ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាស នៅថ្ងៃពុធនេះថា នឹងមានខ្យល់បោកបក់ខ្លាំងនិងភ្លៀងធ្លាក់នៅក្នុងខេត្តចំនួន៧ នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃព្រហស្បត្តិ៍ដល់ថ្ងៃសៅរ៏សប្តាហ៏នេះ។
បន្ទាប់ពីបានធ្វើការអង្កេតនិងតាមដានអាកាសធាតុរួចមក ក្រសួងធនធានទឹកនិងឧតុនិយមបានចេញសេចក្តីប្រកាសមួយដល់ប្រពលរដ្ឋនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យបានជ្រាបថាមានវិសម្ពាធមួយបានកើតឡើងនៅវេលាម៉ោង ១ព្រឹកថ្ងៃពុធនៅក្នុងសមុទ្រចិនភាគខាងត្បូង។
វិសម្ពាធនេះនឹងធ្វើដំណើរមកដល់ឈូងសមុទ្រថៃនៅថ្ងៃទី១៦ខែវិច្ឆិកាថ្ងៃសុក្រសប្តាហ៏នេះ ហើយស្ថានភាពបែបនេះនឹងធ្វើឲ្យផ្ទៃមេឃមានពពកច្រើន មានខ្យល់បក់បោកខ្លាំងនៅតំបន់មាត់សមុទ្រនិងបង្កឲ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃព្រហស្បត្តិ៍ទី១៥វិច្ឆិកាដល់ថ្ងៃសៅរ៍ទី១៧ខែវិច្ឆិកានេះ។
តំបន់ទាំងនោះរួមមានតំបន់ទំនាបកណ្តាលដែលមានខេត្តព្រៃវែង ស្វាយរៀងនិងខេត្តតាកែវ និងតំបន់មាត់សមុទ្រដែលរួមមានខេត្តកោះកុង កែប កំពត និងព្រះសីហនុ។
សេចក្តីប្រកាសដែលចុះហត្ថលេខាដោយលោករដ្ឋមន្រ្តីលឹម គានហោបានញ្ជាក់ថា«រលកសមុទ្រមានកំពស់ចាប់ពី១ទៅ២ម៉ែត្រ។សូមសាធារណជនជ្រាបជាព័តិមាននិងជាពិសេសសូមបងប្អូនប្រជានេសាទផ្អាកសកម្មភាពនេសាទតាមសមុទ្រចាប់ពីថ្ងៃទី១៥ដល់១៧ខែវិច្ឆិកានេះ»។
ភ្នំពេញ ប៉ុស្តិ៍

