ភ្នំពេញៈ ក្រុមហ៊ុនព្រូដិនសលហូលឌីងលីមីតធីតកម្ពុជា (“ព្រូដិនសលកម្ពុជា”) ជាអង្គភាពអាជីវកម្មមួយនៃសាជីវកម្មព្រូដិនសលអាស៊ី(“PCA”) បានប្តូរទីតាំងការិយាល័យជាផ្លូវការទៅកាន់អគារភ្នំពេញថាវវើរ៍ (Phnom Penh Tower) នៅលើមហាវិថីព្រះមុនីវង្សកាលពីម្សិលមិញ។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនព្រូដិនសលបានទទួលគោលការណ៍ឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងខែមិថុនាឆ្នាំ២០១២ ដើម្បីបង្កើតប្រតិបត្តិការធានារ៉ាប់រងលើអាយុជីវិតមួយក្នុងប្រទេសកម្ពុជា ដែលមានម្ចាស់ក្រុមហ៊ុនជាបរទេសទាំងស្រុង។
ការសម្ភោធន៍ការិយាល័យនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ម៉ី វ៉ាន់ ប្រធាននាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងលោក Mark Gooding ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជានិងមន្រ្តីសំខាន់ៗមកពីផ្នែកធានារ៉ាប់រងនៃក្រសួងនិងនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ។
នៅក្នុងឱកាសនោះលោកម៉ី វ៉ាន់ បានមានប្រសាសន៍ថា ក្រុមហ៊ុនព្រូដិនសលដែលជាក្រុមហ៊ុននាំមុខលើពិភពលោកមួយផ្នែកសេវាកម្មហិរញ្ញវត្ថុមកពីចក្រភពអង់គ្លេសកំពុងតែចូលមកទីផ្សារធានារ៉ាប់រងលើអាយុជីវិតប្រជាជនកម្ពុជា។
លោកបញ្ជាក់ថា «យើងមានសុទិដ្ឋិនិយមថាការចូលមករបស់ពួកគេនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់យើងដោយការផ្តល់ដល់ពួកគេនូវជម្រើសនៃសេវាកម្មធានារ៉ាប់រងលើអាយុជីវិតមួយដែលពេញចិត្តនិងជួយពួកគេដើម្បីពង្រឹងចំណេះដឹងនិងការយល់ដឹងរបស់ពួកគេទៅលើសេវាកម្មធានារ៉ាប់រងលើអាយុជីវិត»។
លោកថូនីវីលឃី (Mr. Tony Wilkey)នាយកប្រតិបត្តិធានារ៉ាប់រងនៃPCA បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាជាកន្លែងដែលវិស័យធានារ៉ាប់រងលើអាយុជីវិតកំពុងស្ថិតក្នុងជំហាននៃការលូតលាស់អភិវឌ្ឍនិងសម្រាប់ការរីកចម្រើន។
លោកបានបន្តថា តម្រូវការសម្រាប់សេវាកម្មហិរញ្ញវត្ថុនិងធានារ៉ាប់រងលើអាយុជីវិតត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងដែលនាំមកដោយការរីកចម្រើនសេដ្ឋកិច្ចដ៏រឹងប៉ឹងដែលជាភស្តុតាងបានបង្ហាញថា១១% CAGR នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងកំឡុងទសវត្សរ៍ចុងក្រោយក៏ដូចជាការកើនឡើងអត្រាប្រជាជននៅតំបន់ទីក្រុងនិងចំណូលក្នុងមួយនាក់ជាមួយនឹងចំណូលGDP ក្នុងមួយនាក់កើនឡើងពីUSD ៤៦៨ ក្នុងឆ្នាំ២០០៥ ទៅជាង USD ៨៥៣ ក្នុងឆ្នាំ២០១១។
មានប្រសាសន៍ក្នុងឱកាសនោះដែរលោកផាន់កាជបាណឹជី (Mr. Pankaj Banerjee)នាយកគ្រប់គ្រងទូទៅនៃព្រូដិនសលកម្ពុជាបានមានប្រសាសន៍ដែរថា «ការផ្លាស់ប្តូរទីតាំងការិយាល័យរបស់យើងគឺនៅក្នុងមាគ៌ាជាមួយនឹងការប្តេជ្ញាចិត្តរបស់យើងដើម្បីផ្តល់លក្ខខណ្ឌការងារដ៏ល្អបំផុតសម្រាប់បុគ្គលិករបស់យើងនិងសេវាកម្មគុណភាពខ្ពស់ទៅអតិថិជននិងដៃគូរបស់យើងជាមួយនឹងការផ្តោតលើការយកចិត្តទុកដាក់រយៈពេលវែងរបស់យើងលើការអភិវឌ្ឍឧស្សាហកម្មធានារ៉ាប់រងលើអាយុជីវិតក្នុងប្រទេសកម្ពុជា»។
ភ្នំពេញ ប៉ុស្តិ៍

