ក្រុមហ៊ុនផលិតស្ករនៅប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ កាលពីថ្ងៃពុធ បានព្រមព្រៀងគ្នា បង្កើតសមាគមស្ករសអាស៊ាន (ASA) ដើម្បីពង្រឹងវិស័យផលិតស្ករសនេះ មុនពេលសហគមន៍សេដ្ឋកិច្ចអាស៊ានចាប់ផ្តើមនៅឆ្នាំ២០១៥ខាងមុខនេះ។
សមាគមស្ករសអាស៊ាននេះ នឹងដើរតួនាទីជាបឋមជាកន្លែងផ្លាស់ប្តូរគំនិត និងសហប្រតិបត្តិការលើការស្រាវជ្រាវ និងបច្ចេកវិទ្យា ដឹកជញ្ជូន និងការអភិវឌ្ឍពាណិជ្ជកម្ម។
ដោយតំបន់នេះ មានប្រជាជនប្រមាណ៦០០លាននាក់ តំបន់អាស៊ាន អាចផលិតស្ករសបានប្រមាណ ១៧លានតោន និងមានតម្រូវការប្រើប្រាស់ស្ករសប្រមាណ ១៤លានតោនក្នុងមួយឆ្នាំ។ ជាមធ្យម មនុស្សម្នាក់នៅតំបន់អាស៊ាននេះ ប្រើប្រាស់ស្ករសប្រមាណ ២៣គីឡូក្រាមក្នុងមួយឆ្នាំ នេះបើយោងតាមអង្គការស្ករសអន្តរជាតិ។
ប្រទេសថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន ផលិតស្ករសប្រមាណ១៥លានតោនក្នុងមួយឆ្នាំ ដោយក្នុងនោះប្រទេសថៃ ផលិតបាន ១០លានតោន ប្រទេសឥណ្ឌូនេស៊ី ផលិតបាន ២,៥លានតោន និងប្រទេសហ្វីលីពីន ផលិតបាន ២,៥លានតោន។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

