ប្រសិន បើមិនមានការផ្លាស់ប្ដូរកម្មវិធីទេ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) លោកស្រីរដ្ឋមន្ត្រីការបរទេស ហ៊ីលឡារី គ្លីនតុន (Hillary Clinton) និងលោករដ្ឋមន្ត្រីការពារជាតិ ឡេអូន ផែនីតា (Leon Panetta) នៃប្រទេសមហាយក្សផ្នែកអំណាចយោធានឹងមកកាន់ប្រទេសកម្ពុជានា សប្ដាហ៍នេះ។
ដំណើរទស្សនកិច្ចនេះ ពិតជាមោទនភាពដ៏ធំធេង សម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសតូចតាច ដោយមានមេដឹកនាំនៃប្រទេសមហាអំណាចលើចក្កវាឡ បានមកស្នាក់អាស្រ័យ។ ម្យ៉ាងទៀត ការមកដល់ប្រទេសកម្ពុជារបស់លោកអូបាម៉ា គឺជាឱកាសរបស់លោក ក្នុងការបានជួបមេដឹកនាំកំពូលៗ នៅអាស៊ី និងអឺរុប ដើម្បីពង្រឹងចំណងការទូតនិងសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មបន្ថែមទៀតបន្ទាប់ពីលោកទើបតែជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកអាណត្តិទីពីរ។
ដោយឡែកនៅកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកនាពេលនេះ គឺយ៉ាងហោចណាស់ ក៏ជាលើកដំបូងដែរចាប់តាំងពីសម្ដេចព្រះនរោត្តម សីហនុ ត្រូវបានគេបណ្ដេញចេញពីព្រះប្រមុខរដ្ឋនាថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០តាមរយៈរដ្ឋប្រហារ។
កាលពីជាង ៣០ ឆ្នាំ មុនសហរដ្ឋ អាមេរិក បានផ្ដល់មធ្យោបាយទាំងយោធានិងហិរញ្ញវត្ថុឲ្យលោកសេនាប្រមុខ លន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ដែលត្រូវជាបងប្អូនជីទួតមួយរបស់សម្ដេចសីហនុ បណ្ដេញសម្ដេច សីហនុ ចេញពីព្រះប្រមុខរដ្ឋ។
ការធ្លាក់ចេញពីមុខតំណែងដោយសារតែ អំពើក្បត់របស់អ្នកក្រោមឱវាទនិងសាច់ញាតិរាជវង្សមួយចំនួនតូច ក្រោមការគាំទ្រនិងឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក បានធ្វើឲ្យប្រទេសកម្ពុជា ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនិងមានអំពើប្រល័យពូជសាសន៍ឯង។ ដោយឡែកដោយសារតែរដ្ឋប្រហារនេះហើយ បានធ្វើឲ្យសម្ដេច ព្រះនរោត្តម សីហនុ និងព្រះមហេសី មុនីនាថ ព្រមទាំងសមាជិករាជវង្សានុវង្សភាគច្រើននិរទេសព្រះកាយឃ្លាតឆ្ងាយ ពីព្រះបរមរាជវាំងអស់ជាង១៥ ឆ្នាំ(លើកទីមួយ ខែមករា ១៩៧០ -កក្កដា១៩៧៥ និងលើកទីពីរ ខែមករា១៩៧៩-វិច្ឆិកា ១៩៩១)។
នៅក្នុងសៀវភៅ «ហ៊ុន សែន នយោបាយ និងអំណាចក្នុងប្រវត្តិសាស្ត្រខ្មែរជាង ៤០ ឆ្នាំ» អ្នកនិពន្ធបានដកស្រង់សំណេររបស់សម្ដេច នរោត្តម សីហនុ ពីភាពសោកសៅរបស់ព្រះអង្គ និងពីការធ្វើទុក្ខទោម្នេញរបស់ពួកស៊ីអាយអេ (CIA) អាមេរិក ក្នុងការតាមធ្វើឃាត និងផ្ដួលរំលំព្រះអង្គ។
ដោយដឹងសភាពការណ៍មុនសម្ដេច សីហនុ នៅថ្ងៃ៧មករាឆ្នាំ១៩៧០បានយាងចេញពីប្រទេសកម្ពុជាជាមួយមហេសីដោយយក តែវ៉ាលិសតូចមួយប៉ុណ្ណោះ។ ការយាងចេញនេះ ព្រះអង្គបានឡាយថា «ខ្ញុំត្រូវការសម្រាកទាំងស្រុង និងត្រូវការព្យាបាលជំងឺរ៉ាំរ៉ៃមួយចំនួន ហើយខ្ញុំបានគិតថា វានឹងជាមេរៀនដែលជាបទពិសោធមិនល្អសម្រាប់ សិរិមតៈ និងអ្នកគាំទ្ររបស់ទ្រង់» ដើម្បីមានអ្វីៗទាំងអស់នៅក្នុងដៃ ហើយទុកឲ្យពួកគេដឹងថា តើពួកគេអាចដោះស្រាយភាពទ្រុឌទ្រោមផ្នែកសេដ្ឋកិច្ចរបស់ ប្រទេសដោយវិធីណា នៅពេលដែលពួកគេបានបោះបង់គោលនយោបាយរបស់ព្រះអង្គនោះ។ ក្រោយមក បើទោះជាដឹងថា អាមេរិកមិនមែនជាមិត្តរបស់ទ្រង់ក៏ដោយ ក៏ព្រះអង្គបានស្នើសុំរដ្ឋាភិបាលអាមេរិកនូវសិទ្ធិជ្រកកោននយោបាយ បន្ទាប់ពីរបបប៉ុលពត បានដួលរលំនៅថ្ងៃ ៧ មករាឆ្នាំ១៩៧៩ ហើយវៀតណាម បានចូលមកកាន់កាប់ប្រទេសកម្ពុជា។ នៅក្នុងសៀវភៅ «អ្នកម្ដាយ និងកូនអង្គការ» អ្នកនិពន្ធ បានដកស្រង់សំណេររបស់សម្ដេច សីហនុ ថា ទាំងអាមេរិកនិងបារាំងបានបដិសេធពីការសុំសិទ្ធិជ្រកកោននយោបាយនេះ គឺមានតែប្រទេសចិនប៉ុណ្ណោះ បានទទួលយកព្រះអង្គ។
បើទោះជា សម្ដេច សីហនុ តែងតែបានបន្ទោសសហរដ្ឋអាមេរិកពីកំហុសឆ្គង ក្នុងការគាំទ្រឲ្យមានរដ្ឋប្រហារ ទម្លាក់ព្រះអង្គក៏ដោយ ក៏ប្រជាជនកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលដូចជាមិនដែលបានឮថា ព្រះអង្គ បានឲ្យអាមេរិកសូមទោសព្រះអង្គ និងប្រជារាស្ត្រខ្មែរជាសាធារណៈឡើយ។ បន្ទាប់ពីរដ្ឋប្រហារនេះមក ប្រទេសកម្ពុជា ដែលធ្លាប់តែសម្បូររុងរឿង បានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល និងប្រល័យពូជសាសន៍ដែលបណ្ដាលឲ្យមនុស្សរាប់លាននាក់ស្លាប់ ហើយអ្នករស់រានមានជីវិតរាប់លាននាក់ទៀតបានធ្លាក់ខ្លួនជាស្ត្រី មេម៉ាយ ជាកូនកំព្រាឪពុក-ម្ដាយ និងជាជនពិការ។
បើទោះជា រដ្ឋការអាមេរិកក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី រីឆាត និចសុន (Richard Nixon) ជាសត្រូវរបស់ព្រះអង្គក៏ដោយ ក៏រដ្ឋការអាមេរិកជំនាន់ក្រោយ បានខិតខំខ្នះខ្នែងជួយឲ្យមាន កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩០ ដែរ ដែលបានបើកផ្លូវឲ្យព្រះអង្គបានយាងចូលនគរវិញនាថ្ងៃទី ១៤ វិច្ឆិកា ១៩៩១ និងបានគ្រងរាជ្យជាថ្មី នាឆ្នាំ១៩៩៣ ហើយរាជានិយមក៏បានបន្តមានរហូតមកដល់សព្វថ្ងៃ។
ឥឡូវនៅសប្ដាហ៍នេះ ប្រធានាធិបតី រដ្ឋមន្ត្រីការបរទេសនិងមេទ័ពរបស់ប្រទេសមហាអំណាចដែលបានគាំទ្រដល់សកម្មភាពនាំឲ្យមានការបណ្ដេញ ព្រះអង្គចេញពីព្រះប្រមុខរដ្ឋកាលពីអតីតកាល នឹងមកឱនក្បាលនៅចំពោះមុខព្រះបរមសពរបស់ព្រះអង្គ ដោយមិនបានបង្ខំ។
បើទោះជាលោក អូបាម៉ា និងមេដឹកនាំកំពូលរបស់អាមេរិកផ្សេងៗទៀត ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពរបស់ព្រះអង្គ ក្នុងនាមជាបុគ្គលឬក៏ក្នុងនាមអ្នកដឹកនាំជំនាន់ក្រោយគោរពអ្នក ដឹកនាំជំនាន់មុនក៏ដោយ ក៏អ្នកវិភាគនយោបាយការបរទេសមួយចំនួនបាននិយាយប្រហាក់ប្រហែលគ្នា ថា ទីបំផុតសត្រូវនយោបាយរបស់ «នរោត្តម សីហនុ» បានមកឱនក្បាលនៅចំពោះព្រះបរមសពរបស់ព្រះអង្គ។ ការឱនក្បាលនេះគឺជាសំណងនយោបាយមួយដ៏ធំពីសំណាក់មេដឹកនាំអាមេរិក មកឲ្យព្រះអង្គ និងសមាជិករាជវង្សានុវង្សវិញ។
អ្នកវិភាគនយោបាយទាំងនោះបានលើកឡើងដូចៗគ្នាថា ព្រះបរមសពរបស់ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ នរោត្តម សីហនុ ពិតជាសំណាងនិងមានមហាកិត្តិយសដ៏ធំធេងជាងសពលោកហូ ជីមិញ មេដឹកនាំប្រទេសវៀតណាម។ កាលពីថ្ងៃទី ៣ កញ្ញា ឆ្នាំ ១៩៦៩ សម្ដេច សីហនុ បានយាងទៅទីក្រុងហាណូយ ដើម្បីចូលរួមបុណ្យសពលោក ហូ ជីមិញ ដែលបានទទួលមរណភាពនៅថ្ងៃដដែលនោះ ហើយសម្ដេច សីហនុ គឺជាប្រមុខរដ្ឋនៃប្រទេសតែមួយគត់ដែលបានទៅចូលរួមបុណ្យសពនេះ។ ខុសប្លែកពីសម័យកាលសពលោក ហូ ជីមិញ និងមេដឹកនាំមួយចំនួនក្នុងជំនាន់របស់ព្រះអង្គ ព្រះបរមសពរបស់សម្ដេច សីហនុ ត្រូវបានមេដឹកនាំកំពូលៗក្នុងលោក បាននិងកំពុងមកឱនសិរសា នៅចុងជើងនៃព្រះបរមសពរបស់ព្រះអង្គ។ ប្រសិនបើប្រធានាធិបតីអាមេរិកលុបចោលដំណើរទស្សកិច្ចរបស់ខ្លួននៅ នាទីចុងក្រោយ ឬក៏មកដែរតែមិនចូលព្រះបរមរាជវាំង ដើម្បីឱនក្បាលគោរពនៅចុងជើងព្រះបរមសពទេ នោះជារឿងចម្លែកមួយទៀត៕
ឆាយ សុផល អ្នកនិពន្ធសៀវភៅ និងអតីតអ្នកកាសែត
| < Prev | Next > |
|---|
ភ្នំពេញ ប៉ុស្តិ៍








១. កិច្ចព្រមព្រៀងក្រុងបារីសគឺ ២៣ តុលា ១៩៩១ មិនមែន ២៣ តុលា ១៩៩០ ទេ
២. ប្រធានាធិបតី សហរដ្ឋអាមេរិក មកកម្ពុជា ជារឿងមួយរបស់ អាស៊ាន ជាមួយនិងសហរដ្ឋ តែរឿងចូល ប្រធានាធិបតី និងមន្រ្តីជាន់ខ្ពស់អាមេរិក ចូលគោរពវិញ្ញាណក្ខន្ធ ឬ ដែលលោក ប្រើពាក្យ (ឧិនក្បាលគោរព) ព្រះមហាវីរះក្សត្រ នរោត្តម សីហនុ នោះ វាមិនមែនជាសំណងនយោបាយ ស្អីទេ វាជាបុគ្គលជ្រុលនិយមពេកហើយ តែផ្ទុយទៅវិញនេះជា មនោសញ្ជេតនារបស់មនុស្សជាតិ សុទ្ធសាធ ហើយក៏ជាតួនាទីរបស់ថ្នាក់ដឹកនាំ តែប៉ុណ្ណោះ ........................។