ទម្រាំតែបានទៅសម្តែងលើទឹកដីអាមេរិកជាលើកទី២ ដែលអះអាងថាទៅរកប្រាក់ជួយសង្គ្រោះជីវិតម្តាយមានជំងឺនោះ លោក អ៊ឹង រដ្ឋា ហៅ ទុយ បានសម្រក់ទឹកភ្នែកមិនតិចដងទេ ក្នុងនោះលោកបានលើកយកពេលមួយមកនិយាយថា ពេលលោកជាប់សម្ភាសអាមេរិកលើកនេះភ្លាម លោកយំអត់ឈប់សោះ គឺយំតាំងពីទូតអាមេរិករហូតដល់ផ្ទះតែម្តង។
នាយទុយ បានសម្តែងក្តីសប្បាយរីករាយមិនតិចទេ នៅពេលដែលលោកបានជាប់សម្ភាសន៍ ហើយអាចចេញទៅសម្តែងនៅលើទឹកដីអាមេរិកជាលើកទី២ បន្ទាប់ពីលោកធ្លាប់ទៅអាមេរិកម្តងកាលពីឆ្នាំ១៩៩៧។ នាយទុយ បានធ្លាក់បទសម្ភាសនៅស្ថានទូតអាមេរិកជាច្រើនលើកច្រើនសា រហូតធ្វើឲ្យលោកត្រូវលុនតួប្រកាសសុំស្ថានទូតអាមេរិកតាមកញ្ចក់ទូរទស្សន៍ទៀតផង។ ទីបំផុតលោក អ៊ឹង រដ្ឋា ហៅទុយ ក៏បានទទួលការអនុញ្ញាត ដែលត្រង់ចំណុចនេះហើយបានធ្វើឲ្យរូបលោករំភើបរំជួលចិត្តរហូតដល់យំៗមិនឈប់តែម្តង។
ក្នុងបទសម្ភាសជាមួយនឹងវេបសាយអាមេរិកមួយលោក អ៊ឹង រដ្ឋា បាននិយាយទាំងសំណើចថា៖«ខ្ញុំបានធ្លាក់សម្ភាសន៍អាមេរិកហ្នឹងច្រើនលើកហើយ ស្ទើរតែខ្ញុំហ្នឹងរៀងចាល តែខ្ញុំនៅតែព្យាយាមព្រោះម្តាយខ្ញុំឈឺធ្ងន់ណាស់ ខ្ញុំត្រូវការប្រាក់មើលគាត់ អ៊ីចឹងនៅពេលខ្ញុំសម្ភាសន៍នៅស្ថានទូតអាមេរិកជាប់លើកនេះភ្លាម ទឹកភ្នែកខ្ញុំចាប់ផ្តើមហូរ ខ្ញុំយំរហូតឥតឈប់ គឺយប់តាំងពីទូតអាមេរិករហូតដល់ផ្ទះ ខ្ញុំរំភើបខ្លាំងពេក ខ្ញុំជិះឡានបណ្តើរ ខ្ញុំយំបណ្តើរ ខ្ញុំយំផងខ្ញុំទូរស័ព្ទប្រាប់បងប្អូនផង ព្រោះខ្ញុំមានសង្ឃឹមវិញហើយ»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

