គោរពជូនលោកការីនិពន្ធ!
ការ ផលិតថាមពលក្នុងស្រុកមិនគ្រប់គ្រាន់ទេ ហើយហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅអន់ថយ ហើយតម្រូវឲ្យមានការនាំចូលប្រេងទាំងស្រុងពីបរទេស។
ប្រទេសកម្ពុជា ស្ទើរតែពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេងហ្វូស៊ីល ភាគច្រើនជាប្រេងម៉ាស៊ូតសម្រាប់ថាមពល។ ក្រៅពីប្រទេសមីយ៉ាន់ម៉ា កម្ពុជាមានអត្រាថាមពលទាបជាងគេបំផុត នៅក្នុងតំបន់ ដោយពលរដ្ឋតែ ៣៥ ភាគរយប៉ុណ្ណោះ មានអគ្គិសនីប្រើប្រាស់ រីឯតម្លៃថាមពលវិញ គឺមានតម្លៃខ្ពស់បំផុតមួយ ក្នុងចំណោមតម្លៃខ្ពស់បំផុតនៅលើពិភពលោក។
បញ្ហានេះ ប៉ះពាល់យ៉ាងខ្លាំងដល់កម្ពុជា។ ទីមួយ ការនាំចូលប្រេង បណ្តាលឲ្យថាមពល មានតម្លៃថ្លៃដែលកាត់បន្ថយការសម្រេចសកម្មភាពពាណិជ្ជកម្ម ប៉ះពាល់ការប្រកួតប្រជែងផលិតផលកម្ពុជា និងធ្វើឲ្យរាំងស្ទះដល់កំណើនសេដ្ឋកិច្ច។ ទីពីរ ការរំខានខាងថាមពល និងតម្លៃថាមពលអគ្គិសនីខ្ពស់ ជារឿយៗអាចបង្កការលំបាកដល់ការអភិវឌ្ឍសង្គម និងបានធ្វើឲ្យមានការតវ៉ាជាញឹកញាប់ផងដែរ។ នៅប៉ុន្មានឆ្នាំថ្មីៗនេះ ការតវ៉ាមួយចំនួន បានកើតមានរួចហើយ នៅទូទាំងប្រទេស ដោយសារតែតម្លៃថាមពលខ្ពស់ និងការដាច់ភ្លើងជារឿយៗ ដូចជានៅខេត្តកណ្តាល ខេត្តកំពង់ធំ ហើយនៅពេលថ្មីៗនេះ កាលពីខែមិថុនា មនុស្សប្រមាណ ៣០០ នាក់មកពីភូមិចំនួនបី នៅស្រុកបាធាយ ខេត្តកំពង់ចាម បានបិទផ្លូវជាតិលេខ ៦A ដើម្បីតវ៉ាប្រឆាំងនឹងការឡើងថ្លៃអគ្គិសនី។ មួយខែក្រោយមកទៀត អ្នកភូមិជាង ២០០ នាក់នៅខេត្តព្រះវិហារ បានផ្តិតមេដៃលើបណ្តឹងរួមមួយទៅអាជ្ញាធរខេត្តដើម្បីសុំ អន្តរាគមន៍ បន្ទាប់ពីក្រុមហ៊ុនអគ្គិសនីឯកជន បានដំឡើងថ្លៃភ្លើង។
តម្រូវការថាមពលនៅកម្ពុជា គឺចាំបាច់ណាស់ ប៉ុន្តែជាទូទៅវាបង្ករឿងចម្រូងចម្រាស។ គេបានធ្វើការព្យាករថា វាកើនឡើង ៥ ដង ក្នុងពេលឆាប់ៗខាងមុខនេះ រដ្ឋាភិបាល បានដាក់ផែនការមេមួយ ដើម្បីបង្កើនការផលិតថាមពលក្នុងស្រុក ភាគច្រើនតាមរយៈការបង្កើតវារីអគ្គិសនី និងរោងចក្រដើរដោយថាមពលធ្យូងថ្ម និងបានសន្យាថា នឹងផ្តល់ថាមពល ដល់ពលរដ្ឋរបស់ខ្លួនឲ្យបាន៧០ ភាគរយនៅត្រឹមឆ្នាំ ២០៣០។ ទោះជាយ៉ាងនេះក្តី ក្រុមសកម្មជន និងក្រុមបរិស្ថាន បានបង្ហាញពីក្តីបារម្ភរបស់ពួកគេ សម្រាប់ផលវិបាក ក្នុងសង្គម និងបរិស្ថានចំពោះគម្រោងទាំងនេះ។
ឧទាហរណ៍ ក្រុមអ្នកជំនាញបានព្រមានថា ការសាងសង់ទំនប់ជាច្រើននៅកន្លែងខ្លះ ដូចជា នៅខេត្តកោះកុង និងខេត្តក្រចេះជាដើម នឹងប៉ះពាល់ខ្លាំងដល់ហ្វូងមច្ឆានៅក្នុងទន្លេ និងគំរាមកំហែងជម្រកដែលនៅសេសសល់របស់ប្រភេទសត្វដែលជិតផុតពូជ ដូចជាត្រីផ្សោត និងក្រពើទឹកសាបជាដើម។ គម្រោងវារីអគ្គិសនីជាច្រើនដែលផ្តល់មូលនិធិដោយចិន ដែលរួមមានវារីអគ្គិសនីកំចាយ ដែលទើបតែបញ្ចប់ការសាងសង់នៅពេលថ្មីៗនេះនៅខេត្តកំពត ក៏ត្រូវបានគេរិះគន់ផងដែរ ដោយគ្មានកិច្ចពិភាក្សាជាសាធារណៈឲ្យបានពេញលេញ និងគ្មានតម្លាភាពទាល់តែសោះ នៅក្នុងដំណើរការនៃការសម្រេចចិត្ត។
គួរតែកត់សម្គាល់ថា បរិមាណថាមពល មានសារៈសំខាន់ច្រើនជាងការទទួលបាននូវការផ្គត់ផ្គង់ថាមពល ឲ្យបានគ្រប់គ្រាន់ ប៉ុន្តែគេក៏អាចធ្វើដូច្នោះបានដែរ ក្នុងរបៀបមួយ ដែលប្រកបទៅដោយនិរន្តរភាព។ គណៈកម្មការអឺរ៉ុប បានបញ្ជាក់ច្បាស់ នៅក្នុងឯកសារសំណើច្បាប់ថ្មីថា«យុទ្ធសាស្រ្តសម្រាប់សុវត្ថិភាព ផ្គត់ផ្គង់ថាមពល ត្រូវតែបង្កើនល្បឿន ដើម្បីធានាសុខុមាលភាពរបស់ពលរដ្ឋ និងដំណើរការសមស្រប នៃសេដ្ឋកិច្ច»។ គេអាចមានវិធីផ្សេងទៀត ដោយមិនចាំបាច់ត្រូវរំខានការផលិតថាមពល ក្នុងតម្លៃខ្ពស់ សម្រាប់អ្នកប្រើប្រាស់ទាំងអស់។ ក្នុងបរិបទកម្ពុជាវិញ វារីអគ្គិសនីមានសក្តានុពល ផ្តល់ថាមពលបន្ថែមទៀត ដើម្បីបំពេញតាមតម្រូវការរបស់អ្នកស្រុក ប៉ុន្តែទន្ទឹមគ្នានេះដែរ ប្រសិនបើគេមិនរៀបចំផែនការឲ្យបានល្អទេ វាក៏អាចជាការគំរាមកំហែងមួយទៅដល់ភាពសុខសាន្តក្នុងសង្គម និងបរិស្ថានផងដែរ។
អាស្រ័យដូចនេះ គោលនយោបាយនានា ដើម្បីដោះស្រាយបរិមាណថាមពល គួរតែមានច្រើន ជម្រើស ហើយត្រូវតែឆ្លុះបញ្ចាំងក្នុងរបៀបមួយដែលថា ការដោះស្រាយបញ្ហាថាមពល នឹងមិនបង្កឲ្យមានជាបញ្ហាថ្មីនៅក្នុងតំបន់ផ្សេងទៀតឡើយ។ រឿងនេះ បញ្ជាក់ពីការជាប់ពាក់ព័ន្ធយ៉ាងសកម្មជាមួយនឹងភាគីពាក់ព័ន្ធ ទាំងអស់ នៅក្នុងការរៀបចំផែនការ និងការអនុវត្តគោលនយោបាយនានា ដើម្បីធានាថា សំឡេងទាំងអស់ ត្រូវបានគេស្តាប់ឮ ដំណើរការ មានយុត្តិធម៌ និងតម្លាភាព ផលប៉ះពាល់អវិជ្ជមាន កំពុងធ្លាក់ចុះ ហើយផលប្រយោជន៍ ត្រូវបានគេចែករំលែកជាពិសេសក្នុងចំណោមអ្នកដែលរងផលប៉ះពាល់។ លើសពីនេះទៅទៀត វារី អគ្គិសនីតែមួយ នឹងមិនគ្រប់គ្រាន់ទេដើម្បីសម្រេចបាននូវតម្រូវថាមពលយូរអង្វែង សម្រាប់កម្ពុជា។ ការយកជាអាទិភាពនូវថាមពលកកើតឡើងវិញ មានដូចជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសខ្នាតតូច និងប្រេងជីវៈ និងការលើកស្ទួយប្រសិទ្ធភាពថាមពល ជាមធ្យោបាយឆាប់បំផុត និងមានប្រសិទ្ធភាពបំផុតដើម្បីសម្រេចបាននូវសន្តិសុខថាមពល សម្រាប់បណ្តាប្រទេសដែលកំពុងអភិវឌ្ឍន៍មានដូចជាកម្ពុជាជាដើម។ គម្រោងថាមពលតែឯងនឹងមិនត្រឹមតែរួមចំណែកដល់ការបង្កើតថាមពល និរន្តរភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកស្ទួយច្រើនដល់ជីវភាពរបស់ពលរដ្ឋក្រីក្រនៅ តាមជនបទផងដែរ៕ NR
ដោយ ហេង ភក្តី អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ VU ក្រុងអាំស្ទែរដាំ ប្រទេសហូឡង់ p.heng@vu.nl
| < Prev | Next > |
|---|
ភ្នំពេញ ប៉ុស្តិ៍







