Headlines:

សមាហរណកម្ម​កម្ពុជា​នៅ​អាស៊ាន​២០១៥​មិន​ទាន់​រៀបចំ​ជ្រះ​ស្រឡះ​នៅ​ឡើយ



121123_17
និស្សិតសាកលវិទ្យាល័យ នៅក្នុងពិធីចែក​សញ្ញ​ប័ត្រ​បញ្ចប់​ការ​សិក្សា​នៅ​​រាជធានី​ភ្នំពេញ។​រូប​ថតហេង ជីវ័ន

«នែ​ក្រុង​ប៉េកាំង ខ្មាំង​ចិត្ត​ឫស្យា ប៉ុល ពត បរិវារ កញ្ជះ​ចិន​ដាច់​ថ្លៃ។ នែ​ពួក​អាស៊ាន​ឈ្លាន​ពាន​ឃុបឃិត​...»​នេះ​គឺជា​ឃ្លា​នៃ​បទ​ចម្រៀង​បដិវត្តន៍​កាល​ពី​ដើម​ទសវត្សរ៍ ឆ្នាំ​៨០ ច្រៀង​ដោយ​លោក ហង្ស សាខន ចំអក​ទៅ​ប្រទេស​ចិន ដែល​កាល​នោះ​ គាំទ្រ​ក្រុម​ឧទ្ទាម​ខ្មែរ​ក្រហម​ដែល​ប្រឆំាង​នឹង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ និង​ចំអក​បណ្តា​ប្រទេស​​អាស៊ាន។

បន្ទាប់​ពី រាជរដ្ឋាភិបាល បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​ដ៏​តានតឹង មក​ដល់​ពេល​បច្ចុប្បន្ន​នេះ របត់​នយោបាយ និង​ការ​កែ​ទម្រង់​បន្តិច​ម្តងៗ របស់​កម្ពុជា​ ធ្វើ​ឲ្យ​កម្ពុជា​ងាក​មក​រក​ប្រទេស​ចិន​ធ្វើ​ជា​ដៃ​គូអភិវឌ្ឍន៍ និង​ចូល​ក្នុង​សហគមន៍​អាស៊ាន​«សហគមន៍​តែ​មួយ ​វាសនា​តែ​មួយ​!»ទៅ​វិញ​។​ តែ​ការ​ចូល​ជា​សមាជិក​អាស៊ាន​របស់​កម្ពុជា​ ហាក់​បី​ដូច​ជា​មាន​ដំណើរ​ការ​យឺត​យ៉ាវ​ ហើយ​សមាហរណកម្ម​របស់​កម្ពុជា​ ទៅ​ក្នុង​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥​ ខាង​មុខ​នេះ ​ហាក់​បី​ដូច​ជា​មិន​ទាន់​រៀបចំ​ខ្លួន​ប្រាណ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ គឺ​មាន​ន័យ​ថា​ ចេះ​តែ​ចូលៗ តាម​គេ​តាម​ឯង​សិន​ទៅ​ដោយ​ខ្វះ​មូលដ្ឋាន​គ្រឹះ ហើយ​ចាំ​គិត​គ្នា​ក្រោយ​ទៀត។ បើ​យោង​តាម​ សន្ទស្សន៍​នៃ​ការ​អភិវឌ្ប​ធនធាន​មនុស្ស​របស់ អង្គការ​សហ​ប្រជាជាតិ កម្មវិធី​អភិវឌ្ឍន៍​ឆ្នាំ​២០១១​ ចំណាត់​ថ្នាក់​លេខ​ ២ ​រាប់​ពី​ក្រោម​ឡើង​លើ ​គឺ​លើ​តែ​ប្រទេស​ភូមា​។​ មាន​ចំណុច​ខ្វះខាត​លើ​វិស័យ​សំខាន់ៗ​ដូចជា​ ទំនាក់​ទំនង​ការ​ទូត សេដ្ឋកិច្ច វប្បធម៌ និង​អប់រំ យុវជន និង​កីឡា​៖ វិស័យ ទំនាក់​ទំនង​ការ​ទូតៈ​ កម្ពុជា​ហាក់​បី​ដូច​ជា​នៅ​មិន​ទាន់​មាន​ជំហរ​រឹង​ប៉ឹង​រវាង​ប្រទេស​ចិន ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ ​និង​អាស៊ាន​ ហើយ​នៅ​មាន​ការ​ខ្វះ​ខាត​ការ​យល់​ដឹង​ឲ្យ​បាន​ស៊ី​ជម្រៅ​ពី​បណ្តា​ប្រទេស​ អាស៊ាន​មួយ​ៗ អំពី​ចំណុច​ខ្លាំង​ ចំណុច​ខ្សោយ ​និង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​ទាំង​នោះ សួរ​ថា​ ហេតុ​អ្វី​បាន​ជា​គេ​រីក​ចម្រើន​លឿន​ខ្លាំង​ម្ល៉េះ? ​ឧទាហរណ៍​៖ ​លោក លី ក្វាន់យូ ទទួល​ស្គាល់​ធ្លាប់​រៀន​សូត្រ​ ពី​ការ​រីក​ចម្រើន​រាជធានី​ភ្នំពេញ​ កាល​ពី​សម័យ​សង្គម​រាស្រ្ត​និយម​ផង​ដែរ​។​ តែ​ ៤០ ឆ្នាំ​ក្រោយ​មក​ ប្រទេស​សិង្ហបុរី ក្លាយ​ទៅ​ជា​កូន​ខ្លា​មួយ នៅ​អាស៊ី​ទៀត​ផង​។ ​ចំណុច​សំខាន់​មួយ​ទៀត គឺ​រាជរដ្ឋាភិបាល បាន​ព្យាយាម​ប្រមែ​ប្រមូល​និស្សិត​តិច​តួច ដែល​ធ្លាប់​បាន​សិក្សា​នៅ​ក្រៅ​ប្រទេស​ដែល​មាន​ជំនាញ​ខាង​ទំនាក់​ទំនង​អន្តរជាតិ និង​ប្រវត្តិសាស្រ្ត បណ្តា​ប្រទេស​អាស៊ាន​ និង​អាស៊ី ហើយ​ដោយ​ប្រាក់​ខែ​ទាប​ពេក ពួក​គាត់​ខ្លះ​ ធ្វើ​ការ​បណ្តើរ​រត់​ទៅ​បង្រៀន​បណ្តើរ​ ដោយ​មិន​បាន​ពេញ​ដៃ​ពេញ​ជើង​ទេ​។ ហេតុ​អ្វី​បាន​ជា​រាជរដ្ឋាភិបាល​ មិន​ចំណាយ​កញ្ចប់​ថវិកា​ សម្រាប់​ក្រុម​ជំនាញ​ឲ្យ​គិត​តែ​សិក្សា​ស្រាវជ្រាវ​ស៊ី​ជម្រៅ ទៅ​លើ​ប្រទេស​មួយៗ នៅ​អាស៊ាន​នេះ ​ដើម្បី​ផ្តល់​យោបល់​ទៅ​រាជរដ្ឋាភិបាល ជា​ជាង​ចំណាយ​ថវិកា​លើ​ការ​ជួស​ជុល​ផ្លូវ​ដដែលៗ? បើ​និយាយ​ពី​រឿង​សិក្សា​អាស៊ាន​សម្រាប់​ក្រុម​ផ្តល់​យោបល់​ឯករាជ្យ​ វិញ​«Think Tank» ​សម្រាប់​ជួយ​ផ្តល់​យោបល់​រដ្ឋាភិបាល​វិញ​ គឺ​មាន​តែ​កូន​វិទ្យាស្ថាន​ខ្មែរ​សហ​ប្រតិបត្តិការ និង​សន្តិភាព​(CICP)​ តូច​មួយ ហើយ​ខ្វះ​ធនធាន​មនុស្ស​ទៅ​ទៀត​។ បើ​ប្រៀបធៀប​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​ជាដើម គឺ​គេ​មាន​វិទ្យាស្ថាន​អាស៊ាន​ និង​ប៉ាស៊ីហ្វិក​ជាច្រើន ហើយ​ក៏​មាន​អ្នក​ជំនាញ​ការ​ខ្មែរ កំពុង​ធ្វើ​ការ​នៅទីនោះ​ដែរ​។​ តែ​ផ្ទុយ​ទៅ​វិញ ​អាស៊ាន​នឹង​បង្កើត​មជ្ឈ​មណ្ឌល​កម្ចាត់​មីន​នៅ​កម្ពុជា​ ព្រោះ​កម្ពុជា​មាន​ជំនាញ​ខាង​មីន​ និង​អ្នក​ពិការ​ច្រើន​ជាង​គេ​លើ​ពិភពលោក។ ចំណែក​ឯ​របៀប​និយាយ​ការ​ទូត​របស់​កម្ពុជា​ ធ្វើ​ឲ្យ​មតិ​ជាតិ​ និង​អន្តរជាតិ មើល​ទៅ​ហាក់​បី​ដូច​ជា​យក​កំហឹង​​ទល់​នឹង​កំហល់ ​ដែល​មិន​ទៅ​តាម​បច្ចេកទេស​ការ​ទូត​នៅ​ឡើយ​ទេ។

វិស័យ​សេដ្ឋកិច្ចៈ ការ​ទទួល​ផល​ពី​ការ​ចូល​សមាហរណកម្ម​អាស៊ាន​នេះ​ កម្ពុជា​នៅ​តែ​រត់​តាម​ពី​ក្រោយ​គេ​ទៀត​ហើយ​គឺ​វិបត្តិ​ធនធាន​មនុស្ស​។​ គ្រាន់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​សោះ ​សហគ្រិន​មួយៗ​មាន​ការ​ត្អូញត្អែរ​ពី​សមត្ថភាព​ជំនាញ​ និង​កម្លាំង​ពលកម្ម​របស់​បុគ្គលិក​។ ​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ធនាគា​ពិភពលោក​ឆ្នាំ​២០១១ បង្ហាញ​ថា ​៧៣​ភាគរយ នៃ​និយោជក ត្អូញត្អែរ​ថា​និស្សិត​ដែល​បាន​បញ្ចប់​សាកល​វិទ្យាល័យ​ធ្វើ​ការ​មិន​ ត្រូវ​ជំនាញ​ដែល​ខ្លួន​បាន​រៀន​។​ ពោល​គឺ​ពេល​ចូល​សមាហរណកម្ម យើង​បាន​ត្រឹម​តែ​ហុច​បន្លែ​ត្រី​សាច់ ឲ្យ​គេ​ស្ល​ទៀត ​នៅ​ពេល​បាន​ផល​ គឺ​ឈ្មោះ​របស់​គេ​ជា​អ្នក​ធ្វើ​ដដែល​។ ចំណែក​ឯ​ការ​ចំណាក​ស្រុក​ទាំង​​ស្រប​ច្បាប់ នឹង​មិន​ស្រប​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ក៏​ជា​បញ្ហា​មួយ​ដែល​ខ្វះ​កម្លាំង​ពលកម្ម​ផង​ដែរ​ ដូច​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ធ្លាប់​មាន​ប្រសាសន៍​ក្នុង​ការ​ទប់​ស្កាត់​លំហូរ​ចលនា​ចំណាក​ស្រុក​នេះ​។ ឯ​អ្នក​មាន​ចំណេះ​ដឹង ​និង​ជំនាញ​ខ្ពស់​ មក​ពី​ក្រៅ​ប្រទេស​មួយ​ចំនួន​ នាំ​គ្នា​រត់​ទៅ​រស់​នៅ​ប្រទេស​ជឿន​លឿន​ទៅ​វិញ​។​ ទំាង​នេះ​ គឺ​ជា​​បញ្ហា​​ដែល​កម្ពុជា​ត្រូវ​ពិចារណា​ ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​នឹង​កន្លែង​។

វិស័យ​វប្បធម៌ៈ មិន​ដឹង​ថា​ កម្ពុជា​មាន​វប្បធម៌​ថ្មីៗ​អ្វី​ខ្លះ ​ទៅ​បង្ហាញ​ និង​ផ្លាស់​ប្តូរ​នឹង​គេ​នៅ​ឆ្នាំ​ ២០១៥ ​ទេ​? បើក​ភ្នែក​ឡើង​មើល​ទៅ​លើ​កញ្ចក់​ទូរទស្សន៍​ឃើញ​តែ​យក​បទ​ពី​បរទេស​ច្រៀង ​នឹង​រាំ​ថត​ចម្លង​តែ​ពី​បរទេស ឥត​មាន​លក្ខណៈ​ជា​ខ្មែរ​សោះ​។​ រីឯ​របាំ ​និង​ការ​រាំ​វិញ​​ គឺ​នៅ​ដដែល​​ មិន​បាន​ច្នៃប្រឌិត​ឲ្យ​វា​ថ្មី​សោះ​។ ​សូម្បី​តែ​ក្បាច់​រាំ​ចាស់ៗ ​ហ្នឹង​ក៏​មិន​បាន​ចាក់​ផ្សាយ​ញឹកញាប់​ផង​ អំពី​ក្បាច់​មួយៗ​ ហើយ​ពន្យល់​កូន​ខ្មែរ​ឲ្យ​ស្គាល់​ថា​ក្បាច់​ហ្នឹង​ចេញ​មក​ពី​ណា​​។​ បើ​វិស័យ​ភាព​យន្ត​វិញ​គឺ​ចប់​តែ​ម្តង​ បើ​គេ​ធ្វើ​ការ​ប្រកួត​ខ្សែ​ភាពយន្ត​ថ្មីៗ​នៅ​អាស៊ាន​វិញ​គឺ​មិន​ដឹង​ជា​យក រឿង​អ្វី​ទៅ​ប្រកួត​ហ្នឹង​គេ​ផង​ហ្នឹង​។​ គ្មាន​ការ​ផលិត​ខ្សែ​ភាពយន្ត​ មក​ពី​រោង​ភាព​យន្ត​ ត្រូវ​បាន​គេ​លក់​ស្ទើរ​តែ​ទាំងអស់ ឬក៏​មក​តែ​សម្បូរ​ចោរ​លួច តែ​គំនិត​គេ ​និង​ថត​ចម្លង​របស់​គេ​លក់​?​ ទី​បំផុត​វប្បធម៌​បែប​នេះ មិន​នាំ​ឲ្យ​ជាតិ​រីក​ចម្រើន​ទេ ហើយ​ចូល​សមាហរណ​កម្ម​​ ២០១៥​រឹត​តែ​ពិបាក​ទៅ​ទៀត​។​ សំណួរ​នៅ​តែ​សួរ​ដដែល​ ថា​តើ ​ក្រសួង​វប្បធម៌​ធ្វើ​អ្វី​ខ្លះ​សព្វ​ថ្ងៃ​នេះ​?

អប់រំ យុវជន​ និង​កីឡាៈ ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​មាន​និស្សិត​ដែល​បាន​បញ្ចាប់​ថ្នាក់​ឧត្តម​សិក្សា​រាប់​ម៉ឺន​នាក់ ជាមួយ​នឹង​សាកល​វិទ្យាល័យ​ទាំង​រដ្ឋ ទាំង​ឯកជន​សរុប​ចំនួន​៩៩​សាកល​វិទ្យាល័យ​និង​វិទ្យាស្ថាន​ទូទាំង​ប្រទេស​។ ​និស្សិត​បាន​បញ្ចប់​ថ្នាក់​ឧត្តម​សិក្សា​ឆ្នាំ ២០១១​ មាន​ចំនួន ៤៥ ៦៥០​នាក់​ និង​ចំនួន​កំពុង​សិក្សា​ឆ្នាំ​ ២០១១-២០១២ គឺ​មាន ២៤៥ ០០០ នាក់​។ (ទិន្នន័យ​នាយកដ្ឋាន​ឧត្តម​សិក្សា​ឆ្នាំ​២០១២​) ​តែ​ទោះ​ជា​ច្រើន​យ៉ាង​នេះ​​ក៏​ដោយ ក៏​នៅ​មាន​ការ​ត្អូញត្អែរ​ពី​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជការ​ និង​និយោជក​មួយ​ចំនួន​ផង​ដែរ​ អំពី​បុគ្គលិក​ខ្វះ​គុណ​ភាព​ក្នុង​ការ​ងារ​ ពេល​ខ្លះ​ហាក់​ដូច​ជា​មិន​យល់​ និង​យក​ចិត្ត​ទុក​ដាក់​កិច្ចការងារ​ សូម្បី​តែ​លិខិត​សុំ​ច្បាប់​ឈប់ និង​ពាក្យ​សុំ​បន្តិច​បន្តួច​ក៏​សរសេរ​មិន​ត្រូវ​ផង​​ ហើយ​ពិបាក​ជ្រើស​រើស​បុគ្គលិក​ឲ្យ​សមស្រប​ទៅ​នឹង​តួនាទី​ទៀត​ផង​។ ភាព​ទន់ខ្សោយ​ផ្នែក​អប់រំ​នេះ ធ្វើ​ឲ្យ​មតិ​ជា​ច្រើន​រិះគន់​ទៅ​លើ​ប្រព័ន្ធ​អប់រំ​ទាំង​មូល​ខ្សោយ​ បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​នៅ​ប្លុក​អាស៊ាន​នេះ។ ធាតុ​ពិត​ជាក់​ស្តែង ​កិច្ច​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ជួយ​បាន​មួយ​កម្រិត​ហើយ ចំពោះ​ថ្នាក់​ឧត្តម​សិក្សា​នេះ បើ​ប្រៀប​ធៀប​ទៅ​នឹង​ទសវត្សរ៍​ឆ្នាំ ៨០ និង​៩០ ហើយ​បច្ចុប្បន្ន​នេះ ​មាន​គ្រូ​ល្អៗ​ទាំង​ជាតិ​ដែល​ធ្លាប់​បា​ន​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ និង​គ្រូៗ​អន្តរ​ជាតិ​មួយ​ចំនួន​ផង​ដែរ។ សាកល​វិទ្យាល័យ​ខ្លះ​ រៀន​សុទ្ធ​តែ​ជា​ភាសា​អង់គ្លេស​ទៀត​ និង​មាន​សិទ្ធិ​ជ្រើស​រើស​បង់​ថ្លៃ​សាលា​ណា​ក៏​បាន​ដែរ​។​ ហេតុ​អ្វី​បាន​ជា​និស្សិត​មួយ​ចំនួន​ធំ​បាន​សញ្ញាបត្រ​ហើយ ​នៅ​តែ​ប្រើ​ការ​មិន​កើត​ទៀត​?​ សំណួរ​សួរ​ថា​ តើ​មក​ពី​សាកល​វិទ្យាល័យ​ឬ​មួ​យ​ក៏​មក​ពី​និស្សិត​ខ្លួន​ឯង​? ​ក្នុង​នាម​ជា​ឪពុក​ម្តាយ ​ឬបងៗ​ ដែល​រៀន​បាន​ខ្ពស់ៗ​ហ្នឹង មាន​ធ្លាប់​តាម​ដាន​ការ​សិក្សា​កូន​ ឬ​ប្អូនៗ​ដែរ​ឬទេ?​ មាន​ធ្លាប់​ធ្វើ​កិច្ច​ការ​គ្រប់​គ្រាន់​តាម​អ្វី​ដែល​គ្រូ​ដាក់​ឲ្យ​ធ្វើ​ដែរ​ ឬទេ​?​ ហើយ​ពេល​ប្រឡង​ម្តង​ៗ​មាន​បើក​ចម្លង​ដែរ​ឬទេ? សូម្បី​តែ​លោក​នាយក​រដ្ឋ​មន្ត្រី ក៏​ធ្លាប់​រិះគន់​ផង​ដែរ​ មាន​និស្សិត​ខ្លះ​ រៀន​សុទ្ធ​តែ​ថា្នក់​បណ្ឌិត ​ឬក៏​អនុបណ្ឌិត​ មិន​ចេះ​ប្រើ​កុំព្យូទ័រ​ ហើយ​សរសេរ​និក្ខេបទ​ជួល​គេ​សរសេរ​ឲ្យ​។ អ្វីៗ​ដែល​ជា​អំពើ​អបាយមុខ ដូច​ជា​ គ្រឿង​ស្រវឹង​ ក្លិប​ ខារ៉ាអូខេ...នៅ​ជុំវិញ​យុវជន​ មាន​មិន​ខ្វះ​ហើយ​ងាយ​ស្រួល​រក​បាន ហើយ​មាន​តម្លៃ​ថោក​ទៀត​។​ យុវជន​ខ្មែរ​ភាគ​ច្រើន​ ក្លាហាន​ណាស់​ ក្នុង​ការ​ប្រយុទ្ធ​កាប់​ចាក់​គ្នា​ វាយ​តប់​គ្នា ​ពេល​ខ្លះ​រហូត​ដល់​បាញ់​គ្នា​ក៏​មាន​ តែ​ខ្លាច​ណាស់​ការ​សិក្សា មិន​ហ៊ាន​ប្រយុទ្ធ​ទេ​។ ​តើ​ឲ្យ​ទំពាំង​ស្នង​ឫស្សី​របៀប​ម៉េច បើ​ទំពាំង​នោះ​រលួយ​តាំង​ពី​មិន​ទាន់​ធំ​ផង​នោះ​?​

រីឯ​កីឡា​វិញ​ គឺ​មាន​ដំណើរ​ការ​រីក​ចម្រើន​យឺតយ៉ាវ​ណាស់​។ ​ឧទាហរណ៍៖​ កីឡា​បាល់​ទាត់​ លេង​តំាង​ពី​គ្រាប់​ មាន​ចាញ់​មាន​ឈ្នះ ​តែ​លេង​លើក​ចុង​ក្រោយ​នេះ​នៅ​ប្រទេស​ភូមា​ ការ​ប្រកួត​ជម្រុះ ដើម្បី​ទៅ​ប្រកួត​ស៊ុយ​សូគី​ខាប់ នៅ​អាស៊ាន​សោះ ខ្មែរ​ចាញ់​ទាំង​អស់​។​

សរុប​មក​វិញ ទាំង​អស់​នោះ​ សុទ្ធ​តែ​ជា​ចំណុច​ខ្វះខាត ក្នុង​ការ​ត្រៀម​ខ្លួន​សមាហរណកម្ម​អាស៊ាន​ ២០១៥។ ​ហេតុ​ដូច្នេះ​រាជរដ្ឋាភិបាល គួរ​តែ​បង្ហាញ​ឆន្ទៈ​ផ្នែក​ខាង​គោលនយោបាយ ឲ្យ​បាន​ជាក់​លាក់ ជា​ពិសេស​ ផ្តោត​ទៅ​លើ​ការ​បង្កើត​មជ្ឈមណ្ឌល​សិក្សា ស្រាវជ្រាវ​អាស៊ាន នៅ​សាកល​វិទ្យាល័យ និង​មាន​ការ​ចូលរួម​ធ្វើ​ទាំង​អស់​គ្នា ទើប​ការ​ធ្វើ​សមាហរណកម្ម​កម្ពុជា​ក្នុង​អាស៊ាន​នា​ឆ្នាំ​២០១៥​ ដំណើរ​ការ​ទៅ​ដោយ​រលូន​៕

សូមចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

This content has been locked. You can no longer post any comments.
Show/hide comments
...
ខ្ញុំគិតថាគួរតែមានការគិតគួរណាមួយ ប្រសើរជាងពេលបច្ចុប្បន្ន ព្រោះពេលនេះឆ្នាំ២០១៣ទៅហើយ តែចំពោះការចូលជាសមាហរណកម្ម​របស់​កម្ពុជា​ ទៅ​ក្នុង​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥​ ខាង​មុខ​នេះរបស់​កម្ពុជា​​ ទៅ​ក្នុង​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥​ខាង​មុខ​នេះ ក៏ជិតចូលមកដល់ដែរ។ បើសិនជាចំរៀងរបស់ខ្មែរនៅតែចម្លងពីគេ តែនឹងមានអ្វីកើតឡើងនៅពេលចូលហើយ ដូចដែលោកបានសរសេរអីចឹង កម្ពុជានៅមានចំនុចខ្វះខាតច្រើនណាស់ តើ២ឆ្នាំចុងក្រោយមុនសមាហរណកម្ម​នេះ តើកម្ពុជាបានត្រៀមលក្ខណៈអ្វីខ្លះដល់ពលរដ្ឋខ្លួន និងសេដ្ឋកិច្ចរបស់ខ្លួនផ្ទាល់រឺទេ? ហើយតើយើងនឹងមានអ្វីទៅប្រកួតប្រជែងនៅទីផ្សារអាស៊ាននៅពេលខាងមុខនេះ!
ចំពោះខ្ញុំផ្ទាល់គឺបារម្ភណាស់ បារម្ភត្រង់ណា ខាងគេយកទំនិញរបស់គេមកស្រុកខ្មែរ (កម្ពុជា) លក់បានលុយរាប់ពាន់លានដុល្លារ ចំនែកឯកម្ពុជាវិញ ភាគច្រើនគឺមិនបានផលិតផលអ្វីជាដុំកំភួនទៅទីផ្សារអាស៊ាននោះទេ បើច្រើនណាស់ បានត្រឹម១ទៅ៥% ។
monyyrin on February 05, 2013 Report
vote down vote up Votes: 0
busy