កសិករជាប់គុកព្រោះលាក់ទុកកាំភ្លើងនគរបាល
តាកែវ៖បុរសស្រុកបាទីអាយុ២៨ឆ្នាំម្នាក់ត្រូវបានកាត់ទោសដាក់ពន្ធនាគារកាលពីថ្ងៃសៅរ៏ពីបទរក្សាទុកអាវុធខុសច្បាប់។ នគរបាលបានឲ្យដឹងថាកាលពីឆ្នាំមុន បុរសរូបនោះបានរើសនិងលាក់ទុកអាវុធខ្លីមួយដើមរបស់នគរបាលចរាចរណ៏ម្នាក់នៅពេលដែលនគរបាលរូបនោះជួបគ្រោះថ្នាក់ចរាចរណ៏ដែលបណ្តាលឲ្យគាត់បាក់ជើងនឹងសន្លប់នៅកន្លែងកើតហេតុ។ បន្ទាប់ពីស្រាវជ្រាវ នគរបាលបានចាប់ខ្លួនបុរសរូបនោះ។ គេបានសារភាពថា មិនបានយកអាវុធនោះទៅប្រព្រឹត្តអំពើខុសច្បាប់អីនោះទេ។ គេទុកគ្រាន់តែការពារខ្លួនប៉ុណ្ណោះ។
ចោរប្រើកន្រ្តងលួចទូរសព្ទ័ត្រូវចាប់ខ្លួន
ភ្នំពេញ៖ ប៉ូលិសខណ្ឌទួលគោកបានចាប់ខ្លួនយុវជនម្នាក់អាយុ១៦ឆ្នាំ បន្ទាប់ពីគេ បានប្រើកន្រ្តងឆ្កឹះលួចទូរសព័្ទនៅផ្ទះជួលមួយកន្លែងកាលពីព្រឹកថ្ងៃសៅរ៏។ ប៉ូលិសបានឲ្យដឹងថាជនសង្សយ័ឆ្កឹះបានទូរស័ព្ទដៃ២គ្រឿងរបស់និស្សិតម្នាក់នៅពេលដែលនិស្សិតរូបនោះកំពុងតែដេកលក់។ ពេលនោះអ្នកជិតខាងម្នាក់បានឃើញក៏ស្រែកថាចោរៗ ធ្វើឲ្យគេភ័យ ក៏រត់ទំលាក់ខ្លួនពីជាន់ទី១រងរបួសធ្ងន់ ហើយត្រូវចាប់ខ្លួនបានតែម្តង។
ជម្លោះរឿងដាក់កាហ្វេលើថ្នាំ ចាក់គ្នារបួស
ភ្នំពេញ៖ស្រ្តីអាយុ២៦ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៏ក្រោមការសង្ស័យថាបានវាយស្រ្តីជាអ្នករួមការងារម្នាក់របួសនៅក្នុងខណ្ឌដូនពេញ។ នគរបាលបានឲ្យដឹងថាជនរងគ្រោះបានដាក់ថ្នាំពេទ្យរបស់នាងនៅលើទុក ពេលនោះស្រ្តីជាជនសង្ស័យបានដាក់កាហ្វេពីលើ។ ស្រ្តីរងគ្រោះបានសួរ ហើយក៏កើតជាជម្លោះ។ ពេលនោះ ជនសង្ស័យបានចាក់ជនរងគ្រោះនឹងកូនកាំបិទរបួសត្រង់ពោះនិងជើង។ នគរបាលបានបញ្ជាក់ថាកន្លងមកស្រ្តីទាំងពីរមិនសូវជាត្រូវគ្នានោះទេ៕
CRV បុកម៉ូតូស្លាប់១ របួស១
ពោធិ៍សាត់៖ គ្រោះថ្នាក់ចរាចរណ៌បង្កដោយរថយន្តCRVបានបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់កាលពីថ្ងៃសុក្រនៅក្នុងក្រុងពោធិ៍សាត់។ នគរបាលបានឲ្យដឹងថា CRVបានមួយគ្រឿងបើកបរក្នុងល្បឿនលឿន ហើយបុកម៉ូតូពីរគ្រឿងក្នុងទិសដៅផ្ទុយគ្នា ដែលបណ្តាលឲ្យបុរសម្នាក់អាយុ២២ឆ្នាំស្លាប់ភ្លាមៗ និងបុរសម្នាក់ផ្សេងទៀតរងរបួសធ្ងន់។ ម្ចាស់រថយន្តបានទុករថយន្តចោលរត់គេចខ្លួនបាត់៕
ឆក់កាបូបបានរត់មិនរួច កងរាជអាវុធហត្ថចាប់វ៉ៃខ្នោះ
ភ្នំពេញ៖ បុរស២នាក់អាយុ១៧ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីពួកគេបានឆក់កាបូបពីស្រ្តីម្នាក់នៅក្នុងខណ្ឌមានជ័យ។ កងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្សយ័ពីរនាក់បានជិះម៉ូតូតាមស្រីរងគ្រោះ។ ដល់កន្លែងស្ងាត់ក៏ឆក់កាបូបពីស្រ្តីរងគ្រោះដែលកំពុងតែជិះម៉ូតូតែម្នាក់ឯង។ ពេលនោះស្រ្តីរងគ្រោះបានស្រែកឲ្យថាចោរៗ ដែលធ្វើឲ្យពួកជនសង្ស័យភ័យ ហើយរត់ចូលភូមិអ្នកស្រុក។ ពេលនោះ ប្រជាពលរដ្ឋបានជួយកងរាជអាវុធហត្ថចាប់ជនសង្ស័យ។
រត់គេចពីខេត្តកណ្តាល មកជាប់ខ្នោះនៅភ្នំពេញ
ភ្នំពេញ៖ បុរសអាយុ២៨ឆ្នាំម្នាក់បានរត់គេចពីប៉ូលិសពីខេត្តកណ្តាលនឹងត្រូវបានចាប់ខ្លួននៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីថ្ងៃសៅរ៏ក្រោមការសង្ស័យចែកចាយគ្រឿងញៀន។ នគរបាលបានឲ្យដឹងថាជនសង្ស័យបានបើកកូនឡានរបស់ខ្លួនរត់ បន្ទាប់ពីនគរបាលឃាត់សុំឆែកឆរ។ នគរបាលបានបញ្ជាក់ថាជននេះមានកាំភ្លើងខ្លីមួយដើម។ គេបានបានបោះចោលនៅតាមផ្លូវ។ ជនម្នាក់នេះក៏ជាប់ពាក់ព័ន្ឋនឹងករណីចោរកម្មផងដែរ។
អង្គុយលើម៉ូតូប៉ងលួច ត្រូវចាប់ខ្លួន
ភ្នំពេញ៖ កងរាជអាវុធហត្ថខណ្ឌសែនសុខបានចាប់ខ្លួនបុរសអាយុ១៧ឆ្នាំម្នាក់ដោយសង្សយ័ថាបុរសម្នាក់នេះប៉ុនប៉ងលួចម៉ូតូកាលពីថ្ងៃអាទិត្យ។ កងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្សយ័បានមកអង្គុយលើម៉ូតូរបស់ជនរងគ្រោះដែលដាក់នៅក្រៅបន្ទាប់នៅវេលាម៉ោងប្រមាណជា១១យប់។ ពេលឃើញម្ចាស់ម៉ូតូដើរមក គេក៏រត់។ ពេលនោះ ម្ចាស់ម៉ូតូក៏ស្រែកថាចោរ ចោរ ហើយកម្លាំង កងរាជអាវុធហត្ថល្បាតបានចាប់ខ្លួនគេតែម្តង៕
បីនាក់ព្រួតវាយម្នាក់យ៉ាងសាហាវក្នុងជម្លោះមួយ
កំពង់ចាម៖ បុរសបីនាក់អាយុ២២និង២៥ឆ្នាំត្រូវបានបានចាប់ខ្លួនកាលពីថ្ងែសៅរ៏បន្ទាប់ពីពួកគេព្រួតគ្នាវាយសំពងលើបុរសម្នាក់នៅក្នុងស្រុកត្បូងឃ្មុំ។ នគរបាលបានឲ្យដឹងថាជនរងគ្រោះអាយុ២០ឆ្នាំមានជម្លោះជាមួយនឹងពួកជនសង្សយ័។ ពេលនោះគេត្រូវជនសង្សយ័វាយនឹងដំបង ខ្សែក្រវ៉ាត់ហើយថែមទាំងជិះម៉ូតូបុកទៀតផង។ កម្លាំងនគរបាលបានចុះធ្វើអន្តរាគមន៏ចាប់ជនសង្សយ័។
ប្តីឈ្លោះជាមួយប្រពន្ធដុតផ្ទះចោល
កំពង់ស្ពឺ៖ បុរសអាយុ៣២ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្របន្ទាប់ពីគេដុតផ្ទះខ្លួនឯងនៅក្នុងស្រុកសំរោងទង។ ប្រពន្ធរបស់បុរសនោះបានឲ្យដឹងថា នាងមានជម្លោះជាមួយនឹងប្តី។ ពេលនោះ ប្តីក៏ចូលទៅក្នុងផ្ទះរកដែកកេះដុតផ្ទះចោលតែម្តង។ អ្នកជិតខាងបានចូលទៅពន្លត់ភ្លើង ប៉ុន្តែទ្រព្យសម្បត្តិស្ទើរតែទាំងអស់ត្រូវឆេះអស់។ នគរបាលបានចាប់ខ្លួនបុរសជាប្តី ប៉ុន្តែគេមិនដឹងថានគរបាលបញ្ជូនបុរសជាប្តីទៅតុលាការដែររឺយ៉ាងណានោះទេ៕
បង្កអំពើហិង្សារត់បានជាង២ខែត្រូវចាប់ខ្លួន
ភ្នំពេញ៖នគរបាលខណ្ឌចំកាមនបានចាប់ខ្លួននិងបញ្ជូនបុរសអាយុ២៣ឆ្នាំម្នាក់ទៅតុលាការកាលពីថ្ងៃសៅរ៏ដោយចោទប្រកាន់ថាបានបង្ករបួសស្នាមលើបុរសម្នាក់។ នគរបាលបានឲ្យដឹងថាជនសង្សយ័បានបង្កអំពើហិង្សានិងវាយជនរងគ្រោះរបួស ហើយបានរត់គេចខ្លួននៅភោជនីយដ្ឋានមួយកាលពីខែសីហា។ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងបន្ទាប់មកតុលាការបានចេញដីការចាប់ខ្លួនជនសង្សយ័នៅថ្ងៃទី២៣ខែតុលា។ បន្ទាប់មកនគរបាលបានធ្វើការឃាត់ខ្លួនជនសង្សយ័តែម្តង។
នារីវ័យក្មេងស៊ីដាច់ម៉ូតូសង្សារត្រូវនគរបាលឃាត់ខ្លួន
នារីវ័យក្មេងម្នាក់ត្រូវសង្សាររបស់ខ្លួនចាប់ប្រគល់ឱ្យនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងរាំង ចាត់ការតាមច្បាប់ កាលពីថ្ងៃអង្គារ។ ក្រោយពីនារីនោះប្រើល្បិចខ្ចីម៉ូតូម៉ាកយ៉ាម៉ាហា ហ្វ៊ីណូ ជិះយកទៅបាត់អស់រយៈពេលពីរថ្ងៃ ហើយព្យាយាមគេចខ្លួន។ នៅពេលទៅដល់កន្លែងធ្វើការនារីជាសង្សារដែល ជាប់ចោទក៏ខ្ចីម៉ូតូ ហើយខ្លួនឱ្យ រួចចូលកន្លែងធ្វើការតាមធម្មតា។ លុះល្ងាចថ្ងៃដដែលមិនឃើញនារីជាប់ចោទខាងលើយកម៉ូតូមកឱ្យ ខ្លួនវិញឡើយ ទើបកើតការសង្ស័យថា ប្រាកដជានារីរូបស្រស់នោះស៊ីដាច់ម៉ូតូហើយ ខ្លួនប្រញាប់បបួលបងប្អូនស្វែងរក។
ប៉ូលិសចាប់ពីរនាក់បន្ទាប់ពីចាក់ជនរងគ្រោះមួយកាំបិត
ពោធិសាត់៖ប៉ូលិសក្រុងពោធិសាត់បានចាប់ខ្លួនបុរសពីរនាក់ដែលបានកាប់ចាក់ជនរងគ្រោះកាលពីពុធ។ ប៉ូលិសនិយាយថានៅថ្ងៃកើតហេតុជនទាំងពីរនាក់នោះបានចាក់ជនរងគ្រោះនឹងកាំបិតខណៈដែលពួកគេកំពុងចូលរួមសប្បាយរីរាយក្នុងពិធីជប់លៀង។ជនរងគ្រោះស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ។ប៉ូលិសបានទៅចាប់ជនសង្ស័យនៅផ្ទះ។ជាការពិតប៉ូលិសនិយាយមិនត្រឹមតែមានជនទាំងពីរនេះទេ ពោលគឺមានច្រើនអ្នកដែលនាំកាប់ចាក់គ្នាតែពួកគេបានរត់គេចពីស្រុក។ពួកគេបានចូលរូមនៅក្នុងពិធីរាំរែកស្រាប់ឈ្លោះប្រកែកគ្នា កាប់ចាក់គ្នាបើទោះបីជាពួកគេរស់នៅក្នុងភូមិតែមួយក៏ដោយ។អ្នកជិតខាងនិងអ្នកចូលរួមមិនហ៊ានចូលរួមក្នុងពិធីនេះទេ។
គេចខ្លួនទៅធ្វើកម្មករនៅថៃជាង១ឆ្នាំពេលត្រលប់មកផ្ទះវិញប៉ូលីសចាប់ខ្លួនបាន
បាត់ដំបង៖ ជនសង្ស័យម្នាក់ដែលរកស៊ីចែកចាយគ្រឿងញៀនហាមឃាត់ខុសច្បាប់ហើយរត់គេចខ្លួនទៅធ្វើការកម្មករនៅស្រុកសៀម ពេលត្រលប់មកលេងផ្ទះវិញ ត្រូវប៉ូលីសធ្វើការឃាត់ខ្លួននៅថ្ងៃអង្គារស្ថិតនៅក្នុងក្រុងបាត់ដំបង។ ប៉ូលិសនិយាយថា កាលពីឆ្នាំ២០០៩កន្លងទៅបុរសរូបនេះបានចែកចាយគ្រឿងញៀនខុសច្បាប់ហើយគេចខ្លួនទៅថៃ បច្ចុប្បន្នប៉ូលីសបានចាប់បាននិងបានបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការបន្ត។
ប៉ូលិសរឹបអូសទូហ្គេមកុំព្យូទ័រ៥គ្រឿងនៅក្រុងបាត់ដំបង
បាត់ដំបង៖ប៉ូលិសក្រុងបាត់ដំបងបានឆ្មក់ចាប់កុំព្យូទ័រ៥គ្រឿងកាលពីថ្ងៃពុធពីហាងអ៊ិនធើណែតមួយ។ ប៉ូលិសនិយាយថាហាងទាំងអស់នេះបានប្រកបអាជីវកម្មជ្រកក្រោមស្លាកអ៊ិនធើណែតតែបង្កប់បើកអាជីវកម្មលេងហ្គេមកុំព្យូទ័រនិងមើលវិដេអូសិចជាដើម។អ្នកចូលលេងភាគច្រើនជាសិស្សដែលបានស្លៀកសំលៀកបំពាក់ជាឯកសណ្ឋានចូលលេងយ៉ាងគគ្រឹកគគ្រេងដែលពួកគេគេចសាលានិងអាចឈានទៅប្រព្រឹត្តិបទល្មើសផ្សេងទៀត។ប៉ូលីសបានធ្វើការឃុំខ្លួនពួកគេជាបណ្តោះអាសន្នដើម្បីយកមកធ្វើការអប់រំរីឯម្ចាស់ហាងត្រូវបានបញ្ជូនសំណុំរឿងទៅកាន់តុលាការ។
ប៉ូលិសចាប់យុវជនពីរនាក់ជួញដូរនិងសេពគ្រឿងញៀន
ភ្នំពេញ៖បុរសពីរនាក់ត្រូវបានគេចាប់ខ្លួនបន្ទាប់ប៉ូលិសរកឃើញថាពួកគេមានពាក់ព័ន្ឋនឹងគ្រឿងញៀននៅក្រុងប៉ោយប៉ែតកាលពីថ្ងៃច័ន្ទ។ប៉ូលិសនិយាយប៉ូលិសបានឆ្មក់ពួកគេនៅក្នុងផ្ទះសំណាក់។ប៉ូលិសសង្ស័យពួកគេជាយូរមកហើយតែគ្មានភស្តុតាង។ប៉ូលិសបានសុំអនុញ្ញាតពីម្ចាស់ផ្ទះសំណាក់ដើម្បីចាប់ជនទាំងពីរនេះបន្ទាប់ពីប៉ូលិសមានភស្តុតាងគ្រប់គ្រាន់ដោយពួកគេមិនអាចប្រកែកបានទេ។ប៉ូលិសរឹបអូសថ្នាំញៀនមួយកញ្ចប់និងឧបករណ៍ជក់ផ្សេងទៀត។ពួកគេបានទិញថ្នាំញៀនពីអ្នករស់នៅប៉ោយប៉ែតដើម្បីយកទៅលក់នៅភ្នំពេញលក់បន្ត។ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតចាប់ជនពាក់ព័ន្ឋមួយចំនួនទៀត។ប៉ូលិសបញ្ជូនពួកគេទៅកាន់តុលាការ។
ភ្នំពេញ ប៉ុស្តិ៍







