Headlines:

ការ​បែក​បាក់​​​ខ្មែរ​និង​ខ្មែរ​កំពុង​រារាំង​ដំណើរ​​អភិវឌ្ឍ



121109_2a
អ្នក​ស្រី​ង៉ែត ឃុន(ឆ្វេង)ធ្លាប់​ត្រូវ​នគរ​បាល​វាយ​បែក​ក្បាល​​និង​អ្នក​បឹង​កក់​ផ្សេង​ទៀត​សុំ​​អង្វរក​ឲ្យ​ទូត​អា​មេ​រិក​ជួយ​រឿង​​ដី​ធ្លី​។ រូប​ថត​ លីណា

ប្រជា​ពលរដ្ឋ​កម្ពុជា​ស្ទើរ​តែ​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​​នូវ​សុភាសិត​មួយ ឃ្លា​ថា៖«​សាមគ្គី​រស់ បែក​បាក់​សាមគ្គី​ស្លាប់»​។ បន្ទាប់​ពី​សម័យ​អង្គរ​ដួល​រលំ​ នៅ​ចុង​សតវត្សរ៍​ទី​១២​ ប្រទេស​កម្ពុជា​ បាន​ក្លាយ​ជា«ជាតិ​បាត់​បង់​»​មួយ​ ហើយវា​នៅ​តែ​ជាប់​ដាន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។

ជាតិ​យើង​ មាន​ការ​បែក​បាក់​គ្នា​ខ្លាំង​ខាង​នយោ​បាយ​។ ​រដ្ឋាភិបាល​ និង​ក្រុម​ប្រឆាំង​ កំពុង​តែលាប​ពណ៌​ដាក់​គ្នា និង​មាន​អាកប្បកិរិយា​អវិជ្ជមាន​ដាក់​គ្នា​យ៉ាង​ខ្លាំង​។ ទង្វើ​នេះ​ កំពុង​តែ​រា​រាំង​ដល់​ការ​អភិវឌ្ឍ​ប្រទេស។ ជំនួស​ឲ្យ​ការ​ដើរ​ទៅ​មុខ ​វា​បែរ​ជា​បន្ត​ទាញ​ឲ្យ​ដើរ​ថយ​ក្រោយ​មក​វិញ។ ខ្ញុំ​ជឿ​ថា​ កម្ពុជា​ជា​ប្រទេស​មួយ​បាត់បង់​យ៉ាង​ខ្លាំង។ ​វា​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ពល​រដ្ឋ​ប្រទេស​នេះ​ បាន​បាត់បង់​លទ្ធ​ភាព​ ក្នុង​ការ​ជឿ​ទុក​ចិត្ត​គ្នា​។ ពួក​គេ​បាន​បាត់​បង់​លទ្ធ​ភាព​ ក្នុង​ការ​ជឿ​លើ​ខ្លួន​ឯង​ផង​ដែរ​ នៅ​ពេល​និយាយ​ដល់​​ការ​ទទួល​ស្គាល់​ ពី​បញ្ហា​របស់​កម្ពុជា​ និង​ការ​ដោះ​ស្រាយ​បញ្ហា​នោះ​។ ជាង​នេះ​ទៅ​ទៀត ពួក​គេ បាន​បាត់​បង់​លទ្ធ​ភាព​ក្នុង​ការ​គិត​ពី​អ្វី ដែល​ខ្លួន​អាច​ធ្វើ​រួម​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ខ្លួន​ កាន់​តែ​ល្អ​ប្រសើរ​។

តើ​ពលរដ្ឋ​កម្ពុជា​ ជឿ​ទុក​ចិត្ត​គ្នា​ទេ? ចម្លើយ​សាមញ្ញ​ថា​ គឺ​គ្មាន​ទេ។ ​យើង​បាន​ជួប​ប្រទះ​ប្រព័ន្ធ​នយោបាយ​ជា​ច្រើន​ តែ​សុទ្ធ​តែ​បរាជ័យ​ទាំង​អស់។ មាន​មូលហេតុ​ជា​ច្រើន ចំពោះ​បញ្ហា​នេះ​ ប៉ុន្តែមាន​មូលហេតុ​មួយ​ គឺ​ការ​មិន​រួប​រួម​គ្នា​ក្នុង​សង្គម។

តាម ក្រុម​អ្នក​ស្រាវ​ជ្រាវ​ បាន​ឲ្យ​ដឹង​ថា ការ​រួប​រួម​គ្នា​ក្នុង​សង្គម​ មាន​ន័យ​ថា​ គឺ​ជា​«លទ្ធ​ភាព​របស់​សង្គម​ក្នុង​ការ​ទទួល​ស្គាល់​ព្រម​គ្នា​ថា​ ពលរដ្ឋ​របស់​ខ្លួន​ទាំង​អស់​មាន​សិទ្ធិ​ស្មើៗ​គ្នា​ និង​ទទួល​ស្គាល់​ គោរព ​និង​វាយ​តម្លៃ ពី​ភាព​ខ្វែង​គំនិត​គ្នា​»។ មាន​ន័យ​ថា ការ​រួប​រួម​គ្នា​ក្នុង​សង្គម​ គឺ​សំខាន់​ខ្លាំង​ណាស់​ ចំពោះ​សុខុមាលភាព​របស់​ប្រទេស​នេះ​។ ជម្លោះ​ក្នុង​ប្រទេស​ជា​ច្រើន​ផ្ដើម​​ចេញ​ពី​ការ​ខ្វះ​ការ​រួប​រួម​គ្នា​ ក្នុង​សង្គម​នេះ​ឯង។ ​អតីត​សម្ដេច​ឪ​យើង​គឺ​ព្រះ​បាទ​នរោត្ដម ​សីហនុ​​ ព្រះ​អង្គ​ទ្រង់​ក៏​ទទួល​ស្គាល់​ពី​សារៈ​សំខាន់​ នៃ​ធាតុ​ដ៏​សំខាន់​នេះ​ផង​ដែរ។ សម្រាប់​រយៈ​ពេល​ពីរ​បី​ទសវត្សរ៍​ចុង​ក្រោយ​នៃ​​ជីវិត​របស់​ទ្រង់ ព្រះ​អង្គទ្រង់​បានខិត​ខំ​អស់​ពី​ព្រះ​កាយ​ពល​ក្នុង​ការ​នាំ​មក​នូវ​ការ​រួប ​រួម​គ្នា​ខាង​នយោបាយ​ដល់​សង្គម​កម្ពុជា​។ ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០-៨០ និង​១៩៩០​ នៅ​ពេល​កម្ពុជា​ជាប់​ផុង​ក្នុង​ជម្លោះ​ដ៏​ព្រៃផ្សៃ ជាតិ​ដ៏​ស្លូតបូត​ និង​តូច​មួយ​នេះ​ ស្ទើរ​តែ​រលាយ​បាត់​ពី​ផែន​ទី​ពិភព​លោក​ទៅ​ហើយ។ ​ព្រះ​បាទ​នរោត្ដម សីហនុ​ អាច​បង្រួប​បង្រួម​កម្ពុជា​បាន​។ ព្រះ​អង្គ​ បាន​ផ្ដួច​ផ្ដើម​នូវ​ចលនា​មួយ​ សម្រាប់​ការ​រួប​រួម​សង្គម ​និង​នយោបាយ តែ​ឥឡូវ​នេះ ព្រះអង្គ​លែង​គង់​ប្រថាប់​នៅ​ជា​មួយ​យើង​ទៀត​ហើយ។

ដូច្នេះ​ តើ​អ្នក​ណា​គួរ​រក្សា​កេរ​ដំណែល​សម្ដេច​ឪ​ និង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​សង្គម​បង្រួប​បង្រួម​​គ្នា​មួយ​បាន​?

ទីមួយៈ រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​ធំៗ​របស់​យើង មាន​សិទ្ធិ​អំណាច​ប្រើ​ប្រាស់​ធន​ធាន​ និង​ឧបករណ៍​សង្គម​ទាំង​អស់​។ ដូច្នេះ​ វា​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​កសាង​ និង​រក្សា​វប្បធម៌​បង្រួប​បង្រួម​គ្នា​។​ វា​មាន​កាតព្វកិច្ច​ក្នុង​ការ​បង្កើត​បរិយាកាស​មួយ​ដែល​ពល​រដ្ឋ កម្ពុជា​គ្រប់​រូប មិន​ថា មាន​ទំនាក់ទំនង​សង្គម​ នយោបាយ ឬ​ក៏​សាសនា​នោះ​ទេ គឺ​ត្រូវ​តែ​រួម​បញ្ចូល​គ្នា​។

ទីពីរៈ គ្រប់​ក្រុម​អ្នក​នយោបាយ​ទាំងអស់​ត្រូវ​តែ​ដឹង​ថា បើ​ពួក​គេ​មិន​អាច​ធ្វើ​ការ​ជា​មួយ​គ្នា​បាន​ទេ ពួក​គេ​នឹង​ក្លាយ​ជា​ឃាតក​សម្លាប់​ជាតិ​ខ្លួន​ឯង។ ពួក​គេ​គឺជា​អ្នក​ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​ខ្លួន ក្លាយ​ជា​ជាតិ​មួយ ដែល​មាន​ការ​បាត់​បង់។

ជា​អកុសល ជំនួស​ឲ្យ​ការ​យក​ចិត្ត​ទុក​ដាក់ ស្រឡាញ់ ​និង​គោរព​គ្នា អ្នក​នយោបាយ​ជា​ច្រើន ​បាន​សាប​ព្រោះ​មនោគមន៍​វិជ្ជា​ស្អប់​ខ្ពើម​គ្នា ខឹង​គ្នា និង​បែក​បាក់​គ្នា​ដើម្បី​កេង​ចំណេញ​ខាង​នយោបាយ។

ចុង​ក្រោយ​បំផុត​ គឺ​សាសនា ដែល​ជា​អង្គការ​សង្គម​មួយ​ ទទួល​បាន​ការ​គោរព​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​សមាជិក​សង្គម​ ស្គាល់​ពី​អត្ត​សញ្ញាណ​ និង​ពី​អ្វី​ជា​របស់​ខ្លួន។ តាម​រយៈ​និយម​ ក្រម​សីលធម៌ និង​ការ​ដឹក​នាំ​ស្មារតី​ទាំង​នេះ​ វា​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​សម្រប​សម្រួល​គ្នា​ការ​សហការ​គ្នា និង​ការ​បង្រួបបង្រួម​គ្នា​នៅ​ក្នុង​សមាជិក​ទាំង​នេះ។

តើ​រដ្ឋាភិបាល ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​រួប​រួម​គ្នា? ​តើ​អ្នក​នយោបាយ កំពុង​ធ្វើ​អ្វី​ខ្លះ​ ដើម្បី​បង្កើត​វប្បធម៌​បង្រួប​បង្រួម​គ្នា? ​និង​តើ​សាសនា​អាច​ធ្វើ​អ្វីខ្លះ​ ដើម្បី​ព្យាបាល និង​បណ្ដុះ​ពូជ​នៃ​ការ​ស្រឡាញ់​រាប់​អាន​គ្នា អាណិត​អាសូរ​គ្នា និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជា​លទ្ធផល​ទទួល​បាន​នូវ​ទំនុក​ចិត្ត​គ្នា​មួយ​នៅ​ក្នុង​សង្គម​? PN

ព្រះ​តេជគុណ សំនៀង ​ហឿន ជា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ នៃ​សមាគម​ជីវិត​និង​ក្ដី​សង្ឃឹម

This content has been locked. You can no longer post any comments.
Show/hide comments
busy