Headlines:

ជប៉ុន​ចង់​លុប​បំណុល​មីយ៉ាន់ម៉ា ក្នុង​កិច្ច​ប្រជុំ IMF

Japan
រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ជប៉ុន​លោក Jun Azumi។Reuters

តូក្យូៈ ប្រទេស​ជប៉ុន​នឹង​ព្យាយាម​រៀប​ចំ​កិច្ច​ព្រម​ព្រៀង​លុប​បំណុល សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ដែល​មាន​កំណែ​ទម្រង់​យ៉ាង​លឿន​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ (IMF)នា​ពេល​ខាង​មុខ ក្នុង​ទីក្រុង​តូក្យូ។ នេះ​បើ​យោង​តាម​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​ជប៉ុន​លោក Jun Azumi បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ។

ជប៉ុន​បាន​លើក​លែង បំណុល​ដែល​មិន​ទាន់​សង​របស់​មីយ៉ាន់ម៉ា​ចំនួន ៣.៧​ពាន់​លាន​ដុល្លារ​ម្តង​ហើយ កាល​ពី​ខែ​មេសា ដែល​នេះ​ជា​ការ​បង្ហាញ​សញ្ញា​យ៉ាង​ច្បាស់​ចំពោះ​គោល​បំណង​របស់​ទីក្រុង​តូក្យូ ក្នុង​ការ​ឆ្លៀត​យក​ប្រយោជន៍​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ក្នុង​បរិបទ​វិនិយោគ និង​តម្រូវ​ការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​បន្ទាន់ របស់​ប្រទេស​មីយ៉ាន់ម៉ា។

ការ​បោះ​ឆ្នោត​នាំ​ម្ចាស់​ពាន់​រង្វាន់​សន្តិភាព Nobel លោក​ស្រី​អ៊ុង សាង​ស៊ូជី​ឲ្យ​ក្លាយ​ជា​សមាជិក​សភា​កាល​ពី​ខែ​មេសា គឺជា​ការ​ជួយ​ផ្លាស់​ប្តូរ​មុខ​មាត់​ប្រទេស​សូទ្រះ មីយ៉ាន់ម៉ា​នេះ និង​បាន​ជម្រុញ​ឲ្យ​លោក​ខាង​លិច​ចាប់​ផ្តើម​ដក​ទណ្ឌកម្ម បន្ទាប់​ពី​មាន​កំណែ​ទម្រង់​យ៉ាង​ខ្លាំង ក្នុង​រយៈ​ពេល​មួយ១ ឆ្នាំ​មក​នេះ។

អ្នក​វិភាគ​ខ្លះ​បាន​និយាយ​ថា ប្រទេស​នេះ​នឹង​មាន​ឳកាស សម្រាប់​ឲ្យ​វិនិយោគ​បរទេស​សម្លឹង​មើល ក្នុង​ការ​វិនិយោគ​ផ្នែក​ឧស្សាហកម្ម រាប់​ចាប់​តាំង​ពី វិស័យ​ថាមពល រ៉ែ និង​សំណង់ រហូត​ដល់​កសិកម្ម ហិរញ្ញ​វត្ថុ​​និង​ទេសចរណ៍ ផង​ដែរ។

ជប៉ុន​ដែល​បាន​គ្រប់​គ្រង​មីយ៉ាន់ម៉ា ដែល​គេ​ស្គាល់​ថា​ជា​ភូមា ក្នុង​១៩៤២​-៤៥ គឺជា​ម្ចាស់​បំណុល​ធំ​ជាង​គេ​លើ​ប្រទេស​មីយ៉ាន់ម៉ា។

លោក Azumi បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ទីក្រុង​តូក្យូ​ថា «ពួក​យើង​ចង់​ដាក់​បញ្ហា​បំណុល​របស់​មីយ៉ាន់ម៉ា​ នៅ​ក្នុង​ការ​ជជែក​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ IMF ជាមួយ​ប្រទេស​ដែល​មាន​ការ​ពាក់​ព័ន្ធ ដែល​ជប៉ុន​ជា​អ្នក​រៀប​ចំ​លើ​បញ្ហា​នេះ»។

«ប្រសិន​បើ​ពួក​យើង​រៀប​ចំ​ជម្រុញ​លើ​បញ្ហា​នេះ ប្រទេស​មីយ៉ាន់ម៉ា​នឹង​រួច​ផុត​ពី​ទណ្ឌកម្ម​សេដ្ឋ​កិច្ច និង​ក្រុម​ហ៊ុន​នានា រួម​ទាំង​ក្រុម​ហ៊ុន​ជប៉ុន ក៏​នឹង​អាច​ទៅ​វិនិយោគ​នៅ​ទីនោះ​យ៉ាង​រលូន​ផង​ដែរ»។

ក្រសួង​ហិរញ្ញ​វត្ថុ​ប្រទេស​ជប៉ុន​និង​រៀប​ចំ​សន្និសិទ្ធ​អន្តរ​ជាតិ​លើ​បញ្ហា​មីយ៉ា់ន់ម៉ា ក្នុង​ទីក្រុង​តូក្យូ នៅថ្ងៃ​ទី ១១ ខែ​តុលា បន្ទាប់​ពី​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ (IMF) និង​ធនាគារ​ពិភព​លោក។

ជប៉ុន​ក៏​នឹង​ផ្តល់​ប្រាក់​កម្ចី​ចំនួន ៩០០​លាន​ដុល្លារ ដើម្បី​ដោះ​បំណុល​ឲ្យ​មីយ៉ាន់ម៉ា​ ដែល​ជំពាក់​ធនាគារ​ពិភព​លោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) តាម​រយៈ​ក្រុម​ធនាគារ​របស់​ប្រទេស​ជប៉ុន​ផ្ទាល់។

សូមបញ្ជាក់ថា ក្រុម​ធុរៈ​កិច្ច​របស់​ប្រទេស​ជប៉ុន​បាន​ចុះ​ព្រម​ព្រៀង​ជាមួយ​ប្រទេស​មីយ៉ាន់ម៉ា ​ក្នុង​ការ​រួមគ្នា​អភិវឌ្ឍ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មួយ នៅ​ក្នុង​ទីក្រុង​ពាណិជ្ជកម្ម យ៉ាន​ហ្គូន កាល​ពី​ខែ​សីហា​កន្លង​ទៅ។Reuters/លាង ផាន់ណារ៉ា



This content has been locked. You can no longer post any comments.
Show/hide comments
busy