Headlines:

ប្រជាពលរដ្ឋ​ខ្មែរ​ចង​ចាំ​មិន​ភ្លេច​ចំពោះ​ឯករាជ្យ​ជាតិ​ខ្មែរ



IMG_9189
ពិធីអុជភភ្លើងជ័យ នៅបូជនីយដ្ឋានវិមានឯករាជ្យនៅថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិចិ្ឆកា។​រូបថតផា លីណា

ភ្នំពេញៈ ថ្ងៃ​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា ៩ វិច្ឆិកា​ ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​គ្រប់​ជំនាន់​ចង​ចាំ​មិន​ភ្លេច និង​ត្រូវ​បាន​ រាជ​រដ្ឋាភិបាល​កម្ពុជា​តែង​តែ ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​នេះឡើង ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រម្លឹក​ដល់​ការ​ទាមទារ​ឯករាជ្យ​ពី​អាណា​ព្យាបាល​បារាំង ​ដែល​បាន​ដាក់​អាណានិគម​មក​លើ​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​១៨៦៣ ដល់​ថ្ងៃ​ទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣។

ខួបទី ៥៩​នៃ​ពិធី​បុណ្យ​ឯក​រាជ្យ​ជាតិ ៩ វិច្ឆិកា ២០១២ ថ្ងៃ​នេះ ធ្វើ​ឡើង​ក្នុង​អត្ថន័យ​នៃ​ការ​ចងចាំ​នូវ​ព្រះ​រាជ​កិច្ច​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ព្រះ​បាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​មហាវីរ​ក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ​ជាតិ បូរណ​ភាព​ទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ ក្នុង​ការ​ដណ្តើម​ឯករាជ្យ​ភាព​ពេញ​លេញពីបារាំង ​ និង​ជា​ការ​គោរព​នូវ​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​អង្គ​ផង​ដែរ ដែល​ទើប​តែ​យាង សោយ​ទិវង្គត កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ ព្រម​ទាំង​ជា​ការ​រម្លឹកដល់ ឥស្សរ​ជន​ស្នេហា​ជាតិ​ដទៃ​ទៀត​ដែល​បាន​ពលី​ក្នុង​បុព្វ​ហេតុ​ជាតិ​មួយ​នេះ។

ព្រះ​តេជគុណ រតនៈ មាន​វត្តមាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​ឯករាជ្យ​ថ្ងៃ​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ព្រះ​អង្គ​តែង​តែ​នឹក​ឃើញ និង​ចង​ចាំ ចំពោះ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា ទោះ​បីជា​ព្រះ​អង្គ​កើត​មិន​ទាន់​សម័យ​អាណា​និគម​នោះ​ក៏​ដោយ។

ព្រះអង្គ​បញ្ជាក់​ថា «បូជនីយដ្ឋាន​វិមាន​ឯករាជ្យ ជា​ភស្តុតាង​មួយ​ស្រាប់ ដែល​ជា​ស្នា​ព្រះ​ហត្ថ​របស់​ព្រះ​បាទ​នរោត្តម សីហនុ​ដែល​ព្រះ​អង្គ​ព្យាយាម​យ៉ាង​ខ្លាំង​ក្លា ក្នុង​ទាម​ទារ​ឯក​រាជ្យ ដូច្នោះ​ឃើញ​វិមាន​ឯករាជ្យ ដូចជា​នឹក​ឃើញ​ដល់​ព្រះអង្គ​ផង​ដែរ»។

កញ្ញា សន ម៉ារី និស្សិត​ផ្នែក​ច្បាប់​សាកល​វិទ្យាល័យ​បៀល​ប្រាយ ក៏​បាន​សម្តែង​មតិ​ផង​ដែរ​ថា ឯករាជ្យ​ឆ្នាំ​១៩៥៣ ជា​ឯករាជ្យ​យ៉ាង​ធំធេង​របស់​ប្រទេស​កម្ពុជា ដែល​ជួយ​ឲ្យ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ ជា​ពិសេស​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​បាទ នរោត្តម សីហនុ។ កញ្ញា​ក៏​បាន​សម្តែង​នូវ​ការ​សោក​ស្តាយ​ចំពោះ​ការ​សោយ​ទីវង្គត​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ​ផង​ដែរ។

សូមបញ្ជាក់ថា បុណ្យ​ឯករាជ្យ​ឆ្នាំ​នេះ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​បូជនីយដ្ឋាន​វិមាន​ឯករាជ្យ ដោយ​មាន​ការ​ចូល​រួម​ពី​ព្រះសង្ឃ សិស្ស និស្សិត មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់ និង​ក្រោម​វត្តមាន​លោក ហេង សំរិន ព្រះ​ប្រធាន​រដ្ឋសភា​ជាតិ ជា​អ្នក​អុជ​ភ្លើង​ជ័យ ជំនួយ​ឲ្យ ព្រះ​មហក្សត្រ​កម្ពុជា ព្រះ​បាទ​នរោត្តម សីហមុនី ដែល​ពុំមាន​ព្រះវត្ត​មាន​ឡើយ។

This content has been locked. You can no longer post any comments.
Show/hide comments
busy