តុលាការសាលាដំបូងខេត្តឧត្តរមានជ័យ បានសម្រេចឃុំខ្លួនលោកមេភូមិសែនសុខ និងប្រពន្ធរបស់គាត់ បន្ទាប់ពីបានធ្វើការចោទប្រកាន់លើសំណុំរឿង «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ប្រភេទយ៉ាម៉ាប្រមាណ៧០គ្រាប់ ដែលបានប្រព្រឹត្តកាលពីថ្ងៃពុធសប្តាហ៍មុននេះ នៅចំណុចផ្ទះជនជាប់ចោទ ស្ថិតក្នុងភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ។
លោកគយ កាន់យ៉ា ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តឧត្តរមានជ័យបានមានប្រសាសន៍ប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅថ្ងៃច័ន្ទនេះថា តុលាការខេត្តឧត្តរមានជ័យ កាលពីថ្ងៃសុក្រសប្តាហ៍មុន បានសម្រេចធ្វើការចោទប្រកាន់ប្រធានភូមិម្នាក់ឈ្មោះសេង រ៉ា អាយុ៦០ឆ្នាំ និងប្រពន្ធរបស់គាត់ ឈ្មោះភោគ មឿន អាយុ៥៧ឆ្នាំ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានចុះស៊ើបអង្កេតរកឃើញវត្ថុតាងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៧០គ្រាប់ និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ដែលមានដបទឹកសុទ្ធ ដែកកេះ និងប្រដាប់ជក់ផងដែរ ទើបសម្រេចធ្វើការឡោមព័ន្ធឃាត់ខ្លួនជនសង្ស័យបញ្ជូនមកតុលាការ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់តែម្តង។
លោកបន្តថា បច្ចុប្បន្ន ជនជាប់ចោទទាំង២នាក់នេះ កំពុងរស់នៅក្នុងតំបន់កើតហេតុខាងលើ ហើយពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទ «ជួញដូរខុសច្បាប់នូវសារធាតុញៀន» ដោយយោងតាមមាត្រាទី៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២។
លោកបញ្ជាក់ថា៖«តុលាការបានសម្រេចឃុំខ្លួនជនជាប់ចោទទាំងពីរនាក់នេះបណ្តោះអាសន្ន នៅពន្ធនាគារខេត្តឧត្តរមានជ័យ ហើយយើងមិនដឹងថា តើសំណុំរឿងនេះនិងត្រូវធ្វើការកាត់ក្តីនៅពេលណានោះទេ»។
បើតាមចម្លើយសារភាពរបស់ជនជាប់ចោទទាំង២នាក់ខាងលើនេះ បានអះអាងប្រាប់សមត្ថកិច្ចថា ឈ្មោះសេង រ៉ា បានធ្វើការបដិសេធន៍ថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនិងករណីលក់ថ្នាំញៀនទាំងអស់នេះទេ ប៉ុន្តែកន្លងមកនេះ គឺមានជនសង្ស័យម្នាក់ទៀត បានផ្ញើថ្នាំញៀនទាំងអស់នេះទុកនៅក្នុងផ្ទះរបស់គាត់។
បើ ទោះបីជាជនជាប់ចោទសេង រ៉ា បានឆ្លើយយ៉ាងនេះក្តី ប៉ុន្តែបើតាមចម្លើយសារភាពរបស់ឈ្មោះភោគ មឿន ដែលត្រូវជាប្រពន្ធបានប្រាប់ឲ្យដឹងថា គាត់ទើបតែចាប់ផ្តើមលក់ថ្នាំញៀនលើកទី១ប៉ុណ្ណោះនៅក្នុងតំបន់របស់គាត់។
ភ្នំពេញ ប៉ុស្តិ៍

