ក្រុងសាន់ម៉ារកូស: រញ្ជួយដីដ៏ខ្លាំងមួយនៅក្បែរឆ្នេរសមុទ្រក្វាតេម៉ាឡា បានសម្លាប់មនុស្សយ៉ាងតិច៤៨នាក់ និងច្រើននាក់ទៀតបានជាប់នៅក្រោមគំនរបាក់បែកកាលពីថ្ងៃពុធ ដោយកម្ទេចលំនៅដ្ឋាន និងរថយន្តជាច្រើនគ្រឿង បំផ្លាញផ្លូវថ្នល់ និងបង្ខំឲ្យមានការជម្លៀសមនុស្សនៅឆ្ងាយ រហូតដល់ក្រុងម៉ិកស៊ីកូផងដែរ។
អ្នកស្លាប់ភាគច្រើនបានកប់នៅក្រោមគំនរបាក់បែក នៅក្នុងរដ្ឋសាន់ម៉ារកូស ជាតំបន់ភ្នំមួយនៅក្បែរព្រំដែនម៉ិកស៊ីក។ ការរអិលបាក់ដីជាច្រើនបណ្ដាលមកពីការរញ្ជួយដីកម្រិត៧,៤រ៉ិកទ័រនេះ បានបិទផ្លូវហាយវ៉េ និងបង្កការស្មុគស្មាញដល់កិច្ចការជួយសង្គ្រោះ។
វាគឺជាការរញ្ជួយដីដ៏ខ្លាំងបំផុតដែលបានវាយប្រហារប្រទេសនៅ អាមេរិកកណ្ដាលនេះតាំងពីឆ្នាំ១៩៧៦មក ដែលរញ្ជួយដីកម្រិត៧,៥រ៉ិកទ័រកាលណោះបានសម្លាប់ មនុស្ស ជាង២ម៉ឺននាក់។
ដោយបញ្ជាក់ពីចំនួនអ្នកស្លាប់ បន្ទាប់ពីត្រឡប់មកដល់ក្រុងក្វាតេម៉ាឡាវិញក្រោយពីមានដំណើរទស្សនកិច្ចផ្លេកបន្ទោរទៅកាន់រដ្ឋសាន់ម៉ារកូស ប្រធានាធិបតីលោក អូតូ ប៉េរ៉េស បានថ្លែងថា មនុស្សរហូតដល់២៣នាក់ បានបាត់ខ្លួន ខណៈមនុស្ស១៥៣នាក់កំពុងតែស្នាក់នៅក្នុងជម្រកគ្រាអាសន្ន។
ភ្នំពេញ ប៉ុស្តិ៍

