Headlines:

ព័ត៌មាន​សន្តិសុខ​សង្គម​និង​ឧក្រិដ្ឋ​កម្ម ដែល​កើត​ឡើង​ពី​ថ្ងៃ​ទី​១១-​១៥វិច្ឆិកា ២០១២



នគរបាល​ចាប់​ខ្លួន​សិស្ស​ពីរ​នាក់​ឆក់​កាបូប​បរទេស

ភ្នំពេញ៖ និស្សិត​វិទ្យាល័យ​២នាក់​នៅ​ខណ្ឌ​ដូន​ពេញ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ពួកគេ​ឆក់​កាបូប​ជន​ជាតិ​បរទេស​កាល​ព្រឹក​ថ្ងៃ​ចន្ទ។​នគរបាល​បាន​ឲ្យ​ដឹង​ថា​ស្រ្តី​ជា​ជន​បរទេស​កំពុង​តែ​ជិះ​ម៉ូតូ​កង់​បី​ពេល​នោះ​ស្រាប់​តែ​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​តាម ហើយ​ម្នាក់​បាន​ឆក់​កាបូប​ពី​ជនរង​គ្រោះ។ ពេល​នោះ​ជន​រងគ្រោះ​បាន​ព្យាយាម​ដណ្តើម​មក​វិញ ហើយ​អ្នក​បើក​ម៉ូតូ​កង់​បី​នោះ​បាន​កៀរ​ពួកគេ​ឲ្យ​ដួល។​នគរបាល​ល្បាត​បាន​ធ្វើ​អន្តរាគមន៏​ចាប់​ពួកគេ​បាន​តែ​ម្តង។

ជិះ​ម៉ូតូ​កៀរ​គ្នា​ដួល​លើ​ថ្នល់​ឡាន​លាយ​ស៊ី​ម៉ង់ត៏​កិន​បែក​ក្បាល​ស្លាប់​ម្នាក់

ភ្នំពេញ៖ បុរស​អាយុ​៣០​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ បន្ទាប់​ពី​ឡាន​លាយ​ស៊ីម៉ង់ត៍​កិន​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ខណ្ឌ​ពោធិ៏​សែន​ជ័យ។ នគរបាល​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង ​ហើយ​បាន​កៀរ​គ្នា​នឹង​ម៉ូតូ​មួយ​ទៀត​ដែល​ធ្វើ​គេ​ដួល​នៅ​លើ​ថ្នល់។ ពេល​នោះ​ឡាន​លាយ​ស៊ី​ម៉ង់ត៏​មក​ដល់​បាន​កិន​គេ​បែក​ក្បាល​ស្លាប់​ភ្លាមៗ​តែ​ម្តង។ អ្នក​បើក​ឡាន​បាន​រត់​គេច​ខ្លួន​បាត់

ចោរ​ប្លន់​ទូរ​ស័ព្ទ​ចាក់​ឪ​ពុក​និង​កូន​របួស​ធ្ងន់

ភ្នំពេញ៖​បុរស​ជា​ឪពុក​អាយុ​៤៧​ឆ្នាំ​ម្នាក់​និង​កូន​ប្រុស​ត្រូវ​បាន​ចោរ​ម្នាក់​ចាក់​របួស​ធ្ងន់​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ។ នគរបាល​បាន​ឲ្យ​ដឹង​ថា​ចោរ​អាយុ​២២​ឆ្នាំ​ម្នាក់​បាន​ប្លន់​ទូរស័ព្ទ​និង​ចាក់​បុរស​ជា​កូន ហើយ​រត់​គេច​ខ្លួន។ ពេល​នោះ​ បុរស​ជា​ឪពុក​ដេញ​តាម​ក៏​ត្រូវ​ចោរ​ចាក់​ជា​ច្រើន​កាំបិត​ដួល​សន្លប់។ នគរបាល​ល្បាត​បាន​ធ្វើ​អន្តរាគមន៏​ចាប់​ខ្លួន​ជន​សង្ស័យ​និង​បាន​បញ្ជូន​ជន​រងគ្រោះ​ទៅ​មន្ទីរ​ពេទ្យ។

ស្រ្តី​ម្នាក់​ត្រូវ​ចាប់​ខ្លួន​រឿង​ឆ​បោក​ម៉ូតូ

ភ្នំពេញ៖ ស្រ្តី​អាយុ​៤២​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៏​បន្ទាប់​ពី​រង​ការ​ចោទ​ប្រកាន់​ថា​ឃុំ​ឃិត​គ្នា​ឆបោក​ម៉ូតូ​មួយ​គ្រឿង។ ស្រ្តី​សង្ស័យ​បាន​ទៅ​ទិញ​ម៉ូតូ​ជាមួយ​នឹង​បុរស​ដែល​ទើប​នឹង​ស្គាល់​គ្នា​ម្នាក់​ពី​អ្នក​ភូមិ​ម្នាក់​ក្នុង​តម្លៃ​១៤០០​ដុល្លា។ ពេល​នោះ បុរស​រូប​នោះ​សុំ​ជិះ​ម៉ូតូ​សាក​មើល ​ហើយ​ក៏​ជិះ​រត់​គេច​ខ្លួន​បាត់​។ ពេល​បាត់​មិន​ឃើញ​មក​វិញ​ ស្រ្តី​ជា​ជន​សង្ស័យ​ប៉ុន​ប៉ង​ជិះ​ម៉ូតូ​ឌុប​រត់​គេច​ខ្លួន​ប៉ុន្តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ចាប់​ប្រគល់​ឲ្យ​នគរ​បាល។​ ជន​សង្ស័យ​បាន​អះអាង​ថា​នាង​ទើប​នឹង​ស្គាល់​គ្នា​ជាមួយ​នឹង​បុរស​ម្នាក់​តែ​ប៉ុណ្ណោះ។ ពេល​គេ​ពឹង​ឲ្យ​មក​ជា​មួយ​ក៏​មក​ដែរ​។ មិន​ដឹង​ថា​បុរស​ម្នាក់​នោះ​មាន​គំនិត​បែប​នេះ​សោះ​។

ប្លន់​រត់​ចោល​ស្រុក​៧​ឆ្នាំ ​ពេល​ចូល​វិញ​ត្រូវ​ចាប់​ខ្លួន

បន្ទាយ​មាន​ជ័យ៖ បុរស​ម្នាក់​អាយុ​៤៥​ឆ្នាំ​បាន​ឃុត​ឃិត​គ្នា​ជា​មួយ​នឹង​បក្ស​ពួក​២​នាក់​ទៀត​ប្លន់​ម៉ូតូ​កាល​ពី​ឆ្នាំ​២០០​៥​នៅ​ក្នុង​ស្រុក​មង្គល​បុរី។ ភ្លាមៗ​នោះ​នគរ​បាល​បាន​ចាប់​ខ្លួន​បាន​ម្នាក់​។ ពីរ​នាក់​ទៀត​រត់​រួច​។ តុលាការ​បាន​ចេញ​ដី​កា​ចាប់​ខ្លួន​ជន​សង្ស័យ​ដែល​រត់​គេច​ខ្លួន។ កាល​ពី​ថ្ងៃ​ចន្ទ​នគរ​បាល​បាន​ចាប់​ខ្លួន​បាន​ម្នា​ក់ទៀ​ត​បញ្ជូន​ទៅ​តុលាការ​ពេល​គេ​ចូល​ស្រុក​វិញ។

នគរបាល​ដេញ​បង្រ្កាប​ចោរ​ឆក់​ខ្សែ​ក​ពីរ​នាក់

ភ្នំពេញ៖ នគរបាល​ខណ្ឌ​សែន​សុខ​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​កាល​ពី​ថ្ងៃ​សុក្រប​ន្ទាប់​ពី​ពួក​គេ​បាន​ឆក់​ខ្សែ​ក​ពី​បុរស​អាយុ​៣២​ឆ្នាំ​ម្នាក់។ ជន​រ​ងគ្រោះ​ជិះ​ម៉ូតូ​តែ​ម្នាក់​ឯ ពេល​នោះ​ពួក​ជន​សង្ស័យ​បាន​ឆក់​ខ្សែក​ហើយ​ព្យាយាម​រត់​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១១​យប់។ ជន​រង​គ្រោះ​បាន​ស្រែក ពេល​នោះ​នគរ​បាល​ល្បាត​បាន​ធ្វើ​អន្តរាគមន៏​ដេញ​ចាប់​ជន​សង្ស័យ​បាន​តែ​ម្តង​។ ខ្សែ​ក​ទំងន់​ពីរ​ជី​ត្រូវ​បាន​ប្រគល់​ឲ្យ​ជន​រ​ង​គ្រោះ​វិញ។

នគរបាល​ចាប់​ខ្លួន​អ្នក​ទិញ​ជរ័​កៅ​ស៊ូ​លួច​ពី​ក្រុម​ហ៊ុន

កំពង់ចាម៖ បុរស​អាយុ៤៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​ក្រោម​ការ​សង្ស័យ​ទិញ​ផល​ចោរ​កម្ម​។ ជន​សង្ស័យ​បាន​ទិញ​ជរ័​កៅ​ស៊ូ​ពី​កម្មករ​ចំការ​កៅ​ស៊ូ។ ជរ័​កៅ​ស៊ូ​ទាំង​នោះ​ត្រូវ​បាន​លួច​ពី​ចំកា​រ​មក ហើយ​យក​មក​លក់​ឲ្យ​ជន​សង្ស័យ​រូប​នេះ។ ពេល​ធ្វើ​ការ​ឃាត់​ខ្លួន​ នគរ​បាល​បាន​រក​ឃើញ​ជរ័​កៅ​ស៊ូ​ចំណុះ​ជាង​២០០​គីឡូ​ក្រាម។ ជរ័​កៅស៊ូ​និង​​កូន​ឡាន​នោះ​ត្រូវ​បាន​ដក​ហូត។ ជន​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលា​ការ។

វៀតណាម​ស្រវឹង​ស្រា​ជេរ​ប្រពន្ឋ​គេ ប្តី​មក​ទាន់​វ៉ៃ​បែក​ក្បាល

កណ្តាល៖ ជនជាតិ​វៀតណាម​អាយុ​៣០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​គេ​វាយ​បែក​ក្បាល​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់​ពី​គេផឹក​ស្រវឹង​និង​បង្ក​ជមម្លោះ​ជាមួយ​នឹង​ស្រ្តី​ម្នាក់​នៅ​ក្នុង​ស្រុក​កោះ​ធំ។ នគរបាល​បាន​ឲ្យ​ដឹង​ថា​ជន​ជាតិ​វៀត​ណាម​ម្នាក់​នេះ​បាន​ផឹក​ស្រាស្រ​វឹង​ហើយ​បាន​មក​ផ្ទះ​ ស្រ្តី​ម្នាក់​និង​បាន​ធ្វើ​ការជេរ​ប្រមាថ។ ពេល​នោះ​ប្តី​របស់​ស្រ្តី​រូប​នោះ​ដែល​ជា​ជនជាតិ​វៀតណាម​ដែរ​នោះ​មក​ដល់​ហើយ​បាន​វាយ​គេ​នឹង​ចាន​និង​ចង្គឹះ​បែក​ក្បាល។

សិស្ស​ទំនើង​២​នាក់​វាយ​គ្នា​ត្រូវ​អាវុធ​ហត្ថ​ចាប់​ទាំង​កណ្តាល​អធ្រាតុ

ព្រះវិហារ៖ សិស្ស​២នាក់​អាយុ​១៨​និង​១៩​ឆ្នាំ​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ ​បន្ទាប់​ពី​ពួកគេ​វាយ​គ្នា​និង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ជិត​ខាង​នៅ​ក្នុង​ក្រុង​ព្រះ​វិហារ។ កង​រាជអាវុធ​ហត្ថ​បាន​ឲ្យ​ដឹង​ថា​សិស្សទាំង​ពីរ​នាក់​មាន​ជម្លោះ​ពាក្យ​សំដី​ជាមួយ​នឹង​គ្នា។ បន្ទាប់​មក​ពួកគេ​បាន​វ៉ៃ​គ្នា​ដែល​ធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​មាន​ការ​ភ័យ​ខ្លាច។ ពេល​នោះ​ កង​រាជ​អាវុធហត្ថ​បាន​ធ្វើ​អន្តរាគមន៏​ភ្លាមៗ​ផង​ដែរ។ គេ​មិន​ដឹង​ថា​ សិស្ស​ទាំងពីរ​នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​រឺ​គ្រាន់​តែ​អប់រំ​ហើយ​ដោះ​លែង​វិញ​ឬ​យ៉ាង​ណា​នោះ​ទេ។

ឈប់​ម៉ូតូ​ចាក់​សាំង​តាម​ផ្លូវ​ត្រូវ​ឡាន​បុក​ស្លាប់​ម្នាក់​ របួស​ធ្ងន់​២​នាក់

តាកែវ៖ ​បុរស​បី​នាក់​ត្រូវ​ឡាន​បុក​ស្លាប់​និង​របួស​កាល​ពី​ថ្ងៃ​សុ្រក នៅ​ពេល​ដែល​ពួក​គេ​ឈប់​ម៉ូតូ​ចាក់​សាំង​នៅ​តាម​ផ្លូវ​មួយ​កន្លែង​នៅ​ក្នុង​ស្រុក​ព្រៃ​កប្បាស។ នគរបាល​បាន​ឲ្យ​ដឹង​ថា​ពេល​កំពុង​ឈប់​ចាក់​សាំង​នោះ ​មាន​កូន​ឡាន​មួយ​គ្រឿង​បើកបរ​យ៉ាង​លឿន ដោយ បុរស​ម្នាក់​អាយុ​៤៤​ឆ្នាំ ហើយ​បាន​បុក​ម៉ូតូ និង​ជន​រង​គ្រោះ​ទាំង​បី​នាក់។ ជន​រងគ្រោះ​ទាំង​បី​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ​ប៉ុន្តែ​ម្នាក់​បាន​ស្លាប់​មួយ​ថ្ងៃ​ក្រោយ​មក ដោយសារ​របួស​ធ្ងន់​ពេក។

ប៉ូលិស​ក្របួច​ក្មេង​ទំនើង​ក្នុង​ភូមិ​៣នាក់​រឿង​អុក​ឡុក

ពោធិសាត់៖​ប៉ូលិស​ក្រុង​ពោធិសាត់​បាន​ចាប់​ខ្លួន​ក្មេង​ទំនើង​៣នាក់​ដែល​វាយ​គ្នា​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​របួស​កាល​ពី​ថ្ងៃ​សៅរ៏​។​ប៉ូលិស​និយាយ​ថា​ក្មេង​ទំនើង​៥​នាក់​ក្នុង​ភូមិ​នាំ​គ្នា​ទៅ​វត្ត​ទៅ​ក្នុង​ពិធិ​បុណ្យ​កឋិន។​ហើយ​ក៏​ផ្តើម​ឈ្លោះ​ពាក្យ​សម្តី​នឹង​គ្នា។​ពួកគេ​ព្រួត​វាយ​គ្នា​បង្ក​ឲ្យ​មាន​ការ​រំខាន​ហើយ​ពីរ​នាក់​ត្រូវ​របួស​ធ្ងន់។​ប៉ូលិស​បញ្ជូន​ពួកគេ​ទៅ​កាន់​តុលាការ។​

ប៉ូលិស​ចាប់​បុរស​ម្នាក់​រឿង​លក់​ថ្នាំ​ញៀន​

ភ្នំពេញ៖​ប៉ូលិស​ខណ្ឌ​ទួល​គោក​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​បុរស​អាយុ​៣០​ម្នាក់​ដែល​ពាក់​ព័ន្ឋ​នឹង​ថ្នាំ​ញៀន​កាល​ពី​ថ្ងៃ​សុក្រ។​ប៉ូលិស​បាន​និយាយ​ថា​បន្ទាប់​ពី​ប៉ូលិស​ចុះ​ធ្វើ​កា​រអង្កេត​ស្រាវ​ប៉ូលិស​ក៏​ធ្វើ​ការ​ឆែក​ឆេរ​ផ្ទះ​ជន​សង្ស័យ​ក៏​រក​ឃើញថ្នាំ​ញៀន​៨​កញ្ចប់។​បុរស​នោះ​ព្រម​សារភាព​ថា​ខ្លួន​កំពុង​ត្រៀម​រៀប​ចំ​ចេញ​លក់​ថ្នាំ​ញៀន។​បច្ចុប្បន្ន​ប៉ូលិស​បញ្ជូន​ជន​សង្ស័យ​ទៅ​កាន់​តុលាការ។​

ប៉ូលិស​ចាប់​បាន​អ្នក​ឆក់​ខ្សែក​បី​នាក់​ដែល​លាក់​ខ្លួន

ភ្នំពេញ​៖​បុរស​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ស្ថិត​នៅ​ក្រុង​ចាម​កាល​ពី​ថ្ងៃ​សៅរ៏​បន្ទាប់​ពី​ពួកគេ​សារភាព​ថា​ពួកគេ​ឆក់​ខ្សែក​លើ​ស្រ្តី​ម្នាក់​។​ប៉ូលិស​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ខណៈ​ស្រ្តី​ម្នាក់​ដើរ​តាម​ផ្លូវ​មក​ពី​ផ្ទះ​ពួកគេ​បាន​ឆក់​ឆក់​ខ្សែ​ក​ស្រ្តី​រួច​នោះ​បាន​រត់​គេច​ខ្លួន​។​ស្រ្តី​នោះ​បាន​ស្រែក​អោយ​គេ​ជួយ​។​ប៉ូលិស​យាម​ល្បាត​ដឹង​ពួកគេ​នៅ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​នោះ​ទេ​ប៉ូលិស​រក​ទាល់​ឃើញ​។​បច្ចុប្បន្ន​ប៉ូលិស​ពួក​គេ​ទៅ​កាន់​តុលាការ។

ស្រ្តីពីរ​នាក់​រង​របួស​ដោយ​សារ​ជន​ជាតិ​រុស្សី​បើក​បុក

ព្រះសីហានុ៖​ស្រ្តី​ពីរ​នាក់​ត្រូវ​បាន​រង​របួស​ធ្ងន់​នៅ​ក្រុង​ព្រះ​សីហនុ​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ​កាល​ពី​ថ្ងៃ​សុក្រ។​ប៉ូលិស​និយាយ​ថា​គ្រោះ​ថ្នាក់​ចរាចរ​កើត​ហេតុ​ដោយ​សារ​ជន​ជាតិ​រុស្សី​ម្នាក់​បើក​ក្នុង​ល្បឿន​លឿន​ហើយ​ជ្រុល​ទៅ​បុក​ស្រ្តី​ពីរ​នាក់​នោះ។​ស្រ្តី​ទាំង​ពីរ​អ្នក​បង​ប្អូន​មាន​សភាព​ធ្ងន់​ធ្ងរ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​វៀតណាម​ដើម្បី​ធ្វើ​ការ​ព្យា​បាល។​ប៉ូលិស​ថា​នេះ​ជា​កំហុស​ស្រ្តី​ជន​ជាតិ​រុស្សី​នោះ។​

ប៉ូលិស​ប្រមូល​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​១០​នាក់​

ភ្នំពេញ៖​ប៉ូលិស​ខណ្ឌ​ពោធិសែន​ជ័យ​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​បី​នាក់​នៅ​តាម​ផ្លូវ​សាធារណៈ​កាល​ពី​ថ្ងៃ​សៅរ៍។​ប៉ូលិស​និយាយ​ថា​ពួកគេ​គឺ​ជា​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ដែល​តែង​តែ​ឈរ​កណ្តាល​ផ្លូវ​សាធារណៈ តាម​សួន​ ពេល​យប់​ដើម្បី​ទាក់​ទាញ​ម៉ូយ។​ប៉ូលិស​ចាប់​ពួកគេ​ដើម្បី​យក​មក​អប់​រំ។​ប៉ូលិស​ឲ្យ​ពួកគេ​ធ្វើ​កិច្ច​សន្យា​ឈប់​ឈរ​លើ​ផ្លូវ​ដើម្បី​ស្វែង​រក​សេវា​ផ្លូវ​ភេទ។

This content has been locked. You can no longer post any comments.
Show/hide comments
busy