ភំ្នពេញៈ បុរសជនជាតិវៀតណាមម្នាក់ និងខ្មេរ ៤នាក់នៅព្រឹកថ្ងៃអង្គារនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការ ប្រកាសសាលក្រមផ្តន្ទាទោសម្នាក់ ៦ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ជួញដូរថ្នាំញៀន តាមមាត្រា៣៣ថ្មីនៃច្បាប់ គ្រឿងញៀន ។
លោក ឌុច គឹមសន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភំ្នពេញ បានសម្រេចផ្តន្ទាទោស ចាំង យាំងហ្វុង អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ខេង ណៃហៀង អាយុ ២៣ឆ្នាំ សោម សុផាត អាយុ២៧ឆ្នាំ ជាអ្នកលក់ថ្នាំឲ្យក្រុមហ៊ុន ឆឹក សុ ជា តិ អាយុ៣៤ឆ្នាំ និង កែវ ចំណាន អាយុ៣០ឆ្នាំ ឲ្យជាប់ពន្ធនាគារ ម្នាក់៦ឆ្នាំ និងពិន័យជាប្រាក់ម្នាក់១០លានរៀល ពីបទជួញដូរថ្នាំញៀន ប្រព្រឹត្តកាលពីថ្ងៃទី៩ មករា ២០១២ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
លោកបានបញ្ជាក់ថា៖« បើកសិទ្ធប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ »។
ក្នុងសវនាការកាលពីថ្ងៃទី១វិច្ឆកា កែវ ចំណាន បានប្រាប់ថា ថ្នាំញៀនចំនួន៧៤ក្រាម ប្រភេទម៉ាទឹកកក ដែលសមត្ថកិច្ចរឹបអូសបាន គឺគាត់ទៅយកពីឈ្មោះ ប៊ុន ត្រឹង ជនជាតិវៀតណាម រស់នៅម្តុំបឹងកក់ បានទូរស័ព្ទឲ្យគាត់ទៅយក ដោយសន្យាឲ្យលុយ៥០ដុល្លារ។ សោម សុផាត បានទាក់ទងសួររកទិញថ្នាំ ពីគាត់ក្នុងមួយខាមតម្លៃ៥ពាន់ដុល្លារ ។ គាត់ថា៖« ថ្នាំនោះខ្ញុំបានប្រគល់ឲ្យសុផាត ។ ខ្ញុំដឹងថា អំពើនេះខុសច្បាប់ ខ្ញុំសោកស្តាយដែលបានធ្វើខុស»។
ភ្នំពេញ ប៉ុស្តិ៍

