បុរសវ័យ ៤២ឆ្នាំម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យដោយសាររន្ទះបាញ់ និងម្នាក់ទៀតរងបួស ខណៈបរម៉ូតូកាត់ភ្លៀង ដែលហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចស្រែអំបិលសិ្ថតក្នុងភូមិ កែប សង្កាត់កែប ក្រុង-ខេត្តកែប កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ស្របពេលដែលព្យុះភ្លៀងក៏បានធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋរាប់សិបខ្នងនៅក្រុងភ្នំពេញ និងខេត្តកណ្តាលរងការខូចខាត និងបណ្តាលឲ្យកុមារាអាយុ ១០ម្នាក់បានរងរបួសផងដែរ។
លោកវរសេនីយ៍ត្រី មុំ ស៊ីថា អធិការនគរបាលក្រុងកែប បានប្រាប់ថា ជនរងគ្រោះដែលស្លាប់ដោយសាររន្ទះបាញ់មានឈ្មោះ ថែន ភាព ភេទប្រុស អាយុ៤២ឆ្នាំ ជាកម្មករធ្វើការនៅស្រែអំបិល។ លោកបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ ដោយសាររន្ទះបាញ់ នៅពេលមេឃកំពុងធ្លាក់ភ្លៀង និងមានលាយខ្យល់បោកបក់ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូ ជាមួយនឹងបុរសម្នាក់ទៀត ប៉ុន្តែបុរសនោះមិនមានគ្រោះថ្នាក់ដល់ស្លាប់ទេ គ្រាន់តែសន្លប់។
បើតាមលោក កែវ វី អនុប្រធាននាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយបានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០១២នេះ មានមនុស្ស១០០នាក់ បានស្លាប់ដោយសាររន្ទះបាញ់ និង៧០នាក់ទៀតរងរបួសធ្ងន់និងស្រាល សត្វ គោក្របី៣២ក្បាល ក៏បានងាប់ និងផ្ទះ៥ខ្នងរងការខូចខាតផងដែរ។
ភ្នំពេញ ប៉ុស្តិ៍

