថត លៀង សារិទ្ធ​

ភ្នំពេញៈ បុរស ៤ នាក់ និង​ស្ត្រី​ម្នាក់​ត្រូវ​បាន​សាលា​ដំបូង​រាជធានី កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត និង​តម្រូវ​ឲ្យ​ផ្តល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ សរុប​ចំនួន​៨០​លាន​រៀល ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជា​មុន តាម​មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការ​រំលោភ សម្លាប់​គូ​សង្សារ​មួយ​គូ ដែល​ពួក​គេ​ប្រទះ​ឃើញ​កំពុង​រួមរ័ក នៅ​កណ្តាល​វាលស្រែ​ក្នុង​ខណ្ឌ​សែន​សុខ កាល​ពីដើម​ឆ្នាំ​នេះ។

លោក ឌុច គឹមសន ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ បាន​សម្រេច​ផ្តន្ទាទោស ឈ្មោះ ទូច សុធា ហៅ​ធាន ភេទ​ប្រុស​អាយុ ២៧ ឆ្នាំ អ៊ឹម ចំរើន ហៅ ថា ភេទ​ប្រុស​អាយុ ៣៣ ឆ្នាំ វ័ន ជីញ ភេទ​ស្រី​អាយុ ២៧ ឆ្នាំ និង​កំបាំង​មុខ​ឈ្មោះ ជា សុវណ្ណឌី និង ឈួយ ម៉ៅ ឲ្យ​ជាប់​ពន្ធនាគារ ម្នាក់​ៗ អស់​មួយ​ជីវិត និង​បង្គាប់​ឲ្យ​សង​សំណង​ទៅ​ជនរងគ្រោះ​សរុប​៨០ លាន​រៀល​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ប្រព្រឹត្ត​នៅ​វាល​ស្រែ​ផ្លូវ​លំ ភូមិ​ដំណាក់​ធំ សង្កាត់​ភ្នំពេញ​ថ្មី ក្នុង​ខែ​មករា​ឆ្នាំ ២០១២។ ជនជាប់​ចោទ ត្រូវ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន នៅ​ថ្ងៃទី ២៣ ខែ​មករា ឆ្នាំ ២០១២​ហើយ​ត្រូវ​បាន​ជំនុំ​ជម្រះ កាលពី​ថ្ងៃទី ២៦ ខែ​តុលា ឆ្នាំ ២០១២ ។

សំណុំ​រឿង​នេះ ជា​សំណុំ​រឿង១​ក្នុង​ចំណោម​សំណុំ​រឿង ៤ ដែល​តុលាការ​យក​មក​ជំនុំ​ជម្រះ បន្ទាប់​ពី លោក កោ វណ្ឌី ចៅក្រម​សាលា​ដំបូង​រាជធានី បាន​សម្រេច​បញ្ជូន​សំណុំ​រឿង​ប្លន់​សម្លាប់ និង​រំលោភ​សេពសន្ថវៈ ទៅ​ឲ្យ​ចៅក្រម​ស៊ើប​សួរ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែម។

ក្នុង​ករណី​ប្លន់​សម្លាប់ និង​រំលោភ សេពសន្ថវៈ មាន​ជនជាប់​ចោទ ៥ នាក់ រួម​មាន ឈ្មោះ ទូច សុធា អ៊ឹម ចំរើន, វ័ន ជីញ, ឈួន ម៉ៅ និង ជា សុវណ្ណឌី។ នៅក្នុង​សវនាការ កាលពី​ថ្ងៃទី ៧ ខែ​សីហា វ័ន ជីញ​បាន​ប្រាប់​តុលាការ​ថា ពួក​គេ​មាន​គ្នា ៥ នាក់ ពេល​ចេញពី​ការ​ដ្ឋាន​សំណង់ ក៏​ឃើញ​ភ្លើង​ម៉ូតូ​មួយ​គ្រឿង នៅ​កណ្តាល​វាល​ស្រែ ក៏​នាំ​គ្នា​ទៅ​មើល ឃើញ​គូ​សង្សារ​មួយ​គូ កំពុង​រួមរ័ក ហើយ​ឈ្មោះ ឌី ជា​មេ​ខ្លោង និង សុធា ក៏​វាយ​បុរស​ជា​សង្សារ ៤-៥ ដំបង ហើយ​ពួក​គេ​ក៏​ចាប់​រំលោភ​នារី​រងគ្រោះ។ នាង វ័ន ជីញ និយាយ​ថា៖«រំលោភ​រួច ឌី និង​សុធា បាន​វាយ​សម្លាប់​នារី​រងគ្រោះ រួច​យក​ម៉ូតូ»។ ឯ​នាង និង​អ៊ឹម ចំរើន និង ឈួយ ម៉ៅ ជា​អ្នក​ចាំ​ផ្លូវ។

ប៉ុន្តែ ទូច សុធា និង អ៊ឹម ចំរើន អ្នក​ទាំង ២ នាក់ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ករណី​ប្លន់​សម្លាប់ និង​រំលោភ​សេពសន្ថវៈ នេះ។ នៅ​ចំពោះ​មុខ​តុលាការ​ជន​ជាប់​ចោទ​ទាំង ២ នាក់ ទទួល​ស្គាល់​តែ​ករណី​ប្លន់​ម៉ូតូ កាលពី​ថ្ងៃទី ២៣ ខែ​មករា នៅ​ភូមិ​ចម្ការ​ឪឡឹក​មួយ​ប៉ុណ្ណោះ បទល្មើស​ក្រៅ​ពី​នោះ ពួក​គេ​មិន​ទទួល​ស្គាល់​ទេ។

លោក កោ វណ្ឌី ប្រធាន​ក្រុម​ប្រឹក្សា ជំនុំ​ជម្រះ​កាលពី​ថ្ងៃទី ២១ ខែ​សីហា ឆ្នាំ ២០១២ បាន​បើក​ប្រកាស​សាលក្រម​ចំនួន​៤ សំណុំ​រឿង បន្ទាប់ពី​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​កាលពី​ថ្ងៃទី​៧ខែ​សីហា។ ក្នុង​សំណុំ​រឿង​ទី១ លោក​បាន​សម្រេច​ផ្តន្ទាទោស ឈ្មោះ ទូច សុធា ភេទ​ប្រុស​អាយុ ២៧ ឆ្នាំ អ៊ឹម ចំរើន ភេទ​ប្រុស​អាយុ ៣៣ ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ១០ ឆ្នាំ​និង​ឈ្មោះ​វ័ន ជីញ ភេទ​ស្រី អាយុ ២៧ ឆ្នាំ​ឲ្យ​ជាប់​ពន្ធនាគារ​៨​ឆ្នាំ និង​កាត់ទោស​កំបាំង​មុខ​ឈ្មោះ ឈួយ ម៉ៅ ដាក់​ពន្ធនាគារ​១០​ឆ្នាំ​ពី​បទ​កំហែង​យក ដោយ​ប្រើ​អាវុធ តាម​មាត្រា​២៩, ៣៦៣ និង​មាត្រា ៣៦៦ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី ២៣ ខែ​មករា​ឆ្នាំ ២០១២​នៅ​ភូមិ​ចម្ការ​ឪឡឹក សង្កាត់​ចោមចៅ។

លោក​បន្តថា៖ «បើក​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍ តាម​កំណត់​ច្បាប់»។

សំណុំរឿង​ទី ២ លោក កោ វណ្ឌី ប្រកាស​ផ្តន្ទាទោស ទូច សុធា ឲ្យ​ជាប់ពន្ធនាគារ ១០ ឆ្នាំ ដោយ​កែប្រែ​បទ​ចោទ​ពី​លួច​ដោយ​ហិង្សា ទៅជា​បទ​កំហែង​យក​ដោយ​ប្រើ​អាវុធ និង​ផ្តន្ទាទោស វ័ន ជី​ញ​ដាក់​ពន្ធនាគារ ២ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់ ៤ លាន​រៀល ពីបទ​ទទួល​ផល​ចោរកម្ម និង​សម្រេច​ឲ្យ​អ៊ឹម ចំរើន រួចខ្លួន​ពីបទ​លួច​តាម​មាត្រា​៣៥០ នៃ​ក្រមព្រហ្ម​ទណ្ឌ ប្រព្រឹត្ត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ ក្នុង​ខែ​មករា ឆ្នាំ ២០១២។

រីឯ​សំណុំរឿង ទី ៣ លោក កោ វណ្ឌី បាន​កាត់​ទោស ទូច សុធា ឲ្យ​ជាប់​ពន្ធនាគារ​៤​ឆ្នាំ ពី​បទ​លួច តាម​មាត្រា ៣៥៣ និង ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​ប្រព្រឹត្ត​ក្នុង​ខែ​មករា​ដើម​ឆ្នាំ​នេះ នៅ​ខណ្ឌ​សែនសុខ។ រីឯ សំណុំ​រឿង​ទី ៤ ជា​រឿង​ឃាតកម្ម ត្រូវ​បាន​តុលាការ​លើក​យក​មក​បើក​សវនា​ជំនុំ​ជម្រះ ម្តង​ទៀត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ឌុច គឹម សន កាលពី​ថ្ងៃ​ទី ២៦ ខែ​តុលា ហើយ​ត្រូវ​បាន​ប្រកាស​សាលក្រម​កាលពី​ម្សិលមិញ។

ជនជាប់​ចោទ ទូច សុធា បាន​ស្រែក​ទ្រហោ​យំ បន្ទាប់​ពី​លោក​ឌុច គឹមសន អាន​សេចក្តី​សម្រេច​ផ្តន្ទាទោស​នេះ។ ទូច សុធា បាន​និយាយ​ថា៖«ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ទេ ហេតុ​អី​អ្នក​ឯង​ឆ្លើយ​ដាក់​ខ្ញុំ​អ៊ីចឹង។ អស់​លោក​សុំ​ជួយ​មើល​អយុត្តិធម៌​ណាស់»។ សមាជិក​ក្រុម​គ្រួសារ និង​មេធាវី​ការពារ​ក្តី​ទណ្ឌិត​ទាំង​នេះ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ពី​ម្សិលមិញ។

នាពេល​បច្ចុប្បន្ន​នេះ ករណី​សម្លាប់​មនុស្ស​ងាយៗ​សាហាវ​ព្រៃផ្សៃ​បាន​កើត​ឡើង​ជា​ញឹកញាប់។

កាលពី​ថ្ងៃ​អង្គារ នៅ​ភូមិ​ជយោ ឃុំ​ជយោ​ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម ឪពុក​ប្រមឹក​វ័យ ៣៣ ឆ្នាំ​ម្នាក់​ឈ្មោះ ជ្រិន ជ្រាន បាន​កាប់​កូន​ស្រី​បង្កើត​របស់​ខ្លួន ២ នាក់ ដែល​ម្នាក់​មាន​អាយុ​៦ឆ្នាំ និង​ម្នាក់​ទៀត មាន​អាយុ​ជាង ២ ឆ្នាំ​បណ្តាល​ឲ្យ​ស្លាប់ និង​បាន​កាប់​អ្នក​ជិត​ខាង​ពីរ​នាក់​ទៀត ឲ្យ​របួស​ធ្ងន់។ អំពើ​ដ៏​ព្រៃផ្សៃ​អន់​ជាង​សត្វ​នេះ បាន​កើត​ឡើង​ដោយ​សារ​តែ​ជន​ដៃ​ដល់​ស្រវឹង​ស្រា ហើយ​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​នឹង​ប្រពន្ធ​បន្តិច​បន្តួច ក៏​ឈាន​ដល់​ការ​ប្រើ​កាំបិត​កាប់​សម្លាប់​កូន​ខ្លួន​ឯង និង​អ្នក​ជិត​ខាង​បែប​នេះ។

អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម បាន​ចាត់​ទុក​ការ​កើត​ឡើង​ជា​បន្តបន្ទាប់​នូវ​អំពើ​ព្រៃផ្សៃ​ទាំង​នេះ ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នូវ​សីលធម៌​សង្គម។

លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ​កត់​សម្គាល់​ថា​៖«ជា​រួម​សព្វ​ថ្ងៃ​យើង​ឃើញ​សីលធម៌​សង្គម​ធ្លាក់ចុះ​ហើយ​កត្តា​ដែល​ធ្វើ​ឲ្យ​សីលធម៌​សង្គម​ធ្លាក់​ចុះ​បែប​នេះ ធ្វើ​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការ​ជួញដូរ​មនុស្ស រំលោភ​ផ្លូវ​ភេទ ហើយ​បើ​តាម​របាយការណ៍ ក្នុង​មួយ​ឆ្នាំៗ មាន​ពី ៥០០០​ទៅ​ដល់ ៦០០០​ករណី»។ លោក កែម ឡី បាន​បន្ត​ថា ការ​ធ្លាក់​ចុះ​នូវ​សីលធម៌​សង្គម ដែល​ធ្វើ​ឲ្យ​កើត​មាន​ការ​កាប់​សម្លាប់​គ្នា​ឪពុក​សម្លាប់​កូន រំលោភ​កូន ជីតា​រំលោភ​ចៅ ឬ​អំពើ​ហិង្សា​ផ្សេងៗ​ដែល​បាន​កើត​ឡើង តម្រូវ​ឲ្យ​ថ្នាក់​ដឹក​នាំ លោក​គ្រូ អ្នក​គ្រូ ឪពុក​ម្តាយ ឬ​អា​ព្យាបាល ចាំបាច់​ត្រូវ​សាង​អំពើ​ល្អ​ជា​គំរូ​ជា​មុន ទើប​អាច​ឈាន​ទៅ​ទប់ស្កាត់​អំពើ​ឃោរឃៅ​អសីលធម៌​ទាំងនេះ​នៅក្នុង​សង្គម​បាន៕

This content has been locked. You can no longer post any comments.
Show/hide comments
...
ក្នុងសំណុំរឿងទី២
មាត្រា៣៥០._ បទទ្វេពន្ធភាព
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ​ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល អំពើដែលចុះបញ្ជីអាពាហ៍ពិពាហ៍ថ្មី មុនការរំលាយអាពាហ៍ពិពាហ៍ចាស់។
ត្រូវផ្ដន្ទាទោសដូចគ្នា ចំពោះមន្ដ្រីអត្រានុកូលដ្ឋានដែលដឹងហេតុការណ៍នោះច្បាស់ នៅតែអនុញ្ញាតឲ្យរៀបអាពាហ៍ពិពាហ៍ ឬ ចុះបញ្ជីអាពាហ៍ពិពាហ៍នេះ មុនការរំលាយអាពាហ៍ពិពាហ៍ចាស់។
Tharoth on November 23, 2012 Report
vote down vote up Votes: 0
busy