មាស ត្រូវបានជួញដូរជិតដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេលបីសប្តាហ៍ ដោយសារក្រុមវិនិយោគិន ផ្តល់លើការជជែកដេញដោលពីគម្រោងថវិការបស់អាមេរិក និងបន្ទាប់ពីមានទិន្នន័យបង្ហាញថា សេដ្ឋកិច្ចរបស់ជប៉ុន បានធ្លាក់ចុះនៅត្រីមាសទីបី។ ប្រាក់ ក៏បានឡើងថ្លៃជិតដល់តម្លៃខ្ពស់បំផុតក្នុងរយៈពេល៣សប្តាហ៍ផងដែរ។
តម្លៃមាសសម្រាប់ចែកចាយភ្លាមៗ បានកើនឡើង ០,៣ភាគរយ ដល់ ១ ៧៣៦,៧៥ដុល្លារក្នុងមួយអោន (៨,៣ជី) និងមានតម្លៃ ១៧៣៥,៥ដុល្លារនៅម៉ោង ២ និង៥នាទីរសៀល នៅប្រទេសសិង្ហបុរី។
តម្លៃមាស បានកើនឡើងដល់ ១៧៣៩,០៤ដុល្លារកាលពីសប្តាហ៍ ពោលគឺជាតម្លៃខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី១៩ ខែតុលាមក។ តម្លៃមាសដុំសម្រាប់ចែកចាយនៅខែធ្នូ បានកើនឡើង ០,៣ភាគរយ ដល់ ១ ៧៣៦,៨០ ដុល្លារនៅផ្សារ Comex។
ក្រុមហ៊ុន Fitch Ratings បានឲ្យដឹងកាលពីថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅនេះថា ហានិភ័យ ដែលអាមេរិក អាចធ្លាក់ចូលក្នុងវិបត្តិ នឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចនៅទូទាំងពិភពលោក បើសភាអាមេរិក អនុញ្ញាតឲ្យមានវិបត្តិសារពើពន្ធនៃការដំឡើងពន្ធដោយស្វ័យប្រវត្តិ និងកាត់បន្ថយចំណាយនៅឆ្នាំក្រោយ។
ភ្នំពេញ ប៉ុស្តិ៍

