ឃាត់ខ្លួនបុរសម្នាក់បន្លំលួចម៉ូតូនៅផ្សារ
ភ្នំពេញ៖ បុរសអាយុ៣០ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ដោយសង្ស័យថាបានបន្លំលួចម៉ូតូមួយគ្រឿងនៅក្នុងខណ្ឌឬស្សីកែវ។ បុរសជាម្ចាស់ម៉ូតូម្នាក់អាយុ៣០ឆ្នាំបានឲ្យដឹងថាគាត់បានចតម៉ូតូនៅហ្នឹងកន្លែងផ្ញើម៉ូតូនៅនឹងផ្សារ ហើយដាក់សំបុត្រម៉ូតូនៅក្នុងហោប៉ៅអាវជាមួយនឹងសោម៉ូតូ។ ពេលកំពុងតែដើរទិញម្ហូប ជនសង្ស័យបានលួចយកទាំងសោរនិងសំបុត្រម៉ូតូពីគាត់ហើយគេបានទៅបន្លំអូសម៉ូតូបំរុងជិះគេចខ្លួន។ សំណាងល្អគាត់ទៅទាន់ហើយបានឲ្យសន្តិសុខជួយចាប់ប្រគល់ឲ្យនគរបាល។
បុរសញៀនថ្នាំកាប់ប្អូនស្រីរបួសធ្ងន់
កំពង់ស្ពឺ៖បុរសអាយុ២២ឆ្នាំម្នាក់បានញៀនថ្នាំញៀនរហូតលែងដឹងខុសត្រូវហើយបានកាប់ប្អូនស្រីម្នាក់របួសធ្ងន់កាលពីថ្ងៃសៅរ៍នៅក្នុងស្រុកសំរោងទង។កងរាជអាវុធហត្ថបានឲ្យដឹងថាដោយសារតែបុរសម្នាក់នោះញៀនខ្លាំងពេក ឪពុកម្តាយរបស់គេបានចាក់សោដាក់ច្រវ៉ាក់នៅក្នុងបន្ទប់មួយ។ ចៃដន្យច្រវ៉ាក់របូតធ្វើឲ្យបុរសម្នាក់នោះរួចចេញមកក្រៅហើយបានទាញកំាបិតនិងពូថៅកាប់លើប្អូនស្រីអាយុ១៤ឆ្នាំរបួសធ្ងន់។បុរសជាជនសង្ស័យត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួន។
ជាងជួសជុលរថយន្តត្រូវចោរភ្ជង់ប្លន់
ភ្នំពេញ៖ នគរបាលខណ្ឌចំកាមនបានឲ្យដឹងថាជាងជួសជុលរថយន្តអាយុ១៨ឆ្នាំម្នាក់ត្រូវបានចោរភ្ជង់ប្លន់អស់ម៉ូតូមួយគ្រឿងកាលពីយប់ថ្ងៃព្រហស្បតិ៍។ ជនរងគ្រោះកំពុងតែជិះម៉ូតូតែម្នាក់ឯ ពេលនោះមានបុរស២នាក់ជិះម៉ូតូមួយគ្រឿងបានជិះកៀរនឹងដកកាំភ្លើងភ្ជង់ក្បាលជាងជួសជុលរថយន្តនោះហើយបានកញ្ឆក់យកសោរម៉ូតូបញ្ឆេះជិះគេចខ្លួនបាត់មួយរំពេច។ ជនរងគ្រោះបានអះអាងថាមានបក្សពួក២-3នាក់ទៀតនៅចាំបិទគូថពីក្រោយ។ នគរបាលកំពុងតែស៊ើបអង្កេតលើករណីនេះ។
សង្សាមួយគូរចេញពីក្លឹបត្រូវឆក់ប្លន់កាបូបអស់iphone និងលុយជាង៣០០ដុល្លារ
ភ្នំពេញ៖ គូរស្នេហ៏មួយគូរបាននំាគ្នាចូលកំសាន្តនៅក្លឹបរាត្រីមួយក្នុងខណ្ឌចំការមន។ ពេលចេញមកវិញ ក៏ត្រូវពួកចោរពីរនាក់ប្រើកាំភ្លើងខ្លីមួយដើមភ្ជង់ប្លន់កាបូបអស់ទូរស័ព្ទiphone មួយ លុយជាង៣០០ដុល្លានិងគ្រឿងអលង្ការមួយចំនួនទៀត។ កាបូបនោះជារបស់ស្រ្តីជាសង្សាអាយុ២១ឆ្នាំ។
បុរសជាកសិករម្នាក់វាយប្រពន្ធរឿងនិយាយទូរសព្ទ័និងហូបសាច់ឆ្កែអស់
កណ្តាល៖បុរសអាយុ៣៣ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍បន្ទាប់ពីទះកំភ្លៀងប្រពន្ធនៅក្នុងជម្លោះប្រចណ្ឌនិងហូបសាច់ឆ្កែមួយនៅក្នុងស្រុកស្អាង។ នគរបាលបានឲ្យដឹងថាបុរសជាជនសង្ស័យប្រចណ្ឌប្រពន្ធខ្លួននឹងបុរសម្នាក់បន្ទាប់ពីប្រពន្ធរូបនោះនិយាយទូរសព្ទ័ជាមួយនឹងបុរសនោះជាច្រើនសារ។ គេបានទះនាង២ដៃ។ កាលពីប៉ុន្មានថ្ងៃមុន បុរសម្នាក់នេះក៏បានវាយប្រពន្ធនឹងឆ្នាំបាយផងដែរបន្ទាប់ប្រពន្ធហូបសាច់ឆ្កែអស់មិនទុកឲ្យ។
ពួកម៉ាកផឹកទឹកត្នោតជូរកាប់គ្នារបួស
កណ្តាល៖ ពួកម៉ាកបានកាប់គ្នារបួសកាលពីថ្ងៃអាទិត្យនៅពេលដែលពួកគេកំពុងផឹកទឹកត្នោតជូរនៅនឹងតៀមមួយកន្លែងស្ថិតនៅក្នុងក្រុងតាខ្មៅ។ នគរបាលក្រុងបានឲ្យដឹងថាបុរសចំនួន៥នាក់បានជុំគ្នាផឹកទឹកត្នោតជូរ។ ពេលនោះម្នាក់បានចេញទៅក្រៅ។ មួយសន្ទុះក្រោយមក ក៏មកវិញដោយមានកាន់កាំបិតបុ័ងតោមួយផង ហើយគេបានកាប់លើពួកម៉ាកគេម្នាក់អាយុ២៩ឆ្នាំរបួសដៃដោយមិនដឹងមូលហេតុ។ ជនសង្ស័យត្រូវបាននគរបាលចាប់ខ្លួន។
ក្រុមចោរដាក់ថ្នាំបំពុលឆ្កែងាប់ពីរក្បាលលួចម៉ូតូអស់មួយគ្រឿង
កំពង់ស្ពឺ៖ នគរបាលស្រុកបរិបូរណ៍បានឲ្យដឹងថាម៉ូតូមួយគ្រឿងរបស់អ្នកភូមិម្នាក់ត្រូវបានចោរលួចបាត់បន្ទាប់ដាក់ថ្នាំបំពុលឆ្កែងាប់២ក្បាលកាលពីថ្ងៃអាទិត្យ។បុរសជាម្ចាស់ម៉ូតូបានឲ្យដឹងថានៅយប់នោះឆ្កែអ្នកជិតខាងគាត់បានព្រុសជាខ្លាំង។ ក្រោយមកក៏ស្ងាត់ទៅវិញ។ គាត់បានចុះមកមើលឃើញឆ្កែ២ក្បាលងាប់់ហើយម៉ូតូគាត់បានបាត់។ គាត់បានដាក់ពាក្យបណ្តឹងទៅនគរបាលឲ្យជួយរកម៉ូតូ។
ស្រវឹងបើកម៉ូតូបុកក្មេងម្នាក់ស្លាប់
កំពង់ឆ្នាំង៖ ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់បានស្លាប់ភ្លាមៗកាលពីថ្ងៃអាទិត្យបន្ទាប់ពីម៉ូតូមួយគ្រឿងបុកនៅក្នុងស្រុករលាប្អៀរ។ នគរបាលបានឲ្យដឹងថាក្មេងប្រុសនោះកំពុងតែដើរម្នាក់ឯងតាមផ្លួវទៅផ្ទះជីតារបស់គេ។ ពេលនោះមានម៉ូតូមួយគ្រឿងជិះគ្នា២នាក់បុកពេញទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច។ នគរបាលបានបញ្ជាក់ថាអ្នកបើកម៉ូតូស្រវឹងស្រាទើបបើកលឿនបុកក្មេងប្រុសស្លាប់បែបនេះ។
សងគំនុំចាស់ដេញកាប់របួសម្នាក់ទាំងកណ្តាលអធ្រាត្រ
កំពង់ឆ្នាំង៖ បុរសម្នាក់ក្នុងចំណោម៣នាក់ត្រូវបានគេដេញកាប់របួសធ្ងន់កាលពីយប់ថ្ងៃអាទិត្យនៅក្នុងក្រុងកំពង់ឆ្នាំង។ នគរបាលបានឲ្យដឹងថាជនរងគ្រោះកំពុងតែជិះម៉ូតូមួយគ្រឿងនៅវេលាម៉ោង១និង២០នាទីយប់។ ពេលនោះមានបុរស៦នាក់ជិះម៉ូតូដេញកាប់របួសម្នាក់។ នគរបាលបានសន្និដ្ឋានថាករណីនេះជារឿងគំនុំ។ នគរបាលកំពុងធ្វើការកំណត់អត្តសញ្ញាណជនសងស្ស័យ។
ឌុបប្រពន្ឋចេញពីធ្វើការយប់ គេបុកស្លាប់
បន្ទាយមានជ័យ៖ បុរសជាប្តីអាយុ២៧ឆ្នាំម្នាក់បានស្លាប់ភ្លាមៗនិងប្រពន្ឋរបួសធ្ងន់ធ្ងរបន្ទាប់បុរសបីនាក់ជិះម៉ូតូបុកកាលពីព្រឹកថ្ងៃសុក្រនៅក្នុងក្រុងប៉ោយប៉ែត។ នគរបាលបានឲ្យដឹងថាបុរសជាជនរងគ្រោះកំពុងតែឌុបប្រពន្ឋចេញពីធ្វើការ ពេលនោះមានបុរសបីនាក់ជិះម៉ូតូមួយគ្រឿងបានបុកពេញទំហឹងក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យស្លាប់និងរបួស។ បុរសទាំងបីនាក់នោះមានអាការៈស្រវឹងព្រោះពួកគេទើបចេញពីហាងខារ៉ាអូខេ។
ចាប់បុរសម្នាក់បើកបុកគេរបួស២នាក់ធ្ងន់
ភ្នំពេញ៖បុរសម្នាក់ត្រូវចាប់ខ្លួនដោយសារជិះបុកបណ្តាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ស្ថិតនៅខណ្ឌដូនពេញក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ។ប៉ូលិសនិយាយថាជនបើកបរបានស្រវឹងជាខ្លាំងបានបើកទៅបុកម៉ូតូនិងរថយន្ត៥គ្រឿងបណ្តាលឲ្យមនុស្សពីរនាក់របួសធ្ងន់។ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។អ្នកក្នុងហេតុការណ៍មានការភ័យតក់ស្លុតជាខ្លាំងព្រោះរថយន្តរេរានិងមានល្បឿនខ្លាំង។ប៉ូលិសបានដេញចាប់។ជននោះហាក់បីដូចជាមិនដឹងអ្វីសោះគឺបាត់បង់ការពិចារណា។ប៉ូលិសបានធ្វើការឃុំខ្លួន។
ជនពីរនាក់ត្រូវបានចាប់ខ្លួនក្រោយពីឆក់ខ្សែករួច
ព្រះសីហនុ៖ បុរសពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពួកគេឆក់ខ្សែកពីជនរងគ្រោះកាលពីថ្ងៃអាទិត្យនៅក្រុងព្រះសីហនុ។ប៉ូលិសនិយាយថាពួកគេមានអាយុ២៦ឆ្នាំនិង២៧ឆ្នាំ។នៅថ្ងៃកើតហេតុស្រ្តីជាជនរងគ្រោះបានចេញពីរោងការ។ស្រ្តីរូបនោះដើរក្នុងផ្លូវលំតែម្នាក់ឯងជាហេតុធ្វើឲ្យជនសង្ស័យធ្វើសកម្មភាពឆក់បាន។តែស្រ្តីរូបនោះស្រែកឲ្យគេជួយទើបអ្នកជិតខាងជួយចាប់បញ្ជូនឲ្យប៉ូលិស។ប៉ូលិសបញ្ជូនជនរងគ្រោះទៅកាន់តុលាការ។
ប៉ូលិសចាប់បុរសម្នាក់តាមដីកាបន្ទាប់ពីរត់គេចខ្លួនរឿងលួចទ្រព្យសម្បត្តិគេ
ស្វាយរៀង៖បុរសអាយុ៣០ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការក្នុងការលួចទ្រព្យសម្បត្តិចាប់តាំងពី១០ឆ្នាំមុនកាលពីថ្ងៃច័ន្ទស្ថិតនៅស្រុកស្វាយជ្រំខេត្តស្វាយរៀង។ប៉ូលិសនិយាយថាជនម្នាក់នេះត្រូវបានតុលាការចោទប្រកាន់តាំងពី១០ឆ្នាំ ពីបទលួចទ្រព្យសម្បត្តិហើយរត់គេចខ្លួន។ទើបថ្ងៃកើតហេតុត្រលប់មកមកស្រុកកំណើតវិញក៏ត្រូវប៉ូលិសចាប់ខ្លួនបានតែម្តង។ជននោះស្មានតែប៉ូលិសភ្លេចខ្លួន។បច្ចុប្បន្នប៉ូលិសបញ្ជូនជននេះទៅកាន់តុលាការ។
បុរសម្នាក់ត្រូវចាប់ខ្លួនរឿងវាយតប់គ្នា
ឧត្តរមានជ័យ៖បុរសម្នាក់រងរបួសនិងម្នាក់ទៀតត្រូវចាប់ខ្លួនបន្ទាប់ពីពួកគេបានវាយគ្នាស្ថិតនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកាលពីថ្ងៃសៅរ៍។ប៉ូលិសនិយាយថាពួកគេមានគ្នាច្រើននាក់បានវាយគ្នាទៅវិញទៅមកនៅក្នុងភូមិ។ពួកគេបានប្រើដាវសាម៉ូរៃមកវាយប្រហារគ្នា។អ្នកជិតខាងបានហៅប៉ូលិសឲ្យជួយអន្តរាគម។ប៉ូលិសបានមកដល់ធ្វើការចាប់ខ្លួនបានតែម្នាក់រីឯអ្នកផ្សេងទៀតរត់គេចខ្លួនបាត់។ប៉ូលិសឃុំខ្លួនជនសង្ស័យដើម្បីតាមចាប់ជនសង្ស័យផ្សេងទៀត។
ចេញពីគុកបានមួយខែមកប្រព្រឹត្តបទល្មើសម្តងទៀតត្រូវប៉ូលិសចាប់ក្របួចបាន
តាកែវ៖បុរសអាយុ១៧ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីលួចលក់ម៉ូតូជនរងគ្រោះស្ថិតនៅស្រុកបាទីខេត្តតាកែវកាលពីថ្ងៃអង្គារ។ប៉ូលិសនិយាយថាបុរសរូបនោះទើបតែចេញពីគុកមួយខែក៏មកប្រព្រឹត្តសកម្មភាពខុសច្បាប់ម្តងទៀត។នៅថ្ងៃកើតហេតុនៅពេលជនរងគ្រោះទុកម៉ូតូនៅមុខផ្ទះជននោះបានលួចនិងលក់វា។ជននោះលក់បានក្នុងតម្លៃ១២០០ដុល្លារ។ប៉ូលិសមានការសង្ស័យឆែករកកាតគ្រីតែជននោះគ្មាន។ជននោះសារភាពថាខ្លួនបានលួចវា។បច្ចុប្បន្នប៉ូលិសបញ្ជូនជននេះទៅកាន់តុលាការ។
ភ្នំពេញ ប៉ុស្តិ៍







