ដំណើរទស្សនកិច្ចរបស់ លោកបារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក មកកាន់ប្រទេសថៃ មីយ៉ាន់ម៉ា និងកម្ពុជា ប៉ុន្មានថ្ងៃខាងមុខនេះ នឹងជាជំហានដ៏សំខាន់បំផុតមួយដើម្បីពង្រឹងគោលនយោបាយ អាស៊ីប៉ាស៊ីហ្វិក។
ការឈប់សំចតរយៈពេល ៨០ ម៉ោងនេះនឹងពង្រឹងវត្តមានរបស់សហរដ្ឋអាមេរិក និងព្យាករពីអំណាចនាថ្ងៃអនាគត នៅក្នុងតំបន់ ក្នុងបរិបទនៃការកើនឡើងនៃឥទិ្ធពលរបស់ចិន។ វាក៏នឹងប្រែក្លាយអាស៊ាន ទៅជាសង្វៀនមួយ ដែលមហាអំណាចទាំងពីរ អាចលួងលោម សហប្រតិបតិ្តការ និងប្រកួតប្រជែងគ្នាផងដែរ។ លោក អូបាម៉ា ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ១ ដែលបានធ្វើទស្សនកិច្ចមកប្រទេសអាស៊ានចំនួនពាក់កណ្តាល ក្នុងអាណតិ្តទី ១ របស់លោក។ វៀតណាមអាចត្រូវដាក់បញ្ចូលក្នុងដំណើរទស្សនកិច្ចនេះផងដែរ ប៉ុន្តែត្រូវបានដកចេញដោយចេតនា។ បើមិនដូច្នោះទេ ដំណើរទស្សនកិច្ចទាំងមូល ងាយនឹងត្រូវបកស្រាយថា ជាកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីទប់នឹងឥទិ្ធពលរបស់ចិនដែលកំពុងកើនឡើង។ បើទោះបីប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយថា ការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយអាស៊ាន ធ្វើឡើងតាមសំណើរបស់អាស៊ានក៏ដោយ ក៏ប៉ុន្តែការងើបឡើងរបស់ចិន និងការកើនឡើងនៃទំនុកចិត្តរបស់ ចិន នៅតែជាចំណុចផ្តោតចម្បងនៃការបង្កើតតុល្យភាពជាថ្មីនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក។ ដូច្នេះ ដំណើរទស្សនកិច្ចជាប្រវតិ្តសាស្រ្តនេះ បានផ្តោតលើប្រទេសសមាជិកអាស៊ានទាំង ៣ ដែលមានទំនាក់ទំនងជាពិសេសជាមួយនឹងចិន។
ដំណើរទស្សនកិច្ច របស់លោក អូបាម៉ា មកទីក្រុងបាងកក នឹងអាចផ្តោតលើការពង្រឹងទំនាក់ទំនងថៃនិងសហរដ្ឋអាមេរិកឡើងវិញ ជាពិសេសសម្ព័ន្ធភាពយោធា ដែលកំពុងចុះខ្សោយ និងទីតាំងរបស់អាមេរិកក្នុងបរិស្ថានជាយុទ្ធសាស្រ្តថ្មី ក្នុងតំបន់។ បន្ទាប់ពីរយៈពេលជិត ១ ទសវត្សរ៍នៃការខិតខំស្វែងរកវិធីសាស្រ្ត ដើម្បីប្រែក្លាយទំនាក់ទំនងទ្វេភាគីរបស់ខ្លួនទៅជាបរិបទថ្នាក់ តំបន់ដ៏ធំទូលាយរួចមក ទីក្រុងបាងកក និងទីក្រុងវ៉ាស៊ីនតោន ទីបំផុតបានឈានដល់ការព្រមព្រៀងលើអ្វីដែលពួកគេអាចធ្វើរួម គ្នា។
ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា ប្រទេសថៃ នឹងប្រកាស ការត្រៀមជាស្រេចរបស់ខ្លួនដើម្បីចូលរួមក្នុងគំនិតផ្តួចផ្តើម សន្តិសុខស្តីពីការសាយភាយ (Proliferation Security Initiative, PSI)។ វាត្រូវការរយៈពេល៩ឆ្នាំ សម្រាប់រដ្ឋាភិបាលថៃក្នុងការឈានដល់សេចក្តីសម្រេចនេះ ហើយនិយាយឲ្យត្រង់ទៅ គឺសេចក្តីសម្រេចរបស់ថៃ បានធ្វើឡើងយឺតពេលបន្តិចហើយ។ ទោះជាយ៉ាងណាក៏ដោយ វារក្សានូវតម្លៃជានិមិត្តសញ្ញា។ សហរដ្ឋអាមេរិក សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Loen Panettta រដ្ឋមន្រ្តីក្រសួងការពារជាតិនឹងជាព្រឹត្តិការណ៍សំខាន់ ថ្មីក្នុងសម័្ពន្ធភាពថៃ និងសហរដ្ឋអាមេរិក ដែលជួយដល់សន្តិសុខថ្នាក់តំបន់ហួសពីកម្រិតទ្វេភាគី។ លើសពីអ្វីដែលមន្រ្តីថៃនឹងទទួលស្គាល់ គឺអសមត្ថភាពរបស់ថៃ ក្នុងការយល់ដឹងពីសារៈសំខាន់ នៃបរិបទយុទ្ធសាស្រ្ត ដែលកំពុងផ្លាស់ប្តូរ និងអសមត្ថភាពរបស់ថៃ ក្នុងការប្រែក្លាយសម្ព័ន្ធមិត្តថៃនិងអាមេរិកដើម្បីបម្រើ ដល់សន្តិសុខថ្នាក់តំបន់ បានជំរុញឲ្យអាមេរិកស្វែងរកជម្រើសផ្សេង។
ទំនាក់ទំនងជិត ស្និទ្ធរបស់ថៃ ជាមួយនឹងចិន និងការអន់ឱន ក្នុងកម្រិតខ្ពស់ ចំពោះឥរិយាបថរបស់ទីក្រុងប៉េកាំង បានធ្វើឲ្យអ្នកធ្វើសេចក្តីសម្រេចអាមេរិកភាន់ច្រឡំ ហើយលោក វេន ជាប៉ាវ នាយករដ្ឋមន្រ្តីចិន គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងបាងកក បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន។
ទំនាក់ទំនងជិត ស្និទ្ធរបស់ទីក្រុងបាងកកជាមួយនឹងទីក្រុងប៉េកាំង បែរជាបង្កើនតម្លៃជាយុទ្ធសាស្រ្តនៃទីក្រុងណៃពិដោចំពោះសហរដ្ឋ អាមេរិកទៅវិញ។
លទ្ធភាពរបស់មីយ៉ាន់ម៉ាក្នុងការបដិសេធ ចិនលើបញ្ហាទំនប់ Myitsone Dam ក្នុងរដ្ឋ Kachin នៅចុងឆ្នាំមុនបានបង្ហាញពីសេចក្តីប្រាថ្នារបស់មីយ៉ាន់ម៉ា ក្នុងការងាកចេញពីការឥទិ្ធពលគ្រប់គ្រងរបស់ចិន និងកាត់បន្ថយការពឹងផ្អែកលើចិន ដែលមីយ៉ាន់ម៉ាបានបង្កើនក្នុងរយៈពេលបីទសវត្សរ៍កន្លងទៅ។
សកម្មភាព និងគោលនយោបាយច្បាស់លាស់បែបនោះ បានបណ្តាលឲ្យសហរដ្ឋអាមេរិកកាន់តែប្រញាប់បង្កើតទំនាក់ ទំនងជាធម្មតាជាមួយនឹងមីយ៉ាន់ម៉ាវិញ។ រដ្ឋាភិបាលរបស់លោក ថេន សេន បានឆ្លើយតបយ៉ាងល្អ ចំពោះការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា គឺជាការគាំទ្រដ៏ធំចំពោះកំណែទម្រង់ដែលកំពុងបន្ត និងផែនការធ្វើសមាហរណកម្មមីយ៉ាន់ម៉ាក្នុងសហគមន៍អន្តរជាតិ។ ការអញ្ជើញដោយទីក្រុងវ៉ាស៊ីនតោនឲ្យទីក្រុងណៃពិដោ ចូលរួមក្នុងល្បែងសង្គ្រាម Cobra Cold ជាអ្នកសង្កេតការណ៍ នៅឆ្នាំក្រោយ បានបង្ហាញសញ្ញាយ៉ាងច្បាស់មួយអំពីអ្វីដែលអ្នកយុទ្ធសាស្រ្ត អាមេរិកគិតដល់។ សមាហរណកម្មអន្តរជាតិរបស់មីយ៉ាន់ម៉ា ក្នុងវិស័យសន្តិសុខ និងសេដ្ឋកិច្ចគឺជាអាទិភាព ដែលនឹងបង្កើនលទ្ធភាពទាំងអស់ក្នុងការកាត់បន្ថយការពឹងផ្អែកលើ ចិន។ ចំណុចចុងក្រោយដែលលោក អូបាម៉ា នឹងឈប់ គឺប្រទេសកម្ពុជា។ ដូចគ្នានឹងទំនាក់ទំនងសហរដ្ឋអាមេរិកនិងមីយ៉ាន់ម៉ា ដែលកំពុងល្អប្រសើរឡើងយ៉ាងឆាប់រហ័ស មិត្តភាពរវាងកម្ពុជា និងចិន បានរីកសុសសាយ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ដោយបានប្រែក្លាយទីក្រុងប៉េកាំងជាម្ចាស់ជំនួយ និងអ្នកវិនិយោគធំបំផុតរបស់កម្ពុជា។ ចាប់តាំងពីបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាមក ទីក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់ជំនាញយកវេទិកាសន្តិសុខពហុភាគីដែលដឹកនាំដោយអាស៊ាន ជាប្រយោជន៍របស់ខ្លួន ក្រោមរដ្ឋាភិបាលរបស់លោក អូបាម៉ា។
លោកស្រី ហ៊ីឡារី គ្លីតុន រដ្ឋមន្រ្តីការបរទេសអាមេរិក ក៏សមនឹងទទួលបានការកោតសរសើរផងដែរ ដោយសារលោកស្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃសេរីភាព និងសុវត្ថិភាព នៃការទំនាក់ទំនងផ្លូវសមុទ្រ ក្នុងតំបន់សមុទ្រចិនខាងត្បូង។ អាមេរិកបានយកចំណុចនេះ ជាមូលដ្ឋានគាំទ្រការបន្តកិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន ក្នុងការព្រាងក្រមប្រតិបតិ្តថ្នាក់តំបន់ចងកាតព្វកិច្ច សម្រាប់សមុទ្រចិនខាងត្បូង ដែលបានធ្វើឲ្យចិន ខិតខំការពារទប់ទល់។ ចិនបានឲ្យដឹងថា ពេលវេលាមិនល្អទេ ជាពិសេស ក្នុងអំឡុងអន្តរកាលប្តូរថ្នាក់ដឹកនាំរបស់ខ្លួន។ ក្នុងឋានៈជាប្រធានកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើរតួនាទីសំខាន់ក្នុងការគ្រប់គ្រងលើទិសដៅនៃកិច្ចពិភាក្សា ក្នុងចំណោមថ្នាក់ដឹកនាំដែលទំនងជានិយាយដោយគ្មានត្រៀមទុកជា មុន។ លោក ហ៊ុន សែន មេដឹកនាំកាន់អំណាចយូរក្នុងតំបន់ ត្រូវចៀសវាងពីហេតុការណ៍គួរឲ្យអាម៉ាស់បំផុត ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅភ្នំពេញ កាលពីខែកក្កដា នៅពេលអាស៊ានទទួលបរាជ័យក្នុងការចេញសេចក្តីប្រកាសរួម ដោយសារការខ្វែងគំនិតគ្នាលើបញ្ហាសមុទ្រចិនខាងត្បូង។
ការអនុវត្តរបស់លោក ហ៊ុន សែន ប៉ុន្មានថ្ងៃទៀតនេះ នឹងមានសារៈសំខាន់ ចំពោះភាពកណ្តាលនៃអាស៊ាន។ ដោយមានបញ្ហាជាន់គ្នាជាច្រើន អ្វីគ្រប់យ៉ាងដែលបាននិយាយ ឬធ្វើនៅកិច្ចប្រជុំកំពូលនឹងប៉ះពាល់លទ្ធផល និងទិសដៅអនាគតរបស់អាស៊ាន។ អាស៊ានត្រូវតែអព្យាក្រឹត្យ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ព្រោះនេះ នឹងជាវិធីមានប្រសិទ្ធភាពបំផុត សម្រាប់អាស៊ានក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួន ជាមួយនឹងសហរដ្ឋអាមេរិកនិងចិន៕ TK
ដោយ លោក Kavi Chongittavorn ជាសាស្រ្តាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ Chulalongkorn ក្នុងទីក្រុងបាងកក និងជាអ្នកសារព័ត៌មានថៃឯករាជ្យ
| < Prev | Next > |
|---|
ភ្នំពេញ ប៉ុស្តិ៍







